ណូបែលសន្តិភាព២០១៧ផ្តល់ជ័យលាភីដល់យុទ្ធនាការប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖
ណូបែលសន្តិភាពដែលពិភពលោករង់ចាំជាងគេ បានប្រកាសហើយ ! នៅឆ្នាំនេះ គណៈកម្មការណូបែល បានសម្រេចផ្តល់កិត្តិយសដល់ការប្រយុទ្ធប្រឆាំងនឹងនុយក្លេអ៊ែរ។ យុទ្ធនាការអន្តរជាតិដើម្បីរំលាយអាវុធនុយក្លេអ៊ែរ ជាជ័យលាភីរង្វាន់ណូបែលសន្តិភាពប្រចាំឆ្នាំ២០១៧ ! ប៉ុន្តែសួរថាតើយុទ្ធនាការអន្តរជាតិដើម្បីរំលាយអាវុធនុយក្លេអ៊ែរជាអ្វី និងបានធ្វើអ្វីខ្លះ ប្រឆាំងនឹងនុយក្លេអ៊ែរ ទើបបានទទួលជ័យលាភីដ៏មហាកិត្តិយសនេះ ?
ពិភពលោកទន្ទឹងខ្លាំងណាស់ ការប្រកាសលទ្ធផលណូបែលសន្តិភាព។ ដូចជារៀងរាល់ឆ្នាំ ឱ្យតែដល់រដូវណូបែលម្តងៗ អ្នកវិភាគនិងអ្នកតាមដានព្រឹត្តិការណ៍ សុទ្ធតែនាំគ្នាទស្សន៍ទាយ និងនាំគ្នាស្មាន វិភាគថាបេក្ខភាពនេះ ឬបេក្ខភាពនោះ សមនឹងក្លាយទៅជាជ័យលាភី បើទោះបីជាដឹងថាល្បែងស្មាននោះ ពិបាកខ្លាំង ព្រោះគេដឹងតែអំពីចំនួនបេក្ខភាព ឯអត្តសញ្ញាណរបស់បេក្ខភាព ត្រូវលាក់ជាសម្ងាត់រយៈពេលយ៉ាងហោច៥០ឆ្នាំ។
នៅឆ្នាំនេះ បេក្ខភាពសរុប មាន៣១៨ ឯជ័យលាភីត្រូវបានប្រគល់ទៅឱ្យយុទ្ធនាការអន្តរជាតិដើម្បីរំលាយអាវុធនុយក្លេអ៊ែរ ឬហៅកាត់ជាភាសាអង់គ្លេស ថា ICAN (International Campaign to Abolisth Nuclear weapons)។ គណៈកម្មការណូបែល បានសម្រេចផ្តល់កិត្តិយសដល់កិច្ចខំប្រឹងប្រែងធ្វើយុទ្ធនាការប្រឆាំងនឹងនុយក្លេអ៊ែរ។ ជាសេចក្តីសម្រេចប្រកបដោយគិតយុត្តិបំផុតព្រោះណូបែល មានប្រពៃណីប្រឆាំងនឹងនុយក្លេអ៊ែរ ហើយត្រូវស្ថានការណ៍ខ្លាំងណាស់ ៖ មានការគំរាមកំហែងនុយក្លេអ៊ែរកូរ៉ខាងជើងផង ហើយលោកត្រាំចង់សើរើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ទៀត។ ហេតុដូច្នេះហើយបានជាគណៈកម្មការណូបែល ឆ្លៀតអំពាវនាវឱ្យគ្រប់ប្រទេសទាំងអស់ នាំគ្នាគោរពសន្ធិសញ្ញាអន្តរជាតិ និងអំពាវនាវឱ្យមហាអំណាចគិតគូរចរចាច្បាស់លាល់ដើម្បីឈានដល់ការលុបបំបាត់នុយក្លេអ៊ែរ
តើយុទ្ធនាការអន្តរជាតិដើម្បីរំលាយអាវុធនុយក្លេអ៊ែរជានរណា ?
ICAN ជាសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលពិភពលោក ដែលប្រមូលផ្តុំនៅក្នុងប្រទេស ចំនួន៩៣។ អង្គការក្រៅរដ្ឋាភិបាលទាំងនោះ ជាអង្គការមនុស្សធម៌ អង្គការការពារបរិស្ថាន អង្គការការពារសិទ្ធិមនុស្ស អង្គការអ្នកសន្តិភាពនិយម អង្គការដើម្បីអភិវឌ្ឍន៍ ...
មានកំណើតនៅអូស្ត្រាលី តែICAN បានបង្កើតចេញជារូបរាងផ្លូវការ នៅឆ្នាំ ២០០៧ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស និងមានទីស្នាក់ការ នៅហ្សឺណែវ ក្បែរអង្គការសហប្រជាជាតិ។ កម្មវត្ថុរបស់អង្គការគឺប្រមូលផ្តុំប្រជាពលរដ្ឋគ្រប់ប្រទេសនៅលើពិភពលោក ឱ្យនាំគ្នាមានគំនិត មានចិត្តនិងដាក់គំនាបលើរដ្ឋាភិបាល ឱ្យជ្រើសរើសយកសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ។ បច្ចុប្បន្នICAN មានដៃគូដល់ជាងបីរយ និងបានការចូលរួមពីឥស្សរជនធំៗ និងតារាល្បីៗ។
សកម្មភាពICAN
តាំងពី១០ឆ្នាំមកហើយ សកម្មភាពចំបងរបស់ICAN គឺទាមទារឱ្យពិភពលោកលុបបំបាត់អាវុធនុយក្លេអ៊ែរ។ យុទ្ធនាការរបស់ICAN បានទទួលការគាំទ្រពីក្រុមប្រទេសគ្មាននុយក្លេអ៊ែរ ដែលបានផ្តួតផ្តើមគំនិតបង្កើតសន្ធិសញ្ញាគ្មានអាវុធនុយក្លេអ៊ែរ។ហើយការតស៊ូដ៏ស្វិតស្វាញ និងដ៏សកម្មរបស់អង្គការ បានផ្តល់ជោគជ័យដំបូងឱ្យអង្គការ កាលពីខែកក្កដា ២០១៧ នៅអង្គការសហប្រជាជាតិ តាមរយៈការអនុម័តសន្ធិសញ្ញាហាមឃាត់ឃាត់ និងលុបបំបាត់អាវុធនុយក្លេអ៊ែរ ចុះហត្ថលេខាដោយ ១២២ប្រទេស បើទោះបីជាក្រុមប្រទេសមហាអំណាច និងក្រុមប្រទេសមានអាវុធនុយក្លេអ៊ែរ ប្រឆាំងខ្លាំងក្លាយ៉ាងណាក៏ដោយ។
នេះគឺជាជោគជ័យជាប្រវត្តិសាស្ត្រ សម្រាប់អង្គការICAN ក្នុងដំណើរឆ្ពោះទៅរកពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែជោគជ័យនេះមានតម្លៃជានិម្មិត្តរូបច្រើនជាង ព្រោះដូចយើងដឹងស្រាប់គ្រប់គ្នា សន្ធិសញ្ញាថ្មីនេះ គ្មានការចុះហត្ថលេខា និងការគាំទ្រពីក្រុមប្រទេសមហាអំណាច ទាំង៥ សហរដ្ឋអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិន ព្រមទាំងក្រុមប្រទេសមានអាវុធនុយក្លេអ៊ែរ ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងកូរ៉េខាងជើង ដែលមានគ្រាប់បែកនុយក្លេអ៊ែរសរុបប្រមាណ ១៥០០០គ្រាប់។
ហើយម្យ៉ាងទៀត សន្ធិសញ្ញានេះ អាចចូលជាធរមានបាន ដរាបណាមានប្រទេសហត្ថលេខីយ៉ាងតិច ៥០ ផ្តល់សច្ចាប័នសិន។
ICAN បានឧទ្ទិសជ័យលាភីនេះឱ្យដល់គ្រប់សកម្មជននិងពលរដ្ឋរាប់លាននាក់នៅលើពិភពលោក ដែលបានលះបង់កម្លាំងចិត្ត កម្លាំងកាយ ប្រឆាំងនឹងការមានអាវុធនុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ