លំហាត់សឹករុស្ស៊ី និងបេឡារុសក្រោមភ្នែកមន្ទិលពីខាងអូតង់
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃ១៤កញ្ញា នៅលើដែនដីបេឡារុស និងរុស្ស៊ី មានចាប់ផ្តើមប្រព្រឹត្តទៅលំហាត់សឹករួមគ្នា នៃកងទ័ពប្រទេសទាំងពីរ ដែលនឹងពន្យារទៅពេញមួយសប្តាហ៍រហូតដល់ថ្ងៃ២០កញ្ញា ។ លំហាត់នេះ ស្រាប់តែ នាំឲ្យផ្អើល ដល់ពួកប្រទេសសមាជិកបក្សសម្ព័ន្ធអូតង់ដែលមានព្រំដែនជាប់នឹងរុស្ស៊ី និងបេឡារុស។ ទោះបី រុស្ស៊ី និងបេឡារុសថ្លែងថា សមយុទ្ធនេះផ្តិតជាប់ដោយលក្ខណៈការពារសុទ្ធសាធក្តី ក៏អូតង់ចាត់ទុកលំហាត់នេះ ជាការគំរាមដល់សន្តិសុខខ្លួន ដ្បិតយល់ថា ចំនួនពិតនៃយោធាដែលចូលរួមក្នុងសមយុទ្ធ មានយ៉ាងហោចណាស់ ៨ ដង ច្រើនជាងចំនួនប្រកាសជាផ្លូវការ។
លំហាត់សឹកនេះ ដែលឈ្មោះពេញរបស់វាគឺ លំហាត់យុទ្ធសាស្ត្ររួមបស្ចិមទិស ២០១៧ ប្រព្រឹត្ត ទៅ នៅតាមវាលវង់ល្បងពិសោធន៍ចំនួន៦ លើដែនដីរុស្ស៊ីផង បេឡារុសផង។ តាមដែលក្រសួងការពារជាតិ រុស្ស៊ី និងបេឡារុស គូសបញ្ជាក់ លំហាត់នេះ តាំងគោលដៅការពារសុទ្ធសាធ ហើយឥតតម្រង់ប្រឆាំងរដ្ឋណាឡើយ។ ពាក្យថា បស្ចិមទិស គឺគ្រាន់តែសម្គាល់ទិសខាងលិចប្រទេសរុស្ស៊ី ដូច្នេះ សូមបណ្តាប្រទេស អឺរ៉ុបខាងលិច “ ស្ងប់ចិត្ត”ទៅ។ មូស្គូគូសបញ្ជាក់ថា លំហាត់នេះ ជាលំហាត់ប្រព្រឹត្តទៅស្របនឹងផែនការ ដែលមានគ្រោងទុក គឺ ពីរឆ្នាំម្តង ហើយឥតពាំនាំជាការគម្រាមអ្វីណាទេ។ ដាក់ឲ្យសកម្មក្នុងលំហាត់សឹករួម “ បស្ចិមទិស-២០១៧ “ គឺ យោធា ១២.៧០០ នាក់ ក្នុងនោះ ពីខាង បេឡារុស ៧.២០០នាក់ ពីខាងរុស្ស៊ី ៥.៥០០នាក់ យន្តហោះ និង ឧទ្ធម្ភាគចក្រចម្បាំង ប្រមាណ ៧០ គ្រឿង យានយន្តប្រយុទ្ធ រហូតដល់ ៦៨០ គ្រឿង ក្នុងនោះ មាន រថក្រោះ ២៥០ គ្រឿង ប្រព័ន្ធកាំភ្លើងធំ ព្រមទាំង ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតស្រោចម្តងៗ ៤០ គ្រាប់ ហៅថា BM-21 សរុបទៅ ២០០គ្រឿង ព្រមទាំង នាវាចម្បាំង ១០ គ្រឿង។
ប៉ុន្តែ មេបញ្ជាការទ័ពជើងគោកសរអា ប្រចាំនៅទ្វីបអឺរ៉ុប លោក ឧត្តមសេនីយ Ben Hodges ពេលថ្លែង ក្នុង សន្និសីទសារព័ត៌មាន រួមជាមួយ រដ្ឋមន្ត្រីការពារជាតិលីទុយអានី បានលើកឡើងថា គាត់មិនជឿទេ តួលេខ ប្រកាសដោយមូស្គូ អំពីចំនួនយោធាដែលចូលរួមក្នុងសមយុទ្ធនេះ ពីព្រោះគាត់មិនឃើញមានមូលដ្ឋាន ច្បាស់លាស់ សម្រាប់ជឿតាម។ ចំណែកភាគីលីទុយអានី ប្រទេស សមាជិកអូតង់ ដែលមានព្រំប្រទល់ជាប់ នឹង រុស្ស៊ីនិងបេឡារុស ថែមទាំងអះអាងទៅផងថា ចំនួនពិតនៃយោធាដែលចូលរួមនោះ គឺមិនតិចជាង ១០០.០០០ នាក់ឡើយ ឬ ៨ដង ច្រើនជាងតួលេខផ្លូវការ។ ប្រទេសខាងលិច នាំគ្នាបារម្ភខ្លាចក្រែងក្រោយពីសមយុទ្ធចប់ទៅ រុស្ស៊ីនឹងបន្សល់ពួកទាហានខ្លួនឲ្យប្រចាំការនៅបេឡារុសតែម្តង។
នៅបេឡារុសផ្ទាល់ ពួកសកម្មជនខាងបក្សប្រឆាំងបានធ្វើបាតុកម្ម តវ៉ាទល់នឹង សមយុទ្ធដែលប្រព្រឹត្តទៅរួមជាមួយនឹងរុស្ស៊ី។ បាតុករខ្លះ ជ្រោងលើកឡើងផ្ទាំងបដា សរសេរដោយឃ្លាថា នៅបេឡារុស គ្មានទេ ស្រា Vodka សម្រាប់ពួកទាហានរុស្ស៊ី ។ មិនតែប៉ុណ្ណោះ កាលពីចុងខែសីហា អាមេរិក បានបញ្ជួនក្រុមយន្តហោះប្រដេញរបស់ខ្លួន បន្ថែមទៀត សម្រាប់ហោះល្បាតក្នុងផ្ទៃមេឃនៅពីលើ ៣ ប្រទេសបាល់ទិក សមាជិកអូតង់ គឺ លីទុយអានី ឡេតូនី អេស្តូនី នៅពេលដែលលំហាត់សឹករុស្ស៊ី-បេឡារុស ប្រព្រឹត្តទៅ។ រីឯ នាយអគ្គសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនប្រទេសដែលមានព្រំដែនជាប់នឹងតំបន់និរតីរុស្ស៊ី ហើយ ជា ដៃគូសហការជាមួយបក្សសម្ព័ន្ធអូតង់ លោក Viktor Mouzenko ថ្លែងថា ចំនួនសរុបនៃយោធាដែលចូលរួមក្នុងលំហាត់នោះ គឺអាចឡើងដល់ ២៤០.០០០ នាក់ ដែលពីក្នុងនោះ ១០០.០០០ នាក់ ក្រោយពីសមយុទ្ធចប់ទៅ អាចបន្សល់ទុក នៅ យោធភូមិនិរតីរុស្ស៊ី ជាប់នឹងអ៊ុយក្រែន តែម្តង។
មកពីមូលហេតុនេះ តាំងពីមុនលំហាត់សឹករុស្ស៊ី បេឡារុស ចាប់ផ្តើមថ្ងៃ១៤កញ្ញាម៉្លេះ អ៊ុយក្រែន បាន ធ្វើ សមយុទ្ធដែរ គឺ ពីថ្ងៃ១២ រហូតដល់ថ្ងៃ១៥កញ្ញា នៅខេត្ត Lvov ប៉ែកខាងលិចបង្អស់របស់ខ្លួន ក្រោម ឈ្មោះ ថា”ភាពរឹងមាំមិនចេះរង្គើ” ក្នុងគោលដៅត្រៀមលក្ខណៈ ប្រឈមនឹង ស្ថានការណ៍យោធាយុទ្ធសាស្ត្រដែលអាចស្រុតចុះធ្ងន់ធ្ងរ ជុំវិញរដ្ឋអ៊ុយក្រែន។ តបនឹងការទិតៀនរបស់ លោកអគ្គលេខាធិការអូតង់ Jens Stoltenberrg ដែលថា សមយុទ្ធរុស្ស៊ី បេឡារុស ខ្វះតម្លាភាព រដ្ឋមន្ត្រីការពារជាតិបេឡារុស បានឲ្យដឹងថា ដោយអនុលោម តាមគោលការណ៍រួមរស់ភូមិផងរបងល្អ និងក្នុងក្របខ័ណ្ឌ ឯកសារក្រុង Vienne ឆ្នាំ ២០១១ របស់អង្គការដើម្បីសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប OSCE ស្តីអំពី “ វិធានការជឿទុកចិត្តគ្នា និងសន្តិសុខ “ ព្រមទាំងតាមកិច្ចព្រមព្រៀងទ្វេភាគី ស្តីអំពីវិធានការពង្រឹងជំនឿទុកចិត្តគ្នានិង សន្តិសុខ បេឡារុសបានអញ្ជើញទៅហើយ ពួកអ្នកសង្កេតការណ៍ ៧ ប្រទេស ពោលគឺ អ៊ុយក្រែន ប៉ូឡូញ ឡេតូនី លីទុយអានី អេស្តូនី ស៊ុយអែដ ន័រវ៉ែស ឲ្យវត្តមានតាមដានលំហាត់សឹកនេះ។
ក្នុងឋានៈជាអ្នកសង្កេតការណ៍ ក្រុងមិនស្ក៏ ក៏បានអញ្ជើញ បណ្តាសេនានុព័ន្ធបរទេស ដែលប្រចាំការនៅអម ក្រសួងការពារជាតិបេឡារុស ព្រមទាំងបណ្តាតំណាងនៃអង្គការអន្តរជាតិ បែបយ៉ាង អសប OSCE អូតង់ ព្រមទាំងកាកបាទក្រហមអន្តរជាតិ ទៅផង។ ចំណែកក្រសួងការបរទេសរុស្ស៊ី ក្នុងបទអត្ថាធិប្បាយខ្លួន លើកឡើងថា សូរគ្ឌុងគ្ឌាំងបំពងដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជុំវិញលំហាត់សឹករួមរុស្ស៊ី បេឡារុស តាំង គោលដៅបង្ហាញឲ្យសាធារណជនបស្ចិមលោកឃើញថា “ជាការសមហេតុសមផល“ មែនដែលត្រូវចំណាយដើម្បីពង្រីកវត្តមាន និងភាពសកម្មយោធារបស់អូតង់ ឲ្យប្រចាំការនៅប៉ូឡូញ និង៣ប្រទេសបាល់ទិក។ ហើយពិតជា សកម្មភាពទាំងនេះឯង របស់អូតង់ ដែលជាប្រភពនៃភាពតានតឹងនៅអឺរ៉ុប ភាពតានតឹងផ្លុំបំប៉នដោយចេតនាដោយ ”ពួកអ្នកតស៊ូដែលកាន់ស្លាបប៉ាកកា និងមេក្រូ “ នៅដៃខ្លួន។
ចំនួនពួកយោធាដែលដាក់ឲ្យសកម្មក្នុង លំហាត់យុទ្ធសាស្ត្ររុស្ស៊ី បេឡារុស ក្រោមឈ្មោះថា បស្ចិមទិស-២០១៧ ឥតរំលោភបំពានកិច្ចព្រមព្រៀងអន្តរជាតិឡើយ ហើយឆ្លើយស្របនឹង អ្វីៗដែលមានចែង ក្នុង ឯកសារក្រុង Vienne ឆ្នាំ ២០១១។ សេចក្តីនេះ ថ្លែងដោយមេបញ្ជាការ យោធភូមិបស្ចិមប្រទេសរុស្ស៊ី ជាដែនដីដែលសមយុទ្ធប្រព្រឹត្តទៅ គឺ លោក ឧត្តមសេនីយឯក Andrei Kartapolov ក្នុងសម្ភាសន៍ ទៅ កាសែត” ផ្កាយក្រហម” ជាអង្គការសារព័ត៌មានក្រសួងការពារជាតិរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ