អានតួអត្ថបទ
អូទ្រីស

អូទ្រីស៖​ការ​បោះឆ្នោត​សភា​ដែល​គណបក្ស​ស្តាំនិយមជ្រុល​អាច​ក្លាយ​ជា​ដៃគូ​ក្នុង​រដ្ឋាភិបាល​ថ្មី

នៅ​ថ្ងៃ​អាទិត្យ ទី១៥ តុលា​នេះ មាន​ប្រជាជន​អូទ្រីស​ប្រមាណ​ជា ៦លាន ៤សែន​នាក់​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​បោះឆ្នោត​សភា​មុន​កាល​កំណត់​ដើម្បី​ជ្រើសរើស​តំណាងរាស្រ្ត និង​ប្រមុខ​រដ្ឋាភិបាល​ថ្មី។ រូប​នាយករដ្ឋមន្រ្តី​ថ្មី​ដែល​ចៀស​មិន​រួច​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​ត្រូវ​ជ្រើសរើស​គណបក្ស​មួយ​ធ្វើ​ជា​ដៃគូ។ គណបក្ស​អភិរក្សនិយម​របស់​លោក Sebatian Kurz កំពុង​នាំ​មុខ​គណបក្ស​ស្តាំនិយមជ្រុល និង​គណបក្ស​សង្គមប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ។

លោក Sebatian Kurz ​ប្រធាន​គណបក្ស​អភិរក្សនិយម​នៅ​អូទ្រីស
លោក Sebatian Kurz ​ប្រធាន​គណបក្ស​អភិរក្សនិយម​នៅ​អូទ្រីស REUTERS/Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ ៣១ឆ្នាំ លោក Sebatian Kurz ដែល​ជា​ប្រធាន​គណបក្ស​អភិរក្សនិយម​អាច​នឹង​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ដ៏​វ័យក្មេង​ជាង​គេ​នៅ​អឺរ៉ុប។ បើ​អ្វីៗ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន លោក Sebatian Kurz ដែល​កំពុង​មាន​ប្រៀប​ជាង​បេក្ខជន​ដទៃ​ទៀត​នឹង​ទទួល​បាន​សម្លេង​គាំទ្រ​លើស​គេ​នៅ​ក្នុង​ការ​បោះឆ្នោត​ពេល​នេះ។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់ចាំ​មើល​នោះ​គឺ​ថា តើ​គណបក្ស​មួយ​ណា​ដែល​ទទួល​បាន​សម្លេង​គាំទ្រ​លំដាប់​ទី២ តើ​ជា​គណបក្ស​ស្តាំនិយមជ្រុល ឬ​មួយ​ក៏​គណបក្ស​សង្គមប្រជាធិបតេយ្យ?។

ចូរ​កុំ​ភ្លេច​ថា​ចង់ ឬ​មិន​ចង់ មាន​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ទាំង​ពីរ​ដែល​លោក Sebatian Kurz ត្រូវ​ជ្រើស​ធ្វើ​ជា​ដៃគូ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា តាំង​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ទំនាក់ទំនង​រវាង​គណបក្ស​អភិរក្សនិយម​របស់​លោក Sebatian Kurz និង​គណបក្ស​សង្គមប្រជាធិបតេយ្យ​បាន​ឡើង​តានតឹង​ខ្លាំង។ មូលហេតុ មក​ពី​មាន​ការ​បែក​ធ្លាយ​ខ្សែអាត់​វីដេអូ​មួយ​ស្តីពី​លោក Sebatian Kurz ដែល​គណបក្ស​អភិរក្សនិយម​សង្ស័យ​លើ​គណបក្ស​សង្គមប្រជាធិបតេយ្យ​ជា​អ្នក​បញ្ចេញ។

សូម​ជម្រាប​ជូន​ថា​នៅ​អូទ្រីស រដ្ឋាភិបាល​ដែល​ដឹក​នាំ​ប្រទេស​តាំង​ពី​ឆ្នាំ ១៩៤៥ ច្រើន​ជា​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស​អភិរក្សនិយម និង​គណបក្ស​សង្គមប្រជាធិបតេយ្យ។ តែ​បើ​តាម​មើល​ទៅ​លើក​នេះ ភាព​ជា​ដៃគូ​រវាង​គណបក្ស​ប្រពែណី​ទាំង​ពីរ​ហាក់​ដូច​ជា​ពិបាក​បន្តិច។ ដូច្នេះ​គណបក្ស​អភិរក្សនិយម​ប្រហែល​ជា​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទៅ​ចាប់​ដៃ​ជាមួយ​គណបក្ស​ស្តាំនិយមជ្រុល​ទេ។ ក្រុម​អ្នកជាតិនិយម​មួយ​នេះ​អាច​នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ទី២ ជាមួយ​នឹង​សម្លេង​គាំទ្រ ២៧%។ គឺ​ជា​អត្រា​មួយ​ដ៏​ខ្ពស់​ដែល​ពួក​គេ​មិន​ធ្លាប់​មាន​ទេ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កន្លង​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ