ប៉ូឡូញរក្សាជំហរធ្វើកំណែទម្រង់តុលាការ ដោយមិនខ្វល់ការរិះគន់ពីក្រៅ
រដ្ឋាភិបាលប៉ូឡូញ បានប្រកាសនៅថ្ងៃសៅរ៍នេះ រក្សាជំហរនយោបាយរបស់ខ្លួននៅដដែល បើទោះបីជាមានការរិះគន់ប្រឆាំងច្រើន យ៉ាងណាក៏ដោយ។ ក្រុមអ្នកប្រឆាំង ក៏ដូចជាអឺរ៉ុបយល់ថា គម្រោងកំណែទម្រង់តុលាការកំពូល ដែលទើបអនុម័តដោយព្រឹទ្ធសភាប៉ូឡូញ នៅព្រឹកមិញ គឺជាបំពានឯករាជ្យភាពរបស់ប្រព័ន្ធតុលាការ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គម្រោងកំណែទម្រង់តុលាការកំពូល ស្នើឡើងដោយបក្សកាន់អំណាច ត្រូវបានព្រឹទ្ធសភាអនុម័តរួចហើយ រង់ចាំតែការចុះហត្ថលេខារបស់ប្រធានាធិបតីផ្តល់សុពលភាពឱ្យប្រើប្រាស់តែប៉ុណ្ណោះ។ តាមរយៈកំណែទម្រង់នេះ ប៉ូឡូញ អាចដក និងដាក់ជំនួសចៅក្រមតុលាការកំពូលបាន លើកលែងតែចៅក្រមណាដែលតែងតាំងដោយគណៈកម្មការតុលាការសភាប៉ុណ្ណោះ។
ប៉ុន្តែក្រុមចៅក្រម និងចលនាការពារសិទ្ធិមនុស្ស ព្រមទាំងបក្សប្រឆាំង មិនពេញចិត្តកំណែទម្រង់នេះឡើយ។ ពួកគេបានប្រមូលផ្តុំគ្នារាប់សិបពាន់នាក់ ធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំង អស់ពេញមួយយប់ ក្នុងអំឡុងពេលព្រឹទ្ធសភាពិនិត្យអនុម័ត។
គណៈកម្មការអឺរ៉ុប អមដោយសហរដ្ឋអាមេរិក ក៏បានបញ្ចេញប្រតិកម្មប្រឆាំងយ៉ាងខ្លាំងក្លា និងធ្វើការព្រមានប៉ូឡូញ ដោយទុកពេលសមាជិកសហភាពអឺរ៉ុបមួយនៃមួយសប្តាហ៍សម្រាប់រិះគិតដកគម្រោងកំណែទម្រង់ចេញវិញ ដើម្បីជាកិច្ចគោរពតាមគោលការណ៍ឯករាជ្យភាពប្រព័ន្ធតុលាការ និង គោលការណ៍ចែកដាក់ប្រព័ន្ធតុលាការពីអំណាចប្រតិបត្តិ។
ប៉ុន្តែនៅថ្ងៃសៅរ៍នេះ ប៉ូឡូញ បានឆ្លើយតបវិញ បែបងើយថា ដំណើរការនីតិវិធីមិនទាន់ចប់ទេ ហេតុអ្វីត្រូវឆាប់ធ្វើការរិះគន់ និងបរិយាយម្ល៉េះ។ ជាធម្មតា ប្រធានាធិបតីមានពេល២១ថ្ងៃ ក្នុងការសម្រេចយល់ព្រមឬប្រឆាំង ឬសួរយោបល់តុលាការធម្មនុញ្ញ។
តាំងពីបានជាប់ឆ្នោតនៅឆ្នាំ២០១៥ ប៉ូឡូញក្រោមការដឹកនាំរបស់បក្សមហាអភិរក្ស មានទំនោរខ្លាំងទៅរកលំអានចាស់ បែបផ្តាច់ការ ៖ ការិយាល័យរដ្ឋអាជ្ញាត្រូវស្ថិតក្រោមបង្គាប់ផ្ទាល់របស់រដ្ឋាភិបាល កំរិតសមត្ថភាពរបស់តុលាការធម្មនុញ្ញក្នុងការច្រានចោលគម្រោងច្បាប់ ... គណៈកម្មការអឺរ៉ុបចាប់ផ្តើមតាមដានប៉ូឡូញ តែគំនាបអឺរ៉ុបគ្មានទម្ងន់។
នៅថ្ងៃនេះទៀត ហុងគ្រី ដែលជាសមាជិកបះបោរម្នាក់របស់អឺរ៉ុបដែរ បានប្រកាសសន្យាជួយនិងការពារប៉ូឡូញ តាមគ្រប់វិធីទាំងអស់ និងដោយប្រើសិទ្ធិប្រឆាំងវ៉េតូផងបើចាំបាច់ ដើម្បីជំទាស់អឺរ៉ុបមិនឱ្យសេចក្តីសម្រេច ជាលក្ខណៈឯកច្ឆ័ន្ទបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ