អានតួអត្ថបទ

អង្គការ​សហប្រជាជាតិ ៖ រុស្ស៊ីរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​គ្រីមេ

នៅ​ក្នុង​របាយការណ៍​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃចន្ទ​ទី ២៥​ កញ្ញា​២០១៧​នេះ អង្គការ​សហប្រជាជាតិ​បាន​​សន្និដ្ឋាន​ថា រុស្ស៊ី​ បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ គឺការ​​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តំបន់​គ្រីមេ។ សកម្មភាព​​រំលោភ​សិទ្ធិមនុស្ស​ទាំងនោះ​មាន​ជាអាទិ៍ ការ​ចាប់​ខ្លួន ឃុំឃាំង​មនុស្ស​ ដោយ​គ្មាន​ឆ្លង​កាត់​ តុលាការ ឬ​ក៏​បង្ខំ​ពលរដ្ឋ​គ្រីមេ ឱ្យ​កាន់​សញ្ជាតិ​រុស្ស៊ី​ ជា​ដើម។ល។​

លោក Vladimir Poutineនិង​រដ្ឋ​មន្ត្រីការពារជាតិ​លោកSergueï Choïgou (ឆ្វេង) នៅ​កំពង់ផែ Sébastopol គ្រីមេ ២០១៤
លោក Vladimir Poutineនិង​រដ្ឋ​មន្ត្រីការពារជាតិ​លោកSergueï Choïgou (ឆ្វេង) នៅ​កំពង់ផែ Sébastopol គ្រីមេ ២០១៤ AFP
ផ្សាយពាណិជ្ជកម្ម

“រុស្ស៊ី​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដោយ​បាន​ប្រើ​អំណាច​ចាប់​ខ្លួន​មនុស្ស ចាប់​ឃុំឃាំង ធ្វើ​ឱ្យ​មាន​កា​របាត់​ខ្លួន ធ្វើ​បាប ធ្វើ​ទារុណកម្ម​ និង​យ៉ាង​ហោច​ណាស់​បាន​ប្រហារ​ជីវិត​មនុស្ស​ម្នាក់ ដោយ​មិន​ឆ្លង​កាត់​តុលាការ”។ នេះ​បើ​ការ​សរសេរ​រៀប​រាប់​លម្អិត នៅ​ក្នុង​របាយការណ៍​របស់​​​អង្គការ​សហប្រជាជាតិ​។ ជា​នេះ​ទៀត បើ​តាម​របាយការណ៍ ជន​ជាប់​ឃុំឃាំង ​មួយចំនួន​ដែល​ចាប់ខ្លួន​បាន​នៅ​គ្រីមេ ត្រូវ​បញ្ជូន​ពន្ធនាគារ​រុស្ស៊ី។ ទង្វើ​បែប​នេះ​ ខុស​និង​ផ្ទុយ​ស្រឡះ​អំពី​ច្បាប់​អន្តរជាតិ។

រុស្ស៊ី​ បាន​ក្រសោប​យក​ទឹក​ដី​គ្រីមេ ដែល​ជា​របស់​អ៊ុយក្រែន ទៅ​គ្រប់គ្រង​ កាលពី​ខែ​មីនា​ឆ្នាំ​២០១៤។ ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់​នេះ ត្រូវ​ក្លាយ​ជា​ទៅ​ជនជាតិ​រុស្ស៊ី​ទាំង​អស់ លើក​លែង​តែ​ជន​ណា​ដែល​បានសរសេរ​លិខិត​ជា​លាយ​លក្ខណ៍​អក្សរ​សុំ​ប្រឆាំង​តែ​ប៉ុណ្ណោះ។

“បង្ខំ​ពលរដ្ឋ​រស់​នៅ​ក្នុង​ដែន​ដី​អាណានិគម ឱ្យ​កាន់​សញ្ជាតិ​រុស្ស៊ី ស្មើ​នឹង​បង្ខំ​ពួក​គេ​ឱ្យ​ទទួល​ស្គាល់​និង​គាំទ្រ​រដ្ឋ​អំណាច​ដែល​គេ​ប្រឆាំង ! សកម្មភាព​នេះ ត្រូវ​បាន​ហាម​ឃាត់​ដោយ​សន្ធិសញ្ញា​ក្រុង​ហ្សឺណែវ” ! នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ឧត្តម​ស្នងការ​ពារ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក Zeid Ra’ad al Hussein។

គិត​ត្រឹម​ខែ​ឧសភា ២០១៥ មាន​ពលរដ្ឋ​គ្រីមេ ប្រមាណ​១០​ម៉ឺន​នាក់ ពោល​គឺ​ស្មើ​នឹង​៤%​នៃ​ប្រជាជន​សរុប​ប៉ុណ្ណោះ ដែល​គ្មាន​សញ្ជាតិ​រុស្ស៊ី។ នេះ​បើ​តួលេខ​ផ្តល់​ដោយ​អ្នក​ទទួល​ខុស​ត្រូវ​រុស្ស៊ី ដែល​អង្គការ​សហប្រជាជាតិ​ទទួល​បាន​។

របាយការណ៍​ដដែល​នេះ​បាន​លម្អិត​បន្ថែម​ទៀត​ថា ក្រុម​សកម្មជន​អ្នក​ប្រឆាំង​នឹង​ប្រជាមតិ​ប្រគល់​​គ្រីមេ​ បាន​ក្លាយជា​ផ្ទាំង​ស៊ីប​នៃ​ការ​ចាប់​ចង ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម ប្រឆាំង​នឹង​ជន​ជ្រុលនិយម​ និង​ក្រុម​ផ្តាច់​ទឹក​ដី​និយម។ ជន​ខ្លះ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​​បង្ខំ​​ទៅ​ដាក់​ក្នុង​មន្ទីរពេទ្យ​ឆ្កួត។​ ការ​សិក្សា​ជា​ភាស​អ៊ុយក្រែន ស្ទើរ​តែ​រលុប​បាត់ ស្ថាប័ន​សភា​ តំណាង​ក្រុម​ជនជាតិដើម​ Tatars​នៅ​គ្រីមេ ក៏​ត្រូវ​ម៉ូស្គូ​ហាមឃាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ