ហេតុអ្វីបានជាការប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate) កំពុងចោទជាបញ្ហា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៥
សហភាពអឺរ៉ុបកំពុងបន្តស្វែងរកកុងសង់ស៊ុសមួយក្នុងការកំណត់រយៈពេលនៃការបន្តប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate) នៅក្នុងទឹកដីអឺរ៉ុប។ គណៈកម្មការអឺរ៉ុបដែលពីមុនបានស្នើឲ្យបន្តរយៈពេល ១០ឆ្នាំបានសុខចិត្តបន្ថយមកនៅចន្លោះពី៥ ទៅ ៧ឆ្នាំវិញ។ តែនៅថ្ងៃអង្គារ ទី២៤ តុលា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចិត្តមួយដែលទាមទារឲ្យមានការលះបង់ចោលបន្តិចម្តងៗនូវសារធាតុគីមីគ្លីហ្វូសាតនៅក្នុងទ្វីបអឺរ៉ុបចាប់ពីពេលនេះទៅ ៥ឆ្នាំ។ តាមគម្រោង ប្រទេសសមាជិកអឺរ៉ុប តាមរយៈក្រុមអ្នកជំនាញត្រូវបោះឆ្នោតសម្រេចនៅថ្ងៃពុធ ទី២៥ តុលានេះ។ តែទីបំផុត គណៈកម្មការអឺរ៉ុបបានលើកថ្ងៃបោះឆ្នោតទៅពេលក្រោយវិញ។ សូមជម្រាបជូនថា ភាពចម្រូងចម្រាសនេះបានកើតមានឡើង ចំពេលដែលអាជ្ញាប័ណ្ណប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate) ផុតកំណត់នៅខែធ្នូ ឆ្នាំ ២០១៧ នេះ។
អ្វីដែលជាដើមចមធ្វើឲ្យសភាអឺរ៉ុប និងគណៈកម្មការអឺរ៉ុបប្រទាញប្រទង់គ្នាក្នុងការកំណត់រយៈពេលនៃការបន្តឲ្យប្រើប្រាស់សារសារធាតុគីមីគ្លីហ្វូសាត (Glyphosate) គឺផលវិបាករបស់វាដែលនាំឲ្យកើតជម្ងឺមហារីកជាយថាហេតុ។ នេះជាការលើកឡើងរបស់សភាអឺរ៉ុបដែលបានសំអាងលើលទ្ធផលនៃការសិក្សាមួយរបស់ស្ថាប័ននៃអង្គការសុខភាពពិភពលោកចេញផ្សាយកាលពីឆ្នាំ ២០១៥។ តាំងពីពេលនោះមក ក្រុមអ្នកជំនាញ និងក្រុមអ្នកវិទ្យាសាស្រ្តបន្តនិយាយមិនចុះសម្រុងគ្នា និងយល់ឃើញមិនដូចគ្នាទេ។ តាមពិតទៅ ភាពប្រទាញប្រទង់គ្នាក្នុងការបន្តរយៈពេលនៃការប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate) បានកើតមានតាំងពីជាង ២ឆ្នាំមកហើយរវាងគណៈកម្មការអឺរ៉ុប និងសភាអឺរ៉ុប។
បន្ទាប់មក រវាងប្រទេសសមាជិកអឺរ៉ុបដែលនៅម្ខាង ចង់ឲ្យបន្តរយៈពេលនៃការប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate) ចំនួន ១០ឆ្នាំបន្ថែមទៀត រីឯនៅម្ខាងទៀត ចង់ឲ្យកាត់បន្ថយមកនៅត្រឹមពី ៣ ទៅ ៥ឆ្នាំប៉ុណ្ណោះ និងមានប្រទេសខ្លះទៀតបានទាមទារឲ្យឈប់ប្រើសារធាតុគីមីគ្លីហ្វូសាត (Glyphosate) នេះតែម្តង។ ប្រតិកម្មក៏មានពីក្រុមអង្គការក្រៅរដ្ឋាភិបាល ដូចយ៉ាង Greenpeace ដែលបានចេញយុទ្ធនាការយ៉ាងសកម្មអស់ជាច្រើនខែប្រឆាំងនឹងការប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate) ក្នុងអឺរ៉ុប។
នៅក្នុងន័យនេះ Greenpeace បានដាក់ញត្តិមួយដោយទទួលបានហត្ថលេខាគាំទ្រជាង ១លាន ៣សែននាក់។ អង្គការ Greenpeace បានយល់ឃើញថា អឺរ៉ុបគួរតែជជែកគ្នាពីបរិមាណ និងរបៀបប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate) ជាជាងបន្តប្រទាញប្រទង់គ្នាលើការកំណត់រយៈពេលនៃការប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate)។
តើគ្លីហ្វូសាត (Glyphosate) ជាអ្វី?
គ្លីហ្វូសាត (Glyphosate) ជាសារធាតុគីមីដែលត្រូវបានពិភពលោកយកទៅប្រើនៅក្នុងវិស័យកសិកម្មដើម្បីសម្លាប់ស្មៅចង្រៃដែលដុះលាយឡំជាមួយបន្លែផ្លែឈើ ឬរុក្ខជាតិហុចផលផ្សេងទៀត ឬមួយក៏ដើម្បីសម្លាប់ស្មៅទាំងឫសលើផ្ទៃដីមួយដើម្បីយកផ្ទៃដីនោះទៅដាំដំណាំផ្សេងៗ។ សារធាតុគីមីគ្លីហ្វូសាត (Glyphosate) ត្រូវបានក្រុមហ៊ុនយកទៅលាយផ្សំជាមួយសារធាតុគីមីផ្សេងទៀតដើម្បីឲ្យប្រជាកសិករយកទៅប្រើប្រាស់ដើម្បីបង្កើនផលិកម្មរបស់ខ្លួន។ កម្មវត្ថុនៃការប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាត (Glyphosate) គឺដើម្បីសម្លាប់ស្មៅចង្រៃនៅលើផ្ទៃដីដាំដំណាំ តែគេមិនត្រូវភ្លេចនិយាយទេថា ម៉ូលេគុលរបស់គ្លីហ្វូសាតបានជះឥទ្ធិពលទៅលើរុក្ខជាតិដោយមិនរើសមុខ ពោលមិនមែនតែទៅលើស្មៅចង្រៃប៉ុណ្ណោះទេ។
ម្យ៉ាងទៀត ម៉ូលេគុលរបស់សារធាតុគីមីមួយនេះក៏បន្តមានវត្តមាននៅក្នុងដីគ្រប់ទីកន្លែងទាំងអស់។ គ្លីហ្វូសាតត្រូវបានក្រុមហ៊ុនអាមេរិកាំងឈ្មោះ Monsanto យកទៅប្រើជាសារធាតុគីមីគោលដើម្បីផលិតថ្នាំសម្លាប់សត្វល្អិតមានយីហោ Roundup ក្នុងឆ្នាំ ១៩៧៤។ នៅពេលដាក់លក់លើទីផ្សារក្នុងឆ្នាំ ១៩៧៤ ថ្នាំសម្លាប់សត្វល្អិតយីហោ Roundup ត្រូវបានគេប្រើក្នុងកម្រិតតែ ៣ ២០០តោនក្នុងមួយឆ្នាំនៅទូទាំងពិភពលោក។ តែ ៤០ឆ្នាំក្រោយមក ពោលក្នុងឆ្នាំ ២០១៤ បរិមាណនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតយីហោ Roundup នេះបានកើនដល់ទៅ ៨២៥ ០០០តោន។
នៅអឺរ៉ុប គេឃើញវត្តមានគ្លីហ្វូសាតនៅក្នុងផលិតផលយីហោ Desherbants ហើយគ្រាន់តែក្នុងប្រទេសបារាំងតែមួយ ការលក់ផលិតផល Desherbants ក្នុងមួយឆ្នាំមានដល់ទៅ ៨ ០០០តោន។
តើគ្លីហ្វូសាត (Glyphosate) ពិតជាបង្កឲ្យមានជម្ងឺមហារីកឬ?
ការប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ មិនថា គ្លីហ្វូសាត (Glyphosate) ឬអ្វីផ្សេងទេ គឺមិនល្អ និងផ្តល់ផលវិបាកដល់សុខភាពមនុស្សដោយចៀសមិនរួច។ គ្រាន់តែគេពិបាកទាយថា តើវានឹងបង្កឲ្យមានជម្ងឺអ្វីខ្លះ និងថា តើវាជាជម្ងឺដែលកើតភ្លាមៗ ឬមួយក៏កើតនៅក្នុងរយៈពេលយូរ។ តាមពិតទៅ សារធាតុគីមីមួយនេះត្រូវបានគេយកទៅប្រើប្រាស់តាំងពី ៤០ឆ្នាំមកហើយនៅទូទាំងពិភពលោកដោយគ្មាននរណាម្នាក់ចាប់អារម្មណ៍ពីផលវិបាករបស់វាទេ។
គឺទើបតែនៅថ្ងៃទី២០ មីនា ឆ្នាំ ២០១៥ កន្លងទៅដែលអង្គការសុខភាពពិភពលោក OMS បានទាញសញ្ញាអាសន្នថា សារធាតុគីមីគ្លីហ្វូសាត (Glyphosate) អាចនឹងបង្កឲ្យមានជម្ងឺមហារីកជាយថាហេតុ។ អ្វីដែល OMS ចង់បញ្ជាក់នោះគឺថា ជម្ងឺមហារីកលើមនុស្សដោយការប្រើប្រាស់សារធាតុគីមីគ្លីហ្វូសាតហាក់មិនទាន់ច្បាស់ទេ តែអ្វីដែលច្បាស់ គឺកើតមាននៅលើសត្វដែលគេយកទៅធ្វើពិសោធន៍។ បន្ទាប់មកក្នុងថ្ងៃទី១២ វិច្ឆិកា ឆ្នាំ ២០១៥ ដដែល ស្ថាប័នអឺរ៉ុបទទួលសន្តិសុខចំណីអាហារបានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការទាញសញ្ញាអាសន្នរបស់អង្គការសុខភាពពិភពលោក រួចសម្រេចឲ្យបន្តលក់សារធាតុគីមីគ្លីហ្វូសាតនៅលើទីផ្សារអឺរ៉ុបជាបន្តទៀត។
ក្រោយមកទៀត ទីភ្នាក់ងារអឺរ៉ុបទទួលបន្ទុកផលិផលគីមីបានប្រកាសក្នុងថ្ងៃទី១៥ មីនា ឆ្នាំ ២០១៧ នេះ ដោយមិនចាត់ទុកសារធាតុគីមីគ្លីហ្វូសាតជាម៉ូលេគុលនាំឲ្យមានជម្ងឺមហារីកទេ។ បន្ទាប់មកទៀត ក្រុមអ្នកវិទ្យាសាស្រ្តក៏បានចេញមុខគាំទ្រលើការប្រកាសរបស់អង្គការសុខភាពពិភពលោក។ ឃើញថាចង់ ឬចង់ រឿងរ៉ាវមួយនេះហាក់មិនទាន់ចប់ និងដែលកំពុងក្លាយជារឿងនយោបាយដ៏ប្រទាញប្រទង់នៅផ្ទៃក្នុងអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ