អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​ការផ្ទេរ​កីឡាករ​នៃម៉ារ មក​ក្លឹប​បាល់ទាត់​ប៉ារីស ជា​ល្បែង​ឃោសនា​របស់​កាតា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ផ្ទេរ​​កីឡាករ​ប្រេស៊ីល នៃម៉ារ មក​កាន់​ក្លឹប​បាល់​បារាំង​ប៉ារីស PSG បាន​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​រំជើប​រំជួល​ ពេញ​មួយ​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ មិន​ថា​សម្រាប់​​ពិភព​កីឡា​ ឬ​ក៏​​ពិភពនយោបាយ​ទេ។ ប៉ុន្តែ​ក្រៅ​អំពី​កកើក​ភ្ញាក់ផ្អើល​នឹង​​តម្លៃ​ផ្ទេរ​ ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​​ប្រវត្តិ​កីឡាបាល់ទាត់​ពិភពលោក​ ការ​ផ្ទេរ​នៃម៉ារ មាន​បង្កប់​នូវ​អត្ថន័យ​នយោបាយ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ប្រទេស​កាតា​ដែល​ជា​ម្ចាស់​ក្លឹប​។ តើ​កាតា​បាន​ទទួល​​​ប្រយោជន៍អ្វី​ខ្លះ​ពី​​ការ​ផ្ទេរ​តារាបាល់ទាត់ ?

នៃម៉ារ (ស្តាំ) និង​ប្រធាន​ក្លឹប​PSG លោក Nasseur Al-Khelaïfi
នៃម៉ារ (ស្តាំ) និង​ប្រធាន​ក្លឹប​PSG លោក Nasseur Al-Khelaïfi RFI/Pierre René Worms
ផ្សាយពាណិជ្ជកម្ម

ថ្លៃ​ប៉ុន្មាន​ក៏​មិន​មែន​ជា​បញ្ហា​ដែរ​សម្រាប់​កាតា ! ​កាតា​មាន​មធ្យោបាយ​ហិរញ្ញវត្ថុ​គ្មាន​ព្រំដែនទេ ! ​ព្រះចៅ​កាតាម្ចាស់​ក្លឹប​កីឡាបាល់ទាត់​ប៉ារីស និង​រូប​​ប្រធានក្លឹប ​ Nasser al-Khelaïfi បាន​ជំនួយ​ពី​ក្រុមហ៊ុនហិរញ្ញវត្ថុ​​យក្ស​ ពី​មូលនិធិវិនិយោគ ពី​ក្រុមហ៊ុន​ទូរស័ព្ទ ពី​ក្រុមហ៊ុន​ទេសចរណ៍​តាកា​ដ៏​មាន​មហិទ្ធិរិទ្ធ​ទៀត។ នៅពេល​ប្រទេស​មួយ​ជា​ម្ចាស់​ក្លឹប​កីឡា គេ​លែង​និយាយ​​អំពី​កំរិត​កញ្ចប់​ថវិកា​ទៀត​ហើយ ព្រោះ​ប្រទេស​នោះ​អាច​មើល​ឃើញ​ផលប្រយោជន៍​ផ្សេង​ទៀត​នៃ​កីឡា​​បាល់​ទាត់ និង​ភាព​ល្បីល្បាញ​របស់​កីឡាករ​។

កីឡាករ​ជា រដ្ឋទូត! នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែលកាតា​ទាញ​ប្រយោជន៍​ពី​តារា​បាល់​ទាត់​នោះ។ ​កីឡាករ​ Ibrahimovic David Beckham ធ្លាប់បាន​​ដើរ​តួ​នេះ​​រួច​មក​ហើយ។ Zinedine Zidane ក៏​ធ្លាប់​ត្រូវ​បាន​តាកា​ជ្រើសរើស​ក្នុង​តម្លៃ​កប់​ពពក ដើម្បី​មកឃោសនា​កាតា​ឱ្យ​បាន​ក្លាយ​ជា​ប្រទេស​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កីឡា​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០២២។ កាតាចំណាយ​អស់​រាប់​លាន ជា​ថ្នូរ​នឹង​ការ​បង្កើន​​ទំនាក់ទំនង​ការទូត។​

ល្បែង​នយោបាយ

ករណី​នៃម៉ារ ក៏មាន​បង្កប់​​យុទ្ធសាស្ត្រដ៏​ខ្ពស់​ដែរ។ ​ការ​ផ្ទេរ​តារាបាល់ទាត់ជាតិ​​ប្រេស៊ីលដ៏​ល្បីល្បាញ​​មក​កាន់​ក្លឹប​ប៉ារីស ក្នុង​តម្លៃ​ដ៏​មហាសាល ​មិន​ធ្លាប់​មានក្នុង​ប្រវត្តិ​បាល់ទាត់ បាន​ក្លាយ​ជា​ព្រឹត្តិការណ៍ ! តើ​សារព័ត៌មាន​ណា​ អ្នក​វិភាគ​ណា អ្នក​តាមដាន​ណា​ មិន​លើក​និយាយ​​អំពី​ប្រធានបទ​នេះ ?! ​កាតា​បាន​បង្វែរ​ចំណាប់​អារម្មណ៍​ពិភពលោក ពី​ភេរវកម្ម​ ឱ្យ​មក​ផ្តោត​​តែ​លើ​សំណុំ​រឿង​បាល់ទាត់​ អស់​ពេញ​មួយ​សប្តាហ៍។

សម្រាប់​អ្នក​វិភាគ​ ការ​ផ្ទេរ​នៃម៉ា គឺ​​​ជោគជ័យរបស់កាតា ​​ក្នុង​នយោបាយ​ទំនាក់ទំនង​ និង​ការ​​ផ្សព្វផ្សាយ​របស់​ខ្លួន ! កាតា​អាចធ្វើ​ឫកអឿ ដាក់​គូ​ប្រជែង​ក្នុង​តំបន់​ដែល​ប៉ុនប៉ង​​ដាក់​កាតា​ដោយ​ឯកា។ ​ ​

តាំង​ពី​ដើម​ខែ​មិថុនា​មក ​​អេមីរ៉ាអារ៉ាបរួម អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប និង​បារ៉ែន បាន​ប្រកាស​ផ្តាច់​ទូ​ត​ពី​កាតា ដោយ​ចោទ​ថា​ដូហា​គាំទ្រ​ភេរវនិយម។ ប្រទេស​ទាំង​បួន​បាន​ធ្វើ​យុទ្ធនាការ​បំផុស​ព័ត៌មាន​ស្ទើរ​រាល់​ថ្ងៃ ក្នុង​ពិភពអារ៉ាប និងឆាក​​អន្តរជាតិ​ផង ធ្វើ​យ៉ាងណា​ឱ្យ​កាតា​ឯកា។

ប៉ុន្តែពេល​នេះ​​​ កាតាកាន់​តែ​លេច​មុខខ្លាំង​ឡើង​នៅ​លើ​ពិភពលោក ! កាន់​តែ​មាន​មុខ​មាន​មាត់ដោយ​ប្រើ​​ “អំណាច​ស្រទន់” តាម​រយៈ​​កីឡា។ យុទ្ធសាស្ត្រ​ “​អំណាច​ស្រទន់” ត្រូវ​បាន​កាតា​​ប្រកាន់​យក​តាំងពី​យូរ​មក​ហើយ។

កាតា​តូច តែ​មាន​ខ្លាំង បាន​ដើរតួនាទី​កាន់​តែ​ធំឡើងៗ ក្នុង​ជម្លោះ​និង​សំណុំរឿង​រសើបៗ​នៅ​​ក្នុង​ពិភពអារ៉ាប តាំង​ពី​ជាង​២០​ឆ្នាំ​មក​ហើយ។ កាតាក៏​បាន​បង្កើន​ឥទ្ធិពល​របស់​ខ្លួន តាម​រយៈ​ការ​វិនិយោគអន្តរជាតិ​​ដ៏​សម្បើម​ ក្នុង​វិស័យ​អចលនទ្រព្យ សណ្ឋាគារ ឧស្សាហកម្ម ដឹកជញ្ជូនផ្លូវអាកាស ហិរញ្ញវត្ថុ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ កីឡា។ ដោយ​មិន​រាប់​អំពី​កាតាអ៊ែរវ៉េ ឬ​ការ​ឧបត្ថម្ភ​អាវកីឡា​ក្លឹប​FC Barcelone និម្មិត្តរូប​ចំបង​នៃ​ “អំណាច​ស្រទន់” ​របស់​កាតា​មួយ​ទៀត​គឺ​ ទូរទស្សន៍​ Al-Jazeera ទូរទស្សន៍​កីឡា Beln Sports។

កាលពី​ថ្ងៃ​ទី ២១​កក្កដា ព្រះ​ចៅ​កាតា បាន​បញ្ជាក់​អំពី​ភាព​ចាំបាច់​នៃ​ការ​អភិវឌ្ឍន៍​ នយោបាយ​ស្រទន់​របស់​ខ្លួន​នៅ​លើ​​ឆាក​អន្តរជាតិ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ​កំពូលៗ​របស់​ជាតិ អារ៉ាប​និង​បរទេស។ នៅ​សប្តាហ៍​នេះ ក្នុង​ខណៈ​ដែលប្រទេស​កំពុង​ស្ថិតក្នុង​ស្ថានភាព​តាន​តឹង​ជាមួយអ្នក​​ជិត​ខាង កាតា​បាន​រំលេច​ខ្លួន​ឱ្យ​ផុសឡើង​​តាម​រយៈ​ការ​​ផ្ទេរតារា​បាល់ទាត់​នៃម៉ារ។​

​យុទ្ធសាស្ត្រ​​ផ្សព្វផ្សាយ​របស់កាតា​​ពេល​នេះ ប្រទេស​ជា​គូប្រជែង​​ត្រូវ​​តែ​ស្រឡះកាំង ព្រោះ​ពួក​គេ​ទាំង​បួន គ្មាន​អំណាច​និង​មធ្យោបាយ​ទំនាក់ទំនង​​ខ្លាំង​ ក្នុង​វិស័យ​កីឡា​ថ្នាក់​អន្តរជាតិ ដូច​ឡើយ។ ជា​ច្រើន​ថ្ងៃ​មក​នេះ គ្មាន​នរណា​បង្ហាញ​រូបភាព​អវិជ្ជមាន​របស់កាតា​ទេ គេ​ចាប់​អារម្មណ៍​តែ​លើ​ការ​ផ្ទេរ​នៃម៉ារ។ នៅ​បស្ចឹម​លោក គេ​ផ្តល់​តម្លៃ​ដល់​ព័ត៌មាន​កីឡា​ណាស់ ! ដូច្នេះ​វា​ច្បាស់​ណាស់ ថា​កីឡា “ក្នុង​ករណី​ផ្ទេរ​នៃម៉ារ​នេះ” ត្រូវ​បាន​កាតា​ប្រើ​សម្រាប់​បំបែក​ភាព​ឯកា​នយោបាយ​របស់​ខ្លួន​នោះ។ បារាំង​​ក៏​បាន​ទទួល​ស្គាល់​​​ថា​ជា​ ការផ្ទេរនៃម៉ារ​ជា​ប្រតិបត្តិការ​​ទំនាក់ទំនង​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បារាំង​ជំរុញ​កាតា​ត្រូវ​មាន​តម្លាភាព​ហិរញ្ញវត្ថុ​ជាមួយ​ក្លឹប កុំ​ឱ្យ​ដូច​ការ​ចោទ​ប្រកាន់​ថា​កាតា​ផ្តល់​​​ហិរញ្ញវត្ថុដល់​ពួកភេរវនិយម៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ