អានតួអត្ថបទ
បារាំង-អ៊ីរ៉ង់

បារាំង-អ៊ីរ៉ង់៖​លោក​ម៉ាក្រុង​ពិចារណា​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​តាម​ការ​អញ្ជើញ​របស់​លោក​រ៉ូហានី

នៅ​ក្នុង​ប្រទេស​បារាំង វិមាន​ប្រធានាធិបតី​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី១៤ តុលា​ថា លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​ពិចារណា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​តាម​ការ​អញ្ជើញ​របស់​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូនហានី។ ប្រសិន​បើ​លោក​ម៉ាក្រុង​យល់ព្រម​ជា​ផ្លូវការ​តាម​ការ​អញ្ជើញ​របស់​លោក​រ៉ូហានី​មែន នេះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ១៩៧៦ ដែល​មាន​ប្រមុខរដ្ឋ​បារាំង​ម្នាក់​ដាក់​ជើង​ជាន់​ទឹកដី​អ៊ីរ៉ង់។ អ្វី​ជា​ការ​កត់សម្គាល់ សំណើ​របស់​ប្រមុខរដ្ឋ​អ៊ីរ៉ង់​ដូច​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​មិន​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

លោក​​ប្រធានាធិបតី​បារាំង​​អេម៉ានុយអែល ម៉ាក្រុង
លោក​​ប្រធានាធិបតី​បារាំង​​អេម៉ានុយអែល ម៉ាក្រុង REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​យ៉ាង​ដូច​នេះ​របស់​វិមាន​ប្រធានាធិបតី​បារាំង​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង និង​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី​បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​សុក្រ ទី១៣ តុលា។ នៅ​ក្នុង​កិច្ចសន្ទនា​នោះ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ធានា​ប្រាប់​សមភាគី​អ៊ីរ៉ង់​លោក​រ៉ូហានី​ពី​ការ​គាំទ្រ​ពេញ​ទំហឹង​របស់​បារាំង​ចំពោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ ជំហរ​របស់​លោក​ម៉ាក្រុង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សមភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រកាស​មិន​គាំទ្រ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

នៅ​ត្រង់​ចំណុច​នេះ លោក​ម៉ាក្រុង​បាន​រម្លឹក​ថា ការ​សម្រេច​ចិត្ត​របស់​លោក​ដូណាល់ ត្រាំ​មិនមែន​ជា​ការ​បិទបញ្ចប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទេ និង​ថា បារាំង​រួម​ជាមួយ​ដៃគូ​អឺរ៉ុប​ទាំង​អស់​នឹង​បន្ត​អនុវត្ត​កិច្ចសន្យា​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះនិង​ក្រៅ​ពី​ការ​បន្ត​អនុវត្ត​កិច្ចព្រមព្រៀង ប្រមុខរដ្ឋ​បារាំង​ក៏​បាន​ស្នើ​ឲ្យ​បន្ត​កិច្ចសន្ទនា​លើ​សំណុំរឿង​ផ្សេង​ទៀត​ដែល​មិន​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ តែ​វា​ចាំបាច់​ខ្លាំង​ណាស់​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន។ អ្វី​ដែល​លោក​ម៉ាក្រុង​ចង់​លើក​ឡើង​នោះ គឺ​ក្តី​បារម្ភ​របស់​សហគមន៍​អន្តរជាតិ​ទាក់ទង​នឹង​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក​អ៊ីរ៉ង់ និង​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់។

បន្ទាប់​មក លោក​ម៉ាក្រុង​ក៏​បាន​ឆ្លៀត​ប្រាប់​សមភាគី​អ៊ីរ៉ង់​ពី​បំណង​របស់​បារាំង​ចង់​ធ្វើ​ការ​ជាមួយ​អ៊ីរ៉ង់​នៅ​ក្នុង​ដំណើរ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​យូរ​អង្វែង​ឲ្យ​វិបត្តិ​ស៊ីរី។ វិមាន​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​បញ្ជាក់​ពី​គម្រោង​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​នៅ​ឆ្នាំ​ក្រោយ តែ​មិន​បាន​ប្រាប់​ពី​ថ្ងៃ ខែ​ទេ។ នៅ​ខាង​បារាំង វិមាន​ប្រធានាធិបតី​មិន​បាន​បញ្ជាក់​អ្វី​ទាំង​អស់ គ្រាន់​តែ​ថា លោក​ម៉ាក្រុង​បាន​ពិចារណា​លើ​សំណើ​របស់​លោក​រ៉ូហានី ហើយ​បើ​លោក​ម៉ាក្រុង​យល់ព្រម​ជា​ផ្លូវការ​តាម​ការ​អញ្ជើញ​របស់​លោក​រ៉ូហានី​មែន នេះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ១៩៧៦ ដែល​មាន​ប្រមុខរដ្ឋ​បារាំង​ម្នាក់​ដាក់​ជើង​ជាន់​ទឹកដី​អ៊ីរ៉ង់។ ដោយឡែក និង​អ្វី​ដែល​ជា​ផ្លូវការ គឺ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​បារាំង Jean-Yves Le Drian នៅ​អ៊ីរ៉ង់​នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ