អានតួអត្ថបទ

ក្រុងធំៗ​នៅ​លើ​ពិភពលោក​ព្រួត​ដៃគ្នា​លុប​បំបាត់​ឧស្ម័ន​កាបូនិក​ក្នុង​ក្រុង

ក្រោយ​ពី​បាន​ប្រកាស​លែង​ឱ្យ​មាន​រថយន្ត​ប្រើ​សាំង​ម៉ាហ្សូត បើកបរ​ក្នុង​ក្រុង​នៅ​ឆ្នាំ​២០៣០អភិបាល​ក្រុង​ធំៗ​ហៅ​កាត់​ថា C40 ដែល​ជា​អង្គការ​​តំណាង​ឱ្យ​ក្រុង​ធំៗ​ចំនួន​៩១​នៅ​លើ​ពិភពលោក បាន​សន្យា​រួម​គ្នា​នៅ​ថ្ងៃ​ចន្ទទី ២៣​តុលា​នេះ ថា​នឹង​ចាត់​វិធានការ​គោរព​កិច្ចព្រម​ព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស ឆ្នាំ​២០១៥ និង​សន្យា​ប្រែក្លាយ​ក្រុង​របស់​ពួក​គេ ទៅ​តំបន់​គ្មានការ​បញ្ចេញ​​ឧស្ម័នពុល​កាបូនិក។

ទិដ្ឋភាព​ក្រុង​ប៉ារីស​ និង​ផ្សែងពុល​បរិយាកាស
ទិដ្ឋភាព​ក្រុង​ប៉ារីស​ និង​ផ្សែងពុល​បរិយាកាស REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

អភិបាល​ក្រុង​ប៉ារីស និង​សមភាគី​ក្រុង​ឡុងដ៍ បាសឺឡោន វែនកូវឺ ម៉ិចស៊ិកូ កូផែនហាក ឡឺកាប់ ឡូអង់ហ្សឺឡេស ស៊ីថល​ អូក្លែន មីឡង់ ... បាន​សន្យា​ប្រែក្លាយ​ដែនដី​ក្រុង​ធំៗ​ទាំង​នេះ ទៅ​ជាតំបន់​មាន​បរិស្ថានល្អ​​ ក្រុង​ស្អាត បរិសុទ្ធ និង​ពិសេស​គ្មាន​ថាមពល​ចំហេះ។ ចំណែក​អភិបាលក្រុង​ឡូអង់ហ្សឺឡេស បានអះអាង​ថា​ក្រុង​របស់​អាមេរិក​ជិត​៤០០​ បាន​សន្យា​គោរព​កិច្ចព្រមព្រៀង​ប៉ារីសជា​និច្ច បើ​ទោះ​បី​ជា​ប្រធានាធិបតី​អាមេរិក​ចង់​ខ្លួន​ចេញ​​ក៏​ដោយ។

ក្នុង​​ជំនួបកំពូល​​​ប្រចាំ​ Together4climate អភិបាល​ក្រុង​ធំៗ​ទាំង​១២ ដែល​តំណាង​ឱ្យ​ក្រុង​ធំៗ​ជាងគេ​នៅ​លើ​ពិភពលោក បាន​សន្យា​ព្រមព្រៀង​គ្នា​ ចាប់​ពី​ឆ្នាំ​២០៣០​ទៅ​ក្រុង​របស់​ពួក​គេ​មួយភាគ​ធំ នឹង​ក្លាយ​ជា​តំបន់​គ្មាន​ការ​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក​ទេ មាន​ន័យ​ថា​គ្រប់​រថយន្ត​ប្រើ​ថាមពល​ប្រេង​ (សាំង និង​ម៉ាហ្សូត) នឹង​ត្រូវ​ហាម​ឃាត់ ដោយ​អនុញ្ញាត​ឱ្យ​មាន​ប្រើ​តែ​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​តែ​ប៉ុណ្ណោះ។

ដើម្បី​សម្រេច​កម្មវត្ថុ​នេះ​បាន​ ក្រុង​នីមួយ​ៗ​បា​នសន្យា​សម្រួល​ឱ្យ​មាន​ការ​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​រួម​ ​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​កង់ និង​ការ​ដើរ។ ក្រុង​ហត្ថលេខី​ខ្លះ​ ដូច​យ៉ាង​ប៉ារីស ម៉ិចស៊ិកូ ម៉ាឌ្រីត ឬ​អាថែន មិន​រង់​ចាំ​សេចក្តី​ថ្លែងការណ៍​ថ្ងៃនេះ ទើប​បញ្ចេញ​សកម្មភាព​ទេ។ ក្រុង​បាន​ប្រកាស​ហាមឃាត់យានយន្ត​បញ្ចេញ​ផ្សែង​ពុល​ខ្លាំង ដើរ​ដោយ​ប្រេង​ម៉ាហ្ស៊ូត ចាប់​ពី​ឆ្នាំ​២០២៥​ទៅ។ ចំណែកក្រុង​ឡុងដ៍​និង​មីឡង់ វិញ បាន​សម្រេច​រឹត​បន្តឹង​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ដោយ​ដាក់​រនាំង​យក​ពន្ធ​រាល់​គ្រប់​យានយន្ត​ដែល​ចង់​ចូល​ក្រុង។ យានយន្ត​ចាស់​ផលិត​មុន​ឆ្នាំ​២០០៦ ហួស​បទដ្ឋាន​បរិស្ថាន នឹង​ត្រូវ​បង់​ពិន័យបន្ថែម​ជា​ប្រាក់ ១០​លីវ ក្នុង​មួយ​ថ្ងៃ។​

សូម​បញ្ជាក់​ថា ទី​ក្រុង​ធំៗ​នៅ​លើ​ពិភពលោក​ជិត​​​៥០០ មាន​ទំនួល​ខុស​ត្រូវ​ ៦០%​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក តែ​ក៏​ជា​​តំណាងឱ្យ​​៥០%​ បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក​បំពុល​បរិស្ថាន​ពិភពលោក​ដែរ ពី​ពេល​នេះដល់​ឆ្នាំ​២០៣០ ប្រសិន​បើ​គ្មាន​ចំណាត់​ការ​ទប់​ទល់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ