អានតួអត្ថបទ

បាតុកម្មដំបូង​​ប្រឆាំង​នឹង​កំណែទម្រង់ការងារ​​របស់​ប្រធានាធិបតី​ថ្មី

តើ​លោកប្រធានាធិបតី ​អេម៉ានុយអែល ម៉ាក្រុង អាច​ធន់​បាន​ប៉ុណ្ណា ? ទើប​តែ​ចាប់​ផ្តើម​អាណត្តិ​ជា​អ្នក​ដឹកនាំប្រទេស​បាន​មិន​ដល់​បួន​ខែ​ផង បាតុកម្ម​​មួយ​នឹង​ត្រូវ​​រៀប​ចំ​ឡើង​ នៅ​ថ្ងៃ​អង្គារ​ទី ១២ កញ្ញា​នេះ ដើម្បី​សម្តែង​ការ​ប្រឆាំង​នឹង​គម្រោង​កំណែទម្រង់​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល។ ក្រោម​ការ​អំពាវនាវ​របស់​សហជីព បាតុករ​ជា​ច្រើន​គ្រោង​នឹង​នាំ​គ្នា​ចុះ​ថ្នល់ នៅ​តាម​ក្រុង​ធំៗ​ដូច​ជា ប៉ារីស ម៉ាកសី លីយ៉ុង ទូលូ ។ល។ និង​។ល។

បាតុកម្ម​របស់​ក្រុម​សហជីព​CGT ប្រឆាំង​ច្បាប់ការងារ​ឆ្នាំ​២០១៦
បាតុកម្ម​របស់​ក្រុម​សហជីព​CGT ប្រឆាំង​ច្បាប់ការងារ​ឆ្នាំ​២០១៦ REUTERS/Jacky Naegelen
ផ្សាយពាណិជ្ជកម្ម

សហជីព​ការងារ CGT បាន​រាប់​ឃើញ​ថា​នឹងមាន​បាតុកម្ម​ចំនួន​ប្រមាណ​ជិត​២០០ នឹង​ត្រូវ​រៀប​ចំ​ធ្វើ​នៅ​ទូទាំង​ប្រទេស​បារាំង និង​កា​រអំពាវនាវ​​ដល់​ទៅ​ជាង​៤ពាន់ ដោយ​មាន​ឃើញ​ បុគ្គលិក​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ ថាមពល​ និង​សុខភាព បាន​ដាក់​ពាក្យ​ជូន​ដំណឹង​សុំ​​ធ្វើ​បាតុកម្ម​រួច​រាល់​ហើយ។ សហជីព​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា​សហជីព​សាមគ្គី Solidaire FSU​ សហជីព​និស្សិត និង​សហជីព​កម្មករ​ Force ouvrière មួយ​ភាគ​ក៏​នឹង​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អង្គារ​នេះ​ដែរ។

កម្មវត្ថុ​នៃ​បាតុកម្ម​នៅ​ថ្ងៃអង្គារ​ទី​១២​កញ្ញា​២០១៧​នេះ ធ្វើ​ឡើង​​ដើម្បី​បរិហារ​គម្រោង​​កំណែទម្រង់ច្បាប់​ការងារ​ដែរ ដែល​បើ​តាម​ពួក​គេ​រដ្ឋាភិបាល​ថ្មី​​បាន​ទម្លាក់​សិទ្ធិ​​ការងារ​ពី​បុគ្គលិក​កម្មករ​ដើម្បី​យក​ចិត្ត​ក្រុម​ថៅកែ។ សហជីព​ដដែល​នេះ គ្រោង​នឹង​អំពាវនាវ​ធ្វើ​បាតុកម្ម​ទីពីរ​នៅ​ថ្ងៃ​ទី ២១​កញ្ញា​ទៀត​។

បើ​តាម​ការ​សន្និដ្ឋាន បាតុកម្ម​​ដំបូង​ក្នុង​អាណត្តិ​របស់​លោក​ម៉ាក្រុង​ជា​ប្រធានាធិបតី មានសន្ធឹក​ខ្លាំង​ ប្រហាក់​ប្រហែល​នឹង​កម្លាំង​បាតុកម្ម​ប្រឆាំង​ច្បាប់​ការងារ​ឆ្នាំ​២០១៦ សម័យ​ដឹកនាំ​ដោយ​លោក ហ្វ្រង់ស័រ​ ហូឡង់ ដែល​កាលណោះ​​មាន​ពលរដ្ឋ​បារាំង​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់​នាំ​គ្នា​ចុះ​ថ្នល់ (តួលេខ​ផ្តល់​ដោយ​ក្រសួង​មហាផ្ទៃ)។ នេះ​បើ​តាម​ការ​រំពឹង​របស់​សហជីពCGT។ តែ​ជា​សំណាង​អាក្រក់​​ក្រុម​សហជីព​នេះ​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​ក្រុម​សហជីព​បារាំង​ធំៗ​ផ្សេង​ទៀត ព្រមទាំង​ពី​សំណាក់​បក្ស​ប្រឆាំង។ បក្ស​Insoumises​របស់​លោក​មេឡង់ស្ហុង គ្រោង​នឹង​រៀប​ចំ​បាតុកម្ម​ដែរ​តែ​នៅ​ថ្ងៃ​ទី ២៣​កញ្ញា ប្រឆាំង​នឹងអ្វី​ដែល​លោក​ហៅ​ថា រដ្ឋប្រហារ​សង្គម​របស់​ម៉ាក្រុង។

ប៉ុន្តែ​​​លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង ដែល​បើ​ទោះ​បី​ជា​ប្រជាប្រិយភាពបាន​ធ្លាក់​ចុះ​ខ្លាំង​​បំផុត នៅ​តែ​អះអាង​យ៉ាង​ដាច់​ខាត​ថា ប្រទេស​បារាំង​ត្រូវ​ការ​ធ្វើ​កំណែទម្រង់​ ដូច្នេះ​លោក​មិនដក​​ថយ​ដាច់​ខាត នៅ​ចំពោះ​មុខ​ក្រុម​មនុស្ស​កំជិល ​ជ្រុល​និយម​។ ប្រសាសន៍​ប្រធានាធិបតី​ដែល​ហាក់​ដូច​ជា​ដាក់​ដុត​ឱ្យ​ក្រុម​បាតុករ​កាន់​មាន​កំហឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ