អានតួអត្ថបទ
បរិស្ថាន

Global Witness៖​មាន​ស្លាប់​សកម្មជន​ការពារ​បរិស្ថាន​យ៉ាងតិច ២០០នាក់​ក្នុង​ឆ្នាំ ២០១៦

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កក្កដា អង្គការ​ក្រៅ​រដ្ឋាភិបាល Global Winess បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​អ្នក​ការពារ​បរិស្ថាន​ក្នុង​លោក​នា​ឆ្នាំ ២០១៦។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ពី​កំណើន​មនុស្ស​ស្លាប់​នៅ​ក្នុង​បុព្វហេតុ​បរិស្ថាន និង​កំណើន​ចំនួន​ប្រទេស​ដែល​មាន​ស្លាប់​សកម្មជន​ការពារ​បរិស្ថាន។ តាម​របាយការណ៍ មាន​ស្លាប់​អ្នក​ការពារ​បរិស្ថាន​យ៉ាង​តិច ២០០នាក់​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦ ពោល​មាន​ការ​កើន​ឡើង​ចំនួន ១៥នាក់​ធៀប​នឹង​ឆ្នាំ ២០១៥។ Global Witness បាន​ទម្លាក់​កំហុស​ដាក់​ក្រុមអ្នកវិនិយោគ​រដ្ឋ និង​ឯកជន។

Logo Global Witness.
Logo Global Witness.
ផ្សាយពាណិជ្ជកម្ម

ពី​ទ្វីប​អាមេរិកឡាទីន​ឆ្លង​ចូល​ទ្វីប​អាស៊ី និង​ទ្វីបអាហ្រ្វិក កំណើន​នៃ​ការ​តស៊ូ​ដើម្បី​ការពារ​បរិស្ថាន​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ចំនួន​សកម្មជន​ស្លាប់​ដោយ​បុព្វហេតុ​បរិស្ថាន​ក៏​មាន​ការ​កើន​ឡើង​ដែរ នេះ​បើ​តាម​របាយការណ៍​របស់ Global Witness។ គ្រាន់​តែ​ក្នុង​ឆ្នាំ ២០១៦ មាន​ស្លាប់​សកម្មជន​បរិស្ថាន​យ៉ាង​តិច ២០០នាក់ ពោល​លើស​ឆ្នាំ ២០១៥ ចំនួន ១៥នាក់ ហើយ​ចំនួន​ប្រទេស​ដែល​មាន​ស្លាប់​អ្នក​ការពារ​បរិស្ថាន​បាន​កើន​ពី ១៦ប្រទេស​ក្នុង​ឆ្នាំ ២០១៥ ទៅ ២៤ប្រទេស​ក្នុង​ឆ្នាំ ២០១៦។ តែ Global Witness បាន​ទទួល​ស្គាល់​ថា តួលេខ​ពិត​ប្រាកដ​អាច​មាន​ច្រើន​ជាង​នេះ ដោយសារ​តែ​មាន​ទង្វើ​ឃាតកម្ម​ខ្លះ​មិន​ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ​ទេ។

តាម Global Witness ជនរងគ្រោះ​ភាគ​ច្រើន ជា​អ្នក​ដែល​បាន​ចេញ​មុខ​ការពារ​ការ​រឹបអូសដីធ្លី​របស់​ប្រជាជន ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ចាក់ដី​លុបស្ទឹង​បឹងបួរ​ជា​ដើម។ នៅ​ត្រង់​ចំណុច​នេះ Global Witness បាន​ទម្លាក់​កំហុស​ត្រង់​ដាក់​ក្រុម​អ្នកវិនិយោគ​រដ្ឋ និង​ឯកជន​ដែល​បិទភ្នែក ធ្វើ​គ ធ្វើ​ថ្លង់​នៅ​ពេល​ដែល​ដឹង​ថា ដីធ្លី ឬ​ព្រែឈើ​ដែល​ពួក​គេ​ទទួល​បាន​ការ​អភិវឌ្ឍន៍​ពី​រដ្ឋអំណាច​នោះ​ត្រូវ​បាន​រឹបអូស​ពី​ប្រជាជន​ដោយ​គ្មាន​ការ​ចរចា ឬ​ពិគ្រោះ​យោបល់​ជាមួយ​ម្ចាស់ពាក់ព័ន្ធ​ជា​មុន​ទេ។ អាមេរិកឡាទីន​ជា​ទ្វីប​ដែល​មាន​ឃាតកម្ម​សម្លាប់​សកម្មជន​បរិស្ថាន​ច្រើន​ជាង​គេ ហើយ​ប្រទេស​នាំ​មុខ​គេ គឺ​ប្រេស៊ីល​មាន​ស្លាប់ ៤៩នាក់ និង ៣៧នាក់​នៅ​កូឡុំប៊ី។

នៅ​អាស៊ី ប្រទេស​នាំ​មុខ​គេ គឺ​ហ្វីលីពីន​ដែល​មាន​ស្លាប់ ២៨នាក់ នៅ​ឥណ្ឌា​ស្លាប់ ១៦នាក់ និង​ស្លាប់ ៧នាក់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស។ នៅ​ទ្វីប​អាហ្រ្វិក ស្ថានការណ៍​បាន​កើត​មាន​ធ្ងន់ធ្ងរ​ជាង​គេ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ នៅ​អាហ្រ្វិក​ខាង​ត្បូង នៅ​កាមេរូន នៅ​តង់សានី នៅ​អ៊ូហ្កង់ដា និង​នៅ​ស៊ីមបាវ៉េ។ នៅ​សហរដ្ឋអាមេរិក Global Witness បារម្ភ​ពី​កំណើន​បទឧក្រិដ្ឋ​ទាក់ទង​នឹង​សកម្មភាព​ការពារ​បរិស្ថាន ពិសេស​វិធានការ​កម្រិត​បាតុកម្ម​នៅ​ក្នុង​១៨រដ្ឋ តាំង​ពី​លោក​ដូណាល់ ត្រាំ​ឡើង​កាន់​តំណែង​ប្រធានាធិបតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ