អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាម​ប៉ាកកា​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​រដ្ឋអំណាច​អេស្ប៉ាញ និង​រដ្ឋអំណាច​ស្វយ័ត​កាតាឡូញ៉ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១០ តុលា​នេះ ប្រមុខដឹកនាំ​តំបន់​កាតាឡូញ៉ា​លោក Carles Puigdemont ចូល​ខ្លួន​ថ្លែង​នៅ​ក្នុង​សភា​កាតាឡូញ៉ា។ អន្តរាគមន៍​របស់​លោក Puigdemont បាន​ធ្វើ​ឡើង បន្ទាប់​ពី​តំបន់​ស្វយ័ត​របស់​អេស្ប៉ាញ​មួយ​នេះ​បាន​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ដើម្បី​ទាមទារ​ឯករាជ្យ​ផ្តាច់​ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​អេស្ប៉ាញ​កាល​ពី​ថ្ងៃទី១ តុលា។ ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ដែល​ទីក្រុង​ម៉ាឌ្រីដ​មិន​ទទួល​ស្គាល់ ព្រម​ទាំង​បាន​ព្រមាន​ដក​សិទ្ធិ​ស្វ័យភាព​ពី​តំបន់​កាតាឡូញ៉ា​នៅ​ក្នុង​ករណី​ណា​ដែល​តំបន់​មួយ​នេះ​ហ៊ាន​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង។ ចំណែក​សហភាព​អឺរ៉ុប​បន្ត​បដិសេធ​មិន​ចូលខ្លួន​អន្តរាគមន៍​ដោយ​ចាត់​ទុក​វិបត្តិ​មួយ​នេះ​ថា​ជា​រឿង​ផ្ទៃក្នុង​របស់​អេស្ប៉ាញ។

ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​លោក Carles Puigdemont
ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​លោក Carles Puigdemont LLUIS GENE / AFP
ផ្សាយពាណិជ្ជកម្ម

អន្តរាគមន៍​របស់​ប្រមុខដឹកនាំ​តំបន់​កាតាឡូញ៉ា​លោក Carles Puigdemont នៅ​ក្នុង​សភា​តំបន់​ពេល​នេះ គឺ​ជា​បទអន្តរាគមន៍​មួយ​ដែល​គ្រប់គ្នា​កំពុង​ទន្ទឹង​រង់ចាំ​ជា​ទីបំផុត ពិសេស​ពលរដ្ឋ​កាតាឡូញ៉ា និង​រដ្ឋអំណាច​កណ្តាល​នៅ​អេស្ប៉ាញ។ នៅ​ក្នុង​បទអន្តរាគមន៍​នោះ លោក Puigdemont និយាយ​ពី​ស្ថានការណ៍​នយោបាយ​ទូទៅ​នៅ​ក្នុង​តំបន់​កាតាឡូញ៉ា ពិសេស​ពី​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ការ​ទាមទារ​ឯករាជ្យ​របស់​ពលរដ្ឋ​កាតាឡូញ៉ា​កាល​ពី​ថ្ងៃទី១ តុលា​កន្លង​ទៅ។

បន្ទាប់​មក លោក Puigdemont អាច​ប្រកាស ឬ​មិន​ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូញ៉ា​ជា​ឯកតោភាគី។ សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ទូរទស្សន៍​សាធារណៈ​នៅ​កាតាឡូញ៉ា​នា​ថ្ងៃ​អាទិត្យ ទី៨ តុលា​ថ្មីៗ​នេះ លោក Puigdemont បាន​បញ្ជាក់​ជា​ថ្មី​ថា លោក​នឹង​ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូញ៉ា ប្រសិន​បើ​រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញ​មិន​ព្រម​ចរចា និង​មិន​យល់​ព្រម​ទទួល​សំណើ​របស់​លោក​ដែល​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​ភាគី​ទី៣ ដើម្បី​ដោះស្រាយ​បញ្ហា​ទេ​នោះ។

តែ​រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញ និង​រូប​នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​ធ្លាប់​បាន​បញ្ជាក់ និង​ព្រមាន​ម្តង​ជា​ពីរ​ដង​ថា រដ្ឋអំណាច​អេស្ប៉ាញ​មិន​ចរចា​ជា​ដាច់​ខាត ដរាប​ណា​រដ្ឋអំណាច​កាតាឡូញ៉ា​មិន​ដក​គំនិត​ចង់​បាន​ឯករាជ្យ​ចេញ​វិញ​ទេ ព្រម​ទាំង​ព្រមាន​ត្រង់ៗ​ថា បើ​តំបន់​កាតាឡូញ៉ា​ហ៊ាន​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី រដ្ឋអំណាច​អេស្ប៉ាញ​នឹង​ដក​សិទ្ធិ​ស្វ័យភាព​ពី​តំបន់​កាតាឡូញ៉ា​វិញ។

សេណារីយ៉ូ​ក្នុង​ករណី​ដែល​កាតាឡូញ៉ា​ប្រកាស​ឯករាជ្យ

ក្នុង​ករណី​ដែល​លោក Carles Puigdemont ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូញ៉ា ភាព​ប្រេះឆា​មាន​កាន់​តែ​ខ្លាំង និង​កាន់​តែ​ធ្ងន់ធ្ងរ​រវាង​រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញ និង​រដ្ឋអំណាច​តំបន់​កាតាឡូញ៉ា។ វិបត្តិ​នយោបាយ​រវាង​អេស្ប៉ាញ និង​តំបន់​ស្វយ័ត​កាតាឡូញ៉ា​ហាក់​បាន​ឈាន​មក​ដល់​ផ្លូវ​ទាល់​មួយ​ដែល​គ្មាន​ច្រក​ចេញ​ដោយ​ភាគី​ម្ខាងៗ​បន្ត​ប្រកាន់​ជំហរ​តឹងរឹង​រៀងៗ​ខ្លួន។ នៅ​ម្ខាង ប្រមុខ​ដឹកនាំ​កាតាឡូញ៉ា​លោក Carles Puigdemont នៅ​តែ​ចចេស​ចង់​បាន​ឯករាជ្យ នោះ​បើ​ទោះ​បី​ជា​លោក​បាន​ទុក​ផ្លូវ​ចរចា និង​ចង់​ឲ្យ​មាន​អន្តរាគមន៍​ពី​ភាគី​ទី៣។ ចំណែក​នៅ​ម្ខាង​ទៀត រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ដោយ​មិន​ចង់​ឮ និង​មិន​ចង់​ឃើញ​តំបន់​ស្វយ័ត​កាតាឡូញ៉ា​ផ្តាច់ខ្លួន​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ខ្លួន។

នៅ​ត្រង់​ចំណុច​នេះ ថ្នាក់ដឹកនាំ​អេស្ប៉ាញ​បាន​លើក​យក​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ទី១៥៥ ទៅ​សំអាង​ដែល​ថា ទីក្រុង​ម៉ាឌ្រីដ​មាន​សិទ្ធិ​ដក​ស្វ័យភាព​ពី​តំបន់​ណា​មួយ និង​យក​តំបន់​នោះ​មក​គ្រប់គ្រង​វិញ ប្រសិន​បើ​តំបន់​ស្វយ័ត​នោះ​បំពាន​ច្បាប់​រដ្ឋធម្មនុញ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ទូទៅ​របស់​អេស្ប៉ាញ។ តែ​បញ្ហា​នៅ​ត្រង់​ថា មាត្រា​ទី១៥៥ ហាក់​បាន​បង្កប់​ដោយ​ភាព​ស្រពិចស្រពិល​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ព្យួរ​ដំណើរការ​របស់​រដ្ឋាភិបាល ឬ​មួយ​ក៏​ការ​រំលាយ​សភា​តំបន់​ស្វយ័ត​ដែល​ជាប់​ពាក់ព័ន្ធ។ ម្យ៉ាង​ទៀត ការ​អនុវត្តន៍​នីតិវិធី​មួយ​នេះ​ក៏​ត្រូវ​ឆ្លង​កាត់​ច្រើន​ដំណាក់ការ​រហូត​ដល់​ការ​បោះឆ្នោត​នៅ​ព្រឹទ្ធសភា​អេស្បាញ។

យ៉ាង​ណា​ក៏​ដោយ និង​ក្នុង​ករណី​ណា​ដែល​តំបន់​កាតាឡូញ៉ា​ប្រកាស​ឯករាជ្យ រដ្ឋាភិបាល​អេស្ប៉ាញ​ក៏​អាច​ប្រើ​មាត្រា​ទី១១៦ មុន​នឹង​មាត្រា​ទី១៥៥ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ។ មាត្រា​ទី១១៦ គឺ​ការ​ប្រកាស​អាសន្ន​នៅ​តំបន់​កាតាឡូញ៉ា។ កន្លង​មក លោក​ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ Mariano Rajoy មិន​ដែល​បាន​លើក​មាត្រា​ទី ១១៦ ទៅ​និយាយ​ទេ តែ​លោក​ធ្លាប់​បាន​បញ្ជាក់​ថា លោក​មិន​ញញើត​នឹង​ចាត់​វិធានការ​គ្រប់បែប​យ៉ាង​ដែល​ស្រប​ច្បាប់​ទេ។

តើ​តំបន់​កាតាឡូញ៉ា​អាច​នឹង​រស់នៅ និង​កសាង​អនាគត​ដោយ​ខ្លួន​ឯង​បាន​ដែរ​ឬ​ទេ?

ពិតមែន​តែ​កាតាឡូញ៉ា​ជា​តំបន់​ស្វយ័ត​របស់​អេស្ប៉ាញ​មែន តែ​ជា​តំបន់​ដែល​ស្ថិត​ក្នុង​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​ដូច​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ​ទាំង​មូល​ដែរ។ តែ​បើ​ធៀប​នឹង​តំបន់​ស្វយ័ត​ផ្សេង​ទៀត​នៅ​អេស្ប៉ាញ កាតាឡូញ៉ា​ជា​តំបន់​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ដ៏​សំខាន់​ជាង​គេ​របស់​អេស្ប៉ាញ។ ចំ​ពេល​ដែល​ពលរដ្ឋ​អេស្ប៉ាញ​ទូទៅ​ទទួល​បាន​ប្រាក់​បៀវត្ស​ប្រចាំឆ្នាំ​ជា​មធ្យម​ចំនួន ២២ ៩៧៨អឺរ៉ូ ពលរដ្ឋ​កាតាឡូញ៉ា​ទទួល​បាន​ជា​មធ្យម​ចំនួន ២៩ ៧២៨អឺរ៉ូ។ កាតាឡូញ៉ា​ជា​តំបន់​សេដ្ឋកិច្ច​ទី៥ និង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​អេស្ប៉ាញ ព្រោះ​ជា​តំបន់​ដែល​តាំង​ដោយ​រោងចក្រ សហគ្រាស​គ្រប់​ប្រភេទ ដូច​យ៉ាង​គីមី វាយនភ័ណ្ឌ អេឡិចត្រូនិក ម្ហូបអាហារ រថយន្ត ឬ​មួយ​ក៏​គ្រឿង​ម៉ាស៊ីន​គ្រប់ប្រភេទ។

អ្វី​ដែល​កាតាឡូញ៉ា​មាន​នា​ពេល​បច្ចុប្បន្ន ពិត​ជា​គ្រប់គ្រាន់​ដើម្បី​ឲ្យ​តំបន់​មួយ​នេះ​អាច​រស់នៅ និង​កសាង​អនាគត​ដោយ​ខ្លួន​ឯង​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋអំណាច​កណ្តាល​អេស្ប៉ាញ។ តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា បើ​កាតាឡូញ៉ា​ប្រកាស​ឯករាជ្យ​ផ្តាច់​ខ្លួន​ពី​អាណាព្យាបាល​អេស្ប៉ាញ តើ​ស្ថានភាព​សេដ្ឋកិច្ច​របស់​តំបន់​កាតាឡូញ៉ា​នៅ​តែ​ដដែល ឬ​មួយ​ក៏​មាន​ការ​ផ្លាស់ប្តូរ ហើយ​បើ​មាន​ការ​ផ្លាស់ប្តូរ តើ​ផ្លាស់ប្តូរ​ក្នុង​ទិសដៅ​មួយ​ណា។ លោក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អេស្ប៉ាញ​បាន​ព្រមាន​ទុក​មុន​ថា បើ​កាតាឡូញ៉ា​ប្រកាស​ឯករាជ្យ តំបន់​មួយ​នេះ​នឹង​ខ្ទាត​ចេញ​ពី​សមាជិក​អឺរ៉ុប និង​ចេញ​ពី​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ហើយ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​កាតាឡូញ៉ា​អាច​នឹង​ធ្លាក់​ចុះ​ពី ២៥ ទៅ ៣០%។

ពិត​ណាស់​ថា​ខណៈ​នេះ សង្រ្គាមប៉ាកកា​រវាង​រដ្ឋអំណាច​អេស្ប៉ាញ និង​រដ្ឋអំណាច​កាតាឡូញ៉ា​ហាក់​មិន​សូវ​ប៉ះពាល់​លើ​ផ្នែក​សេដ្ឋកិច្ច​ប៉ុន្មាន​ទេ តែ​បើ​វិបត្តិ​មួយ​នេះ​អូសបន្លាយ​យូរ​គ្មាន​ច្រក​ចេញ និង​ការ​ធ្វើ​ពហិការ​មិន​ទិញ​ផលិផល​កាតាឡូញ៉ា​ពី​ពលរដ្ឋ​អេស្ប៉ាញ​ទូទៅ ផលវិបាក​សេដ្ឋកិច្ច​នឹង​កើត​មាន​ដោយ​ចៀស​មិន​រួច។ ចូរ​កុំ​ភ្លេច​ថា ពលរដ្ឋ​អេស្ប៉ាញ​ភាគ​ច្រើន​បាន​ប្រឆាំង​នឹង​ការ​ទាមទារ​ឯករាជ្យ​របស់​ពលរដ្ឋ​កាតាឡូញ៉ា។ ទន្ទឹម​គ្នា​នេះ ភាព​ស្រពិចស្រពិល​ផ្នែក​នយោបាយ​នៅ​កាតាឡូញ៉ា​នឹង​អាច​ធ្វើ​ឲ្យ​ក្រុម​អ្នកវិនិយោគ​កាតាឡូញ៉ា និង​បរទេស​ប្តូរទីតាំង​ទៅ​រក​ស៊ី​នៅ​កន្លែង​ផ្សេង។ បើ​តាម​មើល​ទៅ ភាព​ប្រទូស្រ្តាយ​រវាង​រដ្ឋអំណាច​អេស្ប៉ាញ និង​រដ្ឋអំណាច​កាតាឡូញ៉ា​អាច​នឹង​អូសបន្លាយ​យូរ​ដោយ​គេ​នៅ​មិន​ទាន់​អាច​ដឹង​ពី​ទីបញ្ចប់​របស់​វា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ