ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
អឺរ៉ុប

អន់ចិត្ត​នឹង​លោកខាងលិច តួកគី​ងាក​ទៅស្វាគម​ ​ចាប់ដៃ ជាមួយ​រុស្ស៊ី

media ប្រធានាធិបតី​តួកគី​ចាប់ដៃ​លោក​ពូទីន នៅថ្ងៃ​ទី ២៨ កញ្ញា ២០១៧ ©Kayhan Ozer/Presidential Palace/Handout via REUTERS ATTENTION E

ប្រធានាធិបតី​តួកគី លោករេស៊ីប អ៊ែរដូហ្កាន នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ទទួល​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លាឌីមៀរ ពូទីន។ ប្រមុខ​រដ្ឋរុស្ស៊ី ធ្វើដំណើរ​ទស្សនកិច្ច​មួយថ្ងៃ​ទៅ​ទីក្រុង​អង់ការ៉ា ដើម្បី​និយាយ​ពី​វិបត្តិ​នយោបាយ និង​សង្រ្គាម នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ ប្រមុខដឹកនាំ​រុស្ស៊ី និង​តួកគី​នឹង​ពិភាក្សា​គ្នា​ផងដែរ ពី​កិច្ចសន្យា​ទិញអាវុធ​សម្រាប់​កងទ័ព​តួកគី។

ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី នៅ​រដ្ឋធានី អង់ការ៉ា ប្រទេស​តួកគី បាន​បាំង​បិទ​ទាំងស្រុង​វិបត្តិ​ការទូត ដ៏ធ្ងន់ធ្ងរ​ដែល​ប្រទេស​ទាំងពីរ​បាន​ធ្លាប់​មាន​នឹង​គ្នា កាលពី​ពីរ​ឆ្នាំមុន។ នៅ​ឆ្នាំ ២០១៦ ទំនាក់ទំនង​រុស្ស៊ី និង​តួកគី បាន​ធ្លាក់ចុះ​សឹង​ដល់​កម្រិត​សូន្យ បន្ទាប់ តួកគី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី មួយគ្រឿង ដែល​ធ្វើ​ប្រតិបត្តិការ​នៅព្រំដែន​ស៊ីរី ជាមួយ តួកគី កាលពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៥។

នៅក្នុង​វិបត្តិ​ស៊ីរី តួកគី និង​រុស្ស៊ី​មានជំហរ​មិនដូច​គ្នា​នោះទេ។ អាច​ថា ភាគី​ទាំង​ពីរ​ត្រូវ​ប្រឈម​មុខដាក់​គ្នា​ដោយ​ខាន​មិនបាន ព្រោះថា រុស្ស៊ី និង​អ៊ីរ៉ង់ ធ្វើ​ប្រតិបត្តិការ​យោធា​ការពារ​គាំទ្រ ប្រធានាធិបតី​ស៊ីរី លោក​បាស្ហា អាល់អាសាដ ចំណែក​តួកគី​ឯណោះ ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ និង​យោធា​ដល់​ក្រុមទាហាន​ប្រឆាំង​ស៊ីរី ដែល​ប្រយុទ្ធ​តតាំង​នឹង​ទាហាន​រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ។

ទោះ​មានជំហរ​មិន​ដូចគ្នា នៅក្នុង​ការដោះស្រាយ​វិបត្តិ​ស៊ីរី ប៉ុន្តែ តួកគី និង​រុស្ស៊ី​នៅ​តែ​អាច​ដាក់​ការខ្វែងគំនិត​គ្នា នៅគន្លៀត​ជញ្ជាំង និង​ងាក​ត្រលប់​មក​ចរចា ត្រូវរ៉ូវ គ្នា រហូត​បង្កើត​បាន​តំបន់​គ្មាន​ការផ្ទុះអាវុធ នៅ​ស៊ីរី​នៅ​ពាក់​កណ្តាល​ខែ​កញ្ញានេះ។ តួកគី​បាន​លះបង់​ចោល​ជំហរ​រឹងត្អឹងរបស់​ខ្លួន ដើម្បី​ងាករេ​ទៅ​រក​រុស្ស៊ី បន្ទាប់​ពី​តួកគី​កាន់តែ​លែង​ចុះសម្រុង និង​ថ្នាំងថ្នាក់​កាន់តែ​ខ្លាំង ជាមួយ​ប្រទេស​លោកខាងលិច ជាពិសេស អាមេរិក និង​អាល្លឺម៉ង់។ តួកគី ចាប់អាក់អន់​ចិត្ត​នឹង​អាល្លឺម៉ង់ នៅក្រោយ អាល្លឺម៉ង់ រិះគន់​នយោបាយ​បោសសម្អាត របស់​រដ្ឋាភិបាល​លោក​អ៊ែរដូហ្កាន នៅក្រោយ​ផែនការ​ធ្វើ​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច នៅ​តួកគី។ ការរឹតចំណង​តួកគី និង​រុស្ស៊ី រហូត​ដល់​ការប្រកាស​កិច្ចសន្យា​ទិញ​ប្រព័ន្ធ​ខែលមីស៊ីល​រុស្ស៊ី ដើម្បី​បំពាក់​ឲ្យ​កងទ័ព​តួកគី រឹត​តែ​ធ្វើ​ឲ្យ​ប្រទេស​ខាងលិច បារម្ភ និង​អាច​បង្ក​ជា​បញ្ហាចោទ​សម្រាប់​តួកគី ដែល​ជា​សមាជិក​របស់​អង្គការ​អូតង់ នាំមុខ​ដោយ​អាមេរិក។

ក្រៅតែ​ពី​បញ្ហា​ស៊ីរី ស្ថានភាព​នយោបាយ​នៅ​អ៊ីរ៉ាក់ ក៏​ក្លាយ​ជា​ប្រធានបទ​សំខាន់​នៅក្នុងជំនួបរវាង​ប្រមុខ​រដ្ឋរុស្ស៊ី និង​តួកគី​ផងដែរ។ រដ្ឋាភិបាល​តួកគី​បាន​ថ្កោលទោស ការបោះឆ្នោត​ប្រជាមតិ នៅគួឌីស្ថាន នៅអ៊ីរ៉ាក់ ដែលនៅក្នុង​នោះ​ប្រជាជន​គាំទ្រ​ឲ្យ​មាន​ការទាមទារ​ឯករាជ្យ​ពី​រដ្ឋាភិបាល​អ៊ីរ៉ាក់។ សម្រាប់​តួកគី ការទាមទារ​ឯករាជ្យ​របស់​គួឌីស្ថាន​អ៊ីរ៉ាក់ គឺជា​គំរូ​ដ៏​អាក្រក់ ដែល​ជនជាតិ​គួដ​នៅ​តួកគី អាច​ធ្វើតាម ដើម្បី​ទាមទារ​ឯករាជ្យ​ពី​រដ្ឋាភិបាល​តួកគី។ ទីក្រុង​អង់ការ៉ា បាន​ព្រមាន​រួចហើយ ពី​ផលវិបាក​សេដ្ឋកិច្ច បើសិន​គួឌីស្ថាន នៅ​អ៊ីរ៉ាក់​ទាមទារ​ឯករាជ្យ។ ប៉ុន្តែ រុស្ស៊ី វិញ ដែល​មាន​ចំណង​សេដ្ឋកិច្ច​ល្អប្រសើរ​ជាមួយ​គួឌីស្ថាន​អ៊ីរ៉ាក់ មិន​គាំទ្រ​ជំហរ​របស់​តួកគី និង​ទាមទារ​ឲ្យ​គេ​គោរព​ការសម្រេច​ចិត្ត​របស់​ប្រជាជន ជាតិ​គួឌីស្ថាន។ គេ​អាច​យល់​ពី​ជំហរ​របស់​រុស្សី ព្រោះថា រុស្ស៊ី ធ្លាប់​បាន​ប្រយោជន៍ ទទួល​បានទឹកដី​គ្រីមេ មកកាន់កាប់ ក៏ដោយសារ​ការបោះឆ្នោត​ប្រជាមតិ​ទាមទារ​ផ្តាច់ទឹកដី ពី​រដ្ឋាភិបាល​អ៊ុយក្រែន នៅ​ឆ្នាំ ២០១៤ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ