អានតួអត្ថបទ
រុស្ស៊ី-គួឌីស្ថានអ៊ីរ៉ាក់

ក្រុមហ៊ុន​ប្រេង​រុស្ស៊ី​ចុះ​កិច្ចព្រមព្រៀង​ឧស្ម័ន​ជាមួយ​គួឌីស្ថាន​អ៊ីរ៉ាក់​

ក្រុមហ៊ុនប្រេង​ដ៏ធំ​បំផុត​នៅរុស្ស៊ី Rosneft​ នឹងធ្វើ​វិនិយោគ​​ទៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្ម័ន​ នៃ​ដែនដី​គួ​ឌីស្ថាន​អ៊ីរ៉ាក់​ ហេតុ​ដែលនឹង​អនុញ្ញាត​ឲ្យ​តំបន់នេះ​ ក្លាយ​ទៅជា​តំបន់​ដ៏​សំខាន់​បង្ហូរ​ឧស្ម័នចេញ​ទៅ​ប្រទេស​តួកគី​និង​ទ្វីបអឺរ៉ុប។​ គឺថ្ងៃ​២៥កញ្ញា​ខាងមុខ​ ដែលនៅ​គួឌីស្ថាន​អ៊ីរ៉ាក់​ ត្រូវ​ប្រព្រឹត្តទៅ​ប្រជាមតិ ដើម្បី​ប្រកាស​ឯករាជ្យ​ ប៉ុន្តែ​ អាជ្ញាធរ​អ៊ីរ៉ាក់​បាន​ច្រានចោល​ទៅហើយ​ការ​បោះឆ្នោត​នេះ។​​

ស្លាកសញ្ញា​ក្រុមហ៊ុន​ប្រេងRosneft​ របស់​រុស្ស៊ី​​
ស្លាកសញ្ញា​ក្រុមហ៊ុន​ប្រេងRosneft​ របស់​រុស្ស៊ី​​ Reuters
ផ្សាយពាណិជ្ជកម្ម

គឺតាំងពី​ឆ្នាំ២០១៤​មក ដែល​គួឌីស្ថានអ៊ីរ៉ាក់​​តែងនាំ​ប្រេងឆៅ​ដោយម្ចាស់ការ​ខ្លួនឯង ចេញ ទៅ​ក្រៅ ដោយមិនខ្វល់​នឹង​រដ្ឋាភិបាល​អ៊ីរ៉ាក់ឡើយ​ ចំណែក​ក្រុមហ៊ុនប្រេង​ Rosneft ​ដែល​ស្ថិតក្នុង​កណ្តាប់​ដៃរដ្ឋរុស្ស៊ី ក្នុងឆ្នាំ២០១៧នេះ​ បានភ្ជាប់ខ្លួន​ទៅក្នុង​បញ្ជី​អតិថិជន​នៃ​តំបន់អឌ្ឍស្វយ័ត​នេះ របស់អ៊ីរ៉ាក់​ ដោយ​ផ្តល់ឲ្យនូវ​ប្រាក់កម្ចី​រាប់រយលាន​ដុល្លារជាថ្នូរ​នឹងប្រេង​ដែលខ្លួន​នឹង​ទទួលបាន​ពីដែនដី​នោះឯង។ ​​

ចាប់ពីអំណើះ​តទៅ Rosneft ​នឹងបង្កើន​វិនិយោគខ្លួន​ទៅក្នុង​វិស័យឧស្ម័ន​ ក្នុងក្របខ័ណ្ឌ​នៃ​កិច្ចព្រមព្រៀង ដែល​ពាំនាំ ​ទឹកប្រាក់​ក្រាស់ក្រែល​ទៅក្នុង​ការសាងសង់​ខ្សែបំពង់​បង្ហូរឧស្ម័ន - ដំណឹងនេះ​ប្រកាសរួមគ្នា​ នៅ ថ្ងៃចន្ទ ១៨ កញ្ញា ​ដោយក្រុមហ៊ុន​ប្រេងរុស្ស៊ី​ និង​រដ្ឋាភិបាល​តំបន់​គួឌីស្ថានអ៊ីរ៉ាក់។ ស្របនឹង​ប្រភពពីរ ដែល​ ជំនិតនឹង​កិច្ចចរចា​ជុំវិញ​សាច់រឿងនោះ ទឹកប្រាក់​វិនិយោគ​មានទំហំ​ដល់ជាង​១ពាន់លានដុល្លារ។​

គួឌីស្ថានអ៊ីរ៉ាក់​ រាវរក​បានធនធាន​ហិរញ្ញវត្ថុ​មួយភាគ​ គឺតាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ទទួល​ហិរញ្ញប្បទាន​ជាមុន សម្រាប់​ក្រោយមក​នាំចេញ​ប្រេងស្តុក​របស់ខ្លួន។ មកទល់​ឥឡូវ តំបន់​អឌ្ឍស្វយ័ត​នេះ តែងខំប្រឹង​អភិវឌ្ឍអណ្តូង​ឧស្ម័ន​របស់​ខ្លួន។​

ការ​ចូលខ្លួន​របស់Rosneft​ ជាក្រុមហ៊ុនប្រេង​ដ៏សំខាន់​លើទីផ្សារ​ពិភពលោក​ ត្រូវតែ​ជំរុញ​ដល់​ការអភិវឌ្ឍន៍​​វិស័យឧស្ម័ន​នៅគួឌីស្ថាន​អ៊ីរ៉ាក់ ដែលបច្ចុប្បន្ន​ច្រើនតែ​រកស៊ី​ជាមួយ​ បណ្តា​ក្រុមហ៊ុន​ខ្នាតមធ្យម។​

សមត្ថភាព​នៃ​ខ្សែបំពង់​ដែលគ្រោង​សង់ឡើងនោះ​ នឹងអនុញ្ញាត​ឲ្យគួ​ឌីស្ថានអ៊ីរ៉ាក់​ មិន​គ្រាន់តែ​បំពេញ​ដល់​តម្រូវការ​ទីផ្សារផ្ទៃក្នុង​ប៉ុណ្ណោះទេ​ តែក៏​បង្ហូរឧស្ម័ន​រហូតដល់ ៣០.០០០ លាន​ម៉ែត្រគីប ក្នុង១ឆ្នាំ​ទៅទីផ្សារ​បរទេស។ បរិមាណនេះ​ គឺស្មើនឹង​ ៦%នៃ​តម្រូវការ​ទ្វីបអឺរ៉ុប​ខាងឧស្ម័ន​ និង​១ភាគ៦ នៃការនាំចេញ​សព្វថ្ងៃ របស់​រុស្ស៊ី ​ដែលជា​ប្រទេស​ផ្គត់ផ្គង់​ឧស្ម័ន​សំខាន់​ជាងគេ​សម្រាប់​អឺរ៉ុប។​

ខ្សែបំពង់នោះ​នឹងដំណើរការ​ក្នុងឆ្នាំ២០១៩​ ហើយការ​បង្ហូរឧស្ម័ន​ចេញពី​គួឌីស្ថាន​អ៊ីរ៉ាក់​ ត្រូវ​ចាប់ផ្តើម​ក្នុងឆ្នាំ២០២០ ​ទៅកាន់​តួកគី ដែលនឹង​ក្លាយជា​ឈ្នាន់​ សម្រាប់​បង្ហូរវាត​ទៅ​ទ្វីបអឺរ៉ុប៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ