អានតួអត្ថបទ
បារាំង

ចំនួន​មនុស្ស​រងគ្រោះ​ដោយសារ​គ្រាប់បែក​រំសេវ កើនទ្វេដង នៅ​ឆ្នាំ ២០១៦

គ្រាប់មិនទាន់ផ្ទុះ ឬ​គ្រាប់បែក​រំសេវ ដែល​ជាអាវុធ​ហាមឃាត់​ដោយ​អនុសញ្ញា​អន្តរជាតិ នៅ​តែ​បន្ត​សម្លាប់​មនុស្ស។ តាមជំរឿន​របស់​អង្គការ​ជនពិការ​អន្តរជាតិ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស​ដោយសារ​គ្រាប់បែក​រំសេវ បាន​កើនឡើង​ពីរដង នៅ​ឆ្នាំ ២០១៦។ អង្គការ​ជនពិការ​អន្តរជាតិ​បាន​ចេញ​របាយការណ៍ ប្រកាស​អាសន្ន នៅ​តែ​ប៉ុន្មាន​ថ្ងៃ​មុន សន្និសីទ​ស្តីពី​អនុសញ្ញា​ក្រុង​អូស្លូ ដែល​ត្រូវ​រៀបចំ​ធ្វើ ពី​ថ្ងៃ ទី ៤​ដល់​ថ្ងៃ​ទី ៦​កញ្ញា​ខាងមុខ។

ទាហាន​លីបង់​ឈរ​ជិត​គ្រាប់ផ្ទុះ​នៅថ្ងៃ​ទី ៧​កក្កដា ២០១៧
ទាហាន​លីបង់​ឈរ​ជិត​គ្រាប់ផ្ទុះ​នៅថ្ងៃ​ទី ៧​កក្កដា ២០១៧ ©REUTERS/ Hassan Abdallah
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ ២០១៦ គ្រាប់បែក​រំសេវ បាន​សម្លាប់ និង​ធ្វើ​ឲ្យ​មនុស្ស​របួស ៩៧១​នាក់ គឺ​កើនឡើង​ពីរដង បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៥ ដែល​មាន​តែ​៤១៩​នាក់។ តាម​របាយការណ៍​​របស់​ក្រុមអង្គការ​តាមដាន​មើល​គ្រាប់ផ្ទុះ ៩៨ភាគរយ​នៃ​ជនរងគ្រោះ​ដោយសារ​គ្រាប់បែក​រំសេវ ជា​ប្រជាជន​ស៊ីវិល។ ក្នុងនោះ ៨៩ភាគរយ​ជាប្រជាជន​នៅ​ប្រទេស​ស៊ីរី។

អង្គការ​ជនពិការ​អន្តរជាតិ ដែលចូលរួម​ចំណែក​នៅក្នុង​ការចងក្រង​របាយការណ៍​ចុងក្រោយ​ស្តីពី​គ្រោះថ្នាក់​នៃ​គ្រាប់បែក​មិនទាន់​ផ្ទុះ​បាន​បរិហារ​ពី​និន្នាការ​កើនឡើង​នៃ​ការប្រើប្រាស់​គ្រាប់បែក​រំសេវ ដែល​គេ​ចាត់ទុក​ជា​អាវុធ​សម្លាប់​រង្គាល​ប្រជាជន​ស៊ីវិល​ស្លូតត្រង់។

អនុសញ្ញា ក្រុង​អូស្លូ ដែល​ចូល​ជា​ធរមាន តាំង​ពី​ឆ្នាំ ២០១០ បាន​ហាម​ឃាត់​មិន​ឲ្យ​គេ​ប្រើ​គ្រាប់បែក​រំសេវ ដែល​សម្លាប់​ប្រជាជន​ស៊ីវិល​ច្រើន​ជាង ភាគី​ទាហាន​ប្រយុទ្ធគ្នា។ ទៅតាម​និយមន័យ គ្រាប់បែក​រំសេវ ជាគ្រាប់ ដែល​មាន​បង្កប់​ដោយ​គ្រាប់បែក​តូចៗ​ជាច្រើន​នៅកខាងក្នុង។ នៅពេល​បាញ់​ទៅ​ដល់​កន្លែងណាមួយ គ្រាប់បែក​តូចៗ ដែល​នៅក្នុង​គ្រាប់រំសេវ​មិនទាន់​ផ្ទុះ​ភ្លាមទេ។ វា​អាច​នៅ​រ៉ាយប៉ាយ ហើយ​នឹង​ប្រែខ្លួន​ទៅ​ជា​គ្រាប់មីន ក្រោមដី ដែល​អាច​សម្លាប់ ឬ​ធ្វើ​ឲ្យ​មនុស្ស​របួស ពិការ​ជើង​អស់​មួយ​ជីវិត។

វា​មិនមែន​ចៃដន្យ​ទេ ដែល​អង្គការ​តាមដាន​គ្រាប់បែក ចេញរបាយការណ៍​ទាញ​សញ្ញា​អាសន្ន​ស្តីពី​ការកើនឡើង​នៃ​ចំនួន​មនុស្ស​រងគ្រោះ​ដោយ​គ្រាប់បែក​រំសេវ។ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត សន្និសីទ​ស្តីពី​អនុសញ្ញា​ក្រុង​អូស្លូ ដែល​ហាមឃាត់​មិន​ឲ្យ​ប្រើ​គ្រាប់បែក​រំសេវ​ប្រឆាំង​មនុស្ស នឹង​បើក​ធ្វើ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ នៅក្នុង​ឱកាស​នេះ ក្រុមអង្គការ​ប្រឆាំង​នឹង​ការប្រើប្រាស់​គ្រឿងផ្ទុះ ចង់​ឲ្យ​គេ​ដាក់​សម្ពាធ​ទៅលើ​ក្រុមប្រទេស​ដែល​នៅ​មិនទាន់​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា ក្រុង​អូស្លូ ប៉ុន្តែ ដែល​នៅ​បន្ត​ប្រើប្រាស់ ឬ ផលិត គ្រាប់បែក​រំសេវ។

ជាក់ស្តែង ទៅតាម​របាយការណ៍​របស់​អង្គការ​តាមដាន​គ្រាប់ផ្ទុះ រដ្ឋាភិបាល​ស៊ីរី និង​កងទ័ព​រុស្ស៊ី ជាអ្នកប្រើប្រាស់​គ្រាប់បែក​រំសេវ​ច្រើន​ជាងគេ​នៅ​ស៊ីរី។ ចំណែក​នៅ​យេម៉ែន អារ៉ាប៊ី សាអូឌីត ជា​អ្នកបាញ់​បាចសាច​គ្រាប់បែកប្រភេទនេះ សម្លាប់​ប្រជាជន​ស៊ីវិល។ ស៊ីរី រុស្ស៊ី អារ៉ាប៊ី សាអូឌីត ដូច​ចិន និង​អាមេរិក សុទ្ធតែ​មិនមែន​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ក្រុង​អូស្លូ។ តាម​អង្គការ​តាមដាន​គ្រាប់ផ្ទុះ នៅ​មានប្រទេស​ចំនួន ១៦ ដែល​គេ​សង្ស័យ​ថា នៅ​បន្ត​ផលិត​គ្រាប់បែក​រំសេវ ដូចជា ចិន រុស្ស៊ី ប្រេស៊ីល កូរ៉េខាងជើង កូរ៉េខាងត្បូង អេហ្ស៊ីប អាមេរិក ក្រិក ឥណ្ឌា អ៊ីរ៉ង់ អ៊ីស្រាអែល ប៉ាគីស្ថាន ប៉ូឡូញ រ៉ូម៉ានី តួកគី និង​សិង្ហបុរី​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ