ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អឺរ៉ុប

ប៉ូឡូញ​រក្សា​ជំហរ​ធ្វើ​កំណែទម្រង់​តុលាការ​ ដោយ​មិន​ខ្វល់​ការ​រិះគន់​ពីក្រៅ

media បាតុកម្ម​នៅ​មុខ​ព្រឹទ្ធសភា​ប៉ូឡូញ​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​ធ្វើ​កំណែទម្រង់​តុលាការ​កំពូល © Reuters

រដ្ឋាភិបាល​ប៉ូឡូញ បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ រក្សា​ជំហរ​នយោបាយរបស់​ខ្លួននៅ​​ដដែល​ បើ​ទោះ​បី​ជា​មាន​ការ​រិះគន់​​ប្រឆាំង​​ច្រើន​ យ៉ាង​ណា​ក៏​ដោយ។ ក្រុម​អ្នក​ប្រឆាំង​ ក៏​ដូច​ជា​អឺរ៉ុប​​យល់​ថា​ គម្រោង​កំណែទម្រង់​តុលាការ​កំពូល​ ដែល​ទើប​​អនុម័ត​ដោយ​ព្រឹទ្ធសភា​ប៉ូឡូញ នៅ​ព្រឹក​មិញ​ គឺ​ជា​បំពាន​ឯករាជ្យភាព​របស់​ប្រព័ន្ធ​តុលាការ។

គម្រោង​កំណែទម្រង់​តុលាការ​កំពូល​ ស្នើ​ឡើង​ដោយ​បក្ស​កាន់​អំណាច ត្រូវ​បានព្រឹទ្ធសភា​អនុម័ត​រួច​ហើយ រង់​ចាំ​តែ​ការ​ចុះ​ហត្ថលេខារបស់​ប្រធានាធិបតី​​ផ្តល់​សុពលភាព​ឱ្យ​ប្រើប្រាស់​​តែ​ប៉ុណ្ណោះ។ តាម​រយៈ​កំណែទម្រង់​នេះ ប៉ូឡូញ អាច​​ដក និង​​ដាក់​ជំនួស​ចៅក្រម​​តុលាការ​កំពូល​បាន លើក​លែង​តែ​ចៅក្រម​ណា​ដែល​តែ​ង​តាំង​ដោយ​គណៈកម្មការ​តុលាការ​សភា​ប៉ុណ្ណោះ។

ប៉ុន្តែ​ក្រុម​ចៅក្រម​ និង​ចលនា​ការពារ​សិទ្ធិមនុស្ស​ ព្រម​ទាំង​បក្ស​ប្រឆាំង​ មិនពេញ​ចិត្ត​កំណែទម្រង់​នេះឡើយ។ ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា​រាប់​សិប​ពាន់​នាក់ ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំប្រឆាំង​ អស់​​ពេញ​មួយ​យប់​ ក្នុង​អំឡុង​ពេល​ព្រឹទ្ធសភា​ពិនិត្យ​អនុម័ត។

គណៈកម្មការ​អឺរ៉ុប អម​ដោយ​សហរដ្ឋ​អាមេរិក ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​យ៉ាង​ខ្លាំងក្លា និង​ធ្វើ​ការ​ព្រមាន​​ប៉ូឡូញ​ ដោយ​ទុក​ពេល​​សមាជិក​សហភាព​អឺរ៉ុបមួយ​នៃ​មួយ​សប្តាហ៍​សម្រាប់​រិះគិតដក​គម្រោង​កំណែទម្រង់​ចេញ​វិញ ដើម្បី​ជា​កិច្ច​គោរព​តាម​គោលការណ៍​ឯករាជ្យភាព​ប្រព័ន្ធ​តុលាការ​ និង​ គោលការណ៍​ចែក​ដាក់​ប្រព័ន្ធ​តុលាការ​ពី​អំណាច​ប្រតិបត្តិ។

ប៉ុន្តែ​នៅ​ថ្ងៃ​សៅរ៍​នេះ ប៉ូឡូញ បាន​ឆ្លើយ​តបវិញ​ បែប​ងើយ​ថា ដំណើរការ​នីតិវិធី​មិន​ទាន់​ចប់​ទេ ហេតុ​អ្វី​ត្រូវ​ឆាប់​ធ្វើ​ការ​រិះគន់ និង​បរិយាយ​ម្ល៉េះ។ ជា​ធម្មតា​ ប្រធានាធិបតី​មាន​ពេល​២១​ថ្ងៃ​ ក្នុង​ការ​សម្រេច​យល់​ព្រម​ឬ​ប្រឆាំង​ ឬ​សួរ​យោបល់​តុលាការ​ធម្មនុញ្ញ។

តាំង​ពី​បាន​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៥ ប៉ូឡូញ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​មហាអភិរក្ស​ មាន​ទំនោរ​ខ្លាំង​ទៅ​រក​លំអាន​ចាស់​ បែប​ផ្តាច់ការ ៖ ការិយាល័យ​រដ្ឋ​អាជ្ញា​ត្រូវ​ស្ថិត​ក្រោម​បង្គាប់​ផ្ទាល់​របស់​រដ្ឋាភិបាល កំរិត​​សមត្ថភាព​របស់​តុលាការ​ធម្មនុញ្ញក្នុង​ការ​ច្រាន​ចោល​​គម្រោង​ច្បាប់ ... គណៈកម្មការ​អឺរ៉ុបចាប់​ផ្តើម​​តាមដាន​ប៉ូឡូញ តែ​គំនាប​អឺរ៉ុប​គ្មាន​ទម្ងន់។

នៅ​ថ្ងៃ​នេះ​ទៀត ហុងគ្រី ដែល​ជា​សមាជិក​បះបោរ​ម្នាក់​របស់​អឺរ៉ុប​ដែរ បាន​ប្រកាស​សន្យា​ជួយនិង​ការ​ពារ​​ប៉ូឡូញ តាម​គ្រប់​វិធី​ទាំង​អស់​ និង​​ដោយ​ប្រើ​សិទ្ធិ​ប្រឆាំងវ៉េតូផងបើចាំ​បាច់ ដើម្បីជំទាស់​អឺរ៉ុប​មិន​ឱ្យ​សេចក្តី​សម្រេច ​ជា​លក្ខណៈ​ឯកច្ឆ័ន្ទ​បាន៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ