អានតួអត្ថបទ

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​នឹង​ច្បាប់​ប្រឆាំង​ភេរវកម្មបារាំង

អ្នក​ជំនាញ​សិទ្ធិមនុស្ស​ស្ម័គ្រ​ចិត្ត​នៃ​អង្គការ​សហប្រជាជាតិ​ពីរ​រូប បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ថ្ងៃពុធ​នេះ ចំពោះ​គម្រោង​ច្បាប់​ប្រឆាំង​នឹង​ភេរវកម្ម​​របស់​បារាំង។ គម្រោង​ច្បាប់​ហាក់​ដូច​ជា​កំពុង​ទ្រទ្រង់​វិធានការបន្ទាន់​​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន​ក្រោយ​ភេរវកម្ម​​ឆ្នាំ​២០១៥​មក ឱ្យ​ក្លាយ​ជា​វិធានការ​ច្បាប់​អចិន្ត្រៃយ៍។

ប្រតិបត្តិការ​ល្បាត​ប្រឆាំងភេរវកម្ម​នៅ​តាម​ទីតាំង​ទេសចរណ៍​សំខាន់ៗ​នៅ​ប៉ារីស
ប្រតិបត្តិការ​ល្បាត​ប្រឆាំងភេរវកម្ម​នៅ​តាម​ទីតាំង​ទេសចរណ៍​សំខាន់ៗ​នៅ​ប៉ារីស Michel Euler / POOL / AFP
ផ្សាយពាណិជ្ជកម្ម

គម្រោង​ច្បាប់​ពង្រឹង​សន្តិសុខ​ផ្ទៃក្នុង​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ ដែល​ទើប​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​បារាំង​កាលពី​ខែ​កក្កដា កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​សភាជាតិ​នាពេលនេះ។ គម្រោង​ច្បាប់​នេះ មាន​​កំណត់​វិធានការ​សន្តិសុខ​ជា​ច្រើន​ដែល​កំរិត​សេរីភាព​ជនស៊ីវិល​ ដូច​មាន​ចែង​ក្នុង​ច្បាប់​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន​យ៉ាង​ដូច្នោះ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ពីរ​រូប ម្នាក់​ជា​ជនជាតិ​អៀរឡង់ ម្នាក់ទៀត​ជា​ជនជាតិ​បារាំង រួម​គ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​របស់​ពួក​គេ។ សម្រាប់​អ្នក​ជំនាញ​ទាំងពីរ បញ្ចូល​ច្បាប់ប្រើ​ក្នុង​ពេល​​អាសន្ន​​ទៅ​ជា​ច្បាប់​ធម្មតា​ ជា​ការ​គំរាម​កំហែង​សិទ្ធិមនុស្ស​ខ្លាំង​ណាស់ មិន​ថា​ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ឬ​ក្របខ័ណ្ឌ​ណា​ផ្សេងទៀតទេ។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​បារាំង ដែល​ជា​អ្នក​នាំពាក្យ​ពិសេស​ស្តី​អំពី​ស្ថានការណ៍​ការ​ពារសិទ្ធិមនុស្ស​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ថា គម្រោង​ច្បាប់​ប្រឆាំង​ភេរវកម្ម​​បារាំង​នេះ ប៉ះពាល់​ខ្លាំង​ណាស់​ដល់​ការងារ​របស់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស។

នៅ​ក្នុង​លិខិត​មួយ​សរសេរ​ផ្ញើ​ជូន​ទៅ​រដ្ឋាភិបាល​បារាំង​ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ បាន​គូស​បញ្ជាក់​អំពី​វិធានការ​ជា​ច្រើន​នៅ​ក្នុង​គម្រោង​ច្បាប់​ថា​បាន​គំរាមកំហែង​សិទ្ធិ​សេរីភាព​និង​សន្តិសុខ​របស់​បុគ្គល សិទ្ធិ​ក្នុង​ស្វែង​រក​តុលាការ និង​សេរីភាព​នៃ​ការ​ដើរហើរ ជួប​ជុំ ព្រមទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ យោបល់​និង​សាសនា។

ដោយ​ឡែក ទាក់ទង​នឹង​ច្បាប់​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន អ្នក​ជំនាញ​ជាតិ​អៀរឡង់ យល់​ថា គួរ​តែ​កំរិត​រយៈ​ពេល​ និង​សើរើ​មើល​ឡើង​វិញ ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​សក្តិសម​រវាង​កំរិត​នៃ​ការ​គំហែង​និង​ចំណាត់ការ។

ការ​ព្រួយ​ធំ​បំផុត​របស់​អ្នក​ជំនាញ​ទាំង​ពីរ គឺ​អត្ថន័យ​នៃ​ប្រើ​ពាក្យ​ “គំរាមកំហែង​ភេរវកម្ម” និង​ការ​គំរាម​កំហែង​សន្តិសុខជាតិ នៅ​ក្នុង​គម្រោង​ច្បាប់។ សូម​បញ្ជាក់​ថា​អ្នក​ជំនាញ​សិទ្ធិមនុស្ស​ទាំង​ពីរ​រូប​នេះ ជា​អ្នក​នាំពាក្យ​ស្ម័គ្រ​ចិត្ត​ពិសេស ធ្វើការ​ដោយ​ឯករាជ្យ គ្មាន​ប្រាក់​បៀវត្សរ៍ មិនមែន​ជា​បុគ្គលិក​របស់​រដ្ឋាភិបាល ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក៏​មិនមែន​ជា​បុគ្គលិក​អង្គការ​សហប្រជាជាតិ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ