អានតួអត្ថបទ
បារាំង

តើ​ប្រតិបត្តិការ​ពង្រាយ​ទាហាន​ល្បាត នៅ​បារាំង​មាន​ប្រសិទ្ធភាព​ដែរឬទេ?​

ទាហាន​ល្បាត​បារាំង ៦នាក់ ត្រូវ​បាន​ជនមិនស្គាល់​មុខ បើកឡាន បុក​ឲ្យ​របួស នៅ​ព្រឹក​ថ្ងៃ​ពុធម្សិលមិញ។ ចាប់តាំង​ពី​ដើមឆ្នាំ​២០១៧ នេះ​ជាលើក​ទី ៦ ដែល​ទាហាន​ដើរល្បាត បារាំង រង​ការវាយប្រហារ​ពី​ក្រុមភេរវនិយម។ ​ការណ៍​នេះ ធ្វើ​ឲ្យ​គេ​ចោទ​សួរ​ពី​ប្រសិទ្ធភាព និង​សារប្រយោជន៍ នៃ​ប្រតិបត្តិការ ដាក់​ពង្រាយ​ទាហាន​ឲ្យ​ល្បាត​នៅ​ទីសាធារណៈ ដែល​រដ្ឋាភិបាល​បារាំង ចាប់អនុវត្ត​ធ្វើ នៅក្រោយ​បារាំង​រង​ការវាយប្រហារ​ភេរវកម្ម ឆ្នាំ ២០១៥។

ទាហាន​ដើរ​ល្បាត​បារាំង នៅក្នុង​ប្រតិបត្តិការ Sentinelle នៅក្បែរ​អគារ Eiffel ក្នុង​ក្រុង​ប៉ារីស
ទាហាន​ដើរ​ល្បាត​បារាំង នៅក្នុង​ប្រតិបត្តិការ Sentinelle នៅក្បែរ​អគារ Eiffel ក្នុង​ក្រុង​ប៉ារីស ©Ludovic MARIN / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រតិបត្តិការ Sentinelle ការងារ​របស់​ទាហាន​ល្បាត បារាំង គឺ ធានា​សន្តិសុខ​ជូន​ជនជាតិ​បារាំង។ ប៉ុន្តែ ការវាយប្រហារ​ជាបន្តបន្ទាប់ ទៅលើ​ទាហាន​ល្បាត​បារាំង បាន​ធ្វើ​ឲ្យ ពួកគេ ក្លាយ​ពី​ខែល​ការពារ ​ប្រជាជន មក​ជា​ផ្ទាំងស៊ីប រង​ការវាយប្រហារ​ដោយ​ផ្ទាល់​ពី​ភេរវជន។ នេះ​ជា​ការវាយតម្លៃ ជាទូទៅ​របស់​កាសែត និង​អ្នកជំនាញ​ខាង​សន្តិសុខ​ផ្ទៃក្នុង​បារាំង ដែល​បាន​ចោទសួរ​ផងដែរ ពី​សារៈសំខាន់​នៃ​ប្រតិបត្តិការ Sentinelle ដែល​នៅក្នុង​នោះ ទាហាន​បារាំង ៧ពាន់ ត្រូវ​បាន​ដាក់​ពង្រាយ ឲ្យ​ដើរ​ល្បាត នៅ​តាម​កន្លែង​សាធារណៈ ក្នុង​ទឹកដី​បារាំង។ តាម​កាសែត​បារាំង ប្រតិបត្តិការ Sentinelle មិនមែន​ជាមធ្យោបាយ​មាន​ប្រសិទ្ធិភាព​ដើម្បី​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​នោះទេ ប៉ុន្តែ វា​ជា​អាវុធ​ឃោសនា របស់​រដ្ឋាភិបាល​បារាំង ព្រោះថា ដោយ​បញ្ជូន​ឲ្យ​ទាហាន​ដើរ​ល្បាត គ្រប់​ច្រកល្ហក រដ្ឋាភិបាល​ចង់​ធានា​ដល់​ប្រជាជន​ថា រដ្ឋាភិបាល​បាន​ចាត់​វិធានការ​ការពារ​សន្តិសុខ​យ៉ាងតឹងរ៉ឹង។

សម្រាប់​រដ្ឋមន្រ្តី ការពារ​ជាតិ បារាំង គេ​មិនអាច​សង្ស័យ​ពី​ប្រតិបត្តិការ Sentinelle ទេ។ ប្រតិបត្តិការ​នេះ មាន​​សារៈសំខាន់ លើស​ពេលណាៗ​ទាំងអស់។ ទាហាន​ល្បាត​បារាំង​មិនត្រឹម​តែ​ជា​ខែល សម្រាប់​ការពារ​សន្តិសុខ​ឲ្យ​ប្រជាជន​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេ​បាន​ចូលរួម​ផងដែរ នៅក្នុង​ប្រតិបត្តិការ​បំផ្លាញ​គម្រោង​ផែនការ​ធ្វើ​ភេរវកម្ម ក្នុង​ទឹកដី​បារាំង។

ប្រធាន​មជ្ឈមណ្ឌល​គិតពិចារណា​ពី​សន្តិសុខ​ផ្ទៃក្នុង លោក Thibault de Montbrial វិញ យល់​ថា រដ្ឋាភិបាល​គួរ​គិតគូរ​ឡើងវិញ ពី​ប្រតិបត្តិការ​ Sentinelle ក្នុង​រយៈពេល​វែង ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម ដោយ​ប្រសិទ្ធិភាព ពោល​គឺរដ្ឋាភិបាល ត្រូវ​បំពាក់​អាវុធ ឲ្យ​បាន​ច្រើន ដល់​ប៉ូលិស និង​ជនស៊ីវិល ដែល​ទទួល​បន្ទុក​រក្សា​សន្តិសុខ។

សម្រាប់​ Thibault de Montbrial ទាហាន​ល្បាត គួរ​មាន​វត្តមាន តែ នៅ​តាម ព្រលាន​យន្តហោះ ឬ ស្ថានីយ៍​រថភ្លើង ចំណែក ការយាមល្បាត​នៅ​តាម​កន្លែង​សាធារណៈ​ផ្សេងទៀត គួរ​តែ​ជា​បន្ទុក​របស់​ប៉ូលិស ស៊ីវិល ឬ​កងអាវុធហត្ថ ដែល​មាន​សិទ្ធិ​កាន់អាវុធ សម្រាប់​តបត​នឹង​ភេរវជន។ តាម​អ្នកជំនាញ​ខាងលើ ដោយសារ​តែ​ភេរវជន ធ្វើ​សកម្មភាព​ក្នុង​ទ្រង់ទ្រាយ​តូច ដោយ​ប្រើ​អាវុធ ដូចជា​កាំបិត ឬ​បើកឡាន​បុក​សម្លាប់ មនុស្ស ប៉ូលិស អាច​អន្តរាគម​ភ្លាមៗ ដោយ​មិនចាំ​បាច់​មាន​ទាហាន​ដើរ​ល្បាត​ច្រើន​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ