អានតួអត្ថបទ
អង់គ្លេស-កាណាដា-សហរដ្ឋអាមេរិក

អង់គ្លេស​ព្រមាន​ក្រុមហ៊ុន​​ប៊ូអ៊ីង់ បន្ទាប់​ពី​រដ្ឋអាមេរិក​ដំឡើងពន្ធ​លើ​យន្តហោះ​កាណាដា​​Bombardier

រដ្ឋមន្រ្តី​ការពារ​ជាតិ​អង់គ្លេស នៅថ្ងៃ​ពុធ​ម្សិលមិញ បាន​ព្រមាន​ថា ជម្លោះ​ពាណិជ្ជកម្ម​រវាង​ក្រុមហ៊ុន​ផលិត​យន្តហោះ​កាណាដា Bombardier ជាមួយ ក្រុមហ៊ុន​ផលិតយន្តហោះ​ប៊ូអ៊ីង នឹង​អាច​ធ្វើ​ប៉ះពាល់​ដល់​កិច្ចសន្យា​ធ្វើជំនួញ​រវាង​អង់គ្លេស ជាមួយ ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិកាំង ប៊ូអ៊ីង់។ ការប្រកាស​របស់​ប្រមុខការពារ​ជាតិ​អង់គ្លេស ធ្វើឡើង នៅបន្ទាប់​ពី​អាជ្ញាធរ​អាមេរិក នៅ​ថ្ងៃ​អង្គារ បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ការនាំចូល​យន្តហោះ កាណាដា Bombardier ចូល​ក្នុង​ទឹកដី​អាមេរិក។

យន្តហោះ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិកាំង ប៊ូអ៊ីង និង​Bombardier របស់​កាណាដានៅ​ក្នុង​ពេល​តាំងពិព័រណ៌​នៅ​ប្រទេស​បារាំង នៅឆ្នាំ ២០១៧
យន្តហោះ​របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិកាំង ប៊ូអ៊ីង និង​Bombardier របស់​កាណាដានៅ​ក្នុង​ពេល​តាំងពិព័រណ៌​នៅ​ប្រទេស​បារាំង នៅឆ្នាំ ២០១៧ © REUTERS/Pascal Rossignol/Christinne Muschi/File Photo
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​សម្រេច​ដំឡើងពន្ធ​ដល់​ទៅ ២២០​ភាគរយ​លើ​ការនាំ​ចូល​យន្តហោះ​របស់​ក្រុមហ៊ុន​កាណាដា Bombardier បន្ទាប់​ពី​មាន​បើក​ការស៊ើបអង្កេត​ថា ក្រុមហ៊ុន​ Bombardier​បាន​ទទួល​ជំនួយ​ថវិកា​ពី​រដ្ឋាភិបាល​កាណាដា។ សួរថា រដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​លើ​យន្តហោះ​កាណាដា​សោះ ប៉ុន្តែ ហេតុអ្វី​បាន​ជា​អង់គ្លេស ឈឺឆ្អាល ចង់​សើរើ​កិច្ចសន្យា​ធ្វើជំនួញ​ជាមួយ​ក្រុមហ៊ុន​អាមេរិកាំង ប៊ូអ៊ីង​ទៅវិញ?

ក្រុមហ៊ុន​ប៊ូអ៊ីង​ជាអ្នកចាប់ផ្តើម​ដំបូង ដោយ​បាន​ប្តឹង​គូប្រជែង​មក​ពី​កាណាដា ទៅ​អាជ្ញាធរ​អាមេរិក។ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ រដ្ឋាភិបាល​កាណាដា​បាន​ប្រឆាំង​ភ្លាម នឹង​ការសម្រេច​ដំឡើង​ពន្ធ​កប់ពពក​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក។ អង់គ្លេស​វិញ​បានអះអាង​ការពារ​ផលប្រយោជន៍​ជាតិ ដោយ​បាន​ចេញមុខ​គាំទ្រ​ក្រុមហ៊ុន​កាណាដា Bombardier ព្រោះថា ក្រៅតែ​ពីកាណាដា ក្រុមហ៊ុន​ Bombardier បាន​ផ្តល់​ការងារ​យ៉ាងសំខាន់ ដូចជា​នៅ​អៀរឡង់ ខាងជើង​ដែល​ជា​ផ្នែកមួយ​នៃទឹកដី​អង់គ្លេស។ នៅ​អៀរឡង់​ខាងជើង ក្រុមហ៊ុន​កាណាដា មាន​រោងចក្រ​​ផលិត​គ្រឿង​សម្រាប់​យន្តហោះ ដោយ​បាន​ផ្តល់ការងារ​ធ្វើ ដល់​ប្រជាជន​អង់គ្លេស​ជាង ៨ពាន់​នាក់។

ការដំឡើង​ពន្ធ​លើ​យន្តហោះ​កាណាដា​នឹង​អាច​គំរាមកំហែង​ដល់​ការងារ​របស់​ប្រជាជន​អង់គ្លេស។ គឺ​ហេតុផលនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ដែល​ជាអតិថិជន​សំខាន់ របស់​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក ប៊ូអ៊ីង់​ចង់​គំរាម​សងសឹក​វិញ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​Belfast របស់​អៀរឡង់​ខាងជើង ជាទី​ដែល​ជនជាតិ​អង់គ្លេស​ជាង ៤ពាន់នាក់ ធ្វើការ​នៅ​រោងចក្រ​ដំឡើង​ស្លាប​យន្តហោះ​របស់​ក្រុមហ៊ុន​ Bombardier រដ្ឋមន្រ្តី​ការពារ​ជាតិ​អង់គ្លេស Michael Fallon បាន​មានប្រសាសន៍ថា វិធានការ​គាបយក​ពន្ធ​លើ​ក្រុមហ៊ុន​កាណាដា នឹង​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការធ្វើ​ជំនួញ​ទៅ​ថ្ងៃ​អនាគត រវាង​ក្រសួងការពារ​ជាតិ​អង់គ្លេស និង ក្រុមហ៊ុន​អាមេរិក​ប៊ូអ៊ីង។

សូមបញ្ជាក់​ថា នៅ​ឆ្នាំ ២០១៦ ក្រសួងការពារ​ជាតិ​អង់គ្លេស ធ្លាប់​បាន​លើកឡើង​ពី​កិច្ចព្រមព្រៀង ទិញ ឧទ្ធម្ភាគចក្រ​ចម្បាំង ចំនួន ៥០​គ្រឿង ពីក្រុមហ៊ុន​អាមេរិកាំង​ប៊ូអ៊ីង នៅក្នុង​តម្លៃ ២ពាន់​លាន​ដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ