ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

នៅ​អ.ស.ប ប្រធានាធិបតី បារាំង​ដើរតួ​ជា​អ្នក​សន្តិនិយម នៅពេល​លោក​ដូណាល់ ត្រាំ និយម​សង្រ្គាម

នៅ​អ.ស.ប ប្រធានាធិបតី បារាំង​ដើរតួ​ជា​អ្នក​សន្តិនិយម នៅពេល​លោក​ដូណាល់ ត្រាំ និយម​សង្រ្គាម
 
លោកអេម៉ានុយអែល ម៉ាក្រុង​ប្រធានាធិបតី​បារាំង​ឡើង​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ©REUTERS/Lucas Jackson

ប្រធានាធិបតី​បារាំង ដ៏វ័យក្មេង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​បង្ហាញ​ជំហរផ្ទុយ​ស្រឡះ​ពី​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ មិន​ថា នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ការប្រែប្រួល​អាកាសធាតុ ឬ​សង្រ្គាម​នៅ​ស៊ីរី។ នៅក្នុង​ពេល​ដែល​ប្រធានាធិបតី អាមេរិក ធ្វើបញ្ជី​ឈ្មោះ​សត្រូវ​របស់​អាមេរិក ដែល​មានតាំង​ពី​មេដឹកនាំ​កូរ៉េខាងជើង អ៊ីរ៉ង់ វេណេស៊ុយអេឡា ហើយ​និង​ស៊ីរី ប្រធានាធិបតី បារាំង​ឯណោះ​វិញ ចង់​ធ្វើ​នយោបាយ​បង្កើត​មិត្ត ច្រើន​ជាង​បង្កើត​សត្រូវ។

នៅមួយ​ថ្ងៃ​មុន​ឡើង​ថ្លែង ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​ត្រូវ​បាន​លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ទទួល​យ៉ាងរាក់ទាក់ នៅ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ក្រុង​ញូវយ៉ក។ នៅ​មុខ​កាម៉េរ៉ា ព្រោងព្រាត ប្រមុខ​ដឹកនាំ​កំពូល​បារាំង និង​អាមេរិក​បាន​បង្ហាញ ស្និទ្ធស្នាល ជាពិសេស​នៅពេល​លោកដូណាល់ ត្រាំ​បាន​កោតសរសើរ​ការងារ​របស់​ប្រធានាធិបតី​បារាំង។ លោក​ដូណាល់ ត្រាំ នៅ​បាន​អរគុណ​ផងទៀត ដល់​លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​បាន​អញ្ជើញ​លោក​ឲ្យ​ចូលរួម​ក្នុង​ពិធី​បុណ្យជាតិ បារាំង ១៤​កក្កដា ដែល​បាន​ផ្តល់​គំនិត​ឲ្យ​លោក​ចង់​រៀបចំ​ពិធី​បុណ្យជាតិ​អាមេរិក ដ៏ធំ ជាមួយ​នឹង​ក្បួន​ព្យុហយាត្រា ដូច​បារាំង។

ភាពល្អូកល្អឺន ចាប់ដៃ​គ្នា រវាង​លោកដូណាល់ ត្រាំ និង​លោកអេម៉ានុយអែល ម៉ាក្រុង​គ្រាន់តែ​ជា​ល្បោយ បិទបាំង​ពី​ខាងក្រៅ ព្រោះថា នៅក្នុង​ការពិភាក្សា​ស៊ីជម្រៅ ប្រមុខ​ដឹកនាំ​ទាំងពីរ​នៅ​តែ​និយាយ​មិន​ចុះ​សម្រុងគ្នា លើ​សំណុំរឿង​ជាច្រើន ដែល​មានតាំង​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ហើយ​និង​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ។ នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោកដូណាល់ ត្រាំ ប្រធានាធិបតី​បារាំង សង្ឃឹម​ចង់​បញ្ចុះបញ្ចូល​ឲ្យ​អាមេរិក​ប្តូរជំហរ​ឡើងវិញ បន្ទាប់​ពី​បាន​ដកខ្លួន​ចេញ​ពីកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ។ លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​និយាយ​ប្រាប់​លោកដូណាល់ ត្រាំ ផងដែរ​ពីវិបត្តិ​នុយក្លេអ៊ែរ អ៊ីរ៉ង់ ប្រសិន​បើ​អាមេរិក​ចង់​ដកខ្លួន​ចេញ​ពីកិច្ចព្រមព្រៀង ដែល​ប្រទេស​មហាអំណាច​ទើប​សម្រេច​បាន​ជាមួយ អ៊ីរ៉ង់ នៅ​ឆ្នាំ ២០១៥​កន្លងទៅ។

នៅ​ថ្ងៃ​អង្គារ សន្ទរកថា រយៈពេល ៤៥​នាទី ដែល​បង្កប់​ដោយ​អត្ថន័យ​ហិង្សា ទោសៈ របស់​លោកដូណាល់​ត្រាំ បាន​បង្ហាញ​ថា លោកដូណាល់ ត្រាំ មិន​បាន​ស្តាប់ យក​ពាក្យ​របស់​ប្រធានាធិបតី​បារាំង​ទៅ​ពិចារណា​ឡើយ។ ក្រៅតែ​ពី​អះអាង​ថា លោក​នឹង​គិត​ប្រយោជន៍​អាមេរិក​ជា​ធំ លោកដូណាល់ ត្រាំ នៅ​បាន​ធ្វើ​បញ្ជី​រាយឈ្មោះ​មេដឹកនាំ​ប្រទេស​ដែល​លោក​ចាត់ទុកថា ជា​សត្រូវ​របស់​អាមេរិក។ លោក​បាន​ដាក់ឈ្មោះ​មេដឹកនាំ​កូរ៉េខាងជើង​ថា ជា​បុរស​មីស៊ីល​ដែល​កំពុង​ធ្វើ​អត្តឃាត និង​ថា បើចាំបាច់​ត្រូវ​ការពារ​ខ្លួន និងការពារ​សម្ព័ន្ធមិត្ត អាមេរិក​ត្រូវ​បំផ្លាញ​កូរ៉េខាងជើង​ឲ្យ​ខ្ទេច​ក្លាយ​ជា​ផេះ។

នៅក្នុង​សំណុំរឿង​អ៊ីរ៉ង់ ប្រធានាធិបតី​អាមេរិក​បាន​ចោទ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​ថា ក្រុមយូកូង​ដែល​កំពុង​សាបព្រួស​បង្ក​អស្ថិរភាព នៅ​ដើមបូព៌ា។ នៅក្នុង​សន្ទរកថា​ទៅកាន់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ លោកដូណាល់ ត្រាំ ដែល​បាន​រិះគន់ កិច្ច​ព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ថា ជាកិច្ចព្រមព្រៀង​ដ៏​អាក្រក់ ដែល​បន្សល់ ដោយ​រដ្ឋបាល​មុន បាន​និយាយ​គំរាម​ថា ​នឹង​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង ដែល​យល់​ថា គ្រាន់តែ​ជា​វាំងនន​ដែល អ៊ីរ៉ង់ ប្រើ​សម្រាប់​បិទបាំង​មហិច្ឆតា​ពិត ក្នុង​ការផលិត​អាវុធ​នុយក្លេអ៊ែរ​នោះ។

បន្ទាប់​ពី​អ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានថ្លែង​រិះគន់​ខ្លាំង របប​សង្គមនិយម​របស់​ដ្ឋាភិបាល​វ៉េណេស៊ុយអេឡា និង​ថា អាមេរិក​នឹង​មិន​អាច​នៅ​ឈរ​ឱបដៃ បណ្តោយ​ឲ្យ​កើត​មាន​អស្ថិរភាព​នយោបាយ នៅក្នុង​ប្រទេស​ក្បែរខាង​របស់​អាមេរិក​ទៀត​នោះ​ទេ។

លោក​ដូណាល់ ត្រាំ​ដុតរោល​ដោយ​កំហឹង ការស្អប់ និង​អំពើហិង្សា​ពេញខ្លួន។ តែ​ប្រធានាធិបតី វ័យក្មេង​របស់​បារាំង​ឯណោះ​វិញ បាន​ឡើង​ទៅ​និយាយ​បន្ត​ពី​លោក​ដូណាល់ ត្រាំ ជាមួយ​នឹង​ទឹកចិត្ត​ត្រជាក់ សន្តិនិយម។ នៅក្នុង​សន្ទរកថា រយៈពេល ៣០​នាទី គឺ​តិចជាង លោកដូណាល់ ត្រាំ ១៥​នាកទី លោក​អេម៉ានុយអែល ម៉ាក្រុង មាន​គំនិត​ផ្ទុយ​ទាំងស្រុង​ពី​លោកដូណាល់ ត្រាំ នៅស្ទើរ​គ្រប់​សំណុំរឿង។ នៅក្នុង​ចម្លើយ​បកស្រាយ​របស់ខ្លួន ប្រធានាធិបតី​បារាំង​មិន​បាន​និយាយ​ចោទចំៗ​ឈ្មោះ​លោក​ដូណាល់ ​ត្រាំ ប៉ុន្តែ គេ​ដឹង​ច្បាស់ណាស់​ថា លោក​កំពុង​ចង់​និយាយ​សំដៅ​ដល់​ជំហរ​របស់​មេដឹកនាំ ម្នាក់ ដែល​ទើប​តែ​ថ្លែងសារ​នៅ​មុន​លោក​បន្តិច មុននេះ។

តើ​លោក​អេម៉ានុយអ៊ែល ម៉ាក្រុង​កំពុង​ប្រឆាំង​លោកដូណាល់ ត្រាំ?

លោកម៉ាក្រុង ស្និទ្ធស្នាល​ជាមួយ​លោកដូណាល់ ត្រាំ ប៉ុន្តែ លោក​មិនដែល​លាក់​ពី​ជំហរ មិន​យល់ស្រប​របស់​លោក​ជាមួយ​មេដឹកនាំ​អាមេរិក​នោះទេ។ នៅ​ក្នុង​មហាសន្និបាត លោកដូណាល់ ត្រាំ ដែល​ធ្លាប់​រិះគន់​ស្ថាប័ន​អសមត្ថភាព​របស់​អង្គការ​សហប្រជាជាតិ បានអំពាវនាវ​ឲ្យ​ប្រទេស​នីមួយៗ មានឯករាជ្យ​ម្ចាស់ការ​រៀងៗខ្លួន ដូចជា​អាមេរិក​ត្រូវ​គិត​ដល់​អាមេរិក​មុន​គេ​យ៉ាងដូច្នេះឯង។ ប៉ុន្តែ សម្រាប់​លោកម៉ាក្រុង ពហុភាគី​និយម​ដែល​មាន​អាវុធ​ក្នុងដៃ ពោលគឺ​ការសហការ​គ្នា​រវាង​ប្រទេស​លើ​លោក គឺ​នៅ​តែ​មាន​កម្លាំង​ខ្លាំង និង​ប្រយោជន៍​ជានិច្ច។

នៅក្នុង​សំណុំរឿង​អ៊ីរ៉ង់ ប្រធានាធិបតី បារាំង​បាន​ព្រមាន​ពី​កំហុស​មួយ​ដ៏ធ្ងន់ធ្ងរ បើសិន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវ​រលាយ ដោយសារ​តែ​ការដកខ្លួន​របស់​អាមេរិក។ សម្រាប់​ប្រធានាធិបតី​បារាំង ការមិនចង់​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ហើយ​និងការបរិហារ​រិះគន់​ដោយ​គ្មាន​ស្នើ​ដំណោះស្រាយ​អ្វី​ថ្មី គឺ​ជា​មិនទទួល​ខុសត្រូវ និង​ជាកំហុស​មួយ​ដ៏ធ្ងន់ ព្រោះថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ សព្វថ្ងៃ គឺ​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ ដែល​ជួយ​ឲ្យ​គេអាច​ត្រួតពិនិត្យ រារាំង​កុំ​ឲ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​ដូចកូរ៉េខាងជើង។ គ្មាន​នរណា​ម្នាក់ ចង់​ឲ្យ​មាន​បញ្ហាកូរ៉េខាងជើង កើតឡើង​ជា​ថ្មី​នៅ​ដើម​បូព៌ា​នោះទេ។

លោកម៉ាក្រុង បើទោះជា​មិន​ប្រើ​ពាក្យ​ធ្ងន់ៗ​រិះគន់​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ប៉ុន្តែ បាន​ទាមទារ​ឲ្យ​មាន​ការដាក់បន្ថែម​ទណ្ឌកម្ម ជាពិសេស​ពី​ខាងចិន និង​រុស្ស៊ី ដើម្បី​ឲ្យ​ប្រទេស​នេះ​ត្រលប់​ចូល​តុ​ចរចា។ នៅក្នុង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង លោក​ម៉ាក្រុង​ចង់​ឲ្យមាន​ការចរចា​សន្តិភាព ប៉ុន្តែ មិនមែន​សង្រ្គាម​ដូចដែល​លោក​ដូណាល់ ត្រាំ បាន​គំរាម​នោះឡើយ។

ចំណុច​មួយទៀត ដែល​ប្រធានាធិបតី​បារាំង​ឡើង​ការពារ យ៉ាងដាច់ណាត់ គឺ​កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​អាកាសធាតុ។ លោកម៉ាក្រុង​អះអាងថា លោកយល់​ពី​ជំហរ​របស់​លោកដូណាល់ ត្រាំ ដែល​ដកអាមេរិក ចេញ​ពី​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ។ នៅ​ក្នុង​រឿង​ប្រែប្រួល​អាកាសធាតុ​នេះ លោកម៉ាក្រុង​បាន​បង្ហាញ​ជំហរ​ដាច់ណាត់​មិនចង់​ឲ្យ​មាន​ការចរចា សើរើ​ឡើងវិញ កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ទៅតាម​ការទាមទារ​របស់​លោក​ដូណាល់​ ត្រាំ​នោះទេ។ លោកម៉ាក្រុង ដែល​បាន​និយាយ​ក្នុង​នាមជនរងគ្រោះ​ដោយសារ​ព្យុះអ៊ូរ៉ាហ្កង់ នៅ​សមុទ្រ​ការ៉ាអ៊ីប បាន​អះអាងថា ផលប៉ះពាល់ ដោយសារ​ការឡើង​កំដៅ​នៃ​ភពផែនដី​ពិត​ជា​មាន​មែន។ គ្រប់គ្នា​រងប៉ះពាល់​ដោយ​ការប្រែប្រួល​អាកាសធាតុ។ នៅ​វេទិការ​អង្គការ​សហប្រជាជាតិ លោកអេម៉ានុយអែល​ម៉ាក្រុង បាន​ដើរ​ជា​មេដឹកនាំ​គំរូ ដែល​នាំមកនូវ​តែ​គំនិត​ដោះស្រាយ​វិបត្តិ ជាជាង ដាក់ខ្លួន​ប្រឈម យក​គេ​គ្រប់​គ្នា​មកធ្វើ​ជា​សត្រូវ ដូច​លោកដូណាល់ ត្រាំ។ ចង់ ឬ​មិនចង់ មេដឹកនាំ​ប្រទេស​មហាអំណាច ដូចជា​អាមេរិក កំពុង ត្រូវ​មេដឹកនាំ​វ័យក្មេង របស់​បារាំង​លួច​យក​ប្រជាប្រិយភាព ទាល់​តែ​បាន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​បើក​សម្ភោធ​ជាមួយ​នឹង​រឿង​ឈឺក្បាល​ច្រើន​សំណុំ

    ស្វែងយល់បន្ថែម

  • កូរ៉េខាងជើង-សហរដ្ឋមអាមេរិក

    គីម ជុងអ៊ុន៖ ​​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជិត​បាន​​សម្រេច

    ស្វែងយល់បន្ថែម

  • បារាំង-អាមេរិក

    បារាំង​អញ្ជើញ​លោក​ដូណាល់ត្រាំ​ជា​ភ្ញៀវកិត្តិយស​ក្នុង​ពិធី​បុណ្យជាតិ​១៤កក្កដា

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក

    លោកដូណាល់ ត្រាំ​បាន​ដកអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្តីពី​អាកាសធាតុ

    ស្វែងយល់បន្ថែម

  • បារាំង

    រដ្ឋាភិបាល​​បារាំង​ផ្តល់​​៣០​លាន​អឺរ៉ូ​សម្រាប់​​ជនបរទេស​ដែល​ស្រាវជ្រាវ​ផ្នែក​​អាកាសធាតុ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    កងទ័ព​​អាមេរិក​​ជា​​ភ្ញៀវ​​កិត្តិយស​​ក្នុង​​ក្បួន​ព្យុហយាត្រា​​បុណ្យជាតិ​​បារាំង​ ១៤កក្កដា​ ២០១៧​​​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ