ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT

លំហាត់​សឹក​រុស្ស៊ី​ និងបេឡារុស​ក្រោម​ភ្នែក​មន្ទិល​ពី​ខាង​អូតង់

លំហាត់​សឹក​រុស្ស៊ី​ និងបេឡារុស​ក្រោម​ភ្នែក​មន្ទិល​ពី​ខាង​អូតង់ លំហាត់​សឹក​រុស្ស៊ី​ និងបេឡារុស​ក្រោម​ភ្នែក​មន្ទិល​ពី​ខាង​អូតង់ Reuters

    ថ្ងៃ​១៤កញ្ញា នៅ​លើ​ដែនដី​បេឡារុស និង​រុស្ស៊ី មាន​ចាប់​ផ្តើម​ប្រព្រឹត្ត​ទៅ​លំហាត់សឹក​រួម​គ្នា នៃ​កងទ័ព​ប្រទេស​ទាំង​ពីរ ដែល​នឹង​ពន្យារ​ទៅ​ពេញ​មួយ​សប្តាហ៍​រហូត​ដល់​ថ្ងៃ​២០​កញ្ញា ។ លំហាត់នេះ ស្រាប់​តែ នាំ​ឲ្យ​ផ្អើល ដល់​ពួក​ប្រទេស​សមាជិក​បក្សសម្ព័ន្ធ​អូតង់​ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី និងបេឡារុស។ ទោះបី រុស្ស៊ី និង​បេឡារុស​ថ្លែង​ថា សមយុទ្ធ​នេះផ្តិត​ជាប់​ដោយ​លក្ខណៈ​ការពារ​សុទ្ធសាធ​ក្តី ក៏​អូតង់​ចាត់​ទុក​លំហាត់​នេះ ជា​ការ​គំរាម​​ដល់​សន្តិសុខ​ខ្លួន ដ្បិត​យល់​ថា ចំនួន​ពិត​នៃ​យោធា​ដែល​ចូលរួម​ក្នុង​សមយុទ្ធ មាន​​យ៉ាង​ហោច​ណាស់ ៨ ដង ច្រើន​ជាង​ចំនួន​ប្រកាស​ជា​ផ្លូវការ។

    លំហាត់សឹក​នេះ ដែល​ឈ្មោះ​ពេញ​របស់​វាគឺ លំហាត់យុទ្ធសាស្ត្រ​រួម​បស្ចិមទិស ២០១៧ ប្រព្រឹត្ត ទៅ នៅ​តាម​វាល​វង់ល្បង​ពិសោធន៍​ចំនួន៦ លើ​ដែនដី​រុស្ស៊ី​ផង បេឡារុស​ផង។ តាម​ដែល​ក្រសួង​ការពារជាតិ ​រុស្ស៊ី និង​បេឡារុស គូស​បញ្ជាក់ លំហាត់​នេះ តាំង​គោលដៅ​ការពារ​សុទ្ធសាធ ហើយឥតតម្រង់ប្រឆាំងរដ្ឋណាឡើយ។ ពាក្យ​ថា បស្ចិមទិស គឺ​គ្រាន់​តែ​សម្គាល់​ទិស​ខាងលិច​ប្រទេស​រុស្ស៊ី ដូច្នេះ សូមបណ្តាប្រទេស អឺរ៉ុបខាងលិច “ ស្ងប់ចិត្ត”ទៅ។ មូស្គូ​គូសបញ្ជាក់​ថា លំហាត់នេះ ជា​លំហាត់​ប្រព្រឹត្ត​ទៅ​ស្រប​នឹង​ផែនការ ដែល​មានគ្រោង​ទុក គឺ ពីរឆ្នាំ​ម្តង ហើយ​ឥត​ពាំនាំ​ជា​ការ​គម្រាម​អ្វី​ណា​ទេ។ ដាក់​ឲ្យ​សកម្ម​ក្នុង​លំហាត់សឹករួម “ បស្ចិមទិស-២០១៧ “ គឺ យោធា ១២.៧០០ នាក់ ក្នុងនោះ ពីខាង បេឡារុស ៧.២០០នាក់ ពីខាងរុស្ស៊ី ៥.៥០០នាក់ យន្តហោះ និង ឧទ្ធម្ភាគចក្រចម្បាំង ប្រមាណ ៧០ គ្រឿង យានយន្ត​ប្រយុទ្ធ រហូតដល់ ៦៨០ គ្រឿង ក្នុងនោះ មាន រថក្រោះ ២៥០ គ្រឿង ប្រព័ន្ធ​កាំភ្លើង​ធំ ព្រម​ទាំង ប្រព័ន្ធ​បាញ់​គ្រាប់រ៉ុកកែត​ស្រោច​ម្តងៗ ៤០ គ្រាប់ ហៅថា BM-21 សរុប​ទៅ ២០០គ្រឿង ព្រមទាំង នាវាចម្បាំង ១០ គ្រឿង។

    ប៉ុន្តែ មេ​បញ្ជាការ​ទ័ពជើងគោក​សរអា ប្រចាំ​នៅ​ទ្វីប​អឺរ៉ុប លោក ឧត្តមសេនីយ Ben Hodges ពេល​ថ្លែង ក្នុង សន្និសីទ​សារព័ត៌មាន រួម​ជាមួយ រដ្ឋមន្ត្រី​ការពារជាតិ​លីទុយអានី បាន​លើកឡើង​ថា គាត់​មិន​ជឿ​ទេ តួលេខ ប្រកាស​ដោយ​មូស្គូ អំពី​ចំនួន​យោធា​ដែល​ចូលរួម​ក្នុង​សមយុទ្ធ​នេះ ពីព្រោះ​គាត់​មិន​ឃើញ​មាន​មូលដ្ឋាន ច្បាស់លាស់ សម្រាប់​ជឿ​តាម។ ចំណែក​ភាគីលីទុយអានី ប្រទេស សមាជិកអូតង់ ដែល​មាន​ព្រំប្រទល់​ជាប់ នឹង រុស្ស៊ីនិង​បេឡារុស ថែមទាំង​អះអាង​ទៅ​ផង​ថា ចំនួន​ពិត​នៃ​យោធា​ដែល​ចូលរួម​នោះ គឺ​មិន​តិច​ជាង ១០០.០០០ នាក់​ឡើយ ឬ ៨ដង ច្រើន​ជាង​តួលេខ​ផ្លូវការ។ ប្រទេស​ខាង​លិច នាំគ្នា​បារម្ភ​ខ្លាច​ក្រែងក្រោយ​ពី​សមយុទ្ធ​ចប់​ទៅ រុស្ស៊ី​នឹង​បន្សល់​ពួក​ទាហាន​ខ្លួន​ឲ្យ​ប្រចាំការ​នៅ​បេឡារុស​តែ​ម្តង។

    នៅ​បេឡារុសផ្ទាល់ ពួក​សកម្មជន​ខាង​បក្ស​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម តវ៉ា​ទល់​នឹង សមយុទ្ធដែល​ប្រព្រឹត្ត​ទៅ​រួម​ជាមួយ​នឹង​រុស្ស៊ី។ បាតុករ​ខ្លះ ជ្រោង​លើក​ឡើង​ផ្ទាំង​បដា សរសេរ​ដោយឃ្លាថា នៅ​បេឡារុស គ្មាន​ទេ ស្រា Vodka សម្រាប់​ពួក​ទាហាន​រុស្ស៊ី ។ មិន​តែ​ប៉ុណ្ណោះ កាលពី​ចុង​ខែ​សីហា អាមេរិក បាន​បញ្ជួន​ក្រុម​យន្តហោះ​ប្រដេញ​របស់​ខ្លួន បន្ថែម​ទៀត សម្រាប់​ហោះ​ល្បាត​ក្នុង​ផ្ទៃមេឃ​នៅ​ពី​លើ ៣ ប្រទេសបាល់ទិក សមាជិក​អូតង់ គឺ លីទុយអានី ឡេតូនី អេស្តូនី នៅ​ពេល​ដែល​លំហាត់សឹក​រុស្ស៊ី-បេឡារុស ប្រព្រឹត្តទៅ។ រីឯ នាយអគ្គសេនាធិការដ្ឋាន​កងទ័ព​អ៊ុយក្រែន​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​តំបន់​និរតី​រុស្ស៊ី ហើយ ជា ដៃគូ​សហការ​ជា​មួយ​បក្សសម្ព័ន្ធ​អូតង់ លោក Viktor Mouzenko ថ្លែង​ថា ចំនួន​សរុប​នៃ​យោធាដែល​ចូលរួម​ក្នុង​លំហាត់​នោះ គឺ​អាច​ឡើង​ដល់ ២៤០.០០០ នាក់ ដែល​ពី​ក្នុង​នោះ ១០០.០០០ នាក់ ក្រោយ​ពី​សមយុទ្ធ​ចប់​ទៅ អាច​បន្សល់​ទុក នៅ យោធភូមិ​និរតី​រុស្ស៊ី ជាប់នឹង​អ៊ុយក្រែន តែ​ម្តង។

    មក​ពី​មូលហេតុ​នេះ តាំង​ពី​មុន​លំហាត់​សឹក​រុស្ស៊ី បេឡារុស ចាប់​ផ្តើម​ថ្ងៃ១៤​កញ្ញា​ម៉្លេះ អ៊ុយក្រែន បាន ធ្វើ សមយុទ្ធ​ដែរ គឺ ពី​ថ្ងៃ​១២ រហូត​ដល់ថ្ងៃ១៥កញ្ញា នៅខេត្ត Lvov ប៉ែក​ខាង​លិចបង្អស់​របស់​ខ្លួន ក្រោម ឈ្មោះ ថា”ភាព​រឹងមាំ​មិន​ចេះ​រង្គើ” ក្នុង​គោលដៅ​ត្រៀម​លក្ខណៈ ប្រឈម​នឹង ស្ថានការណ៍​យោធា​យុទ្ធសាស្ត្រ​ដែល​អាច​ស្រុត​ចុះ​ធ្ងន់ធ្ងរ ជុំវិញ​រដ្ឋអ៊ុយក្រែន។ តប​នឹង​ការ​ទិតៀន​របស់ លោក​អគ្គលេខាធិការ​អូតង់ Jens Stoltenberrg ដែល​ថា សមយុទ្ធ​រុស្ស៊ី បេឡារុស ខ្វះតម្លាភាព រដ្ឋមន្ត្រី​ការពារជាតិ​បេឡារុស បាន​ឲ្យ​ដឹង​ថា ដោយ​អនុលោម តាម​គោលការណ៍​រួមរស់​ភូមិ​ផង​របង​ល្អ និង​ក្នុង​ក្របខ័ណ្ឌ ឯកសារក្រុង Vienne ឆ្នាំ ២០១១ របស់​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​នៅ​អឺរ៉ុប OSCE ស្តី​អំពី “ វិធានការ​ជឿទុក​ចិត្ត​គ្នា និង​សន្តិសុខ “ ព្រម​ទាំង​តាម​កិច្ចព្រមព្រៀង​ទ្វេភាគី ស្តី​អំពី​វិធានការ​ពង្រឹង​ជំនឿទុក​ចិត្ត​គ្នា​និង សន្តិសុខ បេឡារុស​បាន​អញ្ជើញ​ទៅ​ហើយ ពួក​អ្នកសង្កេតការណ៍ ៧ ប្រទេស ពោល​គឺ អ៊ុយក្រែន ប៉ូឡូញ ឡេតូនី លីទុយអានី អេស្តូនី ស៊ុយអែដ ន័រវ៉ែស ឲ្យ​វត្តមាន​តាមដាន​លំហាត់សឹក​នេះ។

    ក្នុង​ឋានៈ​ជា​អ្នកសង្កេតការណ៍ ក្រុង​មិនស្ក៏ ក៏​បាន​អញ្ជើញ បណ្តា​សេនានុព័ន្ធ​បរទេស ដែលប្រចាំការ​នៅ​អម ក្រសួង​ការពារជាតិ​បេឡារុស ព្រម​ទាំង​បណ្តា​តំណាង​នៃ​អង្គការ​អន្តរជាតិ បែប​យ៉ាង អសប OSCE អូតង់ ព្រមទាំង​កាកបាទក្រហម​អន្តរជាតិ ទៅ​ផង។ ចំណែក​ក្រសួង​ការបរទេស​រុស្ស៊ី ក្នុង​បទអត្ថាធិប្បាយ​ខ្លួន លើក​ឡើង​ថា សូរ​គ្ឌុងគ្ឌាំង​បំពង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​ជុំវិញ​លំហាត់សឹក​រួម​រុស្ស៊ី បេឡារុស តាំង គោលដៅ​បង្ហាញ​ឲ្យ​សាធារណជន​បស្ចិមលោក​ឃើញ​ថា “ជា​ការ​សមហេតុ​សមផល“ មែន​ដែល​ត្រូវ​ចំណាយ​ដើម្បី​ពង្រីក​វត្តមាន និង​ភាព​សកម្មយោធា​របស់​អូតង់ ឲ្យ​ប្រចាំការ​នៅ​ប៉ូឡូញ និង​៣ប្រទេសបាល់ទិក។ ហើយ​ពិត​ជា សកម្មភាព​ទាំង​នេះឯង របស់​អូតង់ ដែល​ជា​ប្រភព​នៃ​ភាព​តានតឹង​នៅ​អឺរ៉ុប ភាពតាន​តឹង​ផ្លុំ​បំប៉ន​ដោយ​ចេតនា​ដោយ ”ពួក​អ្នកតស៊ូ​ដែល​កាន់​ស្លាបប៉ាកកា និង​មេក្រូ “ នៅ​ដៃ​ខ្លួន។

    ចំនួន​ពួក​យោធា​ដែល​ដាក់​ឲ្យ​សកម្ម​ក្នុង លំហាត់​យុទ្ធសាស្ត្រ​រុស្ស៊ី បេឡារុស ក្រោម​ឈ្មោះ​ថា បស្ចិមទិស-២០១៧ ឥត​រំលោភ​បំពាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ឡើយ ហើយ​ឆ្លើយ​ស្របនឹង អ្វីៗ​ដែល​មាន​ចែង ក្នុង ឯកសារក្រុង Vienne ឆ្នាំ ២០១១។ សេចក្តី​នេះ ថ្លែង​ដោយ​មេបញ្ជាការ យោធភូមិ​បស្ចិមប្រទេស​រុស្ស៊ី ជា​ដែនដី​ដែល​សមយុទ្ធ​ប្រព្រឹត្ត​ទៅ គឺ លោក ឧត្តមសេនីយឯក Andrei Kartapolov ក្នុង​សម្ភាសន៍ ទៅ កាសែត” ផ្កាយក្រហម” ជា​អង្គការ​សារព័ត៌មាន​ក្រសួង​ការពារជាតិ​រុស្ស៊ី៕


    ទាក់ទង​នឹង​ប្រធានបទ​នេះ

    • រុស្ស៊ី-អូតង់

      ម៉ូស្គូ​​អះអាងជាថ្មីថា លំហាត់សឹករួម​ជាមួយ​បេឡារុស​នៅ​ថ្ងៃមុខ​ គឺ​តែ​ក្នុង​គោលដៅ​ការពារ​សុទ្ធសាធ​​

      ស្វែងយល់បន្ថែម

    • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

      សហភាព​ថ្មី​​ក្រោម​ឈ្មោះ​ថា "សហរដ្ឋ​រុស្ស៊ី-បេឡារុស” អាយុ​បាន​១៥​ឆ្នាំ

      ស្វែងយល់បន្ថែម

    • រុស្ស៊ី-OTSC

      ជំនួបកំពូល​នៃ​អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខ​រួម (OTSC)

      ស្វែងយល់បន្ថែម

    • រុស្ស៊ី-បេឡារុស

      ទស្សនកិច្ច​​លើក​ដំបូង​របស់​លោក ពូទីន ក្នុង​អាណត្តិ​ថ្មី គឺ​ទៅ​ទិស​ខាង​លិច

      ស្វែងយល់បន្ថែម

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ