ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT

អេស្ប៉ាញ ៖ ប្រវត្តិ​តំបន់​កាតាឡូញ៉ា​និង​ការចង់​ទាមទារ​ឯករាជ្យ

អេស្ប៉ាញ ៖ ប្រវត្តិ​តំបន់​កាតាឡូញ៉ា​និង​ការចង់​ទាមទារ​ឯករាជ្យ
 
ថ្ងៃទី​១១​កញ្ញា ថ្ងៃបុណ្យ​កាតាឡូញ៉ា ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​នាំ​គ្នា​ធ្វើ​បាតុកម្ម REUTERS/Albert Gea

ប្រទេស​អេស្ប៉ាញ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​​ខ្លាំង​ស្ទើរ​ដល់​កំរិត​កំពូល នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ដោយ​ហេតុ​តែ​សន្ទុះ​នៃ​ចលនា​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ាCataluna (Catalogneជាភាសាបារាំង)។ នៅ​ថ្ងៃ​ចន្ទ​ទី ១១​កញ្ញា ជា​ថ្ងៃ​បុណ្យ​ជាតិ​របស់តំបន់​ មេ​ចលនា​ផ្តាច់​ទឹក​ដី​កាតាឡូញ៉ាបាន​ប្រែក្លាយ​​​ថ្ងៃ​បុណ្យ ទៅ​ជា​ថ្ងៃ​បង្ហាញ​សាច់​ដុំ​ដាក់​រដ្ឋាភិបាល ! ​បាតុកម្ម​ដ៏​ធំ​សម្បើម​មួយ​ មិន​ធ្លាប់​មាន បាន​រៀប​ចំ​ឡើង នៅទីក្រុង​បាសឺឡោណា ពី​សំណាក់​ក្រុម​អ្នក​​ទាមទារ​ឯករាជ្យឱ្យ​តំបន់។ តើ​តំបន់​កាតាឡូញ៉ារបស់​អេស្ប៉ាញ​ មាន​ប្រវត្តិ​យ៉ាងណា ? ហេតុ​អ្វី​តំបន់​នេះ​​ទាមទារ​ចង់​បាន​ឯករាជ្យ​ កាន់តែ​ខ្លាំង​ឡើងៗ​យ៉ាង​ដូច្នេះ ?

តំបន់កាតាឡូញ៉ា ​កំពុងស្ថិត​លើ​ដង​វិថី​​​ឆ្ពោះ​ទៅ​រក​ឯករាជ្យ​! ​ក្រុម​អ្នកទាមទារ​ឯករាជ្យ​ កាន់​តែ​មាន​កម្លាំង និង​បាន​បបួល​ពលរដ្ឋ​ចុះ​ថ្នល់​យ៉ាង​សន្ធឹកសន្ធាប់ និង​ជា​អតិបរិមាបំផុត​ នៅ​ថ្ងៃ​បុណ្យ​ជាតិ​ប្រចាំ​តំបន់ ព្រោះ​សភា​តំបន់​ទើប​បាន​អនុម័ត​​កាលពី​ថ្ងៃ​ពុធ​មុន ​ច្បាប់​អនុញ្ញាត​ឱ្យតំបន់​​រៀប​ចំ​ប្រជាមតិ​នៅ​ ថ្ងៃ​ទី ១ តុលា​ ២០១៧​នេះ ជាមួយ​នឹង​សំណួរ​ដ៏​សាមញ្ញ​មួយ​ថា តើ​អ្នក​ចង់​ឱ្យ​តំបន់​កាតាឡូញ៉ា ក្លាយ​ជា​រដ្ឋ​ឯករាជ្យ ក្រោម​ទម្រង់​ជា​របប​សាធារណរដ្ឋ​ទេ ? ​ចម្លើយ​ ស្រប​ និង​ ប្រឆាំង ហាក់​ដូច​ជា​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង​ណាស់ ! នេះ​បើ​តាមការ​ស្ទង់​មតិ​កាលពី​ពីរ​ខែ​មុន។ ប្រសិន​បើ​ប្រជាមតិ​ពិត​អាច​រៀប​ចំឡើង​បាន​មែន​ នោះ​វា​ពិត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​ធំ​មួយ​ សម្រាប់​អនាគត​ប្រទេស​អេស្ប៉ាញ​ហើយ។

កាតាឡូញ៉ា ជា​តំបន់​​មួយ​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ មាន​ផ្ទៃ​ក្រឡា ប្រមាណ​៣១៩៥០​គ.ម.ការ៉េ (​៦%​នៃ​ផ្ទៃដី​សរុបនិងតូច​ជាង​ប្រទេស​កម្ពុជា​៥ដង) និង​មាន​ប្រជាជន​រស់​នៅ​សរុប ជាង​ ៧លាន​៥​សែន​នាក់ ពោល​គឺ​តំណាង​ឱ្យ​១៦%​នៃពលរដ្ឋ​អេស្ប៉ាញទូទៅ ​ជា​តំណាង​សហគមន៍​ធំ​ទីពីរ​របស់​ប្រទេស​ និង​ជា​តំណាង​តំបន់​រដ្ឋបាល​ធំ​លំដាប់​ទី​១០​របស់​សហភាព​អឺរ៉ុប បើ​គិត​ពី​ចំនួន​ចំនួន​អ្នក​រស់​នៅ។

មាន​ភាសា​របស់​ខ្លួន កាតាឡូញ៉ា ​ជា​តំបន់​​ប្រវត្តិសាស្ត្រ​របស់​អេស្ប៉ាញ តែ​មាន​ស្វ័យភាព​តាំងពីឆ្នាំ​១៩៣២​មក។ លក្ខន្តិកៈស្វ័យភាព​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០០៦ ដោយ​សភា​អេស្ប៉ាញ​បាន​ព្រមព្រៀង​ពង្រីក​វិសាលភាព​សមត្ថកិច្ច​របស់​តំបន់ និង​ចាត់​ទុក​ជា​ជាតិ​មួយ​នៅ​ក្នុង​រដ្ឋ​អេស្ប៉ាញ។ ប៉ុន្តែ​នៅ​ឆ្នាំ ២០១០ តុលាការ​ធម្មនុញ្ញ​ លុប​ចោល​លក្ខន្តិកៈ​ស្វ័យភាព​ថ្មី​របស់​កាតាឡូញ៉ា​មួយ​ភាគ​​ទៅវិញ តាម​សំណើ​របស់​ប្រធាន​បក្ស​កាន់​អំណាច​លោក ម៉ារីយ៉ាណូ រ៉ាហយ Mariano Rajoy នៃ​បក្ស​ស្តាំ​និយម។ សេចក្តី​សម្រេច​ដ៏​ស្ថាប័ន​កំពូល​រដ្ឋ​នេះ ហាក់​ដូច​ជា​ចុច​ដាស់​ស្មារតី​អ្នក​កាតាឡួញ៉ា​ឱ្យ​ភ្ញាក់​ចង់​ទាមទារ​ឯករាជ្យ​ ចាប់​តាំង​ពី​ពេល​នោះ​មក។ ហើយ​គ្រាន់​តែ​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​តំបន់​ ខែ​កញ្ញា​២០១៥​ភ្លាម បក្ស​ក្រុម​អ្នក​ផ្តាច់​ទឹក​និយម​បាន​ប្រកាសស​ន្យាដឹកនាំ​តំបន់​ស្វ័យត​កាតាឡូញ៉ា​​ទៅ​រក​ឯករាជ្យ​។

កាតាឡូញ៉ា មិនមែន​ជា​តំបន់​មាន​បាន​ខ្លាំង​ឡើយ តំបន់​នេះ​ធ្លាប់​ជាប់​បំណុល​ខ្លាំង​ជាង​គេ​ផង​នៅ​អេស្ប៉ាញ ប៉ុន្តែ​កាតាឡូញ៉ា​ មាន​សេដ្ឋកិច្ច​ខ្លាំង តំណាង២០%​នៃ​ផលិតផល​សរុប​របស់​ប្រទេស​អេស្ប៉ាញ​ទាំង​មូល។ វិស័យ​ទេសចរណ៍​ នាំ​ចំណូល​ឱ្យ​​បាសឺឡូណា ចំនួន​១៤% និង​បង្កើត​ការងារ​ផ្ទាល់​បាន​៦៥០០០ការងារ។ សេដ្ឋកិច្ច​ខ្លាំង​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ចង់​ផ្តាច់​ទឹក​ដី​កាតាឡូញ៉ា​មាន​ទំនុក​ចិត្ត ក្នុង​ការ​ទាមទារ​ឯករាជ្យ និង​បាន​លើក​គម្រោង​ហិរញ្ញវត្ថុ​ និង​សមត្ថភាព​​ពន្ធដា​រ​​សម្រាប់​ទ្រង់ទ្រង់​ប្រទេស​ក្នុង​ករណី​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​បាន​មែន។

ដូច្នេះ​បើ​កាតាឡូញ៉ា​ផ្តាច់​ខ្លួន ផលវិបាក​សេដ្ឋកិច្ច​ពិត​ជា​ធំធេង ហេតុដូច្នេះ​ហើយ​បាន​ជា​​​​រដ្ឋាភិបាលម៉ាឌ្រីដ ដែល​ជាអ្នក​ក្តាប់​​អំណាច​កណ្តាល​ដឹកនាំ​ប្រទេស បាន​និ​ងកំពុង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បីសម្រេច​កម្មវត្ថុ​តែមួយ​គត់​របស់​ខ្លួន​ គឺ​​ហាមឃាត់មិន​ឱ្យមាន​​ប្រជាមតិ​ ក្នុង​ន័យ​នេះ​ឡើយ។ សម្រាប់​​រដ្ឋាភិបាលដែល​បានកោះ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ក្នុង​ក្របខ័ណ្ឌ​វិសាមញ្ញ យ៉ាង​បន្ទាន់នោះ​ ​​ប្រជាមតិ​នៅ​​កាតាឡូញ៉ា ​ជា​ទង្វើ​មិន​ស្រប​ច្បាប់។ រដ្ឋាភិបាល​បាន​ដាក់​ពាក្យ​បណ្ដឹង យ៉ាង​ហោច​ណាស់​ក៏​បួន​ដែរ ទៅ​​តុលាការ​ធម្មនុញ្ញ​។ តុលាការធម្មនុញ្ញ​នេះ​ ប្រាកដ​ជា​នឹង​ធ្វើ​ចេញ​បម្រាម​​តាម​សំណើរ​ដ្ឋាភិបាល​ជាក់​ជា​មិន​ខាន ព្រោះ​តុលាការ​ធ្លាប់​បាន​បង្ហាញ​ជំហរ​បដិសេធ​រួច​ម្តង​ហើយ នៅ​ពេល​ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​កាតាឡូញ៉ា មក​ពិគ្រោះ​យោបល់។

រដ្ឋ​អាជ្ញារ​អេស្ប៉ាញ ក៏​បាន​ប្រកាស​ថា​នឹង​ធ្វើ​ការ​ប្តឹង​ផ្តល់​លើ​គ្រប់​រូប​ថ្នាក់​ដឹកនាំ​តំបន់​ណា​ដែល​ហ៊ាន​ចូល​រួម​រៀប​ចំ​ប្រជាមតិ​ថ្ងៃទី ១ តុលា​ ខាង​មុខ។ សូម្បី​តែ​មន្ត្រី​រដ្ឋការ​ក៏​ស្ថិត​ក្រោម​គំនាប​ដែរ។

ប៉ុន្តែ​សភា​តំបន់​ បដិសេធ​មិន​រណប​សភា​ជាតិ។ សភា​តំបន់​បាន​ពន្លឿន​​ការ​អនុម័ត​ច្បាប់​ មាន​ឈ្មោះ​ថា “​អន្តរកាល​តុលាការ ស្ថាបនិក​សាធារណរដ្ឋ កាតាឡូញ៉ា។​ នៅ​ពេល​ធ្វើ​ប្រជាមតិ​ឈ្នះ​ ច្បាប់​នេះ​នឹងក្លាយ​ជា​គ្រឹះ​របស់​តំបន់មុន​នឹង​កាតាឡូញ៉ា​មាន​មាន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ ឯ​រដ្ឋាភិបាល​កាតាឡូញ៉ា តាំង​ចិត្ត​ដាច់​ខាត​ថា​ត្រូវ​តែ​ធ្វើ​ប្រជាមតិ គ្រាន់​តែ​មិន​ដឹង​ក្នុង​ទម្រង់​និង​លក្ខខណ្ឌ​បែបណា។ ក្នុង​ពេល​រង់ចាំ​ ក្រុម​អ្នក​ទាមទារ​ឯករាជ្យ​កាតាឡូញ៉ា បន្ត​ប្រឹង​ត​តាំង​នឹង​អំណាច​កណ្តាល​ម៉ាឌ្រីដ។ សន្ធឹក​នៃបាតុកម្ម​កាលពី​ថ្ងៃ​ទី ១១​កញ្ញា ជា​សារ​ដំបូង​មួយ​បញ្ជាក់​ពី​​កម្លាំង​របស់​គេ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ