អានតួអត្ថបទ

កិច្ចព្រមព្រៀង​អាកាសធាតុ​ប៉ារីស ៖ ក្តី​សង្ឃឹម​ឃើញអាមេរិក​​ប្តូរ​ចិត្ត​ត្រូវ​រលត់​ឈឹង

លោកដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក​អាច​នឹង​ប្តូរ​ជំហរ​ ឈប់​ចង់​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឬ ? អ្នក​ការ​ទូត​អឺរ៉ុប ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ម៉ុងរ៉េអាល់​ ដើម្បី​ពិភាក្សា​អំពី​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី ហាក់​ដូច​ជា​មាន​ជំនឿ​ក្នុង​ចិត្ត​ថា​វ៉ាស៊ីនតោនអាច​ប្តូរ​​ចិត្ត​ក្នុង​បញ្ហា​អាកាសធាតុ​នេះ។ ប៉ុន្តែខុស​ស្រលះ ​ក្តី​សង្ឃឹម​របស់​ពួក​គេត្រូវ​រលាយ​ខ្សុល​ភ្លាម នៅ​ពេល​បាន​ទទួល​​​សេចក្តី​ថ្លែងការណ៍​ខ្លី​កំបុត​មួយ​​របស់​សេតវិមាន។

លោក ដូណាល់ ត្រាំ នៅ​ក្នុង​ឧទ្យាន​​សេតវិមានថ្ងៃទី ១៥​កញ្ញា ២០១៧
លោក ដូណាល់ ត្រាំ នៅ​ក្នុង​ឧទ្យាន​​សេតវិមានថ្ងៃទី ១៥​កញ្ញា ២០១៧ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

ដោយ​មាន​សមាជិក​ប្រតិភូអាមេរិក​ជា​សំអាង​ គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​អាកាសធាតុ បាន​ប្រកាស​ថា​ សហរដ្ឋ​អាមេរិក​អាច​នឹង​ពិនិត្យ​មើល​ឡើង​វិញ​អំពី​លទ្ធភាព​ភ្ជាប់​ខ្លួន​នឹង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ដដែល​ ដោយ​មិន​គ្មាន​សើរើ​ចរចា​អ្វីទេ។

ពាក្យ​សំដី​បែប​នេះ ត្រូវ​បាន​គេ​យល់​ថា​អាមេរិក​កំពុង​បន្ទន់​ជំហរ​ហើយ ប៉ុន្តែ​លទ្ធភាព​បែប​នេះ គ្មាន​ថ្ងៃ​កើត​ចេញ​ជា​រូបរាង​បានឡើង ព្រោះ​សេតវិមាន​បាន​ចេញ​សេចក្តីថ្លែងការណ៍បិទ​ផ្លូវ​ភ្លាម ដោយ​ប្រកាស​ថា « អាមេរិក​មិន​ប្តូរ​ជំហរ​ទេ ! ដូច​អ្វី​ដែល​លោក​ប្រធានាធិបតី​ត្រាំ បាន​ធ្លាប់​មាន​ប្រសាសន៍​ជា​ញឹកញយ សហរដ្ឋ​អាមេរិក​នឹង​​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​ ប្រសិន​បើ​គ្មាន​បញ្ចូល​លក្ខខណ្ឌ​ណា​ដែល​សម្រួល​ដល់​ប្រយោជន៍​អាមេរិក​ទេ​នោះ »។

គេ​បាន​ដឹង​ច្បាស់​ណាស់​ថា លោកដូណាល់​ត្រាំ មិន​អាច​ងាក​ទៅ​ចាប់​ដៃ​ក្រុម​អ្នក​បរិស្ថាន​និយម​បាន​ទេ។ លោក​ បាន​លុប​ចោល​អស់​នូវ​រាល់វិធានការ​ការពារ​បរិស្ថាន​ទាំង​ឡាយ​ដែល​លោក បារ៉ាក់ អូបាម៉ា បាន​បង្កើត​ឡើង។ ប៉ុន្តែ​លោក ត្រាំ ក៏ធ្លាប់​​បាន​បង្ហាញ​ខ្លះ​ដែរ ថា​លោក​អាច​ប្តូរ​ជំហរ មាន​ជាអាទិ៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ខាង​ជើង​ ឬ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​និ​ងទទួល​ក្មេង​អន្តោប្រវេសន៍ ជា​ដើម​។ល។

ក្នុង​សំណុំ​រឿង​អាកាសធាតុ លោកប្រធានាធិបតី​អាមេរិក ក៏​ធ្លាប់​បាន​បង្ហើរ​គំនិត ជាមួយ​ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង កាលពី​ខែ​កក្កដា ពេល​លោក​អញ្ជើញ​មក​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រុង​ប៉ារីស ​ចង់​ចរចាឡើងវិញដើម្បី​អាច​រក្សា​ខ្លួន​ក្នុង​កិច្ចព្រមព្រៀង​ប៉ារីស។

សង្ឃឹម​ថា នៅ​ថ្ងៃ​អង្គារ​ខាន​ស្អែក នៅ​ពេល​លោក​នឹង​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ នៅ​ចំពោះ​មុខ​អង្គការ​សហប្រជាជាតិ​ជា​លើក​ទី​មួយ​ លោក​ត្រាំ​អាច​នឹង​បង្ហាញ​ជំហរ​ទន់ភ្លន់​ផ្សះផ្សា ដើម្បី​បាន​ទទួល​ការ​ស្វាគមន៍​ពី​សហគមន៍អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ