អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ណូបែល​សន្តិភាព២០១៧ផ្តល់​ជ័យលាភី​​ដល់​យុទ្ធនាការ​​ប្រឆាំង​នឹង​អាវុធ​នុយក្លេអ៊ែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ណូបែល​សន្តិភាព​​ដែល​ពិភពលោក​រង់ចាំ​ជាង​គេ​ បាន​ប្រកាស​ហើយ ! នៅ​ឆ្នាំ​នេះ គណៈកម្មការ​ណូបែល​ បាន​សម្រេច​ផ្តល់​កិត្តិយស​ដល់​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​នុយក្លេអ៊ែរ។ យុទ្ធនាការ​អន្តរជាតិ​ដើម្បី​រំលាយ​អាវុធ​នុយក្លេអ៊ែរ ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ប្រចាំ​ឆ្នាំ​២០១៧ ! ​​ប៉ុន្តែ​សួរ​ថា​តើ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​រំលាយ​អាវុធ​នុយក្លេអ៊ែរ​ជា​អ្វី និង​បាន​ធ្វើ​អ្វី​ខ្លះ​ ប្រឆាំង​នឹង​នុយក្លេអ៊ែរ ទើប​បាន​ទទួល​ជ័យលាភី​ដ៏​មហាកិត្តិយស​នេះ ?

លោកស្រី​នាយក​អង្កការICAN លើក​បដា​អបអរ​ ពេល​​ជាប់​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ ២០១៧
លោកស្រី​នាយក​អង្កការICAN លើក​បដា​អបអរ​ ពេល​​ជាប់​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ ២០១៧ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

ពិភពលោក​​ទន្ទឹង​ខ្លាំង​ណាស់ ការ​ប្រកាស​លទ្ធផល​ណូបែល​សន្តិភាព​។ ដូច​ជា​រៀងរាល់​ឆ្នាំ ឱ្យ​តែ​ដល់​រដូវណូបែល​ម្តងៗ អ្នក​វិភាគ​និ​ងអ្នក​តាមដាន​ព្រឹត្តិការណ៍ សុទ្ធ​តែ​នាំ​គ្នា​ទស្សន៍ទាយ និងនាំ​គ្នា​ស្មាន ​វិភាគ​​ថា​បេក្ខភាព​នេះ ឬ​បេក្ខភាព​នោះ សម​​នឹង​ក្លាយ​ទៅ​ជា​ជ័យលាភី បើ​ទោះ​បី​ជា​ដឹង​ថា​ល្បែង​ស្មាន​នោះ​ ពិបាក​ខ្លាំង​ ព្រោះ​គេ​ដឹង​តែ​អំពី​ចំនួន​បេក្ខភាព ឯ​​អត្តសញ្ញាណរបស់​​បេក្ខភាព ត្រូវ​លាក់​ជា​សម្ងាត់​រយៈ​ពេល​យ៉ាង​ហោច​៥០​ឆ្នាំ។

នៅ​ឆ្នាំ​នេះ បេក្ខភាព​សរុប មាន​៣១៨ ឯ​ជ័យលាភី​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​រំលាយ​អាវុធ​នុយក្លេអ៊ែរ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស ថា ICAN (International Campaign to Abolisth Nuclear weapons)។ គណៈកម្មការ​ណូបែល​ ​ បាន​សម្រេច​ផ្តល់​កិត្តិយស​ដល់កិច្ច​ខំប្រឹង​ប្រែង​ធ្វើ​យុទ្ធនាការ​​ប្រឆាំង​នឹង​នុយក្លេអ៊ែរ។ ជា​សេចក្តី​សម្រេច​ប្រកប​ដោយ​គិតយុត្តិ​បំផុត​ព្រោះ​ណូបែល​ មាន​ប្រពៃណី​ប្រឆាំង​នឹង​នុយក្លេអ៊ែរ ហើយ​ត្រូវ​ស្ថានការណ៍​ខ្លាំង​ណាស់ ៖ មាន​ការគំរាម​កំហែង​នុយក្លេអ៊ែរ​កូរ៉ខាង​ជើង​ផង ហើយ​លោកត្រាំ​ចង់​សើរើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៀត។ ហេតុ​ដូច្នេះហើយ​បាន​ជា​គណៈកម្មការ​ណូបែល​ ឆ្លៀត​អំពាវនាវ​ឱ្យគ្រប់​ប្រទេសទាំង​អស់ នាំគ្នា​គោរព​សន្ធិសញ្ញា​អន្តរជាតិ និង​អំពាវ​នា​វឱ្យ​មហា​អំណាច​គិត​គូរ​ចរចា​ច្បាស់​លាល់​ដើម្បី​ឈាន​ដល់​ការ​លុប​បំបាត់​នុយក្លេអ៊ែរ

តើ​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​រំលាយ​អាវុធ​នុយក្លេអ៊ែរ​ជានរណា ?

ICAN ជា​សម្ព័ន្ធអង្គការ​ក្រៅ​រដ្ឋាភិបាល​ពិភពលោក​ ដែល​ប្រមូល​ផ្តុំ​នៅ​ក្នុង​ប្រទេស ចំនួន​៩៣។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នោះ ជា​អង្គការ​មនុស្សធម៌ អង្គការ​ការពារ​បរិស្ថាន អង្គការ​ការពារ​សិទ្ធិមនុស្ស អង្គការ​អ្នក​សន្តិភាព​និយម អង្គការ​ដើម្បី​អភិវឌ្ឍន៍​ ...

​មាន​កំណើត​នៅ​អូស្ត្រាលី តែ​ICAN បាន​​បង្កើត​ចេញជា​រូបរាង​ផ្លូវការ​ នៅ​ឆ្នាំ ២០០៧ នៅទីក្រុង​វីយ៉ែន ប្រទេស​​អូទ្រីស និង​មាន​ទីស្នាក់ការ នៅ​ហ្សឺណែវ ក្បែរ​អង្គការ​សហប្រជាជាតិ​។ កម្មវត្ថុ​របស់​អង្គការ​គឺ​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋ​គ្រប់​ប្រទេស​នៅ​លើ​ពិភពលោក​ ឱ្យ​នាំ​គ្នា​មាន​គំនិត មាន​ចិត្ត​និង​ដាក់គំនាប​លើ​រដ្ឋាភិបាល​ ឱ្យ​ជ្រើសរើស​យក​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ។ បច្ចុប្បន្ន​ICAN មាន​ដៃ​គូ​ដល់​ជាង​បីរយ និង​បាន​ការ​ចូល​រួម​ពី​ឥស្សរជនធំៗ និង​​តារាល្បីៗ។

​សកម្មភាពICAN

តាំង​ពី​១០​ឆ្នាំ​មក​ហើយ សកម្មភាព​ចំបង​របស់​​ICAN គឺ​ទាមទារ​ឱ្យ​ពិភពលោក​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ។ យុទ្ធនាការ​របស់​ICAN ​បាន​ទទួល​កា​រគាំទ្រ​ពី​​​ក្រុម​ប្រទេសគ្មាន​នុយក្លេអ៊ែរ ដែល​បាន​ផ្តួត​ផ្តើម​គំនិត​បង្កើត​សន្ធិសញ្ញា​គ្មាន​អាវុធ​នុយក្លេអ៊ែរ។​ហើយ​ការ​តស៊ូ​ដ៏​ស្វិតស្វាញ និង​ដ៏​សកម្មរបស់​អង្គការ​ ​បាន​ផ្តល់​ជោគជ័យ​ដំបូង​ឱ្យ​​អង្គការ កាលពី​ខែ​កក្កដា ២០១៧ នៅ​អង្គការ​សហប្រជាជាតិ តាម​រយៈ​ការ​អនុម័ត​សន្ធិសញ្ញា​ហាមឃាត់​ឃាត់ និង​លុប​បំបាត់​​អាវុធ​នុយក្លេអ៊ែរ​​ ចុះ​ហត្ថលេខា​ដោយ​ ១២២​ប្រទេស បើ​ទោះ​បី​ជា​ក្រុម​ប្រទេស​មហាអំណាច​ និង​ក្រុមប្រទេស​មានអាវុធ​នុយក្លេអ៊ែរ ប្រឆាំង​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏ដោយ។

នេះ​គឺ​ជា​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​អង្គការ​​ICAN ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែជោគជ័យ​នេះ​មាន​តម្លៃ​ជា​និម្មិត្តរូប​ច្រើន​ជាង ព្រោះ​ដូច​យើង​ដឹង​ស្រាប់​គ្រប់​គ្នា សន្ធិសញ្ញា​ថ្មី​នេះ ​គ្មានការ​ចុះ​​ហត្ថលេខា និង​ការ​គាំទ្រ​ពី​ក្រុម​ប្រទេស​មហាអំណាច ទាំង​៥ សហរដ្ឋ​អាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន​ ព្រមទាំង​​ក្រុម​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាង​ជើង ដែល​មាន​គ្រាប់​បែក​នុយក្លេអ៊ែរ​សរុប​ប្រមាណ​ ១៥០០០​គ្រាប់។

ហើយ​ម្យ៉ាងទៀត សន្ធិសញ្ញា​នេះ អាច​ចូល​ជា​ធរមាន​បាន ដរាប​ណា​មាន​ប្រទេស​ហត្ថលេខី​យ៉ាង​តិច ៥០​ ផ្តល់​សច្ចាប័នសិន។

ICAN បាន​ឧទ្ទិស​ជ័យ​លាភី​នេះ​ឱ្យ​ដល់​គ្រប់​សកម្មជន​និង​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​ ដែល​បាន​លះបង់​កម្លាំង​ចិត្ត ​កម្លាំងកាយ​ ប្រឆាំង​នឹងការ​មាន​​អាវុធនុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ