ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT

បោះឆ្នោត​អាល្លឺម៉ង់ ៖ ​លោកស្រី​មែរកិល​ ចុះ​ខ្សោយ​សំឡេង នៅ​អាណត្តិទីបួន

បោះឆ្នោត​អាល្លឺម៉ង់ ៖ ​លោកស្រី​មែរកិល​ ចុះ​ខ្សោយ​សំឡេង នៅ​អាណត្តិទីបួន
 
លោកស្រី​មែរកិល ថ្លែងសុន្ទរកថា ក្រោយ​ដឹងលទ្ធផល​ឆ្នោត REUTERS/Fabrizio Bensch

លោកស្រី អង់ហ្គឺឡា មែរកិល អាច​បន្ត​ដឹកនាំ​ប្រទេស​ ជា​គម្រប់​អាណត្តិ​ទី​បួន ! បក្សអភិរក្ស​និយម​ CDU ​របស់លោកស្រី​​ បាន​ឈ្នះ​ ក្នុង​សម័យ​បោះឆ្នោត​សភា ថ្ងៃទី ២៤ កញ្ញា ២០១៧ ! ប៉ុន្តែ​ជា​លទ្ធផលដ៏​ខ្សោយ ទាប​ជាង​ការ​គ្រោង​ទុក ឆ្ងាយណាស់។ ខក​ចិត្តខ្លាំង​​ហើយ លោកស្រី មែរកិល ​​​ត្រូវ​ជួប​ការ​​លំបាក​ទៀត ក្នុង​ការចង​សម្ព័ន្ធភាព​​រក​​សំឡេង​​ភាគ​ច្រើន​ដាច់​ខាត​សម្រាប់​បង្កើត​រដ្ឋាភិបាល​ ព្រោះ​ស្ថានភាព​នយោបាយ​អាល្លឺម៉ង់​បាន​ប្តូរ​ផ្លាស់ បក្ស​ស្តាំជាតិ​​និយម​ជ្រុល​ បាន​ឡើង​សំឡេង​ខ្លាំង បាន​ទទួល​អាសនៈ​នៅ​ក្នុង​សភា និង​ក្លាយ​ជា​បក្ស​សំខាន់​ទី​បី​នៅក្នុង​សភា។

លោកស្រី​មែរកិល​ បាន​ដឹង​ខ្លួន​ជាមុន​ថា​លោកស្រី​នឹង​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាល្លឺម៉ង់​ជា​លើក​ទី​បួន។ លោក​ស្រីមាន​ទំនុក​ចិត្ត​ខ្លាំង រហូត​ដល់​ថ្នាក់​មិន​សូវ​ចេញ​ធ្វើ​យុទ្ធនាការ​ផង និង​មិន​សូវ​មាន​ការ​តស៊ូ​តាម​កញ្ចក់​ទូរទស្សន៍​ជាមួយ​គូ​ប្រជែង ឆូឆរ​ខ្លាំង​ដូច​សម័យ​បោះឆ្នោត​ប្រធានាធិបតី​ទេ ! ហើយ​លទ្ធផល​ជាក់​ស្តែង លោកស្រី​ បាន​ឈ្នះ​ឆ្នោត​មែន !

ប៉ុន្តែ​លទ្ធផល​ឆ្នោត​នៅយប់​មិញ មាន​បង្កប់នៅ​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ! ខ្លាំង​ជាង​ការ​ស្មាន​ទុក​ឆ្ងាយ​ណាស់ ! គណបក្ស​អភិរក្ស​របស់​លោកស្រី មែរកិល បាន​ទទួល​ជោគជ័យ នាំ​មុខ​គេ ត្រឹម​តែ​៣២,៩%​ ប៉ុណ្ណោះ (ខុស​ពី​​ការ​ស្ទង់មតិ​មុន​ពេល​បោះឆ្នោត ដែលថា​បក្ស​​អាច​ទទួល​សំឡេង​បាន​ដល់​ទៅ ៣៥ទៅ​៣៦%ឡើយ)។ ជា​លទ្ធផល​ដ៏​​ទាប ទាប​​ជាង​សម័យ​បោះឆ្នោត​សភា​ឆ្នាំ​២០១៣ ដល់​ទៅ​៨,៦% និង​ជា​សំឡេង​គាំទ្រ​ដ៏​តិច​តួច​បំផុត ពុំ​ធ្លាប់​មានជួប​ប្រទេស​ទេ ​​ក្នុង​ប្រវត្តិសាស្ត្រ​បោះឆ្នោត​អាល្លឺម៉ង់​ គិត​ចាប់​ពី​ឆ្នាំ​១៩៤៩​មក។

ចំណែក​​បក្ស​សង្គមនិយម​ប្រជាធិបតេយ្យ SPD របស់​លោក ម៉ាតាំង ហ្ស៊ល ដែល​ជា​គូ​ប្រជែង​ចំបង​របស់​លោកស្រី​មែរកិល បាន​ទទួល​សំឡេង​តិច​ជា​ការ​ប៉ាន់​ស្មាន និង​ទាប​ខុស​ពី​សព្វ​មួយ​ដង​ដែរ ដោយ​បាត់បង់​អស់​ប្រមាណ​៤០​អាសនៈ​នៅក្នុង​សភា។

បក្ស​ជាតិនិយម​ជ្រុលAfD​ចូល​កាន់​អាសនៈ​សភាជា​លើក​ទីមួយ

ថ្ងៃ​នេះ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​សង្គ្រាម​លោក​មក ដែល​​បក្ស​ស្តាំ​ជាតិនិយម​ជ្រុល មាន​កៅអី​ នៅ​ក្នុង​សភា​។ បក្ស​នេះ​បាន​ក្លាយ​ជា​ចរន្ត​នយោបាយ​លំដាប់​ទីបី និង​មាន​តំណាង​ដល់​ទៅ ៩៤​​អាសនៈ។ តាមការ​ពិត​ គ្រប់​គ្នា​ និង​គ្រប់​ការ​ស្ទង់​មតិ សុទ្ធ​តែ​បាន​ទស្សន៍​ទាយ​ថា​បក្ស​ជាតិ​និយម​ជ្រុល ស្អប់​បរទេស មាន​ទំនោរ​បែប​​​ណាហ្ស៊ី​ផង (បើ​តាម​អ្នក​នយោបាយ​ខ្លះ) ក្លាយ​ជា​បក្ស​សំខាន់​ទីបី​របស់​ប្រទេស​មែន ប៉ុន្តែ​គ្មាន​នរណា​នឹក​ស្មាន​ថា​បាន​ទទួល​លទ្ធផល​ខ្ពស់ ដល់​ទៅ​ជិត ​១៣%​យ៉ាង​ដូច្នេះ​ទេ។ ប្រមុខ​ដឹកនាំ​បក្ស​ម្នាក់ លោក Alexander Gauland បាន​ប្រកាស​​ប្រកប​ដោយ​មោទនភាព​ថា ពេលវេលា​ប្រដេញ​លោកស្រី​មែរកិល​បាន​មក​ដល់​ហើយ។

ជា​មួយ​លទ្ធផល​បែប​នេះ អ្នក​អភិរក្ស​និយាយ​លែង​ចេញ ! អ្នក​ទទួល​ខុស​ត្រូវ​ធំជាង​​គេ​គឺ​លោកស្រី មែរកិល​នេះ​ឯង។ ជាពិសេសគឺ​នយោបាយ​ទទួល​ជនភៀស​ខ្លួន កាលពី​ឆ្នាំ​២០១៥ ដែល​បាន​ជំរុញ​ឱ្យ​ចលនា​​ជាតិនិយម​ជ្រុល​ដុះដាល​ឡើង​ខ្លាំង។

អាណត្តិទីបួន​ស្មុគស្មាញ​ខ្លាំងជាង​អាណត្តិ​មុនៗ ​

តាម​ការ​ពិត​ អាល្លឺម៉ង់ មាន​ទម្លាប់​តាំង​ពីយូរយារ​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ ប៉ុន្តែ​នៅលើក​នេះ ជាមួយ​នឹង​លទ្ធផលដ៏ទាបខ្លាំង​ លោកស្រី​ត្រូវ​ជួប​ការ​ស្មុគស្មាញ​ខ្លាំង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។ ជាពិសេស​ទៅ​ទៀត គណបក្ស​សង្គម​និយម​ប្រជាធិបតេយ្យ​SPD ដែល​ជាប់​ក្នុង​លំដាប់​ទីពីរ និង​បាក់​មុខ​ខ្លាំង​ដែរ​នោះ បាន​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​លោកស្រីមែរកិល មក​តាំង​ខ្លួន​ធ្វើ​ជា​បក្ស​ប្រឆាំង​វិញ។

មិនអាច​បន្ត​ដឹកនាំ​ប្រទេស​រួម​គ្នា​ជាមួយ​បក្ស​សង្គមនិយម​ប្រជាធិបតេយ្យ​បាន ដូច្នេះ​ដោយ​គ្មានជម្រើស​ លោកស្រី​មែរកិល​មាន​តែ​ងាក​ទៅ​រក​អ្នក​សេរី​និយម។ អ្នក​សេរីនិយម​នៃ​បក្ស​FDP ធ្លាប់​ចូល​រួម​ដឹកនាំ​រដ្ឋាភិបា​ជាមួយ​បក្សអភិរក្ស​​CDU អស់​រយៈ​ពេល​ដល់​ទៅ​៣៣​ឆ្នាំ​ឯណោះ។ គ្រាន់​តែ​ថា​នៅក្នុង​រដ្ឋាភិបាល​ចម្រុះ​លើក​ក្រោយ​ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣ លោកស្រី​មែរកិល​មិន​សូវ​មាន​អនុស្សាវរីយ៍ល្អ​នឹង​គ្នា។ ប៉ុន្តែ​ នៅ​ក្នុង​សម័យ​បោះឆ្នោត​លើក​នេះ បក្ស​សេរីនិយម​បាន​ទទួលសំឡេង​តែ​១០,៦% ពោល​គឺ​មិន​គ្រប់គ្រាន់​​នឹង​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ពីរ​បក្ស​បាន​ទេ​។​ សេរីណាយោ ចុង​ក្រោយ​បង្អស់ គឺ​ត្រូវ​តែ​ចង​សម្ព័ន្ធ​បី​បក្ស ! លោកស្រី​មែរកិល​ ទំនង​ជា​ត្រូវ​ការ​ពឹង​ពំនាក់​​បក្ស​បរិស្ថាន​មួយ​ទៀត។

បើ​គ្នា​កាន់​តែ​ច្រើន​ ការ​បង្កើត​រដ្ឋាភិបាល​មូល​គំនិត​តែ​មួយ​កាន់​​លំបាក​ខ្លាំង ! លោកស្រី​មែរកិល បាន​ប្រកាស​តាំង​ពី​ល្ងាច​មិញ​ភ្លាម ថា​រដ្ឋាភិបាល​អាល្លឺម៉ង់​ថ្មី​ នឹង​លេច​ចេញ​ជា​រូប​រាង​ ប្រកប​ដោយ​ស្ថិរភាព​នៅចុង​ឆ្នាំ ពេល​បុណ្យ​ណូអែល។

ជីវិត​នយោបាយ​​​ ដ៏យឺនយូរ​របស់​លោកស្រី​មែរកិល

កើត​នៅ​ឆ្នាំ​១៩៥៤ និ​ងធំធាត់​ទទួល​ការ​អប់រំ មាន​សញ្ញា​ប័ត្រ​វិទ្យាសាស្ត្រ​ផ្នែកគីមីវិទ្យា​​នៅ​អាល្លឺម៉ង់​ខាង​កើត លោកស្រី​មែរកិល​ បាន​ចូល​ប្រលូក​នយោបាយ​នៅ​ពេល​ជញ្ជាំង​ប៊ែរ​ឡាំង​រលំ។ ជាប់​ឈ្មោះ​ជា​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​ នៅ​លើ​ពិភពលោក ដោយ​ទស្សនាវដ្តី​ហ្វូប ចំនួន​១០​ដង លោកស្រី​ជា​អ្នក​នយោបាយដ៏​ស្រួច​ស្រាវ និងមាន​ជីវិត​នយោបាយ​ជា​ថ្នាក់​ដឹកនាំ​ប្រទេស​​យូរ​ជាង​គេ តាំង​ពី​ឆ្នាំ​២០០៥ មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ និង​សម្រាប់​រយៈ​ពេល​មួយ​អាណត្តិ​ថ្មី​ទៀត។

លោកស្រី​មាន​មហិទ្ធិរិទ្ធ​អ្វី ពិសេស​ឬ ? ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ អាល្លឺម៉ង់ មាន​ប្រមុខ​រដ្ឋាភិបាល​​អាល្លឺម៉ង​ពីរ​បីរូប​ហើយ ដែល​កាន់​តំណែង​បី​បួន​អាណត្តិជាប់​គ្នា​អញ្ចឹង នេះ​មក​ពី​ពលរដ្ឋ​​​ស្អប់​អស្ថិរភាព​ណាស់ ! ក្នុង​បរិបទ​ពិភពលោក​ឃ្លីងឃ្លោង ឱ្យតែ​ឥស្សរជន​ណា​ផ្តល់​ស្ថិរភាព​ជាតិ​ ប្រជាជន​គាំទ្រ​ឱ្យ​កាន់​តំណែង​ហើយ។ លោកស្រី​ ជា​អ្នក​នយោបាយ​ម្នាក់​ដែល​មិន​ចេះ​ប្រថុយប្រថាន​ទេ លោកស្រី​តែង​ប្រើ​ពេល​ពិចារណា​ថ្លឹង​ថ្លែង​ល្អ​អាក្រក់​សិន មុន​នឹង​សម្រេច​ការណ៍​អ្វី​មួយ។ និយាយ​ស្តី​តិច​តែ​បានការ។

ចំពោះ​គោលការណ៍នយោបាយ​វិញ លោកស្រី​មាន​ជំហរ​សមហេតុសមផល​ណាស់ ! មិន​ជ្រុល​និយម និងមាន​ទំនើប​កម្ម​គំនិត​ជានិច្ច ដោយ​បើក​ទូលាយ​ និង​ចេះ​រើស ចោះ​​យក​គំនិត​ល្អៗ​របស់​គូប្រជែង​ ដើម្បី​ផ្តួល​គូ​នោះ។ ជា​ឧទាហរណ៍​លោកស្រីជា​អ្នក​​អភិរក្ស​និយម​​ទេ តែ​បើ​ក​ចំហ​រក​អ្នក​កណ្តាល​ឆ្វេង​និយម​ សម្រប​គំនិត​តាម​អ្នក​បរិស្ថាន តាមរយៈ​ការ​សម្រេច​​បញ្ឈប់​នុយក្លេអ៊ែរ។ បើក​ព្រំដែន​ទទួលជនអន្តោប្រវេសន៍​ ឬ​បង្កើតឱ្យមាន​ប្រាក់​ខែ​អប្បបរិមា ដែល​សុទ្ធ​សឹង​ជា​គំនិត​គោល​របស់​បក្ស​សង្គមនិយម​។ ថ្មីៗ​នេះ​ទៀត លោកស្រី​បាន​ប្រកាស​គាំទ្រ​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ ដែល​បក្ស​អភិរក្ស​របស់​លោកស្រី​ធ្លាប់​តែ​ប្រឆាំង​ដាច់​ខាត។

ម្យ៉ាង​វិញ​ទៀត លោកស្រី​អាច​ចង​សម្ព័ន្ធភាព​ បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន​ជាមួយស្ទើរ​គ្រប់​និន្នាការ​នយោបាយ​ មិន​ថា​ជា​អ្នកស្តាំ អ្នក​​ឆ្វេង​​ អ្នក​​សេរីនិយម​ ឬ​អ្នកបរិស្ថានទេ។ ការនេះ​បាន​ធ្វើ​ឱ្យ​លោកស្រី​ក្លាយ​ជាឥស្សរជន ​មិន​អាច​ខ្វះបាន ​ក្នុងផ្ទៃ​នៃ​​យោបាយអាល្លឺម៉ង់៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ