អានតួអត្ថបទ

ប្រធានាធិបតី​អេហ្ស៊ីប​បំពេញ​​ទស្សនកិច្ច​​នៅ​​បារាំង​ដើម្បី នយោបាយ សេដ្ឋកិច្ច និងអាវុធ

ប្រធានាធិបតី​អេហ្ស៊ីប បាន​និង​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ រយៈ​ពេល​បី​ថ្ងៃ នៅ​ប្រទេស​បារាំង និង​ត្រូវ​មាន​ជំនួប​ជា​លើក​ដំបូង ជាមួយ​លោក​ម៉ាក្រុង ប្រធានាធិបតី​បារាំង។ មាន​សំណុំ​រឿងស្នូល​​សំខាន់​បី នយោបាយ សេដ្ឋកិច្ច និង​យោធា ដែល​នឹង​ត្រូវ​លើក​មក​ពិភាក្សា​ ក្នុង​ជំនួប​រវាង​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង និង​លោក​​ប្រធានាធិបតី​អេហ្ស៊ីប អាប់ឌែល អាល់​ស៊ីស៊ី នៅ​ថ្ងៃ​អង្គារ​នេះ​ នៅ​ទីក្រុង​ប៉ារីស។ បញ្ហា​សិទ្ធិមនុស្ស មិន​ត្រូវ​បាន​បំភ្លេច​ទេ នា​ឱកាស​ជំនួប​នេះ ប៉ុន្តែ​ដូច​ជា​រៀងរាល់​លើក​ សំណុំ​រឿង​នេះ​មិន​ត្រូវក្លាយ​ជា​​រំខាន​ដល់​ទំនាក់ទំនង​ដ៏ល្អិត​ល្មួត​​រវាង​បារាំង​ និង​អេហ្ស៊ីប​ឡើយ។

លោកស្រី​Florence Parly​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង​ស្វាគមន៍​លោក​ប្រធានាធិបតី​អេហ្ស៊ីប ថ្ងៃទី ២៣​តុលា ២០១៧
លោកស្រី​Florence Parly​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បារាំង​ស្វាគមន៍​លោក​ប្រធានាធិបតី​អេហ្ស៊ីប ថ្ងៃទី ២៣​តុលា ២០១៧ REUTERS/Thibault Camus/Pool
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​ភេរវនិយម​ គឺ​ជា​អាទិភាព​​ចំបង​ជាងគេ ព្រោះ​​​អេហ្ស៊ីប​ទើប​នឹង​រក​គ្រោះ​ពី​ការ​វាយប្រហារ​ភេរវកម្មជាបន្តបន្ទាប់​​ បង្ក​ឡើង​ដោយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ដូច​ដែល​ពួក​គេធ្លាប់​ធ្វើ​មក​លើ​បារាំង។ ប្រធានាធិបតី​បារាំង​និង​អេហ្ស៊ីប ត្រូវផ្តោត​ជំនួប​ពិភាក្សា​អំពី​បញ្ហា​ប្រទេស​លីប៊ី ដែល​នឹង​អាច​ក្លាយ​ជា​ជង្រុក​ថ្មី​របស់​ពួក​ជីហាត ក្រោយ​ការ​ខ្ចាត់​ខ្ចាយ​ពី​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ នេះ​ជា​តំណាង​គ្រោះ​ថ្នាក់ និង​ការ​គំរាម​កំហែង​សម្រាប់​អេហ្ស៊ីប​ផង ប្រទេស​ជិត​ខាង​ក្នុង​តំបន់ផង រាប់​ទាំង​បារាំង​ផ្ទាល់​ទៀត។

ស្តី​អំពី​វិស័យ​យោធា​ បារាំង​នឹង​បន្ត​​ប្រគល់​​​អាវុធ​ទៅ​ឱ្យ​អេហ្ស៊ីប តាម​ការ​បញ្ជា​ទិញ មាន​អាទិ៍​យន្តហោះ​ប្រដេញ​ Rafale ចំនួន​២៤​ គ្រឿង​ ក្នុង​ក្រប​ខ័ណ្ឌ​នៃ​​​កិច្ចសន្យា​ទិញ​កាលពី​ឆ្នាំ​២០១៥ ទំហំ​៥,២​ពាន់​លាន​ដុល្លារ​។ អេហ្ស៊ី​ប​ជា​អតិថិជន​​ធំ​ទី​មួយ​ខាង​ទិញ​យន្តហោះ​រ៉ាហ្វាល់ ពី​បារាំង បន្ទាប់​មក​គឺ​កាតា និង​ឥណ្ឌា។

តែ​គឺ​ខាង​ផ្នែក​សេដ្ឋកិច្ច ដែល​ទំនាក់ទំនង​បារាំង​អេហ្ស៊ីប មាន​ភាព​ប្រសើរ​ខ្លាំង ដោយ​ក្រុមហ៊ុន​បារាំង ជា​អ្នក​ទទួល​បន្ទុក​សាង​សង់​រថភ្លើង​ក្រោម​ដ៏​នៅ​ទីក្រុង​គែរ ក្នុងតម្លៃ​២ពាន់​លាន​អឺរ៉ូផង ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទៀត​សោត​​ក៏​បាន​កើន​ឡើង​១២%​ នៅ​ឆ​មាស​ទី​មួយ​ឆ្នាំ​២០១៧។ ប្រធានាធិបតី​ស៊ីស៊ី ដែល​អម​​ដំណើរ​ដោយ​ប្រតិភូ​ជា​អ្នក​ជំនួញអេហ្ស៊ីប​ធំៗ នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​ក្រុង​ថៅកែ​ធំៗ​បារាំង​ទៀត ដើម្បីបើក​ផ្លូវ​ដល់​ការ​វិនិយោគ​នៅ​អេហ្ស៊ីប។

ចុះ​បញ្ហា​សិទ្ធិមនុស្ស ? ​បារាំង​​ដែល​ទំនាក់ទំនង​​ពាណិជ្ជកម្ម​និង​សន្តិសុខ​ស្អិត​ល្មួត​​បំផុត​ជាមួយ​អេហ្ស៊ីប បាន​សន្យា​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​មក​ជជែក នៅ​ក្នុង​ជំនួប​​ជាមួយ​ប្រធានាធិបតី​ ស៊ីស៊ី។ រដ្ឋាភិបាល​អេហ្ស៊ីបរបស់​​លោក​ស៊ីស៊ី មាន​តុល្យការ​អាក្រក់​ខ្លាំង​ណាស់​​លើ​ផ្នែក​សិទ្ធិមនុស្ស​នេះ។ នេះ​បើ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើនដែល​​បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​បារាំងឈប់​ធ្វើ​គរ ធ្វើ​ថ្លង់​​ ឬ​ឈប់​អនុគ្រោះ​ដល់​របប​ដឹកនាំ​មួយ​នេះ​ទៀត។ អង្គការ​បាន​ចាត់​ទុក​​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល​បី​ថ្ងៃ​របស់​លោក​ស៊ីស៊ី នៅ​ប្រទេស​បារាំង ជា​វិញ្ញាសា​តេស្ត​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង​ ក្នុង​វិស័យ​សិទ្ធិមនុស្ស។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ