អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន​

ម៉ូស្គូ​យល់ព្រម​ឲ្យមាន​បេសកកម្ម​ទ័ពមួកខៀវ​​អ.ស.ប.​នៅ​តំបន់​បះបោរ​ខាងកើត​អ៊ុយក្រែន​

លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន​ នារសៀល​ម្សិលមិញ បានថ្លែងយល់ព្រម​ឲ្យ​ដាក់ កងកម្លាំង​​​អ.ស.ប. សម្រាប់​ការពារ​ពួកអ្នក​សង្កេតការណ៍​រ​បស់​អង្គការដើម្បីសន្តិសុខ​ និង សហ​ប្រតិបត្តិការ​នៅអឺរ៉ុប OSCE​ ប្រចាំការ​ គឺ នៅពេញលើ​តំបន់​បះបោរ​ខាងកើត​អ៊ុយក្រែន មិនមែនគ្រាន់តែ​នៅតាម​​ខ្សែដែលខ័ណ្ឌ​ទីតាំងកងទ័ព​អ៊ុយក្រែន ពី​ ទីតាំង​ពួកឧទ្ទាម​ផ្តាច់​ទឹកដី​ដែលរុស្ស៊ី​និយម​​ប៉ុណ្ណោះទេ។​

ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន
ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន REUTERS/Dmitri Lovetsky/Pool
ផ្សាយពាណិជ្ជកម្ម

ស្របនឹង​សេចក្តី​ជូនដំណឹង​របស់​វិមាន​ក្រេមឡាំង​ ពេលសន្ទនា​តាមទូរសព្ទ ជាមួយ​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ អង់ហ្គេឡា មែរគែល​ នារសៀល​ថ្ងៃចន្ទ ១១ កញ្ញា​ លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បាន​ថ្លែងថា៖ “ការពង្រាយទ័ព​មួកខៀវ​​​អ.ស.ប. អាច​ប្រព្រឹត្តទៅ មិនគ្រាន់តែ​នៅតាម​បណ្តោយ​ខ្សែខ័ណ្ឌនោះទេ​ ក្រោយពីមាន​ការដកចេញ​ទៅពីខ្សែនោះ នៃ​កងកម្លាំង​និងសម្ភារៈ​យោធា​របស់​ភាគីបដិបក្ខ​ទាំងពីរ​ តែ​ក៏​នៅតាម​កន្លែងផ្សេងៗ​ទៀត ជាទី​ដែល​ពួកអ្នកសង្កេតការណ៍​ របស់​អង្គការ​ដើម្បី សន្តិសុខ​និង​សហប្រតិបត្តិការ​នៅអឺរ៉ុប OSCE​ ធ្វើអធិការកិច្ច ​តាមដាន​ ដំណើរ​គោរព​តាម​បទឈប់បាញ់។

គឺក្នុង​សប្តាហ៏មុន​ ដែលប្រមុខ​រដ្ឋរុស្ស៊ី ជាលើកដំបូង​ បាន​សុខចិត្តឲ្យ​ភ្លើងខៀវ​ដល់​ ការពង្រាយទ័ព​មួកខៀវ​​​អ.ស.ប. ​សម្រាប់ធានា​សុវត្ថិភាព​ពួកអ្នក​សង្កេតការណ៍ OSCE ​នៅ​តំបន់​ខាងកើត​អ៊ុយក្រែន ជាក្តី​ប្រាថ្នា​ចង់បានយូរមកហើយ​របស់​ក្រុងគៀវ។ ​កាលណោះ​ លោកពូទីន​បានប្រកាន់ជំហរ​ដែលថា​ កងរក្សា​សន្តិភាព​ ត្រូវ​ប្រចាំការ​តែនៅ​តាម​បណ្តោយខ្សែ ដែលខ័ណ្ឌ​តំបន់ក្រោមការត្រួតត្រា​​របស់​កងទ័ពអ៊ុយក្រែន​ និង ​តំបន់​ក្រោម​ការត្រួតត្រា​នៃ​ពួកឧទ្ទាម។ ប៉ុន្តែ​ក្រុងគៀវ​ចង់ឲ្យ​កងកម្លាំងនោះ​ វត្តមាន​នៅ​ ពេញ​លើតំបន់​បះបោរ​ខាងកើត​អ៊ុយក្រែន​ បូកទាំង​នៅតាម​ខ្សែ​ព្រំដែនរុស្ស៊ី-អ៊ុយក្រែន ​តែម្តង​ ហើយ​ក្នុង​អង្គភាព​ទ័ពនេះ មិន​ត្រូវមាន​ទាហាន​រុស្ស៊ី​ណាម្នាក់​ឡើយ។

ការយល់ព្រម​របស់​មេដឹកនាំ​រុស្ស៊ី ត្រូវបាន​បញ្ជាក់​ដោយ​សេចក្តីជូនដំណឹង ​របស់​ខុទ្ទកាល័យ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ដែលថា៖ ពេលសន្ទនា​ជាមួយ​លោកពូទីន ​លោកស្រី​មែរគែល​បាននិយាយ​ប៉ះលើ​សាច់រឿងនោះ “ទាំងចង្អុល​ឲ្យឃើញថា​ ការ​បន្ថែម​អាណត្តិ​ទ័ពមួកខៀវនោះ​ គឺជា​ករណី​ចាំបាច់។ ពេលនោះ​ លោកពូទីន​ បាន​ប្រតិកម្ម​ក្នុង​ន័យវិជ្ជមាន ហើយ​ក៏យល់ព្រម​ឲ្យ​ទ័ពមួកខៀវ​ ក្នុងបេសកកម្ម​ខ្លួន អាច​ចល័ត​ ចេញពី​ខ្សែខ័ណ្ឌ​នោះ​ ទៅកាន់​កន្លែង​ឯទៀត​នៃតំបន់​ជាប់ជម្លោះ​នោះ។​

បច្ចុប្ប​ន្ន មានអ្នក​សង្កេតការណ៍ OSCE ប្រមាណ ៦០០ នាក់ ​បំពេញ​បេសកកម្មខ្លួន​ខាង​តាមដាន​ដំណើរ គោរព​តាមកិច្ចព្រមព្រៀង​សន្តិភាព​ចុះនៅ​ក្រុងមិនស្ក៏​កាលពី​ឆ្នាំ២០១៥។​ ក្នុងខែមេសា​ឆ្នាំនេះ សហការីម្នាក់​របស់ OSCE ជាជាតិ​អាមេរិកាំង​ បាន​ធ្លាក់ខ្លួន​ស្លាប់​បណ្តាលមកពី​ការផ្ទុះមីន​ ក្នុង​ប្រតិបត្តិការ​ល្បាត៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ