អានតួអត្ថបទ
រុស្ស៊ី

នៅ​រុស្ស៊ី ពួក​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ក្នុង​ថ្ងៃ​ខួបកំណើត​លោក​ពូទីន

ពលរដ្ឋ​រុស្ស៊ី​រាប់ពាន់នាក់ ដែល​ជា​បក្សពួក​ខាង មេប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​រុស្ស៊ី ឈ្មោះ Alexei Navalny ដែល​កំពុង​ជាប់​ក្នុង​ការឃុំឃាំង បាន​នាំ​គ្នា ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី ក្នុង ថ្ងៃសៅរិ៍ ៧តុលា ប្រឆាំង​នឹង​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ដែល​កាន់​អំណាច​ជាង​១៧ឆ្នាំហើយ គឺ នៅ​ចំ​ថ្ងៃ ខួបកំណើត​គាត់​ទី ៦៥ និង ការ​ដែល​នៅ​សល់​តែ​ ៥ ខែ ដល់​ពេល​បោះឆ្នោត​ប្រធានាធិបតី​នៅ​រុស្ស៊ី។

នៅ​រុស្ស៊ី ពួក​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ក្នុង​ថ្ងៃ​ខួបកំណើត​លោក​ពូទីន
នៅ​រុស្ស៊ី ពួក​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ក្នុង​ថ្ងៃ​ខួបកំណើត​លោក​ពូទីន Mladen ANTONOV / AFP
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​មុន​ចាប់​ផ្តើម​ក្បួន​យាត្រា​ល្ងាច​ម្សិលមិញ ក្នុង​ក្រុង Saint-Petersbourg ជា​ក្រុង​កំណើត លោកពូទីន គឺ មាន​អ្នក​ស្រុក​រុស្ស៊ី​បាន​រួមប្រជុំ​គ្នា​ទៅ​ហើយ​នៅ​តាម​ក្រុង​ចំនួន ៨០ ឯណោះ នៃ​ប្រទេស​រុស្ស៊ី ទៅតាម​សេចក្តី​អំពាវនាវ របស់​លោក Alexei Navalny មេប្រឆាំង​សែន​ប្រជាប្រិយ អាយុ ៤១ ឆ្នាំ ល្បី ដោយ អត្ថបទ​គាត់​ប្រឆាំង​នឹង​អំពើ​ពុករលួយ លុះ​ទាល់តែ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន ដល់​ទៅ​រាប់សិប​ដង។ ចំណែក​នៅ​រដ្ឋធានី​មូស្គូ មាន​បាតុករ​ជាង១.០០០ នាក់ ដែល​ភាគច្រើន​ជា​យុវជន បាន​ទៅ​ជួបជុំ​គ្នា​នៅលើ ទីលាន នាម មហា​កវី​រុស្ស៊ី Pouchkine និង​នៅ​តាម​សរសៃ​ផ្លូវ​ដ៏​ធំ​ចំ​កណ្តាល​ក្រុង ដែល​បែក​ចេញពី​វិមាន ក្រេមឡាំង​តែ​ម្តង ទោះ​បី​មាន​ការ​ហាមឃាត់ ពី​ខាង​សាលាក្រុង​ក្តី។

ពួក​គេ បាន​នាំ​គ្នា​ស្រែក​បន្លឺ​ឡើង​នូវ ឃ្លា​ដៀមដាម បែប​យ៉ាង “ជូនពរ​ថ្ងៃ​កំណើត​ឬ​ពូទីន ជា​ក្តី​អាម៉ាស់ របស់​ប្រទេស​រុស្ស៊ី “។ នៅ​ពី​មុខ​មេក្រូ​អ្នកកាសែត នារី Maria Antonienko ជា​និស្សិត​អាយុ ១៨ ឆ្នាំ បាន​និយាយ​ដូច​ត​ទៅ​ថា ខ្ញុំ​ចង់​បញ្ឈប់​សកម្មភាព​មិន​គប្បី របស់​ពូទីន។ ខ្ញុំ​ចង់​ឲ្យ​រុស្ស៊ី​ប្រែ​ក្លាយ​ជាប្រទេស​អឺរ៉ុប។ ខ្ញុំ​ចង់​រស់នៅ​ដោយ មាន​សេរីភាព។ ខ្ញុំ​មិន​ត្រូវ​ការ​ទេ របប​ដូច​នៅ​អាស៊ី ឬ កូរ៉េខាងជើង។ ចំណែក​និស្សិត Vladimir Nemykh អាយុ ១៨ ឆ្នាំ​ដែរ អះអាង​ថា ខ្ញុំ​មិន​ខ្លាច​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ឡើយ បើ​ពួក​គេ​ចាប់​រូប​ខ្ញុំ នោះ​ខ្ញុំ​ត្រៀម​ដេក ក្នុង​គុក​ប៉ុន្មាន​យប់​ក៏​ដោយ ដ្បិត​ខ្ញុំ​យល់​ថា​ការ​ប្រឆាំង​របស់​ខ្ញុំ​គឺត្រឹមត្រូវ។

រីឯ​បុរស Orest Tchentchessov អាយុ ៤៣ ឆ្នាំ​ ដែល​ធ្លាប់​បាន​ត្រូវ​ឃាត់​ខ្លួន​ទៅ​ហើយ ក្នុងបាតុកម្ម​កាល​ពី​ប៉ុន្មាន​ខែ​មុន បាន​ពន្យល់​ថា ខ្ញុំ​មិន​អាច​មិន​មក​ចូលរួម ក្នុង​មេទ្ទិញ​លើក​នេះ​ឡើយ។ ខ្ញុំផ្ទាល់​មិន​គាំទ្រ លោក Navalny ទេ ប៉ុន្តែ​ខ្ញុំ​មក​ទីនេះ ពីព្រោះ​ខ្ញុំ​យល់​ថា គាត់​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជាបេក្ខជន ចូល​ប្រឡូក​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​មុខ។ ទោះ​យ៉ាង​ណា​ក្តី ក៏​គជប ដោយ​យោង​លើ​ច្បាប់​រុស្ស៊ី បានប្រកាស​តាំង​ពី​ខែ​មិថុនា​ម៉្លេះ ថា មេប្រឆាំង ឈ្មោះ Navalny មិន​អាច​ក្លាយ​ជា​បេក្ខជន នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​ឡើយ ព្រោះ​គាត់​ជាប់​ឈ្មោះ​ជា​ទណ្ឌិត តាម​បទ គៃ​បន្លំ​លុយ​រដ្ឋ។

តាម​តួលេខ​ប៉ូលិស បាតុករ​ទាំង​នោះ មាន​ចំនួន​ប្រមាណ ៧០០ នាក់។ អាជ្ញាធរ​បាន​ចាត់​វិធានការ​សន្តិសុខ យ៉ាង​ម៉ឺងម៉ាត់ តាម​វិធី​ពង្រាយ​កងកម្លាំង​ខាង​ប្រឆាំង​កុប្បកម្ម ឲ្យ​រក្សា​សណ្តាប់ធ្នាប់។ មហាផ្ទៃ​មូស្គូ សង្កត់ ធ្ងន់​ថា ក្នុង​មេទ្ទិញ​ដែល​បាន​ប្រព្រឹត្ត​ទៅ អស់ ២ម៉ោងកន្លះ គ្មាន​ការ​ឃាត់​ខ្លួន​បាតុករ​ណា​ម្នាក់ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ