អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

ពួក​ឧទ្ទាម​​រុស្ស៊ី​​និយម​​ គ្រោង​​បង្កើត​​រដ្ឋ​​ថ្មី​​ ជំនួស ​​រដ្ឋ​អ៊ុយក្រែន​​សព្វ​ថ្ងៃ​​

អាជ្ញាធរ​​ពួក​​បះបោរ​​ផ្តាច់​ទឹកដី​​និយម​​ នៅ​​ប៉ែក​​ខាង​​កើត​​អ៊ុយក្រែន​​ដែល​ប្រឆាំង​​នឹង​​​អំណាច​​​ នៅ​​ក្រុង​គៀវ​​ បាន​​ប្រកាស​ថ្ងៃ​អង្គារ​​ម្សិលមិញ​​ ថា​គ្រោង​​​បង្កើត​​ជា​​រដ្ឋ​​ថ្មី​​ទុក​​សម្រាប់​​ជំនួស​ រដ្ឋ​អ៊ុយក្រែន​បច្ចុប្បន្ន​ ហើយ​ប្រទេស​ថ្មី​នេះ ​នឹង​មា​ន​រដ្ឋធានី ​ស្ថិត​​ក្នុង​​តំបន់​​ដែល​​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​គេ។ ​ចំណែក​ក្រុង គៀវ ​ប្រតិកម្ម​ដោយ​ចំអក​ឲ្យ​ថា​ រឿង​ដែល​មាន​គ្រាន់តែ​ជា​”ឈុតល្ខោន​ផ្សារណាត់​នៃ​ពួក​​អាយ៉ង​​ក្រេមឡាំង”។​​ 

មេដឹកនាំ​សាធារណរដ្ឋ​បះបោរ​ស័យ​ប្រកាស​ដូណេត​ DNR​លោក​ Alexandre Zakhart chenko
មេដឹកនាំ​សាធារណរដ្ឋ​បះបោរ​ស័យ​ប្រកាស​ដូណេត​ DNR​លោក​ Alexandre Zakhart chenko REUTERS/Alexander Ermochenk
ផ្សាយពាណិជ្ជកម្ម

ស្របនឹងគម្រោងបង្ហាញដោយពួកឧទ្ទាមរុស្ស៊ីនិយម ប្រទេសថ្មីនេះដែល​គ្មាន​ភ័ព្វ​សំណាង​​នឹង ឃើញថ្ងៃឡើយ នឹងត្រូវបង្កើតឡើង តាមផ្លូវប្រជាមតិ​ពេញលើដែន​ដី​អ៊ុយក្រែន​ ហើយត្រូវប្រសិទ្ធិនាម ថា Malorossia ឫ រុស្ស៊ីតូច ពាក្យប្រើជំនាន់ស្តេច Tsar ដើម្បីសម្គាល់ទឹកដីអ៊ុយក្រែនបច្ចុប្បន្ន។

ប្រទេសថ្មីនឹងរួមក្តោបអ៊ុយក្រែនសព្វថ្ងៃ លើកលែងតែទៀបកោះគ្រីមេ ដែលបានភ្ជាប់​ខ្លួន​ទៅ​ហើយ ទៅនឹង រុស្ស៊ី កាលពី ខែមិនាឆ្នាំ២០១៤ ហើយរដ្ឋធានីវា គឺក្រុង Donetsk តែម្តង ដែលជាកំពែងការពារមួយសែនមាំ របស់ពួកផ្តាច់ទឹកដីនិយម ចំណែកក្រុងគៀវ នឹងមានលក្ខន្តិកៈ ជា “មជ្ឈមណ្ឌលប្រវត្តិសាស្ត្រនិងវប្បធម៌ “។

រដ្ឋធម្មនុញ្ញនៃរដ្ឋអនាគត ត្រូវបានបង្ហាញថ្ងៃអង្គារ១៨កក្កដា ដោយ​មេដឹកនាំ សាធារណរដ្ឋ​​បះបោរស្វ័យ ប្រកាសដូណេត DNR លោក Alexandre Zakhartchenko ។ ចេញផ្សាយដោយទីភ្នាក់ងារពត៏មាន ពួក ផ្តាច់ទឹកដី រដ្ឋធម្មនុញ្ញនេះបញ្ជាក់ថា ពួក​អ្នក​តំណាង​នៃ សាធារណរដ្ឋស្វ័យប្រកាសដូណេត និង លូហ្កាន់ ព្រមទាំងបណ្តា​តំណាង​នៃ​ខេត្ត​ចំនួន​ ១៩ ពីក្នុងចំណោមខេត្តទាំង២៥ របស់អ៊ុយក្រែន បាន ព្រមព្រៀងគ្នា ដើម្បី” ប្រកាសបង្កើតរដ្ឋថ្មី ដែលនឹងបន្តកេរ្ត៏ ពី អ៊ុយក្រែនសព្វថ្ងៃ “។​

ប៉ុន្តែ ការប្រកាសយ៉ាងទាន់ហន់ អំពីគម្រោងបង្កើតរដ្ឋថ្មីនេះ បានញ៉ាំងមេដឹកនាំ សាធារណរដ្ឋ​បះបោរស្វ័យ ប្រកាសលូហ្កាន់ LNR គឺ លោក Igor Plotnitski ឲ្យ​គាត់​អាក់អន់​ចិត្ត មកពីគេ មិនសួរយោបល់គាត់ឯណា។

ជាប្រតិកម្មភ្លាមភ្លែត លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Pavlo Klimkine លើទំព័រ Twitter ខ្លួន បានហៅ រឿងដែលមាន ដោយចំអកបញ្ឈឺចិត្តថា គ្រាន់តែជា” ឈុត​ល្ខោន​ផ្សារណាត់​នៃពួកអាយ៉ងក្រេមឡាំង”។

ពាក្យថា Malorossia ធ្វើឲ្យនឹកឃើញពាក្យថា Novorossiaរុស្ស៊ីថ្មី ប្រើដោយ​វិមាន​ក្រេមឡាំង​ នា ប៉ុន្មានខែដំបូងនៃ ​សង្គ្រាមនៅតំបន់ខាងកើតអ៊ុយក្រែន សម្រាប់សម្គាល់​ខេត្តបះបោរ​រុស្ស៊ីនិយម នៅប៉ែក ខាងកើត និង ខាងត្បូងប្រទេសនេះ។

ក្នុងភ្លើងជម្លោះជាង៣ឆ្នាំកន្លងទៅ រវាង ពួកផ្តាច់ទឹកដីរុស្ស៊ីនិយម និង កងទ័ពរដ្ឋាភិបាល​អ៊ុយក្រែន មានមនុស្សធ្លាក់ខ្លួនស្លាប់ ជាង ១០.០០០នាក់ ទៅហើយ។

ក្រុងគៀវ​និងបស្ចិមលោក ចោទរុស្ស៊ីថា ចេះតែគាំទ្រ​ដោយផ្តល់​លុយនិង​អាវុធ​ដល់​ពួក​ឧទ្ទាម​នៅទីនោះ ប៉ុន្តែ ម៉ូស្គូ រមែងបដិសេធច្រានចោល ការចោទប្រកាន់នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ