អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើបារាំង​មាន​ភាព​តឹង​តែង​យ៉ាងណា​ក្នុង​ផ្នែក​​ប្រឆាំង​ភេរវកម្ម​ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពីដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​អស់​រយៈ​ពេល​២២​ខែ នៅ​ថ្ងៃ​ទី​៣​តុលា​នេះ សភា​បារាំង​បាន​បោះឆ្នោត​អនុម័ត​គម្រោង​ច្បាប់​ភេរវកម្ម​ថ្មី។ ជា​គម្រោង​ច្បាប់​ដ៏​ចាំ​បាច់​និង​មាន​លំនឹង​ សម្រាប់​នាំ​ប្រទេស​ចេញ​ពីភាព​អាសន្ន​ ហើយអាច​ធានា​បាន​សុវត្ថិភាព​និង​សន្តិសុខ​ជូន​ពលរដ្ឋ​បាន​យ៉ាង​ពេញ​លេញ។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ប៉ុន្តែ​គម្រោង​ច្បាប់​នេះ​បាន​ទទួល​រក​ការ​រិះគន់​យ៉ាង​ខ្លាំង សូម្បី​តែ​សមាជិក​សភា​​នៃ​បក្ស​កាន់​អំណាច​ផ្ទាល់​ក៏​មាន​អ្នក​បោះឆ្នោត​អនុប្បវាទ​ដែរ។ តើ​ច្បាប់​ប្រឆាំង​ភេរវកម្ម​នេះ​មាន​តម្លៃពិត​យ៉ាងណា បើ​ប្រៀប​ទៅ​នឹង​ប្រទេស​ផ្សេង ?

សភា​បារាំង​ទើប​បាន​អនុម័ត​គម្រោង​ច្បាប់​ប្រឆាំង​ភេរវកម្ម​ដែល​នឹងមក​ជំនួស​ច្បាប់​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន
សភា​បារាំង​ទើប​បាន​អនុម័ត​គម្រោង​ច្បាប់​ប្រឆាំង​ភេរវកម្ម​ដែល​នឹងមក​ជំនួស​ច្បាប់​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

សភា​បារាំង​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​តែ​ពី​រ​ថ្ងៃ​ក្រោយ​ភេរវកម្ម​ចាក់​សម្លាប់​មនុស្ស​នៅម៉ាកសី ក្រុង​ភាគ​ខាង​ត្បូង​ប្រទេស និង​ឃាតកម្ម​នៅ​ឡាស់វេហ្កាស ដែល​អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ថា​ជា​ស្នាដៃ​របស់​ពួក​គេ។ គម្រោង​ច្បាប់​នេះ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី ១ វិច្ឆិកា ពោល​គឺ​មក​ជំនួស​ច្បាប់​ដាក់​ប្រទេស​ភាព​អាសន្ន​ភេរវកម្ម​ ដែល​បារាំង​បាន​ប្រកាន់​យក​តាំង​ពី​ថ្ងៃទី ១៣​វិច្ឆិកា​២០១៥​មក។ ក៏​ប៉ុន្តែ​សម្រាប់​បក្ស​កុម្មុយនិស្ត​បារាំង និង​បក្ស​ស្តាំ​ជ្រុលនិយម​ គម្រោង​ច្បាប់​នេះ គឺ​ជា​ការ​ប្រែក្លាយ​ច្បាប់​អាសន្ន​ឱ្យ​ទៅ​ជា​ច្បាប់​ព្រហ្មទណ្ឌ​ទូទៅ​។ ឯ​ខាង​អ្នក​សាធារណរដ្ឋ​ យល់​ថា​មិន​សូវ​តឹង​តែង​ ព្រោះ​ការ​គំរាមកំហែង​ភេរវកម្ម​នៅ​ខ្ពស់​ខ្លាំង។ តើ​ការ​រិះគន់​នេះ​មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​ទេ ?! ចុះ​បើ​ប្រៀប​នឹង​ប្រទេស​ផ្សេង​ តើ​ច្បាប់​ប្រឆាំង​ភេរវកម្ម​បារាំង​ធូររលុង​ប៉ុណ្ណា ?

តាម​ការ​ពិត​ថ្វី​បើ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ Amnesty International ទើប​បាន​ចេញ​របាយការណ៍​បន្ទោស​សមាជិក​អឺរ៉ុប​ថា​យក​ច្បាប់អាសន្ន​មក​ប្រើ​ជា​ធម្មតា​មែន តែ​ប្រធាន​មជ្ឈមណ្ឌល​វិភាគ​ភេរវកម្ម​បារាំង​យល់​ថា​ច្បាប់​ភេរវកម្ម​បារាំង​នៅធូររលុង​ខ្លាំង។

ដែន​អំណាច​​ការពារ

តាម​រយៈ​គម្រោង​ច្បាប់​ថ្មី មេប៉ូលិស​មាន​លទ្ធភាព​ជាអ្នក​ចាត់​វិធានការ​ការពារ​ ជា​អ្នក​គ្រប់គ្រង​ធ្វើ​អធិការកិច្ច និង​ចម្រោះ​ ដោយ​ប្រើ​កម្លាំង​សន្តិសុខ​ឯកជន​ផង​ក៏​បាន។

ក្នុង​វិស័យ​នយោបាយ​ការពារ​នេះ​ អ៊ីស្រាអែល​មាន​បទ​ពិសោធន៍​ខ្លាំង​ជាងគេ។ ស្គាល់​សង្គ្រាម​៧​លើក សង្គ្រាម​សាសនា​គប់​ដំថ្ម ២​លើក អ៊ីស្រាអែល​បាន​អភិវឌ្ឍន៍​វិធានការការពារ​ខ្លាំង​ណាស់ ជាពិសេស​នៅ​តាម​តំបន់ មណ្ឌល​សំខាន់ៗ ដូច​ជា​កា​រ​ប្រើ​រនាំង​នៅ​ច្រក​ចូល​ដើម្បី​ចម្រោះ​មនុស្ស​ ប្រើ​សរសរ​ដែកថែប​ដើម្បី​បញ្ឈប់​ឬ​ពន្យឺត​រថយន្ត​កុំ​ឱ្យ​បើក​សម្រុក​ទៅ​បុក​ហ្វូង​មនុស្ស​ដើរ​… តាំងពី​ឆ្នាំ​២០១៥​មក បារាំង​បាន​ក្លាយ​ជា​អតិថិជន​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីស្រាអែល។

ការ​ឆែកឆេរ​

នៅ​ក្នុង​ស្ថានភាព​ប្រទេស​ក្នុង​ភាព​អាសន្ន​ ការ​ឆែកឆេរ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ឆ្លង​កាត់​តុលាការ​ទេ។ ជាមួយ​ច្បាប់​បារាំង​ថ្មី មេប៉ូលិស​នៅ​តែ​ជា​អ្នក​សម្រេច​ដដែល ដោយ​គ្រាន់​តែ​សុំ​ការ​យល់​ព្រម​ពី​ចៅក្រម​ និងទៅ​ពិគ្រោះ​ជាមួយ​រដ្ឋ​អាជ្ញា​ប៉ារីស ព្រម​ទាំង​ប្រើ​ពាក្យ​ទៅ​មើល ជំនួស​ពាក្យ​ថា​ឆែកឆេរ។

នៅ​សហរដ្ឋ​អាមេរិក​ ច្បាប់​ Patriot Act អនុម័ត​នៅឆ្នាំ​២០០១ បាន​ផ្តល់​អំណាច​ឱ្យ​FBI ឆែកឆេរ​ដោយ​មិន​បាច់​សុំ​ការ​អនុញ្ញាត​ពី​តុលាការ​ ទោះ​បី​ក្នុង​ករណី​អវត្តមាន​ម្ចាស់​ផ្ទះ​ក៏​ដោយ។ មុន​នឹ​ងធ្វើ​វិសោធនកម្ម​វិញ។ ប៉ុន្តែ​ច្បាប់​បារាំង មាន​លក្ខខណ្ឌ​ច្បាស់​លាស់​ជាង ការ​ឆែកឆេរ​ត្រូវ​ធ្វើ​ក្រោម​វត្តមាន​ម្ចាស់​ផ្ទះ​ ឬ​អ្នក​តំណាង​ ហើយ​ក្នុង​ករណី​អវត្តមាន​ ត្រូវ​មាន​សាក្សីឯករាជ្យ​ពីរ​នាក់។

​បិទ​ទីតាំង​សាសនា

ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ថ្មី ក៏​ដូច​ស្ថិត​ក្នុង​ភាព​អាសន្ន​ដែរ មេ​ប៉ូលិសអា​ចបញ្ជា​ឱ្យ​​បិទ​កន្លែង​សាសនា​ណា​មួយ ​ដែល​មាន​ផ្សព្វផ្សាយ ​ឃ្លាឃ្លោង ​សំណេរ ​គំនិត​ ក្បួន​ច្បាប់​ ឬ​ខ្លឹមសារ​ជា​ការ​ញុះញង់​​ឱ្យមាន​អំពើ​ហិង្សា ការ​ស្អប់​ខ្ពើម​គ្នា​ ការ​រើសអើង និង​បែប​ភេរវនិយម ក្នុង​រយៈ​ពេល​៤៨​ម៉ោង ទល់​នឹង​៦​ខែ​កាលពី​មុន។ ទង្វើ​បែប​នេះ​មាន​ស្ទើរ​នៅ​គ្រប់​ប្រទេស​ក្នុង​អឺរ៉ុប។ កាលពី​ខែ​កុម្ភៈ​ដើមឆ្នាំ អាល្លឺម៉ង់​បាន​បិទ​វិហារ​អ៊ីស្លាម​ជ្រុលនិយម​មួយ។ ​ការ​បិទ​ទីតាំង​សាសនា​មិន​មែន​ជាអាទិភាព​របស់​ច្បាប់​ប្រឆាំង​ភេរវកម្ម​ទេ តែ​ជា​កម្មវត្ថុ​ចំបង​មួយ​នៃ​​ការ​ការពារ​ ដែល​បារាំង​មាន​យុទ្ធសាស្ត្រ​មិន​គ្រប់​គ្រាន់​ពី​មុន​មក។

ឃាត់​​ខ្លួនឱ្យ​នៅ​ក្នុង​គេហដ្ឋាន

ខុស​ពីច្បាប់​អាសន្ន ច្បាប់​ប្រឆាំង​នឹងភេរវកម្ម​ថ្មី នឹ​ងជំនួស​ការ​​ឃាំង​ឱ្យ​នៅ​តែ​ក្នុង​គេហដ្ឋាន ទៅ​ជា​វិធានការ​តាមដាន​បុគ្គល​ ដោយ​ពង្រីក​រង្វង់ឃុំ​ឃាំង​ក្នុង​ផ្ទះ ទៅ​ជាការ​ឃុំឃាំង​ក្នុង​ភូមិ ឬ​ដល់​កំរិត​ខេត្ត​ផង​ប្រសិន​បើ​ជនជាប់​សង្ស័យ​នោះ​ព្រម​ពាក់​ខ្សែ​ជើង​អេឡិចត្រូនិក។

ត្រង់​ចំណុច​នេះ​​ ច្បាប់​អង់គ្លេស​មាន​លក្ខណៈ​តឹង​តែង​ជាង​ឆ្ងាយ​ណាស់។ ច្បាប់​ឆ្នាំ​២០១១​ អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សម្រាច​​​ឃុំ​ឃាំង​​ឱ្យ​នៅតែ​ក្នុង​ផ្ទះបុគ្គល​ណាម្នាក់ ឬ​ច្រើន​នាក់ ចេញ​ក្រិត្យ​ឱ្យ​នៅ​ជាមួយនរណា ដើរ​បាន​ត្រឹម​ណា និង​កំរិត​សិទ្ធិ​និយាយស្រ្តី ឬ​សិទ្ធ​ទាក់ទង​ជាមួយ​មនុស្ស​ផ្សេង​ទៀត។

ត្រួត​ពិនិត្យ​អត្តសញ្ញាណ​នៅ​ព្រំដែន

គម្រោង​ច្បាប់​បាន​ពង្រីក​ដែន​អំណាច​របស់ប៉ូលិស​ក្នុង​ការ​ត្រួត​ពិនិត្យ​អត្តសញ្ញាណ​ នៅ​តាម​ព្រំដែន​ដោយ​មិន​បាច់​ឆ្លង​កាត់​តុលាការ ដូច​ជាឆែក​នៅ​ជិត​ចំណត​រទេះ​ភ្លើង (មិន​មែន​តែ​ខាង​ក្នុង) និង​នៅ​រង្វង់​២០​គីឡូម៉ែត្រ​ពី​អាកាសយានដ្ឋានអន្តរជាតិ។ ច្បាប់​នេះ​មាន​កំរិត​ប្រហាក់​ប្រហែល​គ្នា​ទាំង​អស់​នៅ​អឺរ៉ុប លើក​លែង​តែ​ក្រុម​ប្រទេស​អឺរ៉ុប​កណ្តាល​ ដែល​ភាព​តឹង​តែង​ខ្លាំង​មែនទែន។

មណ្ឌល​ឃុំឃាំង

អ្នក​សាធារណរដ្ឋ​​មួយ​ចំនួន​ធំ​បាន​បន្ទោស​ច្បាប់​ប្រឆាំងភេរវកម្ម​ថ្មី​នេះ​ថា​មាន​រាក់​កំផែល។ ពួកគេ​ចង់បង្កើត​មណ្ឌល​ឃុំឃាំង​​ថ្មី​ ដើម្បី​ឱ្យ​សក្តិសម​ទៅ​នឹង​ស្ថានការណ៍។ នៅ​សហរដ្ឋ​អាមេរិក​ ច្បាប់​បើក​សិទ្ធិ​ឱ្យ​មាន​ចោទ​ប្រកាន់ជន​សង្ស័យ​​ដោយ​គ្មាន​កំរិត​ចំនួន​មនុស្ស​ និងអាច​បញ្ជូន​ចូល​ពន្ធនាគារ​ដោយ​មិន​ឆ្លង​កាត់​តុលាការ។ នៅ​អង់គ្លេស ការ​ឃុំឃាំង​ជនសង្ស័យពី​បទ​ភេរវកម្ម​ ដោយ​គ្មាន​ការ​ចោទ​ប្រកាន់ ​អាច​មាន​រយៈ​ពេល​ដល់​ទៅ​២៨​ថ្ងៃ។

បញ្ជូន​ទៅ​ស្រុក​ដើម​ជន​បរទេស​ជាប់​បញ្ជី​ខ្មៅ​ភេរវកម្ម

រដ្ឋាភិបាល​ធ្លាប់​បាន​បណ្តេញ​ជន​អ៊ីស្លាម​ជ្រុល​និយម​បរទេស​ជា​ច្រើន​នាក់​ហើយ (ប្រមាណ​៦០​នាក់ កាលពី​ឆ្នាំ​២០១២។ ឯ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ថ្មី សភា​បារាំង​បាន​ច្រាន​ចោល​សំណើ​របស់​បក្ស​សាធារណរដ្ឋ និង​បក្ស​រណសិរ្ស​ជាតិ​ បញ្ជូន​ជា​ស្វ័យប្រវត្តិ​រាល់​គ្រប់​ជន​បរទេស​​ជាប់​ក្នុង​បញ្ជី​អ្នក​ជ្រុលនិយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ