អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​មក​ស្ទង់​ចិត្ត​ប្រធានាធិបតី​​បារាំងដល់ប៉ារីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បិនហ្សាម៉ាំង នេតាន់យ៉ាហ៊ូ បានអញ្ជើញមក​ដល់​ទីក្រុង​ប៉ារីស​ហើយ​នៅ​ថ្ងៃ​នេះ ដើម្បី​ចូល​រួម​ជា​​​ភ្ញៀវកត្តិយស​ក្នុង​ពិធីរំឮក​ព្រឹត្តិការណ៍​ប៉ូលិស​បារាំង​ប្រមូល​ចាប់​ជន​ជាតិ​ជីហ្វ (អ៊ីស្រាអែល) ទៅ​ឱ្យអាល្លឺម៉ង់ កាលពី​ឆ្នាំ​១៩៤២។ បន្ទាប់​មក​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ត្រូវ​ទទួល​ជួប​ដោយ​លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង នៅ​វិមាន​អេលីហ្សេ។ ជា​​ជំនួប​លើក​ដំបូង និង​​ជា​ឱកាស​សម្រាប់​​អ៊ីស្រាអែល ក្នុង​ការ​ស្ទាប​ស្ទង់​ជំហរ​នយោបាយ​របស់​លោក​ម៉ាក្រុង​ចំពោះវិបត្តិអ៊ីស្រាអែល-ប៉ាឡេស្ទីន។

ឧទ្យាន​រំឮក​ព្រឹត្តិការណ៍​ប្រមូល​ចាប់​ជនជាតិជ្វីហ្វ​ Vel' d'Hivនៅ​ក្រុង​ប៉ារីស
ឧទ្យាន​រំឮក​ព្រឹត្តិការណ៍​ប្រមូល​ចាប់​ជនជាតិជ្វីហ្វ​ Vel' d'Hivនៅ​ក្រុង​ប៉ារីស Wikipédia/Djampa
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​បារាំងនៅ​ថ្ងៃ​នេះ​ ដោយ​បាន​ចូល​រួម​ជា​បឋម​ក្នុង​ពិធី​រំឮក​ព្រឹត្តិការណ៍​ដ៏​សោកសៅរបស់​បណ្តាជន​ជាតិជ្វីហ្វ (អ៊ីស្រាអែល) ​កាលពី​ឆ្នាំ​១៩៤២​។

ខួប៧៥ឆ្នាំ ​ប៉ូលិស​បារាំង​បើក​ប្រតិបត្តិការ​ចាប់​ជ្វីហ្វ

នៅ​ថ្ងៃទី ១៦-១៧​កក្កដា ១៩៤២ តាម​សំណើ​របស់​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់ និង​ក្រោម​​​បញ្ជា របស់​អាជ្ញាធរ​កាន់​អំណាច​បារាំង ប៉ូលិស​បារាំង​បាន​បើក​ប្រតិបត្តិការ​ចេញ​ចាប់​ជនជាតិ​ជ្វីហ្វ​ ដល់​ផ្ទះ​ រស់​នៅក្នុង​​ក្រុង​ប៉ារីស និង​តំបន់​ជុំ​វិញជាប់​រដ្ឋធានី បាន​​ប្រមាណ​ជាង​១៣០០០​នាក់។ ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី ចាស់​ក្មេង ឈឺ​ជា និង​កុមារ​ជាង​៤០០០​នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ញាត់​បញ្ចូល​ក្នុង​ឡាន​ក្រុង​ ដឹក​យក​ទៅ​ទម្លាក់​ក្នុង​ស្តាត​ប្រណាំង​កង់នៅ​ប៉ារីស ក្នុង​លក្ខខណ្ឌ​ដ៏​អមនុស្សធម៌​បំផុត។ បួន​ថ្ងៃក្រោយ​ ប៉ូលិស​បារាំង​បាន​បំបែក​កូន​ពី​ឪពុកម្តាយ ដោយ​គ្មាន​អាសូរ រួច​​បញ្ជូន​មនុស្សធំ​ទៅ​កាន់​ជំរំ​លត់​ដំ​នៅ​តាមខេត្ត ក្នុង​ប្រទេស​បារាំង មុន​នឹង​បញ្ជូន​ពួកគេ​ទៅ​កាន់ជំរំ​Auschwitz អាល្លឺម៉ង់ ណាហ្ស៊ី​ ដែល​ជា​មន្ទីរ​ឃុំឃាំង​និង​ជា​មណ្ឌល​ប្រល័យ​មនុស្ស​ដោយ​ឡឧស្ម័ន​។

មាន​តែ​មនុស្សធំ​ប្រមាណ​ជិត​មួយ​រយ​នាក់​ប៉ុណ្ណោះ​បាន​រួច​ជីវិត​។ ឯ​ក្មេង​ស្លាប់​ទាំង​អស់។ សង្គ្រាម​លោក​លើកទីពីរ​បាន​បញ្ចប់ ​បារាំង​រក្សា​ការ​ស្ងៀម​ស្ងាត់​មិន​ទទួល​ដឹងព្រឹត្តិការណ៍​ដ៏​ឃោរឃៅ​នោះ​ទេ ទើប​តែ​នៅ​ឆ្នាំ​១៩៩៥ លោក Jacques Chirac ប្រធានាធិបតី​បារាំង ​បាន​ចេញ​មុខ​ប្រកាស​ទទួល​ស្គាល់​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋ​បារាំង​ក្នុងព្រឹត្តិការណ៍​ចាប់​ ជនជាតិ​ជ្វីហ្វ​ទៅ​ជំរំ​​ប្រល័យ​ជីវិត។

រូបភាព​បង្ហាញ​ពី​ការ​ចាប់​ប្រមូលជនជាតិ​ជ្វីហ្វ​នៅ​បារាំង​កាលពីឆ្នាំ​១៩៤២​
រូបភាព​បង្ហាញ​ពី​ការ​ចាប់​ប្រមូលជនជាតិ​ជ្វីហ្វ​នៅ​បារាំង​កាលពីឆ្នាំ​១៩៤២​ Antoine Gyori/Corbis/Getty

៧៥​ឆ្នាំ​ក្រោយ​បារាំង​និង​អ៊ីស្រាអែល​បាន​នាំ​គ្នា​មកគោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ ក្នុង​ឧក្រិដ្ឋកម្ម​ប្រកាន់​ពូជសាសន៍​ និង​ការ​រើងអើង​របស់​រដ្ឋ​បារាំងផង និង​ជា​ការ​គោរព​ដល់​អ្នក​ដែល​បាន​លះបង់​ជីវិត​ជួយ​លាក់​ជនជាតិ​ជ្វីហ្វ​ឱ្យ​រួច​ពី​ស្លាប់​ផង។ ប្រធានាធិបតី​បារាំង លោក​ម៉ាក្រុងបាន​អញ្ជើញ​​លោក​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល មក​ចូល​រួម​ពិធី​នេះ និង​​ បាន​នាំ​គ្នា​ទៅ​ដាក់​កម្រង​ផ្កា​នៅ​ស្ទូប​រំឮក​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​ជ្វីហ្វ​នៅ​ប៉ារីស។

សមាគម​ជ្វីហ្វ​រិះគន់វត្តមាន​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល

ប៉ុន្តែ​វត្តមាន​របស់​លោក​នេតាន់យ៉ាហ៊ូ​នា​ឱកាស​ បាន​ទទួល​ការរិះគន់​យ៉ាង​ច្រើន។ ​អ្នក​ខ្លះគេ​យល់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ច្របូក​ច្របល់​ការងារ ចង់​យក​បញ្ហា​ជ្វីហ្វ​នៅ​បារាំង​ជា​ឧបករណ៍​នយោបាយ។ ​សម្រាប់​សមាគមន៍​មួយ​ចំនួន ដូច​យ៉ាង​សមាគមន៍​សហភាព​ជ្វីហ្វ​នៅ​បារាំង ពួកគេ​ស្រឡាំង​កាំង​ណាស់​នៅ​ពេល​ឃើញ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ជា​ភ្ញៀវ​ក្នុង​ពិធី​រំឮក​ខួប​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​របស់​ជនជាតិ​បារាំងនៅ​បារាំង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​ ពិធី​រំឮក​ខួប​៧៥​ឆ្នាំ​ដែល​មាន​វត្តមាន​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​នេះ ក៏​ព្រោះ​តែ​បារាំង​ចង់​ផ្តល់​តម្លៃ​ និង​ផ្តល់​សារ​រំឮក​អំពី​ភាព​សំខាន់​នៃ​ការ​ដឹកនាំ​ដោយ​គ្មាន​សាសនា និង​អំពីភាព​សំខាន់​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើស​អើង​ពូជសាសន៍​ ការ​ស្អប់​ពូជជ្វីហ្វ។ អញ្ចឹង​ហើយ​បាន​ជា​ក្រុម​បក្ស​កុម្មុយនិស្ត​នាំ​គ្នា​រិះគន់​ប្រឆាំង ព្រោះ​យល់​ថា​លោក នេតាន់យ៉ាហ៊ូ​ មិន​មែន​ជា​អ្នក​ពាំនាំ​សារ​សន្តិភាព​ទេ។​​

​ជំនួប​​ដើម្បី​ស្គាល់​ចិត្ត

បន្ទាប់​ពី​ពិធី​រំឮក​ខួប​ លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង​ បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នៅ​វិមាន​អេលីហ្សេ។ ជំនួប​នេះ ជា​ឱកាស​ប្រពៃ​សម្រាប់​​លោក​ នេតាន់យ៉ាហ៊ូ ក្នុង​ការ​ស្វែង​យល់​អំពី​ជំហរ​របស់​ដៃគូ​សន្ទនា ថា​តើ​បារាំង​របស់ម៉ាក្រុង ចង់​ដើរ​តួ​អ្វី​ខ្លះ​នៅ​ក្នុង​សំណុំ​រឿង​​អ៊ីស្រាអែល-ប៉ាឡេស្ទីន ឬ​គិត​យ៉ាង​ណា​ជាមួយ​អ៊ីរ៉ង់ …

គេ​បាន​ដឹង​តិច​តួច​ណាស់​អំពី​ជំហរ​របស់​លោក​ម៉ាក្រុង ក្នុង​សំណុំ​រឿង​អ៊ីស្រាអែល​ប៉ាឡេស្ទីន។ បើ​តាម​កំណត់​ហេតុវិមាន​​ប្រធានាធិបតី ​ជំនួប​នេះ ជា​ឱកាស​របស់​​បារាំងដែល​ត្រូវ​បញ្ជាក់​អំពី​ជំហរ​មិន​ទាក់ទិន​នឹង​អ៊ីរ៉ង់​ និង​​ជំហរ​របស់​បារាំង​​ (មេ​ដឹកនាំ​ទាំង​ពីរ​រូប​នេះ​ធ្លាប់​ជួប​គ្នាក្រៅ​ផ្លូវការ​​ម្តង​ហើយ កាលពី​ថ្ងៃទី ១​កក្កដា នៅ​ទីក្រុង​ស្តាប្បួរ​បារាំង) ក្នុង​វិស័យ​សន្តិសុខ ទំនាក់ទំនង​ទ្វេ​ភាគី ​និង​ពិសេស​ក្នុង​ដំណោះស្រាយ​ជម្លោះ​អ៊ីស្រាអែល ប៉ាឡេស្ទីន ដោយ​ឈរ​លើ​គោលការណ៍​បង្កើត​រដ្ឋ​ពីរ រស់​នៅក្បែរ​គ្នា។

កិច្ចចរ​ចា​ស្វែង​រក​សន្តិភាព​ឱ្យ​អ៊ីស្រាអែល ត្រូវ​ជាប់​គាំង​ តាំង​ពីផែនការ​អាមេរិក​​ឆ្នាំ​២០១៤ជួប​បរាជ័យមក។ វិបត្តិ​នេះ​នៅ​តែ​បន្ត​តាន​តឹង ដូច​យើង​បាន​ឃើញ​ស្រាប់​នៅ​ថ្ងៃ​ម្សិលមិញ​... តែ​គេ​មិន​ដឹង​ថា​តើ​លោក​ម៉ាក្រុង​ មាន​ឆន្ទៈ​ផ្តល់​សន្ទុះ​ថ្មី​ដល់​គំនិត​ផ្តួច​ផ្តើម​បារាំង​ ដែលលោក ហ្វ្រង់ស័រ​ហូឡង់ ធ្លាប់​​ចង់​រៀប​ចំ​សន្និសីទ​អន្តរជាតិ​ស្តី​ពី​វិបត្តិ​ដើម​បូព៌ា​ កាល​ពី​ខែ​មករា ២០១៧ តែ​ត្រូវ​បាន​អ៊ីស្រាអែល​បដិសេធ។ បរិបទ​បច្ចុប្បន្ន​ ជា​ឱកាស​ល្អ​ណាស់​សម្រាប់​បារាំង​និង​អឺរ៉ុប ក្នុង​ការ​លូក​ដៃ​ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែល​-ប៉ាឡេស្ទីន ព្រោះ​ថា​អាមេរិក​​របស់​លោក​ត្រាំ មាន​ផែនការ​មិន​ច្បាស់​លាស់​សោះ ហើយ​ចម្លែក​ទៀត។

ប៉ុន្តែ​​អ៊ីស្រាអែលមិន​ត្រូវ​ការ​ទេ ! បើ​តាម​ប្រវតិ្តវិទូអ៊ីស្រាអែល កម្មវត្ថុ​ចំបង​នៃ​ទស្សនកិច្ច​របស់​លោក​នេតាន់យ៉ាហ៊ូ​នៅ​ប៉ារីស​នេះ គឺមក​បញ្ចុះ​បញ្ចូល​បារាំង​ឱ្យ​បោះបង់​គំនិត​​ស្វែង​រក​ឯករាជ្យ​ភាព​ឱ្យ​ប៉ាឡេស្ទីន។ លោក នេតាន់យ៉ាហ៊ូ ជា​អ្នក​នយោបាយ​ដ៏​ចំណាន​ម្នាក់​ចង់​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​បារាំង​ចូល​លូក​ដៃ​ច្រើន​​។ អ្នកវិភាគ​បារាំង​​ឯកទេស​ប៉ាឡេស្ទីន​​បាន​រំលឹក​ថា ប្រធានាធិបតី​បារាំង​មុនៗ គឺ​លោក​នីកូឡា សាកូហ្ស៊ី និង​លោក ហ្វ្រង់ស័រ ហូឡង់ សុទ្ធ​សង្ឃឹមចង់​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​នេតាន់យ៉ាហ៊ូ តែ​ក៏​បាន​ដក​ចិត្ត​វិញ​យ៉ាង​ឆាប់​រហ័ស​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ