ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/10 12h00 GMT
អឺរ៉ុប

អាមេរិក​ដកខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ

media ស្លាកសញ្ញា​របស់​អង្គការ​យូណេស្កូ នៅទីស្នាក់ការ​កណ្តាល​ក្នុង​ក្រុង​ប៉ារីស © REUTERS/Philippe Wojazer/File Photo

អាមេរិក​របស់​លោកប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​សម្រេច​ដកខ្លួន​ចេញពី​អង្គការ​យូណេស្កូ។ តាម​លោកស្រី អ៊ីរីណា បូកូវ៉ា អគ្គនាយិការ​អង្គការ​យូណេស្កូ អង្គការ​បាន​ទទួល​រួចហើយ លិខិត​សុំដក​ខ្លួន​ជា​ផ្លូវការ ពី​ទីក្រុង​វ៉ាស៊ីនតោន។ ទស្សនាវដ្តី​អាមេរិកាំង​ធ្លាប់​បាន​ចុះផ្សាយ​ហើយថា អាមេរិក​នឹង​ប្រកាស​ដកខ្លួន នៅក្រោយ​ការបោះឆ្នោត ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​របស់​អង្គការ​យូណេស្កូ ដែល​គេ​នឹង​ដឹង​យ៉ាងយូរ​បំផុត នៅថ្ងៃ សុក្រនេះ។

អគ្គនាយិការ​របស់​អង្គការ​យូណេស្កូ​បាន​សំដែង​ការសោកស្តាយ​ដ៏ពន់ពេក ដែល​អាមេរិក​សម្រេច​ចិត្ត​ដកខ្លួន​ចេញ​ពី​ស្ថាប័ន​ដែល​ធ្វើការ​ទៅលើ​ផ្នែក​អប់រំ វិទ្យាសាស្រ្ត និង​វប្បធម៌។ នៅក្នុង​សេចក្តីថ្លែងការណ៍ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អគ្គនាយិកា​អង្គការ​យូណេស្កូ​បាន​និយាយ​ថា លោកស្រី​បាន​ទទួល​លិខិត​សុំ​ដកខ្លួន ជាផ្លូវការ ពី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក​រេច ធីល័រសុន។

ជាសម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល អាមេរិក ដែល​ធ្លាប់​បាន​ដើរចេញពី​អង្គការ​យូណេស្កូ ពី​ឆ្នាំ ១៩៨៤ ដល់​ឆ្នាំ ២០០៣ បាន​កាត់ផ្តាច់​ជំនួយ លែង​ផ្តល់​វិភាគទាន​ហិរញ្ញវត្ថុ​ដល់​អង្គការ​យូណេស្កូ តាំង​ពី​ឆ្នាំ ២០១១ ដើម្បី​ប្រឆាំង​ជំទាស់​នឹង​ការរើសបញ្ចូល​ប៉ាឡេស្ទីន​ជាសមាជិក​របស់​អង្គការ​យូណេស្កូ។ កាលណោះ ប្រធាន​អង្គការ​យូណេស្កូ​ធ្លាប់​បាន​បញ្ជាក់​ពី​សារៈសំខាន់ នៃ​ការត្រូវការ​គ្នាទៅវិញ ទៅមក​រវាង​អង្គការ​យូណេស្កូ និង​សហរដ្ឋអាមេរិក។ សម្រាប់​លោកស្រី​នាយិកា​យូណេស្កូ តម្រូវការ​នេះ​កាន់តែ​ចាំបាច់ នាពេល​បច្ចុប្បន្ន ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង របស់​ក្រុមជ្រុលនិយម​ដ៏​ហិង្សា ហើយ​និង​ក្រុមភេរវជន ដែល​ចេះ​តែ​បង្កើន​កម្លាំង​បំផ្លាញ​មិន​ឈប់។

“នៅចំពោះមុខ​នៃការកើនឡើង​នៃ​ការស្អប់​ឈ្នានីស និង​អំពើហិង្សា “ការអប់រំ​បណ្តុះបណ្តាល​មនុស្ស គឺ​ជា​បេសកកម្ម​ដ៏​សំខាន់ របស់​អង្គការ​យូណេស្កូ ដើម្បី​កសាង សន្តិភាព និង​សន្តិសុខ​អន្តរជាតិ សម្រាប់​ការពារ​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស” នេះជា​ការបញ្ជាក់​របស់​លោកស្រី អ៊ីរីណា បូកូវ៉ា។

នៅថ្ងៃ ព្រហស្បតិ៍ ទស្សនាវដ្តី​អាមេរិកាំង ឈ្មោះ Foreign policy សរសេរ​ថា ការរឹតត្បិត ថវិកា​ជាតិ​អាមេរិក​ជា​ហេតុផល​មួយ ក៏ ប៉ុន្តែ គឺ​និន្នាការ​ប្រឆាំង​អ៊ីស្រាអែល សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅក្នុង​ស្ថាប័ន​យូណេស្កូ ដែល​ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​សម្រេច​ដកខ្លួន​ចេញ​ពី​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​អង្គការ​យូណេស្កូ។ បន្ទាប់​ពីនេះ អាមេរិក​មានឋានៈ​ត្រឹម​ជា​ប្រទេស​សង្កេតការណ៍​តែ​ប៉ុណ្ណោះ នៅក្នុង​អង្គការ​យូណេស្កូ។

សម្រាប់​មន្រ្តីទូត​ម្នាក់​របស់​អង្គការ​យូណេស្កូ ការដកខ្លួន​របស់​អាមេរិក ​ជា​ការបាត់បង់​មួយ​ដ៏​ធំសម្បើម។ វា​មិនមែន​មានតែ​រឿង​លុយ​តែមួយមុខ​នោះ​ទេ។ ការដក​ខ្លួន​របស់​អាមេរិក ដែល​ជា​ប្រទេស​មហាអំណាច លើលោក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ជំរុញ លើកកំពស់​ការ អប់រំ វប្បធម៌ ដែល​ជា​វិស័យផ្លូវ​ដង្ហើម​របស់​អាមេរិក។

ការដកខ្លួន​របស់​អាមេរិក​ចេញ ពី​ស្ថាប័ន​អន្តរជាតិ​យូណេស្កូ មិនមែន​ជា​សញ្ញា​ល្អ​ឡើយ​សម្រាប់​ប្រទេស​ដៃគូ​របស់​អាមេរិក ជាពិសេស នៅក្នុង​ពេល​ដែល​អង្គការ​យូណេស្កូ កំពុង​ត្រូវការ​ជំនួយ និង​ការគាំទ្រ ដោយ​មិនអាច​ខាន។ គួរ​បញ្ជាក់ថា នៅក្នុង​ហេតុផល​ដាច់ដោយឡែក អង់គ្លេស ជប៉ុន និង​ប្រេស៊ីល​នៅ​មិនទាន់​បាន​បង់​វិភាគទាន​ហិរញ្ញវត្ថុ​នៅឡើយទេ សម្រាប់​ឆ្នាំ ២០១៧។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ