អានតួអត្ថបទ
រុស្ស៊ី-អាមេរិក-អ៊ុយក្រែន

វិបត្តិអ៊ុយក្រែន៖​រុស្ស៊ី និង​អាមេរិក​បាន​ជួបគ្នា​ស្ងាត់ៗ​នៅ​ក្នុង​ប្រទេស​ស៊ែរប៊ី

ភាគី​រុស្ស៊ី និង​ភាគី​អាមេរិក​បាន​ជួប​គ្នា​ដោយ​សម្ងាត់​នៅ​ក្នុង​ទីក្រុង​បែលក្រាត ប្រទេស​ស៊ែរប៊ី​នា​ថ្ងៃ​សៅរ៍ ទី៧ តុលា។ នៅ​ក្នុង​ជំនួប​នោះ ភាគី​រុស្ស៊ី និង​អាមេរិក​បាន​លើក​ទៅ​ជជែក​នូវ​សេណារីយ៉ូ​ជា​ច្រើន​ដើម្បី​បិទ​បញ្ចប់​សង្រ្គាម​រុំារ៉ៃ និង​អូសបន្លាយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

រូបភាពទីក្រុង​បែលក្រាត ប្រទេស​ស៊ែរប៊ី​ក្នុង​ពេល​រាត្រី
រូបភាពទីក្រុង​បែលក្រាត ប្រទេស​ស៊ែរប៊ី​ក្នុង​ពេល​រាត្រី Getty Images/Andrija Pajic
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួប​សម្ងាត់​ក្នុង​ទីក្រុង​បែលក្រាត ប្រទេស​ស៊ែរប៊ី​នេះ ភាគី​អាមេរិក​ចូល​រួម​ដោយ​អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​អូតង់​លោក Kurt Walker និង​ភាគី​រុស្ស៊ី​ចូលរួម​ដោយ​លោក Vladislav Surkov ទីប្រឹក្សាពិសេស​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន។ គោលដៅ​នៃ​ជំនួប​សម្ងាត់​រុស្ស៊ី អាមេរិក គឺ​ដើម្បី​ស្នើ​ឡើង​នូវ​សេណារីយ៉ូ​ខុសៗ​គ្នា​ឲ្យ​វិបត្តិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​បាន​អូសបន្លាយ​តាំង​ពី ៣ឆ្នាំ​កន្លះ ពិសេស​ជួយ​ផ្តល់​សន្ទុះ​ឡើង​វិញ​នូវ​កិច្ចចរចា​សន្តិភាព​ដោយ​ផ្អែក​តាម​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្កិ៍។

នេះ​ជា​លើកទី២ ដែល​ភាគី​រុស្ស៊ី និង​អាមេរិក​បាន​ជួប​គ្នា​ដោយ​សម្ងាត់ បន្ទាប់​ពី​បាន​ជួប​គ្នា​លើក​ទី១ កាល​ពី​ខែ​សីហា​ក្នុង​ប្រទេស​បេឡារុស។ តែ​សំណួរ​ចោទ​ពេល​នេះ​គឺ​ថា ហេតុអ្វី​បាន​ការ​ជួប​គ្នា​លើក​ទី២ នេះ​បែរ​ជា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ែរប៊ី​ទៅ​វិញ។ មូលហេតុ មក​ពី​ទីប្រឹក្សាពិសេស​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​គ្មាន​សិទ្ធិ​ចូល​ទឹកដី​ប្រទេស​អឺរ៉ុប​តាំង​ពី​ថ្ងៃ​ផ្ទុះ​សង្រ្គាម​នៅ​អ៊ុយក្រែន ចំណែក​នៅ​ខាង​ភាគី​អាមេរិក​វិញ លោក Kurt Walker បាន​បដិសេធ​មិន​ទៅ​ប្រទេស​រុស្ស៊ី​ទេ។ ដូច្នេះ​ប្រទេស​ស៊ែរប៊ី​ជា​ទីកន្លែង​អព្យាក្រឹត​មួយ​ល្អ​ឥត​ខ្ចោះ​សម្រាប់​ភាគី​ទាំង​ពីរ។

មាន​សេណារីយ៉ូ​ចំនួន​ពីរ​ដែល​អាច​ជា​ដំណោះស្រាយ​សមស្រប​សម្រាប់​បញ្ចប់​វិបត្តិ​នៅ​អ៊ុយក្រែន ទី១ ការ​ដាក់​ពង្រាយ​កម្លាំង​មួកខៀវ​របស់​អង្គការ​សហប្រជាជាតិ និង​ទី២ ការ​ដោះស្រាយ​លើ​បញ្ហា​ដែនដី​ផ្ទៃក្នុង​របស់​អ៊ុយក្រែន។ គឺ​សេណារីយ៉ូ​ទី២ នេះ​ហើយ​ដែល​បន្ត​ជា​ការ​ខ្វែង​គំនិត​គ្នា ព្រោះ​សម្រាប់​រុស្ស៊ី គេ​ត្រូវ​ចែក​គ្នា​ឲ្យ​ដាច់​រវាង​ដែនដី​គ្រីមេ​ដែល​រុស្ស៊ី​បាន​ក្រសោប​យក​កាល​ពី​ជាង ៣ឆ្នាំ​មុន និង​ដែនដី​ដុនបាស់​ដែល​ក្រុមប្រដាប់​អាវុធ​គាំទ្រ​ដោយ​រុស្ស៊ី​កំពុង​ទាមទារ។ តែ​សម្រាប់​ភាគី​អាមេរិក ដែនដី​គ្រីមេ និង​ដែនដី​ដុនបាស់​ត្រូវ​តែ​ដាក់​ក្នុង​កញ្ចប់​តែ​មួយ​ដើម្បី​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ