ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT

សហរដ្ឋអាមេរិក​បញ្ឈប់​ជំនួយគាំទ្រ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​នៅ​ស៊ីរី​

សហរដ្ឋអាមេរិក​បញ្ឈប់​ជំនួយគាំទ្រ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​នៅ​ស៊ីរី​
 
ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​នៅ​​ឱកាស​​​​​ពេល​​​អាហារ​​ថ្ងៃ​ត្រង់​​​នៅ​សេតវិមាន​​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ទី ​១មីនា​​២០១៧ ​​ Reuters / Kevin Lamarque / File Photo

កាលពី​ថ្ងៃ​ទី​២៥ កក្កដា​ កន្លង​ទៅ​នេះ​ លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ បាន​ប្រកាស​បញ្ចប់​កម្មវិធី​គាំទ្រ​របស់​ទីភ្នាក់​ងារ​ CIA ដើម្បី​ជួយ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ដែល​កំពុង​ជាប់​ដៃ​ធ្វើ​សង្គ្រាម​ប្រឆាំង​របប​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ស៊ីរី Bachar Al-Assad។ ក្រុម​ឧទ្ទាម​បាន​សំដែង​ការខ​ក​ចិត្ត​ដោយ​បាន​អះអាង​ថា​ ការ​បញ្ឈប់​ជំនួយ​គាំទ្រ​ពីសំណាក់​សហរដ្ឋ​អាមេរិកនេះ​ គឺ​ជា​កំហុស​ដ៏​ធំធេង។

លោក​ ដូណាល់​​ ត្រាំ​ បាន​សរសេរ​សារ​មួយ​នៅ​បណ្តាញ​សង្គម​ Twitter ថា វា​ជា​ការ​ខាត​ពេល​វេលា​ឥត​ប្រយោធន៍​ក្នុ​ង​ការ​ដែល​ទីភ្នាក់ងារ​ CIA ​នៅ​តែ​បន្ត​ជួយ​គាំទ្រ​ក្រុម​ឧទ្ទាម​ប្រឆាំង​នឹង​របប​ដឹកនាំ​ស៊ីរី។​ តាម​រយៈ​សេចក្តី​អះអាង​បែប​នេះ​ លោក​ ដូណាល់​ ត្រាំ បាន​សំរេច​ចិត្ត​បញ្ឈប់​ការ​ជួយ​គាំទ្រ​របស់​អាមេរិក​ជា​ផ្លូវការ។

លោក​ Ahmed Al-Mahamid មន្រ្តី​យោធា​មក​ពី​ក្រុម​ឧទ្ទាម​ឈ្មោះ​ ទាហាន​ស៊ីរី​សេរី​ (ASL) ប្រចាំ​នៅ​ទីក្រុង​ Deraa បាន​សំដែង​ប្រតិកម្ម​ថា​ សេចក្តី​សំរេច​បែប​នេះ​របស់​លោក​ប្រធានាធិបតី​អាមេរិក​ គឺ​មិន​ខុស​ពី​យក​កាំភ្លើង​ទៅ​ភ្ជង់​ផ្កាល​គំរាម​ក្រុម​ឧទ្ទាម​ឡើយ។​ ទង្វើ​នេះ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ចំពោះ​ក្រុម​ឧទ្ទាម​ ដែល​មាន​ជា​អាទិ​ក្រុម​រណសិរ្ស​ខាង​ត្បូង​ ដែល​កំពុង​ធ្វើ​សង្គ្រាម​នៅ​ភាគ​និរតី​ប្រទេស​ស៊ីរី។​ សូម​បញ្ជាក់​ថា​ នៅ​តំបន់​ទីតាំង​ភូមិសាស្រ្ត​នេះ​ហើយ​ ដែល​ជា​សំបុក​ក្រុម​បះបោរ​ធ្វើ​បដិវត្តន៍​ប្រឆាំង​នឹង​របប​ដឹកនាំ​ស៊ីរី​របស់​លោក​ប្រធានាធិបតី​ Bachar Al-Assad។

កន្លង​មក​ រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីង​តោន​ក្រោម​ការ​ដឹកនាំ​របស់​លោក​អតីតៈ​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ តែង​ផ្តល់​ជំនួយ​គាំទ្រ​ដល់​ក្រុម​ឧទ្ទាម​នៅ​តំបន់​នោះ​ តាម​រយៈ​ការ​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ដល់​ពួក​ទាហាន​បះបោរ។​ ជាទូទៅ​ សហរដ្ឋ​អាមេរិក​ជួយ​ក្រុម​ឧទ្ទាម​ដែល​មាន​និន្នាការ​កណ្តាល​និយម​​ ពោល​ គឺ​ក្រុម​ឧទ្ទាម​ដែល​​ធ្វើ​សង្គ្រាម​ប្រឆាំង​រដ្ឋាភិបាល​ស៊ីរី​ ដើម្បី​បុព្វហេតុ​ទាមទារ​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​ស៊ីរី និង​ជាពិសេស​ គឺ​ប្រឆាំង​របប​ផ្តាច់ការ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ Bachar Al-Assad។

ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ឈប់​ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី​ក៏​ទំនង​ជា​អាច​ប៉ះពាល់​ដល់​បទ​ឈប់​បាញ់​គ្នា​ផង​ដែរ។​​ បច្ចុប្បន្ន​នេះ ទីតាំង​​ដែល​ក្រុម​ឧទ្ទាម​កំពុង​ឈរ​ជើង ​គឺ​​ជា​តំបន់​ឈប់​បាញ់​គ្នា​តំបូង​គេ​បង្អស់​ ដែល​សហរដ្ឋ​អាមេរិក​ និង​រុស្សី​បាន​ឯកភាពបង្កើត ​កាលពី​ថ្ងៃ​ទី​៩​ កក្កដា​កន្លង​ទៅ​នេះ។​ ​កន្លង​មក​ សហរដ្ឋ​អាមេរិក​ គឺ​ជា​អ្នក​ចេញ​មុខ​តំណាង​ឲ្យ​ក្រុម​ឧទ្ទាម​ ក្នុង​ចរចា​ជាមួយ​រុស្សី​ ដើម្បី​​បង្កើត​កិច្ច​ព្រម​ព្រៀង​សំរាប់​តំបន់​ឈប់​បាញ់​គ្នា​នេះ។​ បើ​តាមលោក​ Ahmed Al-Mahamid មន្រ្តី​យោធា​មក​ពី​ក្រុម​ឧទ្ទាម​​ដដែល​បាន​វិភាគ​ថា​ តាម​រយៈ​ការ​ដក​ខ្លួន​ឈប់​ជួយ​គាំទ្រ​នេះ​​ គឺ​មាន​ន័យ​ថា​ សហរដ្ឋ​អាមេរិក​កំពុង​តែ​ចាប់​បង្ខំ​ឲ្យ​ក្រុមឧទ្ទាម​ធ្វើ​សម្បទាន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​អាមេរិក-រុស្សី​ដោយ​ឥត​ល័ក្ខខ័ណ្ឌ​។ ពោល​​ គឺ​អាមេរិក​ទំនង​ជា​កំពុង​តែ​ដាក់​សម្ពាធ​ដល់​ក្រុម​ឧទ្ទាម​កុំ​ឲ្យ​ទាម​ទារ​អ្វី​ច្រើន​ពេក​ក្នុង​ការ​ចរចា។​

តើ​ក្រុម​ឧទ្ទាម​ចរចាចង់​បាន​អ្វី​ខ្លះ​?​ កន្លង​មក​ ក្រុម​ឧទ្ទាម​បាន​ទាម​ទារ​ដាក់​ល័ក្ខ​ខ័ណ្ឌ​មួយ​ចំនួន។​ ក្នុង​នោះ​ ចំនុច​ទី​មួយ​ គឺ​ទាមទារ​ឲ្យ​ភាគី​រដ្ឋាភិបាល​ស៊ីរី​ និង​រុស្សី ដាក់​សម្ពាធ​លើ​ក្រុម​ប្រដាប់​អាវុធ​ឈីអីត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។​ ​ពួក​ឧទ្ទាម​ចង់​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​អ៊ីរ៉ង់​ដក​ខ្លួន​ចម្ងាយ​ ៤០ គីឡូ​ម៉ែត្រ​ចេញ​ពី​ទីក្រុង​ Deraa។​ ប៉ុន្តែ ការ​ទាម​ទារ​នេះ​ពុំ​ត្រូវ​បាន​គេ​គោរព​ម្តង​ណា​ឡើយ។​ចំនុច​ទី​ពីរ​ គឺ​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​សន្យា​ចេញ​មុខ​អន្តរាគមន៍​តាម​បែប​យោធា ​ក្នុង​ករណី​ដែល​ភាគី​រដ្ឋាភិបាល​ស៊ីរី​ និង​រុស្សី​មិន​គោរព​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា។ ចំនុច​ទីបី​ គឺ​ទាម​ទារ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.​ប​ ចេញ​​ដំណោះ​ស្រាយ​មួយ​ជា​ផ្លូវ​ការ​ ដែល​ជា​លទ្ធផល​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​។ ពួក​ក្រុម​ឧទ្ទាម​ចាត់​ទុកថា​ ​ការ​ទាម​ទារ​នេះ​ គឺ​ជា​វិធានការណ៍​ជាក់​ស្តែង​ ដើម្បី​ធានា​ឲ្យ​មាន​ទំនុក​ចិត្តគ្នា​​ ​និង​ការ​ធានា​ផែ្នក​នយោបាយនៅ​លើ​តុចរចា។

សូម​រំលឹក​ជូន​ផង​ដែរ​ ចាប់​តាំង​ពី​ខែ​កញ្ញា​ ២០១៥​ រុស្សី​បាន​ចូល​ធ្វើ​អន្តរាគមន៍​នៅ​ប្រទេស​ស៊ីរី​។ ជា​ញឹក​ញយ​ រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​តែង​រំលឹក​ប្រាប់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីងតោន​ឲ្យ​ឈប់​ជួយ​គាំទ្រ​ក្រុម​ឧទ្ទាម​បះបោរ​។​ របប​ដឹក​នាំ​ស៊ីរី និង​សម្ព័ន្ធ​មិត្ត​ តែង​ទទូច​សុំ​បែប​នេះ​ ព្រោះ​ពួក​គេ​ត្រូវការ​វាយ​ដណ្តើម​យក​ទឹក​ដី​មួយ​ចំនួន​ ដែល​បច្ចុប្បន្ន​នេះ​កំពុង​គ្រប់​គ្រង​ដោយ​ពួក​ឧទ្ទាម។​ បើ​តាម​ការ​វិភាគ​ សហរដ្ឋ​អាមេរិក​ទំនង​ជា​ទទួល​យក​សំណើរ​នេះ​ដោយ​ស្ងាត់ៗ ជា​ថ្នូរ​នឹងកិច្ច​ព្រម​ព្រៀង​​ឈប់​បាញ់​គ្នាដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​រុស្សី។

ជា​ការ​​រំលឹក​​ ក្រុម​ឧទ្ទាម​​បាន​ព្រមាន​ថា​ ប្រសិន​បើ​សហរដ្ឋ​អាមេរិក​នៅ​តែ​ចង់​បោស​សំអាត​សំបុក​ក្រុម​ជីហាត​ជ្រុល​និយម​អង្គការ​រដ្ឋ​អ៊ីស្លាមនៅ​ប្រទេស​ស៊ីរី​​ គឺ​សហរដ្ឋ​អាមេរិក​ត្រូវការ​ក្រុម​ឧទ្ទាម។ សព្វ​ថ្ងៃ​នេះ​ ក្រុម​ជីហាត​ជ្រុល​និយម​​នៅ​តែ​បន្ត​ការ​គំរាម​កំហែង​នៅ​ប្រទេស​ស៊ីរី។​ ហើយ​ពួក​នេះ​កំពុង​តែសំងំ​លាក់​ខ្លួន​នៅ​តំបន់​មួយ​ក្នុង​ខេត្ត​ Yarmouk ក្បែរ​ព្រំដែន​ប្រទេស​អ៊ីស្រាអែល។​ នាពេល​ឆាប់ៗ​នេះ​ ក្រុម​​ឧទ្ទាម​គ្រោង​បើក​យុទ្ធនាទ្រង់​ទ្រាយ​ធំ​​មួយ​ ដើម្បី​ វាយ​ប្រហារ​កំទេច​ពួក​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​តំបន់​នោះ។​ ប៉ុន្តែ​ ផែនការ​នេះ​អាច​ត្រូវ​ផ្អាក ​ដោយសារ​តែសហរដ្ឋ​អាមេរិក​ឈប់​ជួយ​គាំទ្រ​ក្រុម​ឧទ្ទាម៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ