អានតួអត្ថបទ
ហូឡង់-អេស្ប៉ាញ

ការគំរាមកំហែង​ភេរវកម្ម តម្រូវ​ឲ្យ​អាជ្ញាធរ​ហូឡង់ លុប​ចោល ការប្រគំតន្រ្តី នៅ រ៉ូទែរដាម

អាជ្ញាធរ​ហូឡង់ នៅថ្ងៃ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​ចាប់ខ្លួន​បុរស​ម្នាក់ នៅ​ក្បែរ​ព្រំដែន​ ប្រទេស​បែលហ្សិក ក្នុង​បទ​សង្ស័យ ជាប់ទាក់ទង​នឹង​ការគំរាមកំហែង​ភេរវកម្ម ដែល​បាន​ឈាន​ទៅដល់​ការលុប​ចោល ការប្រគំតន្រ្តី​របស់​ក្រុមអាមេរិកាំង នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ។ នៅ​យប់ថ្ងៃ​ពុធ អាជ្ញាធរ​ហូឡង់​បាន​ចាប់ឃាត់​ខ្លួន​ផងដែរ ជនជាតិ​អេស្ប៉ាញ​ម្នាក់ ដែល​មាន​បើកឡាន ដឹក​ដោយ​ធុងហ្គាស នៅ​ក្បែរ កន្លែង​ប្រគំតន្រ្តី នៅ​ទីក្រុង​រ៉ូទែរដាម។

ឡាន​ប៉ូលិស​ហូឡង់​ពង្រាយ​ជុំវិញ កន្លែង​ដែល​ក្រុម​អាមេរិកាំង ត្រូវ​ប្រគំតន្រ្តី​នៅទីក្រុង​រ៉ូទែរដាម នៅ​ថ្ងៃ​ពុធទី ២៣ សីហា ២០១៧
ឡាន​ប៉ូលិស​ហូឡង់​ពង្រាយ​ជុំវិញ កន្លែង​ដែល​ក្រុម​អាមេរិកាំង ត្រូវ​ប្រគំតន្រ្តី​នៅទីក្រុង​រ៉ូទែរដាម នៅ​ថ្ងៃ​ពុធទី ២៣ សីហា ២០១៧ Arie Kievit / ANP / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ អាជ្ញាធរ​ហូឡង់​បាន​សម្រេច​បញ្ជា​ឲ្យ​គេ​លុបចោល កម្មវិធី​ប្រគំ​តន្រ្តី​របស់​ក្រុម អាមេរិកាំង Allah-Las នៅ​ទីក្រុង​រ៉ូទែរដាម បន្ទាប់​ពី​ក្រុមចារកិច្ច​អេស្ប៉ាញ បាន​ជូនដំណឹង​ស្តីពី​ គំរាមកំហែង​ធ្វើ​ភេរវកម្ម ទៅលើ​រាត្រី​ប្រគំតន្រ្តី​នៅ​រ៉ូទែរដាម។ នៅ ជាង​​ពីរ​ម៉ោង​ក្រោយ​ការលុប​ចោល​ការប្រគំតន្រ្តី ប៉ូលិស​ហូឡង់ ស្ទាក់​ចាប់​បាន​រថយន្ត​មួយគ្រឿង ដែល​មាន​ដឹក​ដោយ​ធុងហ្គាស និង​បើក​ដោយ​ជនជាតិ​អេស្ប៉ាញ នៅ​ក្បែរ​សាល​ប្រគំតន្រ្តី។

នៅក្នុង​សន្និសីទ​កាសែត​នៅ​យប់​ថ្ងៃ​ពុធ ចៅហ្វាយក្រុង​រ៉ូទែរដាម នៅ​មិនទាន់​ហ៊ាន​បញ្ជាក់​ថា ឡាន​ដឹក​ធុងហ្គាស របស់ជនជាតិ​អេស្ប៉ាញ មាន​ជាប់​ទាក់ទង​នឹង​ការគំរាមកំហែង​វាយប្រហារ​ភេរវកម្ម​ទៅលើ​ការប្រគំតន្រ្តី។ នៅក្នុង​ក្របខ័ណ្ឌ ប្រកាស​អាសន្ន​ដោយសារ​ការគំរាមកំហែង​ភេរវកម្ម ប៉ូលិស​ហូឡង់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចាប់​សួរ​ចម្លើយ​ជនសង្ស័យ​ម្នាក់​ទៀត អាយុ ២២​ឆ្នាំ ដែល​រស់នៅ​ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​បែលហ្ស៊ិក។

ទីភ្នាក់ងារ​ព័ត៌មាន​អេស្ប៉ាញ Europa press ដែល​បាន​ដកស្រង់​ប្រភព​ពី​ក្រុមស៊ើបការណ៍​សម្ងាត់​អេស្ប៉ាញ បាន​សរសេរ​ថា ជនជាតិ​អេស្ប៉ាញ​ត្រូវ​បាន​ឃាត់ខ្លួន ដោយសារ​តែ​បើកបរ ក្នុងពេល​ស្រវឹង ពោល គឺ​គ្មាន​ជាប់ទាក់ទង​នឹង​ក្រុមភេរវនិយម​ឡើយ។ ប្រភព​អេស្ប៉ាញ​បាន​បញ្ជាក់​ដែរ​ថា ការគំរាមកំហែង​ធ្វើ​ភេរវកម្ម នៅ​ប្រទេស​ហូឡង់ គ្មាន​ជាប់ទាក់ទង​នឹង​សកម្មភាព​ធ្វើ​ភេរវកម្ម បើកឡាន បុក​សម្លាប់​មនុស្ស ១៥នាក់ នៅ​អេស្ប៉ាញ នៅ​សប្តាហ៍​មុន​ឡើយ។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP វិញ បាន​ដកស្រង់​អត្ថបទ​របស់​កាសែត អង់គ្លេស The Guardian ដែល​នៅក្នុង​នោះ ក្រុមតន្ត្រី​អាមេរិកាំង ដែល​ត្រូវ​ប្រគំ នៅ​ទីក្រុង​រ៉ូទែរដាម នៅ​យប់ ថ្ងៃ​ពុធ​ម្សិលមិញ ធ្លាប់​បាន​និយាយ​ថា ពួកគេ​ឧស្សាហ៍​ទទួល​បាន​សំបុត្រ​គំរាមកំហែង ដោយសារ​តែ​ឈ្មោះរបស់​ក្រុម គឺ Allah-Las។ សម្រាប់ អ្នកកាន់​សាសនា​អ៊ីស្លាម​មួយចំនួន ដោយ​ដាក់​ឈ្មោះAllah-Las ក្រុម ក្រុមតន្រ្តី​អាមេរិកាំង​បាន​មើលងាយ​សាសនា​អ៊ីស្លាម។

ខុសពី​ប្រទេស​ជិតខាង​អឺរ៉ុប​ផ្សេងទៀត ប្រទេស​ហូឡង់ រស់នៅ​សុខស្រួល គ្មាន​រង​ការវាយប្រហារ​ភេរវកម្ម។ ទោះ​ជា​យ៉ាងនេះ​ក្តី រដ្ឋាភិបាល​ហូឡង់​នៅតែ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន តាំង​ពី​ឆ្នាំ ២០១៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ