អានតួអត្ថបទ
Greenpeace

Greenpeace ទាញ​សញ្ញាអាសន្ន​ពី​ហានិភ័យ​កើត​ចេញ​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង

នៅ​ថ្ងៃ​អង្គារ ទី១០ តុលា ក្រុម​អ្នក​ជំនាញ​ផ្នែក​នុយក្លេអ៊ែរ និង​ភេរវនិយម​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​សន្តិសុខ​របស់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង។ របាយការណ៍​បាន​បញ្ជាក់​ច្បាស់ៗ​ថា មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ទាំង​អស់​របស់​បារាំង​កំពុង​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​នៅ​ក្នុង​ករណី​មាន​ការ​វាយប្រហារ​ភេរវនិយម​ពី​ខាង​ក្រៅ។ ក្រុម​អ្នកជំនាញ​ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល Greenpeace បាន​ស្នើ​ឲ្យ​សិក្សា​លើ​សន្តិសុខ​នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​បារាំង​បាន​ទាមទារ​ឲ្យ​ពង្រឹង​សន្តិសុខ​បន្ថែម​លើ​អាងស្តុក​កាកសំណល់​សារធាតុ​បញ្ឆេះ​នុយក្លេអ៊ែរ។ លោក Yves Marignac អ្នកជំនាញ​ម្នាក់​បាន​ពន្យល់​ពី​ផលវិបាក​កើត​ចេញ​ពី​ការ​វាយប្រហារ​លើ​អាងស្តុក​កាកសំណល់​សារធាតុ​បញ្ឆេះ​នុយក្លេអ៊ែរ។

លោក Yves Marignac ប្រធាន​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ថាមពល WISE-Paris
លោក Yves Marignac ប្រធាន​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ថាមពល WISE-Paris JAY DIRECTO / AFP
ផ្សាយពាណិជ្ជកម្ម

« នៅ​ក្នុង​រចនាបទ​នៃ​ការ​កសាង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ គឺ​មាន​ការ​យក​ចិត្ត​ទុកដាក់ និង​ប្រយ័ត្នប្រយែង​ខ្លាំង​តែ​លើ​ម៉ាស៊ីនប្រតិកម្ម​ក៏​ដូច​ជា​បេះដូង​របស់​ម៉ាស៊ីនប្រតិកម្ម ពោល​មិន​សូវ​ខ្វាយខ្វល់​លើ​ផ្នែក​ផ្សេង​ប៉ុន្មាន​ទេ ដូច​យ៉ាង​អាងស្តុក​សារធាតុ​បញ្ឆេះ​នុយក្លេអ៊ែរ​ដែល​ប្រើ​រួច​ហើយ​ជា​ដើម។ អ៊ីចឹង​ហើយ​បាន​ជា​ក្រុម​ជន​ដែល​មាន​បំណង​អាក្រក់​តែង​ឆ្លៀត​ឱកាស​ធ្វើ​ការ​វាយប្រហារ​លើ​ភាព​ធ្វេសប្រហែស​នេះ។

នៅ​ក្នុង​ករណី​ដែល​មាន​ការ​វាយប្រហារ​លើ​អាងស្តុក​កាកសំណល់​សារធាតុ​បញ្ឆេះ​នុយក្លេអ៊ែរ​រហូត​បែក​ធ្លាយ​ទឹក​ហូរ​មក​ក្រៅ គ្រឿងបញ្ឆេះ​អាច​ឡើង​កំដៅ និង​បញ្ចេញ​ធាតុ​វិទ្យុសកម្ម​ទៅ​ក្នុង​លំហ​អាកាស។ ផលវិបាក​កើត​ចេញ​ពី​ការ​វាយប្រហារ​លើ​អាងស្តុក​កាកសំណល់​សារធាតុ​បញ្ឆេះ​នុយក្លេអ៊ែរ​អាច​មាន​ទំហំ​ធំ​ជាង​ការ​វាយប្រហារ​លើ​ម៉ាស៊ីនប្រតិកម្ម​ទៅ​ទៀត ព្រោះ​អាងស្តុក​កាកសំណល់​សារធាតុ​បញ្ឆេះ​នុយក្លេអ៊ែរ​ទាំង​នោះ​មិន​បាន​សាងសង់​នៅ​ក្នុង​បន្ទប់​បិទជិត​ឡើយ។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​របាយការណ៍ ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​ច្បាស់ៗ​ដោយ​មិន​អល់អែក​ថា សេណារីយ៉ូ និង​ទង្វើ​អាក្រក់ រួម​ទាំង​មធ្យោបាយ​ដែល​អង្គការ​ភេរវនិយម​មាន​បច្ចុប្បន្ន ពិត​ជា​អាច​បង្ក​ឲ្យ​មាន​ការ​ខូចខាត និង​បង្កើត​ចេញ​នូវ​គ្រោះ​មហន្តរាយ​មួយ​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ