អានតួអត្ថបទ
កីឡាអូឡាំពិក ២០២៤

Los Angeles ដកខ្លួន ទុក​ឲ្យ​Paris ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កីឡាអូឡាំពិក ឆ្នាំ ២០២៤

ប៉ារីស រដ្ឋធានី​របស់​បារាំង​មាន​ក្តីសង្ឃឹម​ថា នឹង​អាច​ក្លាយ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិក ឆ្នាំ ២០២៤ បន្ទាប់ពី ទីក្រុង​Los Angeles របស់​អាមេរិក ដែល​ជា​គូប្រកួតប្រជែង​ចុងក្រោយ និង​តែ​មួយ​គត់​របស់​ប៉ារីស នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​សម្រេច​ដកខ្លួន លែង​រៀបចំ​កីឡាអូឡាំពិក​ឆ្នាំ ២០២៤ ប៉ុន្តែ សម្រាប់​ឆ្នាំ ២០២៨​វិញ។

អ្នកជួយសង្រ្គោះ ជន​ជាតិ​បារាំង​ពាក់អាវ​យឺត​ដែល​បង្ហាញពី​បេក្ខភាព​របស់​ប៉ារីស​សម្រាប់​រៀបចំ​ការប្រកួត​កីឡាអូឡាំពិក​ឆ្នាំ ២០២៤
អ្នកជួយសង្រ្គោះ ជន​ជាតិ​បារាំង​ពាក់អាវ​យឺត​ដែល​បង្ហាញពី​បេក្ខភាព​របស់​ប៉ារីស​សម្រាប់​រៀបចំ​ការប្រកួត​កីឡាអូឡាំពិក​ឆ្នាំ ២០២៤ © REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត នៅ​ស្តាត Stubhub ចៅហ្វាយក្រុង​ លោក​Eric Garcetti បាន​ប្រកាស​ថា ជាមួយ​នឹង​កិច្ច​ព្រមព្រៀង​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ទីក្រុង​ Los Angeles នឹង​ទទួល​រៀបចំ​កីឡាអូឡាំពិក នៅ​ឆ្នាំ ២០២៨។ “ពួកយើង​នៅទីនេះ ដើម្បី​សរសេរ​ប្រវត្តិសាស្រ្ត។ ខ្ញុំ​មាន​មោទនភាព​នឹង​ប្រកាសថា កីឡាអូឡាំពិក​នឹង​ត្រលប់​មក​អាមេរិក មក​Los Angeles”។ ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន​ថា លោក​ជឿជាក់​ថា កីឡា​រដូវក្តៅ​នឹង​ត្រលប់​មក​Los Angeles។

 

បន្ទាប់​ពី​ការពិភាក្សា រកឃើញ​កិច្ចព្រមព្រៀង​មួយ​ជាមួយ ទីក្រុង​ប៉ារីស និង​ជាពិសេស​ជាមួយ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ផ្ទាល់ ទីក្រុង​ Los Angeles​របស់​អាមេរិក បាន​ដកខ្លួន មិន​រៀបចំ​កីឡាអូឡាំពិក​ឆ្នាំ ២០២៤ ប៉ុន្តែ សុខចិត្ត​ទៅ​រៀបចំ​នៅ​ឆ្នាំ ២០២៨​វិញ។ ដោយ​សុខចិត្ត រង់ចាំ​៤​ឆ្នាំ បន្ថែមទៀត ទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កីឡាអូឡាំពិក ឆ្នាំ ២០២៨ ទីក្រុង Los Angeles​ត្រូវ​បាន​សន្យា​ថា នឹង​ទទួល​បាន​ទឹកប្រាក់​ជំនួយ​ច្រើន ពី​គណៈកម្មាធិការ​អូឡាំពិក ពី ១,៨ ពាន់ លាន​ដុល្លារ ទៅ ២ពាន់​លាន​ដុល្លារ។

 

ទីក្រុង​ដែល​រៀបចំ​កីឡាអូឡាំពិក នៅ​ឆ្នាំ ២០២៤ បាន​ទទួល​កញ្ចប់​ថវិកា​ពី​គណៈកម្មាធិការ អូឡាំពិក ១,៥​ពាន់​លាន​ដុល្លារ ប៉ុន្តែ បើគេ​រៀបចំ​កីឡាអូឡាំពិក នៅ​ឆ្នាំ​២០២៨ នោះ​ប្រទេស​ម្ចាស់ផ្ទះ​នឹង​ទទួល​បាន​ទឹកប្រាក់​ជំនួយ​ពី​គណៈកម្មាធិការ អូឡាំពិក ដល់​ទៅ ១ពាន់ ៨​រយលាន​ដុល្លារ។ សម្រាប់​ចៅហ្វាយក្រុង​Los Angeles គេ​មិន​អាច​មើល​រំលង​ទឹកប្រាក់​ប៉ះប៉ូវ របស់​គណៈកម្មាធិការ​អូឡាំពិក​បាន​ទេ។ ក្រុង​នឹង​យក​ទឹកប្រាក់​បន្ថែមនេះ ទៅ​ប្រើ​សម្រាប់​ទ្រទ្រង់ កម្មវិធី​កីឡា​របស់​យុវជន​អាមេរិកាំង នៅLos Angeles។

Los Angeles រង់ចាំ​ឲ្យ​អាមេរិក គ្មាន​លោកដូណាល់ ត្រាំ ក៏​ប្រសើរ​ម្យ៉ាងដែរ

ក្រុង​Los Angeles គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៥ពាន់ ៣​រយលាន​ដុល្លារ សម្រាប់​រៀបចំ​កីឡាអូឡាំពិក។ ដោយសារតែ​ទីក្រុង ​មាន​ហេដ្ឋារចនា​រួចស្រាប់ ដល់​ទៅ ៩៥ភាគរយ ដោយ​មិនចាំបាច់ ត្រូវ​សង់ថ្មី​បន្ថែម សម្រាប់រៀបចំ​កីឡាអូឡាំពិក អាជ្ញាធរ​ក្រុង​ Los Angeles​វាយតម្លៃថា គេ​នឹង​មិនត្រូវការ​លុយ​របស់​រដ្ឋ​នោះ​ទេ។ សម្រាប់​ចៅហ្វាយក្រុង​ Los Angeles ការរៀបចំ​កីឡាអូឡាំពិក​នឹង​មិនធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ចេញប្រាក់ ខាតបង់​សូម្បី​មួយសេន (លុយ​ដែល​ត្រូវ​រៀបចំ​ចំណាយ​លើ​ការរៀបចំ​កីឡាអូឡាំពិក​បាន​មក​ពី​លុយ​ជំនួយ​របស់​គណៈកម្មាធិការ​អូឡាំពិក មកពី​ការលក់​សំបុត្រ ហើយ​និង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម)។

 

លុយ​មិនមែន​ជា​បញ្ហាសំខាន់ ដែល​ធ្វើ​ឲ្យ​ចៅហ្វាយក្រុង​ Los Angeles​សុខចិត្ត​លះបង់​សិទ្ធិ ទៅ​ឲ្យ​ក្រុង​ប៉ារីស ដើម្បី​រៀបចំ​ការប្រកួត​កីឡាអូឡាំពិក​នោះ​ទេ។ បើនិយាយ​ពី​ហេដ្ឋារចនា​សម្ព័ន្ធ និង​ទឹកចិត្ត​ចង់ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ ២០២៤ គឺ​ប៉ារីស និង​ទីក្រុង​ Los Angeles​មាន មិន​ចាញ់​គ្នា​នោះទេ។ ប៉ុន្តែ អ្វី​ដែលចោទ​ជា​បញ្ហា​សម្រាប់​ភាគី​អាមេរិក គឺ​នយោបាយ​ប្រឆាំង ជនអន្តោប្រវេសន៍​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ខុស ផ្ទុយស្រឡះ ពី​ស្មារតី​របស់​កីឡាអូឡាំពិក។

 

នៅពេល​បោះឆ្នោត ជ្រើសរើស​នៅ​ខែកញ្ញា ខាងមុខ នៅ​ប្រទេស​ប៉េរូ គណៈកម្មាធិការ​អូឡាំពិក នឹងពិចារណា​ខ្លាំងណាស់​ទៅលើ​គ្រប់​ទិដ្ឋភាព។ ឧបមារ​ថា ទីក្រុង​ Los Angeles​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ រៀបចំ​កីឡាអូឡាំពិក​ឆ្នាំ ២០២៤ ប៉ុន្តែ បើ​លោក​ដូណាល់ ត្រាំ ឈ្នះ​ឆ្នោត​បន្ត ធ្វើ​ជា​ប្រធានាធិបតី នៅ​ឆ្នាំ ២០២០ នោះ​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ ដែល​ហាមមិន​ឲ្យ អ្នកកាន់​សាសនា​អ៊ីស្លាម ចូលទឹកដី អាមេរិក នឹង​បង្ក​ភាពស្មុគស្មាញ ដល់​ការរៀបចំ​កីឡាអូឡាំពិក ដែលតាមពិត ត្រូវ​ស្វាគម កីឡាករ​មក​ពី​គ្រប់​ប្រទេស ដោយ​គ្មាន​ប្រកាន់​ពូជសាសន៍។ បើរៀបចំ​នៅ​ឆ្នាំ ២០២៨ នឹង​គ្មាន​ឡើយ លោក​ដូណាល់ ត្រាំ។ ដូច្នេះ ក្រុង​ Los Angeles​នឹង​ច្បាស់​ក្នុង​ចិត្ត​តែម្តង​ថា នឹង​គ្មាន​ហេតុផល​នយោបាយ មក​រារាំង ដំណើរការ​រៀបចំ​ការប្រកួត​កីឡាអូឡាំពិក​នោះទេ។

 

ប៉ារីសឈ្នះដោយស្រួលដើម្បីធ្វើម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិក

ចៅហ្វាយក្រុង​ប៉ារីស លោកស្រី អាន អ៊ីលដាល់ហ្គោ បាន​អបអរ​ដំណឹង​នេះ​តាំង​ពី​យប់​ម្សិលមិញ។ ត្រេកអរ ព្រោះថា ប៉ារីស តាំង​ពី​ដើមមក បាន​ធ្វើ​យុទ្ធនាការ​សម្បើមណាស់ ដើម្បី​ចង់​ក្លាយ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡាអូឡាំពិក។ ខុស​ពី​ទីក្រុង​ Los Angeles ប៉ារីស​មិនដែល​មាន​ចេតនា​ចង់​ពន្យារ​ពេល​ទៅ​រៀបចំ កីឡាអូឡាំពិក​នៅ​ឆ្នាំ ២០២៨​នោះទេ។ គណៈកម្មាធិការ​អូឡាំពិក​បារាំង​ធ្លាប់​បាន​ពន្លយ​ឲ្យ​ដឹង​ហើយថា ប៉ារីស ចង់​ឲ្យ​ខាង​តែបាន​រៀបចំ​កីឡាអូពិក នៅ​ឆ្នាំ ២០២៤ ដោយ​ម្យ៉ាង ដើម្បី​ប្រារព្ធ​ខួប ១០០ ឆ្នាំ​ដែល​កីឡាអូពិក បាន​ត្រលប់​មក​រៀបចំ​ធ្វើ​នៅ​ប៉ារីស និង​ដោយ​ម្យ៉ាងទៀត អាជ្ញាធរ​មិន​អាច​ធានា​បានទេថា ដីធ្លី សម្រាប់​រៀបចំ សាងសង់​អគារ ទទួល កីឡាអូឡាំពិក នឹង​អាច​នៅ​ទំនេរ រហូត​ដល់​ឆ្នាំ ២០២៨​នោះ។

 

ឥលូវ​នេះ ប៉ារីស​បាន​សម្រេច​បំណងប្រាថ្នា មែន បន្ទាប់ពី​ទីក្រុង​ Los Angeles​ដកខ្លួន ប៉ុន្តែ នៅ​មិនទាន់​ផ្លូវការ​ទេ។ ប៉ារីស​នឹង​អរមែនទែន នៅក្រោយ​គណៈកម្មាធិការ​អូឡាំពិក បោះឆ្នោត​ជា​ផ្លូវការ នៅ​ខែ​កញ្ញា​ខាងមុខ។ ត្រូវដឹងថា បើទោះបី​ជា​ Los Angeles ​ដកខ្លួនមែន ធ្វើ​ឲ្យ​ប៉ារីស ជា​បេក្ខជន​តែមួយ​សម្រាប់ ទទួល​កីឡាអូឡាំពិក​ឆ្នាំ ២០២៤ ប៉ុន្តែ​គេនៅ​តែត្រូវការ​ការសម្រេច​ជា​ផ្លូវការ​ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិដែរ។

 

ក្រៅតែ​ពី​ប៉ារីស គ្មានអ្នកណា​ចង់​ទទួល​ធ្វើ​ជាម្ចាស់ផ្ទះ កីឡាអូឡាំពិក

រដ្ឋាភិបាល​បារាំង សង្ឃឹមថា កីឡា​អូឡាំពិក​ដ៏ ល្បីល្បាញ​ក្នុង​ពិភពលោក នឹង​អាច​ជួយ​យឹតយោង​សេដ្ឋកិច្ច​បារាំង ជាពិសេស ដើម្បី​ទាក់ទាញ​ជនបរទេស ឲ្យ​ត្រលប់​មក​ទស្សនា​បារាំង ឡើងវិញ។ សេដ្ឋកិច្ច​បារាំង ដែល​ពឹងអាស្រ័យ​ខ្លាំង​លើ​ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍ បាន​រងប៉ះពាល់ ដោយសារ​តែ​ការវាយប្រហារ​ភេរវកម្ម នៅ​ប៉ុន្មាន​ឆ្នាំ​នេះ។

 

ដោយ​រៀបចំ​ទទួល​ការប្រកួត​កីឡាអូឡាំពិក នៅ​ឆ្នាំ ២០២៤ រដ្ឋាភិបាល​បារាំង​ចង់​បង្ហាញថា ទីក្រុង​ប៉ារីស នៅតែ​មាន​សំរស់​ស្រស់ស្អាត ក្នុងលោក និង​មាន​សមត្ថភាព រក្សា​សន្តិសុខ និង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​គ្រប់គ្រាន់ ដើម្បី ស្វាគម ទទួល​ជនបរទេស ដែល​មក​ទស្សនា​ប៉ារីស។ ទាក់ទាញ​ជនបរទេស​ឲ្យ​មក​ទស្សនាក្រុង​ប៉ារីស គឺ​ជា​ហេតុផល​សំខាន់ ដែល​ធ្វើ​ឲ្យរដ្ឋាភិបាល​បារាំង និង​ប្រជាជន​សម្រេច​គាំទ្រ ចង់​បាន​ការរៀបចំ​កីឡាអូឡាំពិក នៅទីក្រុង​ប៉ារីស។ ម្យ៉ាង​ប៉ារីស​បាន​សន្យា​ចំណាយ​ទឹកប្រាក់ ប្រមាណ ៦ពាន់ ២រយ​លាន​ដុល្លារ​តែប៉ុណ្ណោះ គឺ មិន​ឲ្យ​ច្រើន​ជាងនេះទេ និង​មិនធ្វើ​ឲ្យ​រដ្ឋខាតបង់​ថវិកា​ដូច​ប្រទេស​ដទៃ​នោះទេ។

 

ទីក្រុង​Hambourg របស់​អាល្លឺម៉ង់ ទីក្រុង​ប៊ុយដាប៉ែស​របស់​ហុងគ្រី ទីក្រុង​រ៉ូម របស់​អ៊ីតាលី និង​បូស្តុន​របស់​អាមេរិក បាន​ដក​ខ្លួន​ជាបន្តបន្ទាប់ ដោយសារ​តែ​ចលនា​ប្រឆាំង​ពី​ប្រជាជន ដែលមើល​ឃើញ ការរៀបចំ​កីឡាអូឡាំពិក​ថា ជា​ការចាយ ខ្ជះខ្ជាយ ជាជាង​ការនាំប្រយោជន៍​សេដ្ឋកិច្ច។ ប្រជាជន​អឺរ៉ុប​ទាំង​នោះ​យល់​មិនខុសទេ ព្រោះ​តាមបទពិសោធន៍ នៃ​ការរៀបចំ​កីឡាអូឡាំពិក​រហូតមក ប្រទេស​ម្ចាស់ផ្ទះ មិនថា ចិន អង់គ្លេស ឬ​សូម្បី​ចុងក្រោយ​គឺ​ប្រេស៊ីល គឺ​សុទ្ធ​តែ​ខាតបង់ រាប់រយ​លាន​ដុល្លារ។ ក្រិក ចិន ឬ ប្រេស៊ីល ជាដើម បាន​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ សម្រាប់​សាងសង់​បន្ថែម ហេដ្ឋារចនា​សម្ព័ន្ធ ដើម្បីទទួល​ការប្រកួតកីឡាអូឡាំពិក ប៉ុន្តែ នៅទីបំផុត ប្រជាជន​មិន​បាន​ទាញ​ប្រយោជន៍ ពី​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មីនោះ​ទេ។ ជាទូទៅ ប្រជាជន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​លុយ​សម្រាប់​រៀបចំ​កីឡាអូឡាំពិក ទៅ​ផ្តោត​ចាយ​ទៅលើ​វិស័យ អប់រំ និង​សុខភាពវិញ គឺ​បាន​ប្រយោជន៍​ច្រើន ជាង​ការរៀបចំ​កីឡាអូឡាំពិក​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ