អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង ៖ មួយឆ្នាំក្រោយ ការ​បំបែក​​ជំរំ​អន្តោប្រវេសន៍​កាឡេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី ២៤ តុលា ២០១៦ រដ្ឋាភិបាល​បារាំង បាន​បើកប្រតិបត្តិការ​​ បី​ថ្ងៃ គាស់​រំលើង​ជំរំ​អន្តោប្រវេសន៍​កាឡេ (នៅ​ភាគ​ខាង​ជើង​ប្រទេសបារាំង)។ ជំរំ​អន្តោប្រវេសន៍ ដ៏ធំ ដ៏​រខេករខាក និង​គួរ​ខ្មាស​អៀន​របស់​បារាំង ដែល​មាន​ជនភៀស​ខ្លួន​ប្រមាណ​៨នាក់​ សំងំ​លាក់​ខ្លួន ដើម្បី​ចាំ​រត់​ឆ្លង​ទៅ​អង់គ្លេស។ ​មួយ​ឆ្នាំក្រោយ​ តើ​​​ជំរំ និង​ ជនអន្តោប្រវេសន៍​ទាំង​នោះ​ក្លាយ​ទៅ​ជា​​យ៉ាងណាខ្លះ ?

ប៉ូលិស​ឈរមើល​ជនភៀសខ្លួន​និ​ងជនអន្តោប្រវេសន៍​ទទួល​អាហារ​ពី​អង្គការ​មនុស្សធម៌​នៅកាឡេ
ប៉ូលិស​ឈរមើល​ជនភៀសខ្លួន​និ​ងជនអន្តោប្រវេសន៍​ទទួល​អាហារ​ពី​អង្គការ​មនុស្សធម៌​នៅកាឡេ ©Michael Robinson Chavez/gettyImages
ផ្សាយពាណិជ្ជកម្ម

ជំរំ​អន្តោប្រវេសន៍​ក្នុង​ព្រៃកាឡេ ត្រូវ​បាន​គាស់​រំលើង ក្រោយ​ការ​តាមដាន​មើល​ស្ទើរ​ពេញពិភពលោក កាលពី​ខែ តុលា​ឆ្នាំ​២០១៦ ! ជនអន្តោប្រវេសន៍​រាប់​រយ​នាក់ ជា​ស៊ូដង់ ជា​អេរីត្រេ អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន ឈរ​តម្រង់ជួរ ជា​បួន​ជួរ បុរស​ពេញ​វ័យ​​មួយ​ជួរ ក្មេង​មិន​ទាន់​ពេញ​វ័​យ​មួយ​ជួរ អ្នកមាន​គ្រួសារ​មួយ​ជួរ និង​ជន​អន់​ខ្សោយ​សុខភាព​មួយជួរ។ រាល់​១៥​នាទី​ម្តង ឡាន​ក្រុង​បាន​ដឹក​ជន​អន្តោប្រវេសន៍​ទាំង​អស់​នោះ ទៅ​កាន់​មជ្ឈមណ្ឌល​​ទទួល​ជនភៀស​ខ្លួន ក្នុង​តំបន់​ផ្សេងៗ​ទូទាំង​ប្រទេស​បារាំង។ ក្នុង​រយៈ​ពេល​បី​ថ្ងៃ អន្តោប្រវេសន៍​ប្រមាណ​ពី​៦​ពាន់​នាក់ បាន​ដំបូល​ជ្រក។

មួយ​ឆ្នាំក្រោយ ជន​អន្តោប្រវេសន៍​ដែលជម្លៀស​ចេញ​ពី​កាឡេ និង​ដែល​បាន​សុំ​សិទ្ធិ​ជ្រក​កោន​ ចំនួន​៤២% បាន​ទទួល​ចម្លើយ​វិជ្ជមាន។ ៤៦% កំពុង​រង់​ចាំ​សេចក្តី​សម្រេច​ចុង​ក្រោយ។ ៧%​ទើប​ចាប់​ផ្តើម​សំណុំ​បែបបទ។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ការិយាល័យ​អន្តោប្រវេសន៍​បារាំង។

តែ​នៅ​មាន​ជនអន្តោប្រវេសន៍​ជា​ច្រើន​ផ្សេង​ទៀត ដែល​មិន​ព្រម​ទទួល​យក​ជំនួយ​មនុស្ស​ធម៌របស់​រដ្ឋាភិបាល​បារាំង​នាពេល​នោះ។ ដោយ​សារ​តែ​ឆន្ទៈ​មុះមុតចង់​​​តែទៅ​រស់​នៅ​អង់គ្លេស​ ពួក​គេ​បាន​រត់​គេច​មុន​ការ​គាស់​រំលើង​ជំរំ ហើយ​ត្រលប់​មក​ផ្សង​ព្រេង​នៅកាឡេ​ជា​ថ្មី ពេល​ស្ថានភាព​ស្ងប់​ស្ងាត់។

ម្យ៉ាង​វិញទៀត អន្តោប្រវេសន៍​មួយ​ក្រុម​នេះ​ដោះស្រាយ​រួច អន្តោប្រវេសន៍​ថ្មី​ទៀត​បាន​មក​ផ្លាស់​វេន។ នៅ​ទី​បំផុត​ ស្ថានភាព​ទូទៅ​នៅ​កាឡេ នៅ​តែ​ស្មុគស្មាញ​ដដែល។ ពេល​នេះ​កាឡេ​មាន​ជនអន្តោប្រវេសន៍​មាន​តិច​ជាង​មុន​ ប្រហែល​ជា​១០​ដង​ ពោល​គឺ​ប្រមាណ​ពី​៥០០​ទៅ​៧០០​នាក់ ខ្លះ​ថា​ដល់​ទៅ ១ពាន់​នាក់។ នេះ​គ្រាន់​តែ​ជា​សង្គ្រាម​​តួលេខ ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង បាន​ស្ទុះ​ឡើង​តាន​តឹងវិញ​​ខ្លាំង តាំង​ពី​ជា​ច្រើន​សប្តាហ៍​មកហើយ !​

សកម្មភាព​ចាំ​ស្ទាក់ឡាន​ដឹកទំនិញ​ឆ្លង​ទៅ​អង់គ្លេស​ បាន​ផ្ទុះ​ឡើង​ជា​ថ្មី ! តំបន់​កំពង់​ផែ​ក្លាយ​ជា​​តំបន់ច្បាប់ព្រៃ មានកាប់​ដើម​ឈើ​​ដាក់​រនាំង រំខាន​ឃាំង​ផ្លូវ មានការ​បង្ក​ជា​ក្រុមតូច ធំ រេរា បន្លែបន្លំ​ផឹក​ស្រវឹង ចាំ​​ឱកាស​ ក៏​ក្លាយ​ជា​មាន​​​ជម្លោះ​រវាង​ក្រុម​អន្តោប្រវេសន៍​គ្នា​ឯង ... ​រូបភាព​បែប​នេះ​នៅ​តែ​ជាប់​​ដិត​ដាម​​ប្រលាក់​ប្រលូសក្រុង​កាឡេ ឱ្យ​ពិបាក​ស្តារ​សេដ្ឋកិច្ចរបស់​ខ្លួន​ឡើង​វិញ​​បាន។

ឯ​ចំណែក​ខាង​អាជ្ញាធរ​វិញ គ្មាន​សោះ​ឡើយ​នូវ​ពាក្យ​ថា​អនុគ្រោះ។ អាជ្ញាធរ​បារាំង​បានរក​គ្រប់​មធ្យោបាយ​បង្អាក់​ដំណើរ និងឱ្យ​ពួក​គេ​អស់​ចិត្ត​លែង​ចង់ឆ្លង​ដែន ​​ ដោយ​សម្រេច​​ប្រកាន់​យក​នយោបាយ​ ជំរំសូន្យ ! មាន​ន័យ​ថា កង​កម្លាំង​សន្តិសុខ​នឹង​ធ្វើ​ប្រតិបត្តិការ​បំបែក​ បណ្តេញ​ភ្លាម មិន​ឱ្យ​​ជនអន្តោប្រវេសន៍ណា​ម្នាក់​អាច​​បោះតង់​ទី​ណា​មួយ​​​បាន​ឡើយ។ ជា​រៀង​រាល់​យប់​ថ្ងៃ ប៉ូលិស​បាន​ដើរ​ល្បាត ក្នុង​ព្រៃ​ជាយ​ក្រុង ក្រោម​ស្ពាន ក្រោម​លូ កៀន​ថ្នល់ បំបែក​បណ្តេញ​អន្តោប្រវេសន៍ ដោយ​ពេល​ខ្លះ​ដល់​ថ្នាក់​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ផង។

ជា​លទ្ធផល ​អាជ្ញាធរ​ប៉ូលិស​អាច​សម្តែងការ​ពេញ​ចិត្ត​ចំពោះ​ស្នាដៃ​របស់​ពួក​គេ ដោយ​ហេតុ​ថា​ពេល​នេះ គ្មាន​ជំរំ​​អន្តោប្រវេសន៍​ណា​ក៏កើត​ជា​រូប​រាង​បាន​នៅ​កាឡេ ស្ទើរ​តែ​លែង​មាន​​សកម្មភាព​លួច​រត់​ឆ្លង​ចូលផ្លូវ​ឆ្លង​ទៅ​អង់គ្លេស Eurotunnel តំបន់​​កំពង់​ផែ​​បាន​ដែល​ចែក​​ជា​បី​ផ្នែក​ រង​រងរាំង​​បាំង​ផ្លូវ​ចូល​ប្រមាណ​២៥​ប៉ុណ្ណោះ គិត​ចាប់​ពី​ដើម​ឆ្នាំ​មក​ ទល់​នឹង​ជាង​មួយ​រយ​កាល​ពី​មួយ​ឆ្នាំ​មុន។

ក៏​ប៉ុន្តែ​ចំពោះ​ស្ថានភាព​របស់​ជនអន្តោប្រវេសន៍​វិញ កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ខ្លាំង ! ដោយ​ហេតុ​តែ​មាន​ការ​បណ្តេញ​ កម្ចាត់ កម្ចេច​ រឹប​អូស​ មិន​ឱ្យ​ជនអន្តោប្រវេសន៍​អាច​ប្រជុំគ្នា​និង​តាំង​ទី​ជ្រក​​បាន​ ពួក​គេ​ត្រូវ​រស់​យ៉ាង​ត្រដាប​ត្រដួស​បំផុត។ សាលា​ឃុំ​កាឡេ មាន​កាតព្វកិច្ច ដាក់បង្គន់ បន្ទប់​ទឹក​ ប៉ុន្តែ​គេ​ជ្រើសរើស​ការ​ផ្តល់​ក្បាល​រ៉ូប៊ីនេទឹក និង​បង្គន់​ចល័ត ដើម្បីកុំ​ឱ្យ​ជន​អន្តោប្រវេសន៍​អាច​ផ្តុំ​​​ទី​បាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ បាន​សម្តែង​ការព្រួយ​បារម្ភ​ខ្លាំង​អំពី​ស្ថានភាព​ជីវិត​របស់​ជន​អន្តោប្រវេសន៍​ទាំង​នោះ ព្រោះ​ម្យ៉ាង​រដូវ​ត្រជាក់​ធ្លាក់​ទឹកកក​កាន់​តែ​ខិត​មក​ដល់​ទៀត។

នៅ​ក្នុង​បរិបទ​នេះ អាជ្ញាធរ​​មាន​ហេតុផល​សមរម្យ​មួយ​ គឺ​មិន​បណ្តោយ​ឱ្យ​ពួក​គេ​រស់​តាម​ថ្នល់​ទេ ប៉ុន្តែ​មាន​ជនអន្តោប្រវេសន៍​តិច​តួច​ណាស់ ដែល​ព្រម​រណបខ្លួន​ទៅ​រស់​នៅ​ក្នុង​មជ្ឈមណ្ឌល​ទទួល​ជនភៀសខ្លួន​ និង​តម្រង់​ទិស។ ពួក​គេ​ភាគ​ច្រើន មិន​ខ្វល់​និង​មិន​រង់ចាំ​អ្វី​ពី​បារាំង​ឡើយ ! ទិសដៅ​របស់​ពួក​គេមាន​តែ​មួយ​គត់​​ គឺ​ត្រូវ​ការ​ឆ្លង​​​ទៅ​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ