ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អឺរ៉ុប

សហភាព​អឺរ៉ុប​នឹង​កាត់បន្ថយ​មូលនិធិ ដែល​បម្រុងទុក​ឲ្យ​តួកគី

media ប្រធានាធិបតី​តួកគី​ដើរចេញ​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ នៅក្នុង​កិច្ចប្រជុំ​G២០​នៅប្រទេស​អាល្លឺម៉ង់ កាលពី​ខែ​កក្កដា ២០១៧ ©Odd ANDERSEN / AFP

តួកគី និង​សហភាព​អឺរ៉ុប​កាន់តែ​ដើរ​ឃ្លាតឆ្ងាយ​ពីគ្នា។ នៅ​ថ្ងៃ​សុក្រម្សិលមិញ សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់បន្ថយ​មូលនិធិ ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​តួកគី នៅក្នុង​ក្របខ័ណ្ឌ​ចរចា ចូលជា​សមាជិក​របស់​តួកគី ក្នុង​សហភាព​អឺរ៉ុប។ ការសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ធ្វើឡើង​ទៅតាម​សំណើ​ទាមទារ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ អង់ហ្គេឡា មេរកិល ដែល​វាយតម្លៃថា ប្រជាធិបតេយ្យ​របស់​តួកគី កំពុង​ដើរថយក្រោយ។

ទំនាក់ទំនង​តួកគី​ជាមួយ​សហភាព​អឺរ៉ុប ជាពិសេស​អាល្លឺម៉ង់ បាន​ចាប់​ល្អក់កករ​កាន់ខ្លាំង ចាប់តាំង​ពី​រដ្ឋប្រហារ​មិនបាន​សម្រេច នៅ​តួកគី កាលពី​ខែ​កក្កដា ឆ្នាំ ២០១៦។ សហភាព​អឺរ៉ុប​បាន​រិះគន់​រដ្ឋាភិបាល​របស់លោកប្រធានាធិបតី អ៊ែរដូហ្កាន ដែល​បាន​បើក​ការបង្រ្កាប និង​ការចាប់ខ្លួន ក្រុម​អ្នកប្រឆាំង​ក្នុង​ទ្រង់ទ្រាយ​ធំ នៅក្រោយ​រដ្ឋប្រហារ។

នៅក្រុមប្រឹក្សា​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្គេឡា មេរកិល​បាន​និយាយ​ច្បាស់ៗ​ថា និតិរដ្ឋ​នៅ​តួកគី​កំពុង​វិវឌ្ឍ​ឆ្ពោះ​ទៅរក​ទិសដៅ​មិន​ល្អ។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បញ្ហា​ធំ​កំពុង​ចោទឡើង ហើយ​មិនមែន​មានត្រឹម​បញ្ហា​ជនជាតិ អាល្លឺម៉ង់ ដែល​កំពុង​ត្រូវ​អាជ្ញាធរ​តួកគី​ចាប់ឃុំខ្លួន​នោះទេ។ ជាលទ្ធផល លោកស្រី​មេរកិល​បាន​ទាមទារ​ឲ្យ​សហភាព​អឺរ៉ុប​កាត់បន្ថយ ថវិកា​ជំនួយ ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​តួកគី។

នៅក្នុង​ក្របខ័ណ្ឌ​ចរចា ​ចូល​ជា​សមាជិក​របស់​តួកគី ក្នុង​សហភាព​អឺរ៉ុប សហភាព​អឺរ៉ុប​បាន​បម្រុង​ទុក​កញ្ចប់​ថវិកា​ប្រមាណ​៤ពាន់ ៥រយ​លាន​អឺរ៉ុប​សម្រាប់​តួកគី ពី​ឆ្នាំ ២០១៤​ដល់​ឆ្នាំ ២០២០។ ប៉ុន្តែ រហូត​មក​ដល់​ពេលនេះ តួកគី​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​តែ​៣៦៨​លាន​អឺរ៉ូ​ប៉ុណ្ណោះ​ពី​សហភាពអឺរ៉ុប។ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នៅទីក្រុង​ព្រុចសែល ថ្នាក់​ដឹកនាំ​​របស់​ប្រទេស​សមាជិក​សហភាពអឺរ៉ុប ទាំង ២៧ បាន​សម្រេច​ព្រមព្រៀង​គ្នា​ថា ត្រូវ​បង្វែរ​កញ្ចប់​ថវិកា ដែល​គេ​បម្រុង​ទុក​សម្រាប់​តួកគី។ តាមយោបល់​របស់​នាយករដ្ឋមន្រ្តី​ហូឡង់ ដោយសារ​តែ​តួកគី​កាន់តែ​ដើរ​ឃ្លាតឆ្ងាយ​ពី​ដំណើរការ​ចរចា​ជាមួយ​សហភាពអឺរ៉ុប កញ្ចប់​ថវិកា​ជំនួយ ត្រូវ​តែ​បង្វែរ​ទៅ​ឲ្យ​ឆ្ងាយ​ពី​រដ្ឋាភិបាល​តួកគី។ កញ្ចប់​លុយ​ទាំងនោះ​គួរ​ធ្លាក់​ទៅក្នុង​ដៃ​របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ជួយ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍។

សហភាព​អឺរ៉ុប​បាន​សម្រេច​លែង​ផ្តល់​មូលនិធិ​ហិរញ្ញវត្ថុ​បម្រុង​ទុក​សម្រាប់​តួកគី និង​ផ្អឹប​ព្យួរ​ដំណើរការ​ផ្តល់​ទិដ្ឋាការ​ពិសេស ដល់​ជនជាតិ​តួកគី ដែល​ចង់​ធ្វើដំណើរ​ចូល​ទឹកដី​អឺរ៉ុប។ ប៉ុន្តែ សហភាពអឺរ៉ុប មិន​ដល់​ថ្នាក់​ប្រេះឆា ត្រូវ​កាត់ផ្តាច់​ទំនាក់ទំនង​ទាំងស្រុង​ជាមួយ​តួកគី​ឬ​បិទទ្វារ​លែង​ចរចា​ទទួលយក​តួកគី​នោះដែរ។ តួកគី​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​សហភាពអឺរ៉ុប។ តួកគី​ដែល​ជា​សមាជិក​មួយដែរ​របស់​អង្គការ​អាត្លង់ទិក អូតង់ បាន​ចូលរួម​សហការ​ជួយ​សហភាព​អឺរ៉ុប​រហូតមក​សម្រាប់ ទប់ទល់​លំហូរ​ចូល​ជនអន្តោប្រវេសន៍​ទៅក្នុង​ទឹកដី​អឺរ៉ុប។ តួកគី​សហការ​ផងដែរ​ជាមួយ អឺរ៉ុប ក្នុង​យុទ្ធសាស្រ្ត​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវនិយម ដែល​ប្រើ​ទឹកដី តួកគី ជា​ឈ្នាន់ ឆ្លង​ចូល​ទឹកដី​អឺរ៉ុប៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ