អានតួអត្ថបទ
អ.ស.ប.-យេម៉ែន

អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​អន្តរជាតិ​លើ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​យេម៉ែន

នៅ​ថ្ងៃ​អង្គារ ទី៥ កញ្ញា​នេះ លោក​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ Zeid Ra’ad Al Husseine បាន​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ថ្នាក់អន្តរជាតិ​មួយ​ស្តីពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​យេម៉ែន។ លោក Hussein បាន​យល់​ឃើញ​ថា គណៈកម្មការជាតិ​ដែល​កំពុង​ធ្វើ​ការងារ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​សព្វថ្ងៃ​ជា​ស្ថាប័ន​មួយ​មិន​ឯករាជ្យ និង​មាន​ការ​លំអៀង។ សូម​ជម្រាប​ជូន​ថា យេម៉ែន​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៤ ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ៦ ០០០នាក់ និង​របួស​ជា​ច្រើន​ពាន់​នាក់​ផ្សេង​ទៀត។

លោក Zeid Ra'ad Al Hussein ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ
លោក Zeid Ra'ad Al Hussein ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​របស់​លោក​ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ Zeid Ra’ad Al Husseine យ៉ាង​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អង្គារ ទី៥ កញ្ញា​នេះ។ លោក Al Husseine បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា លោក​ធ្លាប់​បាន​អំពាវនាវ​ជា​ច្រើន​ដង​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​ស្តីពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បំពាន​ច្បាប់​មនុស្សធម៌​នៅ​ក្នុង​ប្រទេស​យេម៉ែន។

តាម​លោក Al Husseine ការ​ដែល​លោក​បាន​ស្នើ​ឲ្យ​មាន​យន្តការ​ស៊ើបអង្កេត​អន្តរជាតិ​ក៏​ដោយសារ​តែ​លោក​គ្មាន​ជំនឿ​ទុកចិត្ត​លើ​គណៈកម្មការជាតិ​ដែល​គ្មាន​យុត្តិធម៌ និង​មាន​ការ​លំអៀង។ លោក Al Hussein បាន​យល់​ឃើញ​ថា ការ​ស៊ើបអង្កេត​អន្តរជាតិ​អាច​នឹង​ចូលរួម​ដាស់តឿន ក្រើន​រម្លឹក​ដល់​គ្រប់​ភាគីជម្លោះ​ស្តីពី​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ព្រម​ទាំង​ចាប់​បញ្ជូន​ជនដៃ​ដល់​ទៅ​កាត់​ទោស​នៅ​តុលាការ។

សូម​ជម្រាប​ជូន​ថា យេម៉ែន​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ហែកហួរ​គ្នា​រវាង​កម្លាំង​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដោយ​មាន​ការ​​គាំទ្រ​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ក្រុមអ្នកគាំទ្រ​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​សាឡេ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ ២០១៤។ សង្រ្គាមស៊ីវិល​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ជនស៊ីវិល​យ៉ាង​តិច ៥ ១៤៤នាក់ ក្នុង​នោះ​មាន​កូនក្មេង ១ ១៨៤នាក់ និង​របួស ៨ ៧៤៩នាក់ ក្នុង​នោះ​មាន​កូនក្មេង ១ ៥៩២នាក់ នេះ​ជា​តួលេខ​ស្រង់​ដោយ​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ពី​ខែ​មីនា ឆ្នាំ ២០១៥ ដល់​ថ្ងៃទី៣០ សីហា។

តាម​របាយការណ៍​របស់​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ការ​វាយប្រហារ​ផ្លូវអាកាស​ពី​កម្លាំងសម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​កូនក្មេង និង​ជនស៊ីវិល។ ទន្ទឹម​គ្នា​នេះ របាយការណ៍​ដដែល​ក៏​បាន​ទាញ​សញ្ញាអាសន្ន​ពី​ចាប់​បង្ខំ​កូនក្មេង​ឲ្យ​កាន់​អាវុធ។ ក្រុមអ្នកសង្កេតការណ៍​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​សម្គាល់​ឃើញ​ថា មាន​ក្មេង​អាយុ​ក្រោម ១០ឆ្នាំ​ជា​ច្រើន​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ពាក់​ឯកសណ្ធាន​យោធា ស្ពាយ​អាវុធ និង​ប្រើ​ឲ្យ​យាមកាម​នៅ​តាម​ប៉ូស្តិ៍ត្រួតពិនិត្យ។

យ៉ាង​ណា​ក៏​ដោយ សំណើ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​នឹង​ដាក់​បញ្ចូល​ជា​ថ្មី​នៅ​ក្នុង​របៀបវារៈ​នៃ​សម័យ​ប្រជុំ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១១ កញ្ញា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ