ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អឺរ៉ុប

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​សរសើរ​គម្រោង​ធ្វើ​កំណែទម្រង់​របស់បារាំង

media  
ស្លាក​សញ្ញា​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ REUTERS/Yuri Gripas

នៅ​ថ្ងៃ​ចន្ទ​​នេះ អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ FMI បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះផែនការ​ធ្វើ​​កំណែទម្រង់​​របស់​រដ្ឋាភិបាល​បារាំង ដឹកនាំ​ដោយ​ប្រធានាធិបតី​ ម៉ាក្រុង ថា​ជា​កំណែទម្រង់​ប្រកប​ដោយ​មហិច្ឆតា និង​ភាព​ក្លាហាន។ សម្រាប់​FMI កំណែទម្រង់​នេះ​នឹង​អាចចូល​រួម​​ចំណែក​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចបារាំង​ ដែល​គិតមិន​ចេញ​តាំង​ពី​យូរ​មក​ហើយ។

នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​ប្រចាំ​ឆ្នាំ​ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទទី ១៧ កក្កដា​នេះ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​សម្តែង​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​​កម្មវិធី​សេដ្ឋកិច្ច​និង​សង្គម​របស់​រដ្ឋាភិបាល​បារាំង​ថ្មី​ ដែលគិត​គូ​រសម្រិត​សម្រាំង​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ សម្រួល​ទីផ្សារ​ការងារ​និង​បង្វែរ​ទិសដៅ​ប្រព័ន្ធ​ពន្ធដារ។

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ធ្លាប់​តែ​កំណាញ់​មុខ​ដាក់​ប៉ារីស យល់​ថា​គម្រោង​កំណែទម្រង់​របស់​រដ្ឋាភិបាល​ អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​បារាំង​ដែល​ជាប់​គាំង​យូរ​មក​ហើយ មាន​តែ​វិសមភាព​ថវិកា អត្រា​អ្នក​ឥតធ្វើការ​ខ្ពស់​ និង​គ្មាន​ភាព​ប្រកួត​ប្រជែង​ បាន​ស្គាល់​ពន្លឺ​ថ្មី។ អាណត្តិនយោបាយ​រឹង​មាំ មាន​ប្រធានាធិបតី​ដូច​យ៉ាង​លោក ម៉ាក្រុង និង​រដ្ឋាភិបាល​របស់​លោក​ហ្វីលីព បូក​ផ្សំ​នឹង​បរិបទ​សេដ្ឋកិច្ចពិភពលោក​​មាន​ភាព​ប្រសើរ​ឡើង​ផង បារាំង​ពិត​ជា​មាន​ឱកាស​ដ៏​ប្រពៃនិង​ពិសេស​បំផុត​​ក្នុង​ការ​សម្រេច​កំណែទម្រង់​របស់​ខ្លួន។

មូលនិធិ​រូបិយវត្ថុ​បានទទួល​យក​​ឆន្ទៈ​របស់​រដ្ឋាភិបាល​បារាំង​ក្នុង​ការ​កាត់​បន្ថយ​ឱនភាព​សាធារណៈ​ ស្រប​តាមកិច្ចសន្យា​ឱ្យ​មក​នៅ​ក្រោម​៣%​នៃ​ផលិត​ផល​សរុប​ជាតិ​នៅ​ដំណាច់​ឆ្នាំ​នេះ ព្រោះ​គម្រោង​កំណែទម្រង់​មាន​លក្ខណៈ​ស៊ីជម្រៅ ផ្តល់​តម្លៃ​សំខាន់​ដល់​ការ​កាត់​បន្ថយ​ចំណាយ​សាធារណៈ​ដើម្បីលំនឹង​ថវិកា ព្រមទាំង​សម្រាល​សម្ពាធពន្ធដារ។ កំណែទម្រង់​ទីផ្សារការងារ ធ្វើ​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​អាច​បត់​បែន​តាម​ស្ថានការណ៍​បាន​ងាយ សើរើ​កា​រធានារ៉ាប់រង​អ្នកអត់ការងារ​ធ្វើ ... ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​FMI ដោយ​​ចាត់​ទុក​ជា​កំណែទម្រង់​ដ៏​មហាសាល​និង​មាន​មហិច្ឆតា​បំផុត។

ទាក់ទង​នឹង​កំណែទម្រង់​ក្នុង​ប្រព័ន្ធពន្ធដារ​សហគ្រាស​វិញ FMI​ យល់​ថា​វា​នឹងពង្រឹង​វិស័យ​​​វិនិយោគ​ និង​បង្កើន​ការងារ។ ជា​សរុប​ FMI បានព្យាករ​កំណើន​សេដ្ឋកិច្ច​បារាំងថា​នឹង​​មាន​កំរិត​​១,៥% នៃ​ផលិតសរុប​ក្នុង​ស្រុក នៅ​ឆ្នាំ​នេះ ពោល​គឺ​បាន​ឡើង​១%​​បើ​ប្រៀប​ទៅ​នឹង​ការ​ព្យាករណ៍​មុន ហើយ​កំណើនស្ទុះ​​ខ្លាំង​នៅ​ឆ្នាំក្រោយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ