អានតួអត្ថបទ
តួកគី

សកម្មជន​ការពារ​សិទ្ធិមនុស្ស ជាប់​ក្នុង​សំណាញ់​ច្បាប់​តួកគី

រដ្ឋអាជ្ញា​តួកគី បាន​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស លើ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៅ​តួកគី។ តាមការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​តួកគី ឈ្មោះ Dogan រដ្ឋអាជ្ញា​តួកគី​បាន​ចោទប្រកាន់​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ចំនួន ១១​នាក់ ពីបទ​ការពារ​ក្រុមភេរវជន​ប្រដាប់​អាវុធ និង​ទាមទារ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧ ទៅ ១៥​ឆ្នាំ។

ទាហាន​ដែល​ចូលរួម​នៅក្នុង​រដ្ឋប្រហារ​មិនបាន​សម្រេច ត្រូវ​បាន​ប៉ូលិស​តួកគី​ក្រៀកចូល​តុលាការ​នៅ​ថ្ងៃទី ៤​តុលា ២០១៧
ទាហាន​ដែល​ចូលរួម​នៅក្នុង​រដ្ឋប្រហារ​មិនបាន​សម្រេច ត្រូវ​បាន​ប៉ូលិស​តួកគី​ក្រៀកចូល​តុលាការ​នៅ​ថ្ងៃទី ៤​តុលា ២០១៧ ©REUTERS/Kenan Gurbuz
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទ​ចោទប្រកាន់ របស់​រដ្ឋអាជ្ញា​តួកគី សកម្មជន​ការពារ​សិទ្ធិមនុស្ស​ទាំង​១១​នាក់ ត្រូវ​បាន​ចោទ​ពី​បទប៉ុនប៉ង​ព្យាយាម​បង្កើត​ឲ្យ​មាន​ចលាចល នៅក្នុង​សង្គម។ ជា​បទ​ចោទប្រកាន់​ដែល​តុលាការ​តួកគី​ធ្លាប់​បាន​អនុវត្ត​កន្លងមក ប្រឆាំង​នឹង​បាតុករ ប្រឆាំង​រដ្ឋាភិបាល​តួកគី កាលពី​ឆ្នាំ ២០១៣។

ក្នុង​ចំណោម​មនុស្ស​១១ នាក់ ដែល​ត្រូវ​រដ្ឋអាជ្ញា​ចោទ​ប្រកាន់ លើក​នេះ មាន​១នាក់ ជា​ប្រធាន​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស Amnesty International នៅ​តួកគី ដែល​ត្រូវ​បាន​ប៉ូលិស​តួកគី​ចាប់ឃុំខ្លួន តាំង​ពី ខែ​មិថុនា ពី​បទ​មាន​ជាប់ទាក់ទង​នឹង​ផែនការ​ធ្វើ​រដ្ឋប្រហារ​​មិន​បាន​សម្រេច កាលពី​ពាក់កណ្តាល​ខែ កក្កដា កន្លងទៅ។ ចំណែក ជន​ចោទប្រកាន់ ១០នាក់​ផ្សេងទៀត ដែលនៅក្នុង​នោះ​មាន​នាយិការ​របស់​អង្គការ Amnesty International ​នៅ​តួកគី​ផង ត្រូវ​បាន​ប៉ូលិស​ក្តោប​ក្រសោប​ចាប់ខ្លួន នៅពេល​ពួកគេ​ចូល​រួម​ នៅក្នុង​សិក្ខាសាលា​មួយ​រៀបចំ​ដោយ​ Amnesty International។ ក្នុង​ចំណោមនោះ​ជនត្រូវ​ចោទប្រកាន់ មានផងដែរ ជនជាតិ​អាល្លឺម៉ង់ ១នាក់ និង​ជនជាតិ​ស៊ុយអែត ១នាក់ ដែល​ជាគ្រូ​បណ្តុះបណ្តាល​ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា និង​គ្រប់គ្រង​ទិន្នន័យ នៅក្នុង​សិក្ខាសាលា រៀបចំ ធ្វើ នៅ​ទីក្រុង​អ៊ីស្តង់ប៊ូល កាលពី​ដើម​ខែ​កក្កដា។

ក្រុមសកម្មជន​ការពារ​សិទ្ធិមនុស្ស ត្រូវ​រដ្ឋអាជ្ញា​ចោទប្រកាន់​ថា បាន​ជួយ​ក្រុម​ភេរវនិយម។ ប៉ុន្តែ ទីភ្នាក់ងារ​ព័ត៌មាន​Dogan​មិន​បានបញ្ជាក់​ឈ្មោះ​អង្គការ​ភេរវនិយម​នោះទេ។ ជាទូទៅ នៅ​តួកគី អាជ្ញាធរ​តួកគី​បាន​ចាត់ទុក ទាំង​ចលនា​របស់​មេដឹកនាំ​ប្រឆាំង Gülen ក្រុមគួដ នៅ​តួកគី ហើយ​និង​ក្រុមឆ្វេងនិយម ថា ជា​ក្រុម​ភេរវនិយម។ លោកប្រធានាធិបតី​អ៊ែរដូហ្កាន បាន​ចោទប្រកាន់​រួចហើយ ថា ចលនា​របស់​មេដឹកនាំ​ប្រឆាំង Gülen ដែល​និរទេស​នៅ​បរទេស ជាអ្នកផ្តួចផ្តើម ឲ្យ​មាន​រដ្ឋប្រហារ​យោធា​មិន​បាន​សម្រេច នៅ​ខែ​កក្កដា។

នៅពេល​ប៉ូលិស​តួកគី​ចាប់ខ្លួន ប្រធាន​របស់​អង្គការ​ Amnesty International ប្រចាំ​នៅ​តួកគី និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស អង្គការ​ Amnesty International​អន្តរជាតិ ធ្លាប់​បាន​បរិហារ​ម្តងហើយ​ពី​ជញ្ជីង​លំអៀង​របស់តុលាការ​តួកគី។ ការចាប់ខ្លួន​ជនជាតិ​អាល្លឺម៉ង់ កាន់តែច្រើន ដោយ​អាជ្ញាធរ​តួកគី នៅក្រោយ​រដ្ឋប្រហារ យោធា មិន​បាន​សម្រេច បាន​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​ខឹង​ច្រលោត ពីសំណាក់ រដ្ឋាភិបាល​អាល្លឺម៉ង់​ ដែល​បាន​គំរាម​សើរើ​ឡើងវិញ ទំនាក់ទំនង​សេដ្ឋកិច្ច និង​នយោបាយ​ជាមួយ តួកគី ដែល​ធ្លាប់​ជា​ប្រទេស​ដៃគូ​ប្រវត្តិសាស្រ្ត​របស់​អាល្លឺម៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ