ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អឺរ៉ុប

ទំនាក់ទំនង​រវាង​អាល្លឺម៉ង់​និង​តួកគី​កាន់តែ​តានតឹង​នឹងគ្នា ​

media  
រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក​Sigmar Gabriel Reuters

ថ្ងៃ​ព្រហស្បតិ៍​នេះ ​អាល្លឺម៉ង់​បានតម្លើង​សម្លេង​ដាក់​តួកគី ដោយបានប្រកាស​បំបែរ​ទិសដៅ​នយោបាយ​ថ្មី​របស់ខ្លួនជាមួយ​តួកគី ពិសេស​គឺ​នយោបាយ​សេដ្ឋកិច្ច​តែម្តង។​ ទំនាក់ទំនង​រវាង​អាល្លឺម៉ង់​នឹង​តួកគី​កាន់តែធ្លាក់ចុះ​ តាំងពី​ដើមខែ​កក្កដាមក​ ក្រោយ​អាជ្ញាធរ​តួកគី​ចាប់ខ្លួន​ក្រុមអ្នកការពារ​សិទ្ធិមនុស្ស​នៅ​ក្រុងអ៊ីស្តង់ប៊ូល ក្នុង​នោះ​មានពលរដ្ឋ​អាល្លឺម៉ង់​មួយរូប​ដែលតួកគី​កំពុង​ឃុំខ្លួន។

ក្នុង​ការបំបែរ​​​​​ទិសដៅ​នយោបាយ​ និង​សេដ្ឋកិច្ច​​​​​ជាមួយ​តួកគី រដ្ខាភិបាល​អាល្លឺម៉ង់​បាន​​​អំពាវនាវ ថ្ងៃព្រហស្បតិ៍​នេះ ​​​អោយ​ពលរដ្ឋ​អាល្លឺម៉ង់​ដែល​ធ្វើដំណើរ​ទៅតួកគី អោយ​ពួកគេ​ប្រុង​ប្រយ័ត្នកាន់តែ​ខ្ពស់​​ ទោះបី​ជា​ស្នាក់​នៅ​តួកគី​ក្នុង​រយៈពេល​ខ្លី​ក៏ដោយចុះ។

​ភាពតានតឹង​រវាង​អាល្លឺម៉ង់និង​​តួកគី បាន​កើតឡើង​​កាលពី​ថ្ងៃ​៥កក្កដា ​ក្រោយ​​​​តួកគី​បាន​ចាប់ខ្លួន​ក្រុមការពារ​សិទ្ធិមនុស្សមួយក្រុម នៅ​ក្រុង​អ៊ីស្តង់ប៊ូល ក្នុងនោះ​មាន​​​ពលរដ្ឋ​អាល្លឺម៉ង់មួយរូប​ឈ្មោះ​ ​Peter Steudtner ហើយ​ក៏មាន​លោកស្រី Idil Eserជា​​​​ប្រធាន​អង្គការ​​ Amnesty International​ នៅ​តួកគីដែរ។ តួកគីបានសម្រេច​បន្ត​ឃុំខ្លួន​ពលរដ្ឋ​អាល្លឺម៉ង់ និងអ្នកការពារ​សិទ្ធិមនុស្ស​មួយចំនួន។ តួកគី​ចោទថា​​ពលរដ្ឋ​អាល្លឺម៉ង់​​ បាន​បង្ក​បទឧក្រិដ្ឋ​ក្នុង​នាម​ជា​អង្គការ​ភេរវកម្ម។ អាល្លឺម៉ង់​បានទាមទារ​ងោយដោះលែង​ពលរដ្ឋ​អាល្លឺម៉ង់ និងបាន​កោះហៅ​ឯកអគ្គរដ្ឋទូត​តួកគី​នៅ​ក្រុងប៊ែរឡាំង អោយ​ចូល​បំភ្លឺ។

អាល្លឺម៉ង់បដិសេធ​ការចោទប្រកាន់​របស់​តួកគី ដោយ​លើកឡើង​ថា​ ពលរដ្ឋ​អាល្លឺម៉ង់​រូបនោះ ​គ្មាន​​ទំនាក់ទំនង​អ្វី​ពិសេស​ជាមួ​យតួកគី​ទេ។ ប្រមុខការទូត​អាល្លឺម៉ង់​លោក Sigmar Gabriel ចោទថា​ តួកគី​រំលោភ​សិទ្ធិមនុស្ស​ និង​បាន​ងាកឆ្ងាយ​ពី​តម្លៃ​អឺរ៉ុប ឆ្ងាយពី​តម្លៃ​អង្គការ​អូតង់។ ក្នុង​ការបំបែរ​​ទិសដៅ​នយោបាយ​​ដាក់​ពិន័យសេដ្ឋកិច្ចចំពោះ​​តួកគី ប្រមុខការទូត​​អាល្លឺម៉ង់​គ្រោង​សើរើ​ឡើងវិញ​នូវ​ឥណទាន រឺ​ក៏ជំនួយផ្សេងៗ​​ដែលអាល្លឺម៉ង់​ជួយដល់​ផ្នែកនាំចេញ រឺ​​​សហគ្រាស​អាល្លឺម៉ង់​ដែលបោះទីតាំង​​នៅតួកគី។ អាល្លឺម៉ង់​ប្រាប់ដែរថា ​នឹង​ពិភាក្សា​ជាមួយ​សហភាព​អឺរ៉ុបពី​មូលនិធិ​ដែលអឺរ៉ុប​ជួយ​តួកគី ក្នុង​ក្របខណ្ឌមុន​​ចូលជា​សមាជិក​អឺរ៉ុប​នោះ។ តែ​អាល្លឺម៉ង់ត្រូវរៀបចំ​ការ​បោះឆ្នោតសភា២ខែ​ខាងមុខ​នេះ ដូច្នេះ ​​ប្រហែល​មិនហ៊ាន​លេងខ្លាំង​ជាមួ​យតួកគី​ទេ ព្រោះ​តួកគី​​មាន​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ជាមួយ​អឺរ៉ុប។ នៅ​តួកគី​មាន​ជនភៀសខ្លួន​ស៊ីរី​ច្រើន។ បើ​​តួកគីខឹងខ្លាំង តួកគី​​​អាច​ព្រលែង​ជនភៀសខ្លួន​អោយ​ហូរ​ចូល​អឺរ៉ុប​ ចូល​ដល់​ទឹកដី​អាល្លឺម៉់ង់​បាន។

ការប្រកាសអោយពលរដ្ឋ​អាល្លឺម៉ង់​កាន់តែ​ប្រុងប្រយ័ត្នខ្ពស់​​ក្នុង​ការធ្វើដំណើរ​ទៅតួកគី ធ្វើអោយ​តួកគី​ខឹងសម្បារ​ជាខ្លាំង និង​បញ្ចេញ​ប្រតិកម្មថា ​អាល្លឺម៉ង់​គ្មានភាព​ទទួល​ខុសត្រូវ​​ខ្ពស់ផ្នែកនយោបាយទេ។ តួកគី​បាន​រំលឹក​ឡើងវិញ​ថា តួកគីគិតគូរ​រក្សា​ទំនាក់ទំនង​​ល្អ​​ជាមួយ​អាល្លឺម៉ង់​ ប៉ុន្តែលុះត្រា​តែ​មាន​ការ​គោរព​ផលប្រយោជន៍​​គ្នា​ទៅវិញ​ទៅមក​ដែរ។​

យោងតាម​កាសែត​អាល្លឺម៉ង់​ តួកគី​ឃុំខ្លួន​ពលរដ្ឋ​អាល្លឺម៉ង់​ ដើម្បី​ជាថ្នូរ​ដោះដូរ​ជាមួយ​ជនជាតិ​​តួកគី​ដែល​រត់ភៀសខ្លួន​ទៅ​អាល្លឺម៉ង់​ក្រោយ​រដ្ឋប្រហារ​មិនបាន​សម្រេច​ ថ្ងៃ​១៥កក្កដា​ឆ្នាំ​២០១៦។ ពេលនេះ តួកគី​មា​នពលរដ្ឋអាល្លឺម៉ង់​៩រូប​ក្នុងដៃ ក្នុងនោះ​មាន​៤រូប​មានសញ្ជាតិ​តួកគី​ដែរ៕ ​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ