ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 14/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 14/12 12h00 GMT
អឺរ៉ុប

អ.ស.ប មាន​ភស្តុតាង គ្រប់គ្រាន់ ដើម្បី​ចោទប្រកាន់​ប្រធានាធិបតី​ស៊ីរី ពីបទ​ឧក្រិដ្ឋកម្ម​សង្រ្គាម

media  
ប្រជាជន​តួកគីធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ប្រធានាធិបតី​ស៊ីរី ឈប់សម្លាប់​ប្រល័យពូជសាសន៍​លើប្រជាជន​នៅ​ស៊ីរី ©. BULENT KILIC / AFP

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​ប្រមូល​បាន​ភស្តុតាង និង​ឯកសារ គ្រប់គ្រាន់ ដែល​អាច​ឲ្យ​គេ​បើក​សវនការ ជំនុំជម្រះ លោក​ប្រធានាធិបតី​ស៊ីរី ស្ហា អាល់ អាសាដ ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្រ្គាម។ សមាជិក​ម្នាក់ របស់​គណៈកម្មការ គឺ​លោកស្រី Clara Del Ponte បាន​និយាយ​យ៉ាងដូច្នេះ ប្រាប់​កាសែត ស្វ៊ីស នៅ​ថ្ងៃ​អាទិត្យ​ទី ១៣ សីហា ២០១៧។

លោកស្រី Clara Del Ponte អតីត​រដ្ឋអាជ្ញា​ស្វ៊ីស​បាន​ចូលរួម​នៅក្នុង​គណៈកម្មការ​របស់​អង្គការ​សហប្រជាជាតិ ដែល​ស៊ើបអង្កេត​ទៅលើ​បទឧក្រិដ្ឋ​នានាៗ ដែល​បាន​កើតឡើង នៅ​ក្នុង​ទឹកដី​ស៊ីរី។ ចាប់តាំង​ពី​ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន នៅ​ឆ្នាំ ២០១២ គណៈកម្មការ​​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​ប្រមូល​បាន​ភស្តុតាង ជាច្រើន ស្តីពី​ការប្រើប្រាស់​អាវុធ​គីមី ការវាយប្រហារ​ទៅលើ​ក្បួន​ដឹកជញ្ជូន​ជំនួយ​មនុស្ស ហើយ​និង​ការសម្លាប់​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ Yazidi​នៅ​ស៊ីរី ជាដើម។

ចាប់តាំង​ពី​ផ្ទុះ​សង្រ្គាម​ស៊ីវិល នៅ​ស៊ីរី នៅ​ឆ្នាំ ២០១១ ប្រជាជន​ស៊ីរី ជិត ៥សែននាក់ បាន​ស្លាប់ និង​បាត់ខ្លួន។ អង្គការ​តាមដាន​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដ៍ ធ្លាប់​អះអាង​ពីរ​ការរកឃើញ​រណ្តៅ​សាកសព ជាច្រើន ដែល​គេ​ជឿថា ជា​ក្រុមទាហាន​ប្រឆាំង ដែល​ត្រូវ​រដ្ឋាភិបាល​ស៊ីរី បាញ់​សម្លាប់​រង្គាល នៅពេល​វាយយក​បាន​ទីតាំង​របស់​ក្រុមប្រឆាំង ដូចជា​នៅ​ទីក្រុង​ហូម ជាដើម។

នៅក្នុង​បទសម្ភាសន៍ ជាមួយ​កាសែត​ស្វ៊ីស នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោកស្រី Del Ponte ដែល​ធ្លាប់​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម នៅ​ប្រទេស​រវ៉ាន់ដា និង​យូហ្គោស្លាវី​ជាដើម បាន​និយាយ​ថា លោកស្រី ជឿជាក់​យ៉ាងមុតមាំ ថា មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ឲ្យ​គេ​អាច​ផ្តន្ទាទោស​ប្រធានាធិបតី​ស៊ីរី លោក​បាសា្ហរ អាល់ អាសាដ ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម។

គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ បាន​រកឃើញ​ផងដែរ បទ​ឧក្រិដ្ឋកម្ម​​សង្រ្គាម ប្រព្រឹត្ត​ដោយ កងទ័ព​ និង​ចារកិច្ច​សម្ងាត់​របស់​រដ្ឋាភិបាល​ស៊ីរី។ គណៈកម្មការ​ធ្លាប់​បាន​ចេញ​ផ្សាយ ជាញឹកញាប់​របាយការណ៍ ដែល​បង្ហាញ​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត ប៉ុន្តែ នៅក្រោយ ការស៊ើបអង្កេត អស់​រយៈពេល ៦​ឆ្នាំ ក្រុមប្រឹក្សា​សន្តិសុខ ហាក់​មិន​ចង់​បញ្ជូន​សំណុំរឿង​នេះ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ​នោះទេ។

សម្រាប់​លោកស្រី Del Ponte រុស្ស៊ី ដែល​ជាសម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ស៊ីរី នឹង ប្រើ​សិទ្ធិ​វេតូ ដើម្បី​រារាំង​កុំ​ឲ្យ​គេ​អាច​នាំយក​ប្រធានាធិប​ស៊ីរី​យក​កាត់ទោស នៅ​តុលាការ​ព្រហ្មទ័ណ្ឌ។ ​ លោកស្រី​សោកស្តាយថា ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​គ្មាន​សមត្ថភាព​បង្កើត​តុលាការ​ពិសេស ដើម្បី​ជំនុំជម្រះ​រដ្ឋាភិបាល​ស៊ីរី​ ពី​បទ​ប្រព្រឹត្ត ឧក្រិដ្ឋកម្ម​សង្រ្គាម។ គឺ​ហេតុផលនេះ​ហើយ ដែល​ធ្វើ​ឲ្យ​លោកស្រី Clara Del Ponte សម្រេច​ដើរចេញ​ពីគណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​សប្តាហ៍មុន។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ