ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 12/12 12h00 GMT

រដ្ឋាភិបាល​​តំបន់​កាតាឡូញ៉ា​ចុះ​ហត្ថលេខា​លើ​ការប្រកាស​ឯករាជ្យ ប៉ុន្តែ​ផ្អាកព្យួរ​មិនទាន់​អនុវត្ត

រដ្ឋាភិបាល​​តំបន់​កាតាឡូញ៉ា​ចុះ​ហត្ថលេខា​លើ​ការប្រកាស​ឯករាជ្យ ប៉ុន្តែ​ផ្អាកព្យួរ​មិនទាន់​អនុវត្ត
 
បាតុករ​គាំទ្រ​ឲ្យ​តំបន់​កាតាឡូញ៉ា​បាន​ឯករាជ្យ​ពី​អេស្ប៉ាញ តាមដាន​មើល​ការប្រកាស​ឯករាជ្យ​របស់​រដ្ឋាភិបាល​នៅថ្ងៃទី ១០​តុលា ២០១៧ © REUTERS/Susana Vera

ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​លោក Carles Puigdemont នៅថ្ងៃ​អង្គារ​ទី ១០ តុលា បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូញ៉ា។ ប៉ុន្តែ​ប្រកាស​ផ្អាកព្យួរ ឯករាជ្យ ដើម្បី​បើក​ផ្លូវ​ចរចា ជាមួយ​រដ្ឋាភិបាល​អេស្ប៉ាញ។ ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ លោក Mariano Rajoy បាន​កោះប្រជុំ​ជាបន្ទាន់ គណៈរដ្ឋមន្រ្តី​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ ដើម្បី​ចាត់វិធានការ​ឆ្លើយតប​នឹង​ការប្រកាស​ឯករាជ្យ​របស់​តំបន់​កាតាឡូញ៉ា។

នៅក្រោយ​កិច្ចប្រជុំ​បន្ទាន់​គណៈរដ្ឋមន្រ្តី ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ លោក​ម៉ារីយ៉ាណូ រ៉ហយ បាន​ធ្វើ​ការប្រកាស​ដ៏ខ្លីមួយ ដែល​នៅក្នុង​នោះ លោក​បាន​ទាមទារ​ឲ្យ​ប្រមុខដឹកនាំ​តំបន់​កាតាឡូញ៉ា គឺ​លោក Carles Puigdemont ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ៗ ថា តើ​លោក​មាន​បាន​ប្រកាស​ឯករាជ្យ ឬ​ក៏​អត់ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ។

នៅ មុខ​សភាថ្នាក់​តំបន់​នៅថ្ងៃ​ម្សិលមិញ ប្រមុខដឹកនាំ​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​កាតាឡូញ៉ា ​បាន​បង្កើត​ឲ្យមាន​បរិយាកាស​ស្រពិចស្រពិល មិនច្បាស់លាស់ ស្តីពី​ការទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​កាតាឡូញ៉ា។ ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា​បាន​ចុះ​ហត្ថេលខា​លើ​សេចក្តីប្រកាស​ឯករាជ្យ ប៉ុន្តែ ផ្អាកព្យួរ មិនទាន់​អនុវត្ត​ភ្លាម ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការចរចា​ជាមួយ​រដ្ឋាភិបាល​អេស្ប៉ាញ។ ជំហរ​រារែក​របស់​លោក Carles Puigdemont ​ប្រមុខដឹកនាំ​តំបន់​កាតាឡូញ៉ា ខុសផ្ទុយស្រឡះ​ពីការអះអាង​របស់​លោក ដែល​ថា នឹង​ប្រែក្លាយ​តំបន់​កាតាឡូញ៉ា​ជា​រដ្ឋឯករាជ្យ និង​ក្រោមការដឹកនាំ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ ដែល​ខុស​ស្រឡះ ពី​អេស្ប៉ាញ​បច្ចុប្បន្ន ដែល​ជា​ប្រទេស​រាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ។

សម្រាប់លោក​នាយករដ្ឋមន្រ្តី​អេស្ប៉ាញ ម៉ារីយ៉ាណូ រ៉ាហយ រដ្ឋាភិបាល​របស់លោក​នឹង​មិនអាច​ផ្តល់​ចម្លើយ​អ្វី ដែល​ជាក់ច្បាស់ ទេ បើសិន អាជ្ញាធរ​កាតាឡូញ៉ា មិន​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​ពី​ជំហរ របស់ខ្លួននោះ។ រហូតមក រដ្ឋាភិបាល​អេស្ប៉ាញ​ធ្លាប់​បាន​ទាត់ចោល ការចរចា និង​វត្តមអន្តរការី​បរទេស នៅក្នុង​ការដោះស្រាយ​វិបត្តិ​នៅ​កាតាឡូញ៉ា។

ប្រកាស​ឯករាជ្យ ប៉ុន្តែ ផ្អាកព្យួរ​ឯករាជ្យ មិនទាន់​អនុវត្ត​ភ្លាម

ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា នៅថ្ងៃ​អង្គារ​ម្សិលមិញ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ប្រកាស​ឯករាជ្យ​ឲ្យ​តំបន់​កាតាឡូញ៉ា។ ប៉ុន្តែ ផ្ទុយ​ពី​ការទន្ទឹង​ចង់បាន​របស់​អ្នកគាំទ្រ​ទាមទារ​ឯករាជ្យ នៅ​តំបន់​កាតាឡូញ៉ា ឯករាជ្យភាព​របស់​តំបន់នេះ​នឹង​មិនទាន់​ចូល​ជាធរមាន​ភ្លាម​ទេ។

នៅ​មុខ​សភា​តំបន់​កាតាឡូញ៉ា ប្រមុខ​ដឹកនាំ​ទាមទារ​ឯករាជ្យ ឲ្យតំបន់​កាតាឡូញ៉ា លោក​ Carles Puigdemont បាន​និយាយ​ថា តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថ្នាក់តំបន់​កាតាឡូញ៉ា ការចុះ​ហត្ថលេខា​របស់​សមាជិកសភា កាតាឡូញ៉ា លើ​សេចក្តី​ប្រកាស មានលក្ខណៈ​ជា​និមិត្តរូប។ ប៉ុន្តែ កាតាឡូញ៉ា នឹង​មាន​ឯករាជ្យ​ពិតប្រាកដ នៅពេល​សភា តំបន់​កាតាឡូញ៉ា ប្រកាស​ជា​ផ្លូវការ នាពេល​ខាងមុខ។

ពិតណាស់ ការពន្យារ មិនទាន់​ប្រកាស​ឯករាជ្យ​ភ្លាម អាច​ធ្វើ​ឲ្យ​ប្រជាជន​ដែល​គាំទ្រ មាន​ការខកចិត្ត។ ប៉ុន្តែ ចំណាត់ការ​នេះ បាន​បង្ហាញ​ថា សភា​នៅ​តំបន់ កាតាឡូញ៉ា នៅ​មិនចង់​ប៉ះទង្គិច​ខ្លាំង​ជាមួយ រដ្ឋាភិបាល​អេស្ប៉ាញ ដែល​ជា​អំណាច​កណ្តាល​នោះទេ។ លោក Carles Puigdemont បាន​សម្រេច​ផ្អាកព្យួរ មិនទាន់​អនុវត្តភា្លម សេចក្តី​ប្រកាស​ឯករាជ្យ ព្រោះ លោក​ចង់​បើក​ផ្លូវ​ចរចា ជាមួយ​រដ្ឋាភិបាល​អេស្ប៉ាញ។ នេះ​បើតាម​ភាសា​ការទូត។ ប៉ុន្តែ នៅពីក្រោយ ភាសា​ការទូត​នេះ ប្រមុខ​ដឹកនាំ​តំបន់​កាតាឡូញ៉ា មាន​បំណង​តែ​មួយ គឺ​បន្ត​ដាក់​សំពាធ​កាន់តែខ្លាំង ដើម្បី​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ បើ​មិន​យូរ ក៏​ឆាប់ គឺ ត្រូវ​តែ​យល់ព្រម​ទទួល​ស្គាល់​ការទាមទារ​ឯករាជ្យ​របស់​តំបន់​កាតាឡូញ៉ា។

ដោយ​ព្យួរ មិនទាន់​ប្រកាស​ឯករាជ្យ​ភ្លាម ប្រមុខដឹកនាំ​កាតាឡូញ៉ា ចង់​បង្ហាញ​ថា ភាគី​របស់ខ្លួន ចង់​បោះដៃ ​ឲ្យ​មាន​ការចរចា ដោះស្រាយ​វិបត្តិ​នៅ​តំបន់​កាតាឡូញ៉ា តាម​សន្តិវិធី គឺ​មិនមែន​តាម​កម្លាំងបាយ និង​ការបង្រ្កាប​ហិង្សា នោះទេ។ បើសិន​រដ្ឋាភិបាល​អេស្ប៉ាញ ចង់​ចាត់​វិធានការ​ក្តៅ ក្រសោប​យក​តំបន់​ស្វយ័ត នោះ ប្រជាជន​នៅ​តំបន់​កាតាឡូញ៉ា នឹង​ងើបតវ៉ា​ប្រឆាំង​ខ្លាំង ហើយ​ការបង្រ្កាប ប្រើ​អំណាច​ផ្តាច់ការ​ណាមួយ នឹង​រឹងរឹត​តែ​ធ្វើ​ឲ្យ​មាន​ចលនា​ប្រឆាំង​រិះគន់​នឹង​រដ្ឋាភិបាល​អេស្ប៉ាញ មាន​កាន់​តែច្រើន និង​នៅ​គ្រប់​កន្លែង នៅក្នុង​ប្រទេស​អេស្ប៉ាញ។ រដ្ឋាភិបាល​អេស្ប៉ាញ នឹង​បាក់មុខ បើសិន​ដោះស្រាយ​បញ្ហា​នេះ​មិន​បាន​ត្រឹមត្រូវ​ទេនោះ។

ត្រូវ​គេរុញ​​​ខ្នងទល់​នឹង​ជញ្ជាំង

រដ្ឋាភិបាល​អេស្ប៉ាញ​ត្រូវ​បាន​ក្រុមទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​កាតាឡូញ៉ា រុញ​ដល់​ចំណុច​ទ័ល​មួយ ដែល​ គ្មាន​ជម្រើស​អ្វី​ច្រើន​នោះ​ទេ។ រដ្ឋាភិបាល​អេស្ប៉ាញ​ចង់​បាន​ការបញ្ជាក់​ច្បាស់​ពី​អាជ្ញាធរ​កាតាឡូញ៉ា ព្រោះ​ពាក្យ​ថា ប្រកាស​ឯករាជ្យ​ឲ្យ​តំបន់​កាតាឡូញ៉ា នឹងអាចជំរុញ​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ​ចាត់វិធានការ​ណា​មួយ ដែល​អាច​នឹងមិនប្រពៃ​នោះទេ សម្រាប់​ប្រជាជន​នៅ​តំបន់​កាតាឡូញ៉ា។

លោកនាយករដ្ឋមន្រ្តី​អេស្ប៉ាញ​បាន​គំរាម​រួចហើយ​ថា បើសិន​រដ្ឋាភិបាល កាតាឡូញ៉ា​នៅ​តែ​ផ្គើន ប្រកាស​ឯករាជ្យ ពី​អេស្ប៉ាញ នោះ រដ្ឋាភិបាល​ក្រុង​ម៉ាឌ្រីដ នឹង​ចាត់វិធានការ ស្តារឡើងវិញ ច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​តំបន់​កាតាឡូញ៉ា ដោយ​នៅក្នុង​នោះ ការរំលាយ​ចោល​រដ្ឋសភា តំបន់​កាតាឡូញ៉ា ជា​រឿង​មួយ ដែល​ជៀសមិនផុត។ រដ្ឋាភិបាលអេស្ប៉ាញ ទំនង​ជា​អនុវត្ត​មាត្រា​ទី ១១៦ ដើម្បី​ដាក់​តំបន់​កាតាឡូញ៉ា​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន។ ពោល​គឺ​មុន​នឹង​អនុវត្ត​មាត្រា​ទី ១៥៥ ដែល​នឹង​អនុញ្ញាត​ឲ្យរដ្ឋាភិបាល ចូល ក្រសោប យក​តំបន់​ស្វយ័ត កាតាឡូញ៉ា មក​កាន់កាប់​ទាំងស្រុង​ឡើងវិញ។

វិបត្តិ​នយោបាយ​នៅ​អេស្ប៉ាញ កំពុង​ជាប់គាំង ដោយ​គ្មាន​ភាគី​ជម្លោះ​ណាមួយ ស្ម័គ្រចិត្ត ចេញមុខ ដោះស្រាយ បញ្ចប់​វា​នោះទេ។ ភាគី​ទាំងសង​ខាង បោះ​ឲ្យ​គ្នា​ទៅវិញ បាល់ ការទទួលខុសត្រូវ​ដែល​អាច​ធ្ងន់ធ្ងរ សម្រាប់ទាំង​តំបន់​កាតាឡូញ៉ា និង​ប្រទេស​អេស្ប៉ាញ​ទាំងមូល។ នៅខាងរដ្ឋាភិបាល​អេស្ប៉ាញ ដោយសារ​តែ​ខ្លាច​បាត់​ប្រយោជន៍​សេដ្ឋកិច្ច និង​ឥទ្ធិពល​នយោបាយ ដែល​បាន​មក​ពី​តំបន់​កាតាឡូញ៉ា រដ្ឋាភិបាល​អេស្ប៉ាញ​នៅទ្រឹង គ្មាន​លើក​សំណើ​អ្វី​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅកាតាឡូញ៉ា។ រដ្ឋាភិបាល​កាតាឡូញ៉ា ឯណោះវិញ ឆ្លៀត​យក​ឱកាស​ដែល​អំណាច​កណ្តាល​របស់​អេស្ប៉ាញ នៅជាប់គាំង គ្មាន​សមត្ថភាព​ដោះស្រាយ ដើម្បី​ពង្រឹង​ការទាមទារ ចង់បាន​របស់​ខ្លួន។

សេណារីយ៉ា​ខ្លះ​បាន​លើកឡើង​ថា កាតាឡូញ៉ា អាច​ប្រហែល នឹង​មិន​បាន​ឯករាជ្យ នៅពេលនេះ មែន ប៉ុន្តែ តំបន់​នេះ នឹង​អាច​ទាមទារ​សម្បទាន​ពី​រដ្ឋាភិបាល ដូចជា​ផលប្រយោជន៍​ពន្ធដា សម្រាប់​តំបន់ ដូច​ដែល​រដ្ឋាភិបាល​អេស្ប៉ាញ ធ្លាប់​បាន​ផ្តល់​ទៅ​ឲ្យ​តំបន់​បាស្ក របស់​អេស្ប៉ាញ ដើម្បី​បិទបញ្ចប់​ចលនា​ទាមទារ​ផ្តាច់ទឹកដី​និយម ពី​ក្រុមប្រដាប់អាវុធ​មួយនេះ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សង្រ្គាម​ប៉ាកកា​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​រដ្ឋអំណាច​អេស្ប៉ាញ និង​រដ្ឋអំណាច​ស្វយ័ត​កាតាឡូញ៉ា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    មេដឹកនាំ​តំបន់​កាតាឡូញ៉ា ​សន្យា​​ប្រកាស​​ឯករាជ្យ​ ដោយ​អត្តនោម័ត​​ក្នុង​ពេល​​ដ៏​​ឆាប់

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ប្រជាមតិ​កាតាឡូញ៉ា បញ្ចប់​ដោយ​ការ​ហែកហួរ​ប្រទេស​អេស្ប៉ាញ

    ស្វែងយល់បន្ថែម

  • អេស្ប៉ាញ ​​​បិទ​ការិយាល័យ​បោះឆ្នោតប្រជាមតិ​ខុស​ច្បាប់​​នៅកាតាឡូញ៉ាបាន​ជាង​ពាក់កណ្តាល

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ