នាយករដ្ឋមន្ត្រីអ៊ីស្រាអែលមកស្ទង់ចិត្តប្រធានាធិបតីបារាំងដល់ប៉ារីស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០១
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិនហ្សាម៉ាំង នេតាន់យ៉ាហ៊ូ បានអញ្ជើញមកដល់ទីក្រុងប៉ារីសហើយនៅថ្ងៃនេះ ដើម្បីចូលរួមជាភ្ញៀវកត្តិយសក្នុងពិធីរំឮកព្រឹត្តិការណ៍ប៉ូលិសបារាំងប្រមូលចាប់ជនជាតិជីហ្វ (អ៊ីស្រាអែល) ទៅឱ្យអាល្លឺម៉ង់ កាលពីឆ្នាំ១៩៤២។ បន្ទាប់មកលោកនាយករដ្ឋមន្ត្រីនឹងត្រូវទទួលជួបដោយលោកប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។ ជាជំនួបលើកដំបូង និងជាឱកាសសម្រាប់អ៊ីស្រាអែល ក្នុងការស្ទាបស្ទង់ជំហរនយោបាយរបស់លោកម៉ាក្រុងចំពោះវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំងនៅថ្ងៃនេះ ដោយបានចូលរួមជាបឋមក្នុងពិធីរំឮកព្រឹត្តិការណ៍ដ៏សោកសៅរបស់បណ្តាជនជាតិជ្វីហ្វ (អ៊ីស្រាអែល) កាលពីឆ្នាំ១៩៤២។
ខួប៧៥ឆ្នាំ ប៉ូលិសបារាំងបើកប្រតិបត្តិការចាប់ជ្វីហ្វ
នៅថ្ងៃទី ១៦-១៧កក្កដា ១៩៤២ តាមសំណើរបស់ពួកណាហ្ស៊ីអាល្លឺម៉ង់ និងក្រោមបញ្ជា របស់អាជ្ញាធរកាន់អំណាចបារាំង ប៉ូលិសបារាំងបានបើកប្រតិបត្តិការចេញចាប់ជនជាតិជ្វីហ្វ ដល់ផ្ទះ រស់នៅក្នុងក្រុងប៉ារីស និងតំបន់ជុំវិញជាប់រដ្ឋធានី បានប្រមាណជាង១៣០០០នាក់។ ពួកគេទាំងប្រុសទាំងស្រី ចាស់ក្មេង ឈឺជា និងកុមារជាង៤០០០នាក់ ត្រូវបានប៉ូលិសចាប់ញាត់បញ្ចូលក្នុងឡានក្រុង ដឹកយកទៅទម្លាក់ក្នុងស្តាតប្រណាំងកង់នៅប៉ារីស ក្នុងលក្ខខណ្ឌដ៏អមនុស្សធម៌បំផុត។ បួនថ្ងៃក្រោយ ប៉ូលិសបារាំងបានបំបែកកូនពីឪពុកម្តាយ ដោយគ្មានអាសូរ រួចបញ្ជូនមនុស្សធំទៅកាន់ជំរំលត់ដំនៅតាមខេត្ត ក្នុងប្រទេសបារាំង មុននឹងបញ្ជូនពួកគេទៅកាន់ជំរំAuschwitz អាល្លឺម៉ង់ ណាហ្ស៊ី ដែលជាមន្ទីរឃុំឃាំងនិងជាមណ្ឌលប្រល័យមនុស្សដោយឡឧស្ម័ន។
មានតែមនុស្សធំប្រមាណជិតមួយរយនាក់ប៉ុណ្ណោះបានរួចជីវិត។ ឯក្មេងស្លាប់ទាំងអស់។ សង្គ្រាមលោកលើកទីពីរបានបញ្ចប់ បារាំងរក្សាការស្ងៀមស្ងាត់មិនទទួលដឹងព្រឹត្តិការណ៍ដ៏ឃោរឃៅនោះទេ ទើបតែនៅឆ្នាំ១៩៩៥ លោក Jacques Chirac ប្រធានាធិបតីបារាំង បានចេញមុខប្រកាសទទួលស្គាល់ទំនួលខុសត្រូវរបស់រដ្ឋបារាំងក្នុងព្រឹត្តិការណ៍ចាប់ ជនជាតិជ្វីហ្វទៅជំរំប្រល័យជីវិត។
៧៥ឆ្នាំក្រោយបារាំងនិងអ៊ីស្រាអែលបាននាំគ្នាមកគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ក្នុងឧក្រិដ្ឋកម្មប្រកាន់ពូជសាសន៍ និងការរើងអើងរបស់រដ្ឋបារាំងផង និងជាការគោរពដល់អ្នកដែលបានលះបង់ជីវិតជួយលាក់ជនជាតិជ្វីហ្វឱ្យរួចពីស្លាប់ផង។ ប្រធានាធិបតីបារាំង លោកម៉ាក្រុងបានអញ្ជើញលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល មកចូលរួមពិធីនេះ និង បាននាំគ្នាទៅដាក់កម្រងផ្កានៅស្ទូបរំឮកវិញ្ញាណក្ខន្ធជនរងគ្រោះជ្វីហ្វនៅប៉ារីស។
សមាគមជ្វីហ្វរិះគន់វត្តមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល
ប៉ុន្តែវត្តមានរបស់លោកនេតាន់យ៉ាហ៊ូនាឱកាស បានទទួលការរិះគន់យ៉ាងច្រើន។ អ្នកខ្លះគេយល់ថាលោកនាយករដ្ឋមន្ត្រីច្របូកច្របល់ការងារ ចង់យកបញ្ហាជ្វីហ្វនៅបារាំងជាឧបករណ៍នយោបាយ។ សម្រាប់សមាគមន៍មួយចំនួន ដូចយ៉ាងសមាគមន៍សហភាពជ្វីហ្វនៅបារាំង ពួកគេស្រឡាំងកាំងណាស់នៅពេលឃើញនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាភ្ញៀវក្នុងពិធីរំឮកខួបឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់ជនជាតិបារាំងនៅបារាំង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតី ពិធីរំឮកខួប៧៥ឆ្នាំដែលមានវត្តមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលនេះ ក៏ព្រោះតែបារាំងចង់ផ្តល់តម្លៃ និងផ្តល់សាររំឮកអំពីភាពសំខាន់នៃការដឹកនាំដោយគ្មានសាសនា និងអំពីភាពសំខាន់នៃការប្រយុទ្ធប្រឆាំងនឹងការរើសអើងពូជសាសន៍ ការស្អប់ពូជជ្វីហ្វ។ អញ្ចឹងហើយបានជាក្រុមបក្សកុម្មុយនិស្តនាំគ្នារិះគន់ប្រឆាំង ព្រោះយល់ថាលោក នេតាន់យ៉ាហ៊ូ មិនមែនជាអ្នកពាំនាំសារសន្តិភាពទេ។
ជំនួបដើម្បីស្គាល់ចិត្ត
បន្ទាប់ពីពិធីរំឮកខួប លោកប្រធានាធិបតីបារាំង ម៉ាក្រុង បានទទួលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅវិមានអេលីហ្សេ។ ជំនួបនេះ ជាឱកាសប្រពៃសម្រាប់លោក នេតាន់យ៉ាហ៊ូ ក្នុងការស្វែងយល់អំពីជំហររបស់ដៃគូសន្ទនា ថាតើបារាំងរបស់ម៉ាក្រុង ចង់ដើរតួអ្វីខ្លះនៅក្នុងសំណុំរឿងអ៊ីស្រាអែល-ប៉ាឡេស្ទីន ឬគិតយ៉ាងណាជាមួយអ៊ីរ៉ង់ …
គេបានដឹងតិចតួចណាស់អំពីជំហររបស់លោកម៉ាក្រុង ក្នុងសំណុំរឿងអ៊ីស្រាអែលប៉ាឡេស្ទីន។ បើតាមកំណត់ហេតុវិមានប្រធានាធិបតី ជំនួបនេះ ជាឱកាសរបស់បារាំងដែលត្រូវបញ្ជាក់អំពីជំហរមិនទាក់ទិននឹងអ៊ីរ៉ង់ និងជំហររបស់បារាំង (មេដឹកនាំទាំងពីររូបនេះធ្លាប់ជួបគ្នាក្រៅផ្លូវការម្តងហើយ កាលពីថ្ងៃទី ១កក្កដា នៅទីក្រុងស្តាប្បួរបារាំង) ក្នុងវិស័យសន្តិសុខ ទំនាក់ទំនងទ្វេភាគី និងពិសេសក្នុងដំណោះស្រាយជម្លោះអ៊ីស្រាអែល ប៉ាឡេស្ទីន ដោយឈរលើគោលការណ៍បង្កើតរដ្ឋពីរ រស់នៅក្បែរគ្នា។
កិច្ចចរចាស្វែងរកសន្តិភាពឱ្យអ៊ីស្រាអែល ត្រូវជាប់គាំង តាំងពីផែនការអាមេរិកឆ្នាំ២០១៤ជួបបរាជ័យមក។ វិបត្តិនេះនៅតែបន្តតានតឹង ដូចយើងបានឃើញស្រាប់នៅថ្ងៃម្សិលមិញ... តែគេមិនដឹងថាតើលោកម៉ាក្រុង មានឆន្ទៈផ្តល់សន្ទុះថ្មីដល់គំនិតផ្តួចផ្តើមបារាំង ដែលលោក ហ្វ្រង់ស័រហូឡង់ ធ្លាប់ចង់រៀបចំសន្និសីទអន្តរជាតិស្តីពីវិបត្តិដើមបូព៌ា កាលពីខែមករា ២០១៧ តែត្រូវបានអ៊ីស្រាអែលបដិសេធ។ បរិបទបច្ចុប្បន្ន ជាឱកាសល្អណាស់សម្រាប់បារាំងនិងអឺរ៉ុប ក្នុងការលូកដៃដោះស្រាយវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន ព្រោះថាអាមេរិករបស់លោកត្រាំ មានផែនការមិនច្បាស់លាស់សោះ ហើយចម្លែកទៀត។
ប៉ុន្តែអ៊ីស្រាអែលមិនត្រូវការទេ ! បើតាមប្រវតិ្តវិទូអ៊ីស្រាអែល កម្មវត្ថុចំបងនៃទស្សនកិច្ចរបស់លោកនេតាន់យ៉ាហ៊ូនៅប៉ារីសនេះ គឺមកបញ្ចុះបញ្ចូលបារាំងឱ្យបោះបង់គំនិតស្វែងរកឯករាជ្យភាពឱ្យប៉ាឡេស្ទីន។ លោក នេតាន់យ៉ាហ៊ូ ជាអ្នកនយោបាយដ៏ចំណានម្នាក់ចង់ធ្វើយ៉ាងណាកុំឱ្យបារាំងចូលលូកដៃច្រើន។ អ្នកវិភាគបារាំងឯកទេសប៉ាឡេស្ទីនបានរំលឹកថា ប្រធានាធិបតីបារាំងមុនៗ គឺលោកនីកូឡា សាកូហ្ស៊ី និងលោក ហ្វ្រង់ស័រ ហូឡង់ សុទ្ធសង្ឃឹមចង់ភ្ជាប់ទំនាក់ទំនងល្អជាមួយលោកនេតាន់យ៉ាហ៊ូ តែក៏បានដកចិត្តវិញយ៉ាងឆាប់រហ័សដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ