អានតួអត្ថបទ

ភេរវកម្ម ៖ សហភាពអឺរ៉ុប​ទម្លាយ​កញ្ចប់​ថវិកា​សម្រាប់​ការពារសុវត្ថិភាព​​​ទីសាធារណៈ

គណៈកម្ម​ការ​អឺរ៉ុប​​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ទី ១៨​តុលា ទម្លាយ​កញ្ចប់​ថវិកា​ប្រមាណ​ជិត ១២០​លាន​អឺរ៉ូ សម្រាប់​ជា​ជំនួយ​ផ្តល់​ឱ្យ​​​សមាជិក​របស់​ខ្លួន​ទាំង​អស់​ យក​ទៅ​ប្រើប្រាស់​​ក្នុង​កិច្ចការពារ​ទីលាន​សាធារណៈ​ នៅ​តាម​ទីក្រុង​។ ទីក្រុង​សំខាន់ៗ​ដែល​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ជីហាត កាន់​តែ​ខ្លាំង​ឡើង។

គណៈកម្មការអឺរ៉ុប​ទម្លាយ​ថវិកា​ជួយ​ការពារ​ទីសាធារណៈ​តាម​ក្រុង​នានា​​នៅ​អឺរ៉ុប
គណៈកម្មការអឺរ៉ុប​ទម្លាយ​ថវិកា​ជួយ​ការពារ​ទីសាធារណៈ​តាម​ក្រុង​នានា​​នៅ​អឺរ៉ុប REUTERS/Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ផែនការសកម្ម​ជួយ​ក្រុង​នានា​ ការពារ​ទីលាន​សាធារណៈពី​ការ​ប៉ុនប៉ង​ធ្វើ​​​ភេរវកម្ម អឺរ៉ុប​ត្រៀម​កញ្ចប់​​ថវិកា ១៨,៥​លាន​អឺរ៉ូ រួច​ជា​ស្រេច អាច​ប្រើការ​បាន​ភ្លាម​ចាប់​ពី​ឆ្នាំ​២០១៧​នេះ​ទៅ​តែ​ម្តង និ​ង១០០​លាន​អឺរ៉ូ សម្រាប់​ឆ្នាំ​២០១៨។

អឺរ៉ុប បាន​ផ្តួច​ផ្តើមគំនិត​បែប​នេះ ក៏​ព្រោះ​គេ​សង្កេត​ឃើញការ​វាយប្រហារ​​ភេរវកម្ម​ជីហាត​ ​ជា​បន្ត​បន្ទាប់​លើ​ហ្វូង​មនុស្ស នៅ​តាម​ទី​ធ្លា និង​ទី​ប្រជុំ​ជន​សាធារណៈ ដូច​យ៉ាង​ការ​បើក​ឡាន​កិន​មនុស្ស​នៅ​ក្រុង​នីស​ ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​បារាំង ឆ្នាំ​២០១៦- នៅ​ក្រុង​ប៉ាលឺឡោន ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃ​២១​សីហា ២០១៧- នៅ​ឡុងដ៍ នៅ​មែនឆេស្ទ័រ​ប្រទេស​អង់គ្លេស ឬ​នៅ​ស្តុកខុម​ប្រទេស​ស៊ុយអែត ។ល។ និង។ល។ ​

ក្រៅ​អំពី​ការ​ផ្តល់​ថវិកា​ជាជំនួយ​ អឺរ៉ុប​ក៏​ស្នើ​ផង​ដែរ បង្កើត​បណ្តាញ​ជំនាញ​ ដើម្បី​សមាជិក​អឺរ៉ុប​ទាំ​ង​អស់​អ្នក​ចែកចាយ​​បទ​ពិសោធន៍​ល្អ​ៗ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​វិស័យ​ការពារ​សុវត្ថិភាព​ទីលាន​សាធារណៈ​ អាកាសយានដ្ឋាន ចំណត​រថភ្លើង ពហុកីឡាដ្ឋាន ឬ​ក៏​ទីធ្លា​សាធារណៈ ដែល​អាច​នឹង​ងាយ​រង​ការ​ប្រហារ។

ដើម្បីការពារ​ជីវិត​ប្រជាពលរដ្ឋ​នៅ​តាម​ទី​សាធារណៈ​ អឺរ៉ុប​ក៏​មាន​ផែនការ​កាត់​ផ្តាច់​ប្រភព​មិន​ឱ្យ​ពួក​ភេរវជន​អាច​ស្វែង​រក​សារធាតុ​គីមី​គ្រោះថ្នាក់​សម្រាប់​ផលិត​ជាតិផ្ទុះ និងបំផ្លាញ​ប្រភព​ហរិញ្ញវត្ថុ​របស់​ពួក​នេះ​ទៀត។

វិធានការ​របស់​គណៈកម្មការ​អឺរ៉ុប ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នេះ ក៏​មាន​រាប់​បញ្ចូល​​ការ​បង្កើត​ក្រុម​ការងារ​មួយ ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​អាំងទែរប៉ូល ទទួល​បន្ទុក​រក្សា​សន្តិសុខ​​សារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​។

មិន​តែ​ប៉ុណ្ណោះ សហភាព​អឺរ៉ុប​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ជា​មួយ​ប្រទេស​ផ្សេង​ទៀត ក្រៅ​រង្វង់​អឺរ៉ុប។ ដូច​ជា​លើក​ទឹក​ចិត្ត​ឱ្យ​ប្រទេស​ជាសមាជិក​ព្រមចរចា​ជាមួយ​កាណាដា លើ​កិច្ចព្រមព្រៀង​ផ្តល់​ទិន្នន័យ​អ្នក​ដំណើរ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឬស្វែង​រក​កិច្ចព្រមព្រៀង​​ជាមួយ​អាល់ហ្សេរី អេហ្ស៊ីប អ៊ីស្រាអែល ហ្ស័កដានី លីបង់ ម៉ារ៉ុក ទុយនីស៊ី និង​តួកគី ផ្ទេរ​​ទិន្នន័យ​បែប​បុគ្គល​រវាង​អឺរ៉ុបប៉ូល​និង​ប្រទេស​ទាំង​នោះ ដើម្បីការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ទម្រង់​ធ្ងន់។ ហើយ​មិនយូរ​មិន​ឆាប់​ អឺរ៉ុប​ក៏​មានភ្នាក់ងារ​ចារកិច្ច​អឺរ៉ុប​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ