អានតួអត្ថបទ
CPI-ម៉ាលី

តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​តម្រូវ​ឲ្យ​ភេរវជន​ម៉ាឌី​បង់​លុយ ២លាន ៧សែនអឺរ៉ូ​ពី​បទ​បំផ្លាញ​សម្បត្តិ​មនុស្សលោក

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ សីហា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​កាត់ទោស​ភេរវជន​ម៉ាលី Ahmad Al Faqi Al Mahdi ឲ្យ​បង់លុយ​ចំនួន ២លាន ៧សែន​ដុល្លារ​ពី​បទ​បាន​ចេញ​បញ្ជា​ឲ្យ​វាយបំផ្លាញ​ចេតិយ​តុមប៊ូទូ​របស់​សហគមន៍​តុមប៊ូទូ​ក្នុង​ប្រទេស​ម៉ាលី​ក្នុង​ឆ្នាំ ២០១២។ សូម​រម្លឹក​ជូន​ថា​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៦ ភេរវជន​ជនជាតិ​ម៉ាលី​រូប​នេះ​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ចំនួន ៩ឆ្នាំ​ក្នុង​បទ​បំផ្លិចបំផ្លាញ​សម្បត្តិបេតិកភណ្ឌពិភពលោក។

ចេតិយ​នៅ​តុមប៊ូទូ (Tombouctou) ដែល​ពួក​ជីហាត​កំពុង​វាយបំផ្លាញ
ចេតិយ​នៅ​តុមប៊ូទូ (Tombouctou) ដែល​ពួក​ជីហាត​កំពុង​វាយបំផ្លាញ AFP PHOTO
ផ្សាយពាណិជ្ជកម្ម

២លាន ៧សែន​អឺរ៉ូ នេះ​ជា​ទឹកប្រាក់​ដែល​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​តម្រូវ​ឲ្យ​ភេរវជន​ជនជាតិ​ម៉ាលី​ឈ្មោះ Al Mahdi បង់​សងជំងឺចិត្ត​ជា​លក្ខណៈ​បុគ្គល សមូហភាព និង​ជា​និមិត្តរូប​ដល់​សហគមន៍​តុមប៊ូទូ។ តុមប៊ូទូ គឺ​ជា​ស្រុក​មួយ​ស្ថិត​ប៉ែក​ខាង​ជើង ប្រទេស​ម៉ាលី​ដែល​បាន​ធ្លាក់​ក្នុង​កណ្តាប់ដៃ​របស់​ក្រុម​ភេរវនិយម AQMI និង Ansar Dine រយៈពេល ១០ខែ​ក្នុង​ឆ្នាំ ២០១២។ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ AQMI និង Ansar Dine រយៈពេល ១០ខែ​នោះ មាន​ភេរវជន Al Mahdi បាន​ដឹកនាំ​គ្នីគ្នា​ទៅ​វាយកម្ទេច​ចេតិយ​ច្រើន​កន្លែង​នៅ​តុមប៊ូទូ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សលោក។

នៅ​ក្នុង​សាលក្រម​ចេញ​ផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៧​សីហា ចៅក្រម​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ថ្លែង​ថា ការ​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​មនុស្សលោក​បាន​បង្ក​ទុក្ខលំបាកវេទនា​ដល់​មនុស្ស​គ្រប់រូប​នៅ​ទូទាំង​ប្រទេស​ម៉ាលី និង​សហគមន៍​អន្តរជាតិ។ កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៦ ភេរវជន Al Mahdi ដែល​បាន​ទទួល​ស្គាល់​ពី​កំហុស​របស់​ខ្លួន​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​គុក​ចំនួន ៩ឆ្នាំ​ពី​បទ​បាន​បញ្ជា​ឲ្យ​មាន​ការ​កម្ទេច​ចេតិយ​ចំនួន ៩កន្លែង​នៅ​ស្រុក​តុមប៊ូទូ និង​ខ្លោងទ្វារ​វិហារ​ស៊ីឌី​ដោយ​ចេតនា។

តាម​សាលក្រម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ការ​សង​ជំងឺចិត្ត​អាច​ធ្វើ​ឡើង​ក្រោម​ទ្រង់ទ្រាយ​ជា​លុយកាក់ ឬ​មួយ​ក៏​ការ​សាងសង់​មជ្ឈមណ្ឌល​ផ្សេង​សម្រាប់​បម្រើ​សេវា​ដល់​សហគមន៍​តុមប៊ូទូ។ ដោយឡែក ចៅក្រម​បាន​ប្រាប់​ឲ្យ​ដឹង​ថា បើ​ភេរវជន Al Mahdi គ្មាន​លទ្ធភាព​សង​តាម​ការ​តម្រូវ​របស់​តុលាការ គឺ​តុលាការ​អាច​ដក​លុយ​ពី​មូលនិធិ​សម្រាប់​ជនរងគ្រោះ​របស់​តុលាការ​ទៅ​បំពេញ​បន្ថែម។ មូលនិធិ​សម្រាប់​ជនរងគ្រោះ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៤ និង​ដែល​លុយ​បាន​មក​ពី​ការ​បង់​វិភាគទាន​ដោយ​ស្ម័គចិត្ត​របស់​ប្រទេស​ជា​សមាជិក​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

យ៉ាង​ណា​ក៏​ដោយ សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ចាត់​ទុក​សាលក្រម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុង​បទឧក្រិដ្ឋ​នៅ​តុមប៊ូទូ​នេះ​ថា​មិន​ទាន់​គ្រប់គ្រាន់​ទេ បើ​ធៀប​នឹង​ទំហំ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស។ ទន្ទឹម​គ្នា​នេះ សហព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ​ក៏​បាន​ស្នើ​តុលាការ​ឲ្យ​បើក​សវនាការ​កាត់ទោស​លើ​បទឧក្រិដ្ឋ​នៅ​កន្លែង​ផ្សេង​ទៀត​ដែល​បាន​កើត​ឡើង​ក្នុង​សម័យកាល​ដូច​គ្នា ក្រៅ​ពី​ស្រុក​តុមប៊ូទូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ