អានតួអត្ថបទ

អេស្ប៉ាញ ​​​បិទ​ការិយាល័យ​បោះឆ្នោតប្រជាមតិ​ខុស​ច្បាប់​​នៅកាតាឡូញ៉ាបាន​ជាង​ពាក់កណ្តាល

ភាព​តាន​តឹង​កំពុង​ឡើ​ងខ្លាំង​នៅ​ប្រទេស​អេស្ប៉ាញ ! ម្ខាង​ជា​ក្រុម​បាតុករ​ប្រមូល​ផ្តុំ​គ្នា​ស្រែក​ទាមទារ​រក​ការ​រួបរួម​ជាតិ ម្ខាង​ជា​ក្រុម​ផ្តាច់​ទឹក​ដី​និយមកាតាឡូញ៉ា​ ដែលកំពុង​ជំនះ​ឈាន​ទៅ​សម្រេច​ ការ​បោះឆ្នោត​ប្រជាមតិ​ ដើម្បី​ទាមទារ​ឯករាជ្យ។ ការ​បោះឆ្នោត​​ប្រជាមតិ​ខុស​ច្បាប់ គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​​ថ្ងៃ​​អាទិត្យ​ទី ១ តុលា​នេះ។ រដ្ឋាភិបាល​តំបន់​​បាន​ប្រកាសរៀប​ការិយាល័យ​បោះឆ្នោត ចំនួន២៣០០​កន្លែង​​។ ប៉ុន្តែ​អំណាច​កណ្តាល​អេស្ប៉ាញ​មិនបណ្តោយ​និង​បាន​បិទ​ខ្ទប់​ការិយាល័យ​នោះ​អស់ជាង​​ពាក់​កណ្តាល។

បាតុកម្ម​និស្សិត​ដើម្បី​រៀប​ចំ​ប្រជាមតិ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា
បាតុកម្ម​និស្សិត​ដើម្បី​រៀប​ចំ​ប្រជាមតិ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា REUTERS/Juan Medina
ផ្សាយពាណិជ្ជកម្ម

សម្រាប់​រដ្ឋាភិបាល​អេស្ប៉ាញ នឹង​គ្មាន​ទេ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃ​ទី ១ តុលា​នេះ ! ក្រុង​ម៉ាឌ្រីដ​សង្ឃឹម​លើ​ស្មារតី​ប៉ូលិស​កាតាឡូញ៉ា ដែល​ជា​តំណាង​រដ្ឋាភិបាល​ ក្នុង​ការ​រារាំង​កុំ​ឱ្យ​ការ​បោះឆ្នោត​ប្រជាមតិ​ខុស​ច្បាប់​អាច​ប្រព្រឹត្ត​ទៅ​បាន។

បើ​គិត​មក​ទល់​នឹង​រសៀល​ថ្ងៃ​សៅរ៍​ទី ៣០​កញ្ញា អាជ្ញាធរ​ប៉ូលិស​តំបន់​កាតាឡូញ៉ា បានប្រកាស​​បិទខ្ទ​ប់​​ការិយាល័យ​បោះឆ្នោត​ បាន​ជាង​ពាក់​កណ្តាល ពោល​គឺប្រមាណ​​១៣០០​កន្លែង។ នៅ​ក្នុង​ចំណោម​នោះ​ ១៦៣​ការិយាល័យ ​សកម្មជន​ទាមទារ​ផ្តាច់​ទឹក​ដី​និយម​ ជាប់​នៅ​ខាង​ក្នុង​ផង។ សកម្មជន​ទាំ​ងនោះ​មាន​សិទ្ធិ​សុំ​ដើរ​ចេញ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ជ្រៀត​ចូល​ការិយាល័យនោះ​បាន​វិញ​ទេ។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​តំបន់​កាតាឡូញ៉ា បាន​និង​កំពុង​បន្ត​ជំនះ​​រៀប​ចំ​ការ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​ទាមទារ​ឯករាជ្យ​តំបន់ ផ្តាច់​ខ្លួន​ចេញ​ពី​ប្រទេស​អេស្ប៉ាញ ​យ៉ាង​មុះមុត។ តាំង​ពី​ថ្ងៃ​សុក្រ​មក សកម្មជន​អ្នក​ផ្តាច់​ទឹក​ដី​និយម ដែល​ជាប្រជាពលរដ្ឋ ជា​មាតា​បិតា​សិស្ស បាន​នាំ​គ្នា​ចូល​ទៅ​កាន់​កាប់សាលា​រៀន​ជា​ច្រើន ដើម្បី​រៀបចំ​យក​ធ្វើ​ជា​​ការិយាល័យ​បោះឆ្នោត​។ ប្រមុខ​ចលនា​ឯករាជ្យ​និយម​បាន​ប្រកាស​ដែរ​ មាន​​២៣១៥​​ការិយាល័យ​ ចាំ​ទទួល​ពលរដ្ឋ​កាតាឡូញ៉ា​មក​បោះឆ្នោត​ប្រជាមតិ​។

ប្រជាមតិ​នេះជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​វា​​ត្រូវ​បាន​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ។ តុលាការ​ក៏​បាន​ចេញ​បម្រាម​ ឱ្យ​សាលា​រៀន ព្រម​ទាំង​អាគារ​សាធារណៈ​ផ្សេង​ទៀត ដែល​អាចប្រែក្លាយ​ជា​ការិយាល័យ​បោះឆ្នោតបាន​ ត្រូវ​​បិទ​ទ្វារ​ និង​បាន​បញ្ជា​ឱ្យ​ប៉ូលិស​កាតាឡូញ៉ា យាម​ទៅ​តាម​ច្រក​ចូល​ស្ថាប័ន​ទាំង​នោះ ព្រម​ទាំង​រឹប​អូស​យក​រាល់​សម្ភារៈ​បរិក្ខារ​សម្រាប់​បោះឆ្នោត​។ ប៉ូលិស​ដែល​មាន​អារម្មណ៍​ជា​ជនជាតិ​កាតាឡូញ៉ាផង ជា​អ្នក​តំណាង​រដ្ឋាភិបាល​ផង ក៏​បាន​ទទួល​បទ​បញ្ជា​មិន​ឱ្យ​ប្រើ​កម្លាំង​ហិង្សា​លើ​ពលរដ្ឋ​ទេ។ ពួក​គេ​បាន​ត្រឹម​អញ្ជើញ​ក្រុម​អ្នក​កាប់​កាប់​ និង​ជាប់​ក្នុង​ការិយាល័យ​ ចេញ​ដោយ​សម្រួល យ៉ាង​យូរ​ត្រឹម​​ព្រឹក​ថ្ងៃ​អាទិត្យ​វេលា​ម៉ោង​៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ