អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អង្គការ​សង្រ្គោះ​ជនអន្តោប្រវេសន៍ ផ្អាកសកម្មភាព នៅសមុទ្រ​មេឌីទែរ៉ាណេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​មនុស្ស​ធម៌​ជាច្រើន ដែល​ធ្វើការ​ដើម្បី​ជួយ​សង្រ្គោះ ជនអន្តោប្រវេសន៍ នៅ​ដើម​សប្តាហ៍​មុន បាន​ប្រកាស បន្ត​បន្ទាប់គ្នា ផ្អាក​ធ្វើ​​សកម្មភាព​របស់ខ្លួន នៅ សមុទ្រ​មេឌីទែរ៉ាណេ។ អង្គការ​ជួយ​សង្រ្គោះ​ជនអន្តោប្រវេសន៍​បាន​ផ្អាកព្យួរ សកម្មភាព​របស់ខ្លួន នៅបន្ទាប់​ពី​អ៊ីតាលី និងអាជ្ញាធរ​លីប៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពង្រឹង​សហប្រតិបត្តិការ​រួមគ្នា ក្នុង​ការទប់​មិន​ឲ្យ​ជនអន្តោប្រវេសន៍​ពី​តំបន់​អាហ្វ្រិក ហូរ​ចូល​ទៅ​អឺរ៉ុប។

កប៉ាល់​ជួយសង្រ្គោះ​របស់អង្គការ​អាល្លឺម៉ង់ Jugend Rettet ឈ្មោះ "Juventa" ជួយ​សណ្តោង​ជួយ​ជនអន្តោប្រវេសន៍​នៅថ្ងៃទី ១៨ សីហា ២០១៧
កប៉ាល់​ជួយសង្រ្គោះ​របស់អង្គការ​អាល្លឺម៉ង់ Jugend Rettet ឈ្មោះ "Juventa" ជួយ​សណ្តោង​ជួយ​ជនអន្តោប្រវេសន៍​នៅថ្ងៃទី ១៨ សីហា ២០១៧ ©REUTERS/Stefano Rellandini
ផ្សាយពាណិជ្ជកម្ម

ទីតាំង​ភូមិសាស្រ្ត​របស់​អ៊ីតាលី បាន​ធ្វើ​ប្រទេស​នៅអឺរ៉ុប​មួយនេះ ប្រឈម​ខ្លាំង​ជាងគេ នឹង​ការហូរ​ចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់ មក​ពី​តំបន់​អាហ្រ្វិក និង​ដើមបូព៌ា។ តាំង​ពី​ដើម​ឆ្នាំ ២០១៤ អ៊ីតាលី បាន​ទទួល​ជនអន្តោប្រវេសន៍ ៦​សែន​នាក់ ដែល​ធ្វើដំណើរ​តាមទូក ចេញ ពី​ប្រទេស​លីប៊ី ក្នុង​បំណងចង់​កសាង​អនាគត​ថ្មី នៅ​ទឹកដី អឺរ៉ុប ដែល​មាន​អាល្លឺម៉ង់ បារាំង និង​ជាពិសេស អង់គ្លេស។ ជា​អកុសល ដោយសារ​នយោបាយ​បែកបាក់គ្នា រវាង​ប្រទេស​សមាជិក​អឺរ៉ុប និង​ការព្រងើយ កន្តើយ របស់​ប្រទេស​អឺរ៉ុប​ដទៃទៀត អ៊ីតាលី​មាន​បន្ទុកធ្ងន់ ដោយ​ត្រូវ​ប្រឈម​នៅ​ជួរ​មុខគេ នឹង​វិបត្តិ​លំហូរ​ចូល ជន​អន្តោប្រវេសន៍។

ប៉ុន្តែ នៅ​ខែ​កក្កដា​នេះ អ៊ីតាលី ត្រូវ​សប្បាយ​ចិត្ត ព្រោះថា លំហូរ​ជនអន្តោប្រវេសន៍​បាន​ធ្លាក់​ថយចុះ​ខ្លាំង​មែនទែន។ តាំង​ពី​ដើម​ខែ​កក្កដា គេ​រកឃើញ​មាន​ជនអន្តោប្រវេសន៍ ១៣ ៥០០​នាក់ ធ្វើដំណើរ​តាមទូក ចូល​ដល់​ទឹកដី​អ៊ីតាលី។ បើប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា នេះ នៅ​ឆ្នាំ ២០១៦ ចំនួន​នេះ​បាន​ថយចុះ​ដល់​ទៅ ៥៥% (៣០ ៥០០)។ មាន​ហេតុផល​ជា​ច្រើន ដែល​ធ្វើ​លំហូរ​ជនអន្តោប្រវេសន៍​ធ្លាក់​ថយចុះ គួរ​ឲ្យ​កត់សំគាល់។ នយោបាយ​ពង្រឹង​ការយាមល្បាត របស់​កប៉ាល់ទឹក​អ៊ីតាលី រួម​ជាមួយ ទាហាន​លីប៊ី ជា​ហេតុផល​សំខាន់​ដែល​ធ្វើ​ឲ្យ​ចំនួន​ជនអន្តោប្រវេសន៍ ធ្វើដំណើរ​មក​អឺរ៉ុប​ធ្លាក់ថយចុះ។

សហភាព​អឺរ៉ុប​បាន​ជួយ​បណ្តុះបណ្តាល​ឆ្មាំសមុទ្រ​លីប៊ី​រាប់រយ​នាក់ ដើម្បី​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ស្ទាក់ ទប់ស្កាត់ ក្រុមជួញដូរ​មនុស្ស​ពី​ទឹកដី លីប៊ី ចូល​ទៅ​អឺរ៉ុប។ កងទ័ព​លីប៊ី​នៅ​បាន​ទទួល​កប៉ាល់​ល្បាត និង​ជំនួយ​អន្តរាគមន៍ ពី​កប៉ាល់​ល្បាត អ៊ីតាលី ដែល​ទើប​បាន​ទទួល​សិទ្ធិ អនុញ្ញាត​ឲ្យ​ឈរជើង នៅក្នុង​ដែន​សមុទ្រ​លីប៊ី។ រដ្ឋាភិបាល​លីប៊ី ស្វាគម​កប៉ាល់​ល្បាត​របស់​អ៊ីតាលី ប៉ុន្តែ មិន​ស្វាគម​កប៉ាល់​របស់​អង្គការ​ដែល​ធ្វើការ​ទៅលើ​ជំនួយ​មនុស្ស​ធម៌ ដល់​ជនអន្តោប្រវេសន៍​នោះទេ។ តាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន បន្ទាប់ពី ប្រកាស​ពង្រីក តំបន់​ស្វែងរក ជួយ​សង្រ្គោះ នៅក្នុង​តំបន់​សមុទ្រ​របស់ខ្លួន ឆ្មាំ​សមុទ្រ​លីប៊ី ធ្លាប់​បាន​បាញ់ ព្រមាន​មិន​ឲ្យ​កប៉ាល់​របស់​អង្គការ​ផ្តល់​ជំនួយ​មនុស្សធម៌​ចូល​ទៅក្នុង​តំបន់​ទឹក​លីប៊ី​នោះ​ទេ។

គឺ​ដោយសារ​តែបារម្ភ មិន​អាច​ធានា​ដល់​សុវត្ថិភាព សន្តិសុខ​របស់​បុគ្គលិក ក្នុង​កប៉ាល់​របស់ខ្លួន ទើប​អង្គការ គ្រូពេទ្យ​គ្មាន​ព្រំដែន Save the Children និង​អង្គការ​អាល្លឺម៉ង់ Sea Eye​បាន​សម្រេច​ផ្អាក​សកម្មភាព​ជួយ​សង្រ្គោះ ជនអន្តោប្រវេសន៍ ​នៅ សមុទ្រ​មេឌីទែរ៉ាណេ។ សម្រាប់​ប្រធាន​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន គ្មានជំនួយ​របស់​អង្គការ​មនុស្សធម៌ ចំនួន​ជនអន្តោប្រវេសន៍ ដែល​រងគ្រោះ​ស្លាប់​នៅក្នុង​សមុទ្រ នឹង​កើនឡើង​ខ្លាំង​ដូចមុន។ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន នៅ​បាន​បរិហារ​ផង​ដែរ នយោបាយ​ចរិក​លាក់ពុត របស់​រដ្ឋាភិបាល​អ៊ីតាលី ដែល​បាន​រួមដៃ​ជាមួយ លីប៊ី ដើម្បី គិត​តែ​ពី​ទប់ស្កាត់ ជនអន្តោប្រវេសន៍ ដោយ​គ្មាន​ខ្វល់​ពីតម្លៃ​មនុស្សធម៌ និង​អាយុជីវិត របស់​ជន​អន្តោប្រវេសន៍ ដែល​តាមពិត​ទៅ បាន​ផ្សងព្រេង ប្រថុយ​គ្រោះថ្នាក់ ប្រថុយ​ជីវិត ដើម្បី​ចង់​​ស្វែងរក​កន្លែងរស់ នៅ​អឺរ៉ុប​នោះ។ តាម​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ អាជ្ញា​អ៊ីតាលី និង​លីប៊ី បាន​រួមដៃ​គ្នា ដឹក​ជញ្ជូន ជនអន្តោប្រវេសន៍ ដែល​គេស្ទាក់​បាន​នៅ​សមុទ្រ លីប៊ី ឲ្យ​ ត្រលប់​ចូល​ទឹកដី​លីប៊ី។ ពោល​គឺ​គេ​មិនបាន​ខ្វល់​ថា ជនអន្តោប្រវេសន៍​ទាំងនោះ ត្រូវ​ប្រឈម​នឹង​ការធ្វើទុក្ខ​បុកម្នេញ ឬសន្តិសុខ នៅពេល​ពួកគេ​ត្រលប់​ចូល​ទឹកដី​លីប៊ី​នោះទេ។

រហូតមក អង្គការ​ផ្តល់​ជំនួយ​មនុស្សធម៌ មាន​សិទ្ធិ ធ្វើ​ប្រតិបត្តិការ តែ​នៅក្នុង​សមុទ្រ​អន្តរជាតិ នៅ​សមុទ្រ មេឌីទែរ៉ាណេ ក្នុង​នាម​ជាអ្នកផ្តល់​ជំនួយ ជួយ​ដឹកជញ្ជូន បន្ត ជនអន្តោប្រវេសន៍ មិន​ថា ជា​អ្នកនៅ​រួចរស់ ឬ​ជា​សាកសព ដែល​ឆ្មាំសមុទ្រ​អ៊ីតាលី ស្រង់​បាន នៅ​សមុទ្រ​អន្តរជាតិ ដើម្បី​យក​ទៅ​ដាក់ នៅ​ទឹកដី​អ៊ីតាលី។ ប៉ុន្តែ ចុងក្រោយ​នេះ តុលាការ​អ៊ីតាលី​បាន​សម្រេច​ហាមឃាត់​មិនឲ្យ​អង្គការ​អាល្លឺម៉ង់​មួយ ឈ្មោះ Jugend Rettet​ធ្វើ​សកម្មភាព​តទៅទៀត ក្នុង​បទ​ចោទប្រកាន់​ថា បាន​រំលោភ ក្រមប្រតិបត្តិ​របស់​អាជ្ញាធរ​អ៊ីតាលី ដោយ​បាន​ដើរតួ​ជា​អាជ្ញា​កណ្តាល ស៊ុំគ្រលំ​ជាមួយ​ក្រុមជួញដូរ​មនុស្ស ដើម្បី ដឹកជញ្ជូន ជនអន្តោប្រវេសន៍ ចូល​អឺរ៉ុប។ តាម​អាជ្ញាធរ​អ៊ីតាលី អង្គការ​អាល្លឺម៉ង់​ធ្លាប់បាន​ទាក់ទង​ឲ្យ​ក្រុមឈ្មួញ​ជួញដូរ​មនុស្ស ដឹក​មនុស្ស​មក​ទម្លាក់ នៅក្បែរ​កន្លែង​ដែល​កប៉ាល់​របស់​អង្គការ​ធ្វើ​អន្តរាគមន៍​ជួយសង្រ្គោះ។ ពាក្យ​ចោទប្រកាន់របស់​អាជ្ញាធរ​អ៊ីតាលី ធ្វើឡើង​ពឹងផ្អែក​ទៅលើ​ការលួចស្តាប់ សារ​ឆ្លើយឆ្លង ប៉ុន្តែ​គ្មាន​ឯកសារ​មាំទាំ​ណាមួយ មក​បញ្ជាក់​នោះទេ។

កប៉ាល់​របស់​ក្រុមស្តាំ​និយមជ្រុល​អឺរ៉ុប ឈ្មោះ​C Starធ្វើសកម្មភាព​ប្រឆាំង​នឹង​ក្រុមជនអន្តោប្រវេសន៍​នៅ​សមុទ្រមេឌីទែរ៉ាណេ
កប៉ាល់​របស់​ក្រុមស្តាំ​និយមជ្រុល​អឺរ៉ុប ឈ្មោះ​C Starធ្វើសកម្មភាព​ប្រឆាំង​នឹង​ក្រុមជនអន្តោប្រវេសន៍​នៅ​សមុទ្រមេឌីទែរ៉ាណេ ©REUTERS/Yannis Behrakis

អាជ្ញាធរ​អ៊ីតាលី រង់ចាំ​តែ​ចាប់​កំហុស អង្គការ​មនុស្សធម៌ ដែល​ជួយ​សង្រ្គោះ​ជន​អន្តោប្រវេសន៍។ ការណ៍​នេះ​បាន​ផ្តល់​ឱកាស​ដល់​ក្រុមស្តាំនិយមជ្រុល ដែល​មិនពេញ​ចិត្ត មិន​ស្វាគម ស្រាប់ទៅហើយ ជនបរទេស។ គេជឿថា កប៉ាល់​ប្រឆាំង ជនអន្តោប្រវេសន៍ ឈ្មោះ C-Starដែល​ជា​កម្មសិទ្ធិ របស់​ក្រុម​ស្តាំនិយមជ្រុល អឺរ៉ុប មក ពី អ៊ីតាលី អាល្លឺម៉ង់ បារាំង ជាអ្នក​លួចស្តាប់ ប្តឹង​រាយការណ៍ សកម្មភាព​របស់​ទូក​អង្គការ​ជួយ​ជនអន្តោប្រវេសន៍ ទៅ​អាជ្ញាធរ​អ៊ីតាលី។ ក្រៅពីនេះ ទូក​ប្រឆាំង​អន្តោប្រវេសន៍​បាន​ធ្វើ​សកម្មភាព​យ៉ាង​ចេញមុខ និង​ដោយ​សេរី ក្នុងការចាប់បញ្ជូន​ជនអន្តោប្រវេសន៍ ដែលពួកគេ​ស្ទាក់ចាប់​បាន​នៅ​សមុទ្រ មេឌីទែរ៉ាណេ ចូល​ទៅក្នុង​ទឹកដី​លីប៊ី​វិញ។ ទោះបី​ជា​សកម្មភាព​របស់​ទូក​ក្រុមស្តាំ​និយមជ្រុល​អឺរ៉ុប ខុសច្បាប់ ប៉ុន្តែ រហូតមក ក្រុមនេះ បាន​មាន​សេរីភាព និង​គ្មាន​រងការបន្ទោស ហាមឃាត់​ដោយ​អាជ្ញាធរ​អ៊ីតាលី នោះទេ រហូត​ធ្វើ​ឲ្យ​គេ​ជឿថា អ៊ីតាលី​ហាក់ បិទភ្នែក ខ្ចីដៃ​របស់​ក្រុមស្តាំនិយមជ្រុល​នៅ​អឺរ៉ុប ដើម្បី​ឲ្យ​ជួយ​ទប់ស្កាត់​ការហូរ​ចូល​ជនអន្តោប្រវេសន៍​មក​ក្នុង​ទឹកដី​អឺរ៉ុប​យ៉ាងដូច្នេះឯង។ គេ​អាច​និយាយ​បាន​ថា នៅពេល​ទឹកដល់​ច្រមុះ គេ​ប្រឹង​ស្រវា​តោង​រក​មធ្យោបាយ​គ្រប់យ៉ាង នោះបើទោះបី​ជា​មធ្យោបាយ​នោះ អមនុស្សធម៌​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ